បន្ទាប់​ពី​​​ឈ្នះ​ខ្សែ​ក្រវាត់​អធិរាជ​គុន​ខ្មែរ​ ​​តើ​ ឡៅ ចិត្រា ​​ដាក់​គោល​ដៅ​អ្វី​ទៀត?

ជើង​ខ្លាំង​​​គុន​ខ្មែរ​វ័យ​ក្មេង​​ ឡៅ ​ចិត្រា ​​​​ដែល​កំពុង​កសាង​​ឈ្មោះ​ល្បីល្បាញ​​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​​បាន​​ដាក់​គោល​​ដៅ​ខ្ពស់​បំផុត​​យក​មេដាយ​មាស​នៅ​ស៊ីហ្គេម​​​លើក​ទី​៣០​ចុង​ឆ្នាំ​ ២០១៩​​នេះ​នៅ​ប្រទេស​ហ្វីលីពីន​ បន្ទាប់​ពី​ ឈ្នះ​មេដាយ​សំរឹទ្ធិ​ កាល​ស៊ីហ្គេម​ឆ្នាំ​ ២០១៧​ នៅ​ម៉ាឡេស៊ី។ ​ការ​តាំង​ចិត្ត​បែប​នេះ​កើត​ឡើង​ជា​ថ្មី​ ​បន្ទាប់​ពី​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​​បន្តបន្ទាប់ ​ជា​ពិសេស​​ឈ្នះ​ លន បញ្ញា​ត្រឹម​ទឹក​ទី​២​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​អធិរាជ​គុន​ខ្មែរ​ ISI ​របស់​ភីអិនអិន​​​នា​ពេល​ថ្មីៗ​នេះ។ ​

ឡៅ ចិត្រា ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE Championship ​ម្ដង​នោះ​បាន​​​​​អះអាង​ថា៖«​ខ្ញុំ​ចង់​បាន​មេដាយ​ ​ហើយ​ ជា​មេដាយ​ខ្ពស់​បំផុត​សម្រាប់​កម្ពុជា ​គឺ ​មេដាយ​មាស​​ក្នុង​កម្មវិធី​ ​ប្រកួត​ Kickboxing។ ​​ខ្ញុំ​យល់​ឃើញ​​កម្លាំង​ដៃ​របស់​ខ្ញុំ​ធ្ងន់​ជាង​មុន​ ខ្ញុំ​ត្រៀម​ខ្លួន​បាន​​ល្អ​ជាង​​ស៊ីហ្គេម​លើក​មុន​នៅ​​ម៉ាឡេស៊ី»។ ​’

ឡៅ ចិត្រា ឈ្នះ​ខ្សែ​ក្រវាត់​នៅ ភីអិនអិន ​តាម​រយៈ​ការ​ផ្ដួល​កីឡាករ​​ទាំង​​នីមួយ​ៗ​ ត្រឹម​ទឹក​ទី២​​ប៉ុណ្ណោះ​ បើ​គិត​ចាប់​តាំង​ពី​​ខែ​ ឧសភា ​​រហូត​ដល់​វគ្គ​​ផ្ដាច់​ព្រ័ត្រ​​នា​ពាក់​កណ្ដាល​ខែ​ តុលា ឆ្នាំ ២០១៩​ កន្លង​ទៅ​នេះ។

​ចិត្រា ​បាន​​តាំង​ចិត្ត​រួច​ហើយ​​ដោយ​ដាក់​​ទិស​ដៅ​ដើរ​​តាម​គន្លង​របស់​​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ឆ្នាំ ២០១៧​​ ឃីម ឌីម៉ា ​ឬ​ ឃុន ឌីម៉ា។ ​ឌីម៉ា ជា​បុរស​ម្នាក់​គត់​ដែល​បង្កើត​ប្រវត្តិសាស្ត្រ​ជូន​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​​​កីឡា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​​​ក្នុង​វិញ្ញាសា​ Kickboxing។​

​សិស្ស​គុន​​​នៃ​ក្លិប​ឆត្រ​យោង​៩១១ ​​បាន​គូស​បញ្ជាក់​ថា៖«​​ខ្ញុំ​​ត្រៀម​ខ្លួន​បាន​ល្អ​ ​ទាំង​ការ​ហូប​ចុក​ តម​អាហារ​ និង​ ការ​ហ្វឹកហាត់​។ ​ក្នុង​នោះ​ ខ្ញុំ​តម​គ្រឿង​កំប៉ុង​ដែរ​​​ចៀសវាង​ការពិនិត្យ​ទៅ​ឃើញ​សារធាតុ​ប៉ូវ​កម្លាំង។ ​​​ម្ហូប​អាហារ​​ខាង​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​…គេ​ធ្វើ​​ឲ្យ​ហូប​គ្រប់គ្រាន់»។ ​’

គេ​នៅ​ចាំ​បាន​ថា​ ចិត្រា​ ​​​មាន​ក្បាច់​ប្រកួត​ប្រដេញ​គ្នា​​ ​ពេល​​ចាញ់​ពិន្ទុ​​កីឡាករ​ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ​Ain Bin កាល​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ស៊ីហ្គេម​ឆ្នាំ ២០១៧ ​ដោយ​រូប​គេ​ដើរ​ចូល​វ៉ៃ​បុក​រហូត ប៉ុន្តែ​បែរ​ជា​ចាញ់។ ​ បែប​ណា​ក្ដី ​​​កូន​សិស្ស​លោក​ ហង្ស ស៊ឺន​ បាន​រៀន​សូត្រ​ និង ​មាន​បទ​ពិសោធន៍​គ្រប់គ្រាន់​ដើម្បី​កែ​ប្រែ​ឲ្យ​ល្អ​ប្រសើរ។ ក្រៅ​ពី​នេះ​ ប្អូន​បង្កើត​ ឡៅ ស៊ីណាត ​និង​ ឡៅ ចន្ទ្រា ​ក៏​បាន​ទទួល​បទ​ពិសោធន៍​ល្អ​ពី​កីឡាករ​ថៃ​​ Superlek Kiatmoo9 ​​ផង​ដែរ​ ពេល​រង​បរាជ័យ​នៅ​សង្វៀន ONE Championship កាល​ខែ​កុម្ភៈ ​​នៅ​​ប្រទេស​ថៃ។ ​​ ​ជើង​ឯក​គុន​ខ្មែរ​​​​នៅ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន ​និង ភីអិនអិន​ ​ បាន​ហាត់​បង្កើន​​​ក្បាច់​ជើង ​ទម្ងន់​ដៃ​ និង ​បង្កើន​ភាព​រហ័សរហួន​ ​ក្រោយ​​វ៉ៃ Superlek ​មិន​ត្រូវ​ដែល​បណ្ដាល​ឲ្យ​ចាញ់​ពិន្ទុ។ ​

គួរ​រំលឹក​ថា​ ឡៅ ចិត្រា ​​មាន​ឈ្មោះ​ទៅ​ប្រកួត​​ Kickboxing ​លើក​ទី​២​ក្នុង​ចំណោម​កីឡាករ ៥ ​នាក់​ផ្សេង​ទៀត ​ហើយ​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ បាន​តែង​តាំង​លោក ហង្ស ស៊ឺន ​​ជា​គ្រូ​​បង្ហាត់​កីឡាករ​គុន​ខ្មែរ​ទៅ​ប្រកួត​​នៅ​ស៊ីហ្គេម​​​ចុង​ឆ្នាំ​នេះ។ ​​កាល​ឆ្នាំ ២០១៧​ ឃីម ឌីម៉ា ​ បាន​​ដណ្ដើម​មេដាយ​មាស​ជូន​ជាតិ​​មាតុភូមិ​ក្រោយ​ឈ្នះ​ ​កីឡាករ​ថៃ​ Chonlawit ខណៈ​ដែល​ ឡៅ ចិត្រា​​ ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ឈ្នះ​ត្រឹម​មេដាយ​សំរឹទ្ធ ​ក្រោយ​ចាញ់​ ​​​កីឡាករ​ម្ចាស់​ផ្ទះ​ ម៉ាឡេស៊ី​ Ain Bin Kamaprudin ដោយ​ពិន្ទុ៕

កម្មវិធី​​បន្ទាប់​ សូម​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​បន្ទាប់​នៅ​ ONE: DAWN OF VALOR ​នៅ​ថ្ងៃ​ទី​ ២៥​ ​តុលា​ខាង​​មុខ​ពី​ប្រទេស​ ឥណ្ឌូណេស៊ី​ ​ចាប់​ពី​ ៧​ល្ងាច​តទៅ​ (ម៉ោង​កម្ពុជា) ​តាម​រយៈ https://www.facebook.com/ONEChampionship/ , ONE Super App ​,YouTube: https://www.youtube.com/user/OneFCMMA និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ​​ CBS។

អត្ថបទ៖ ស៊ីធី

Leave a Reply