៣​ ចំណុច​ ​ធ្វើ​ឲ្យ​ គង់ សំបូរ ​​មាន​ឈ្មោះ​ល្បី​​ឡើង​វិញ​និង​ចេញ​ទៅ​ប្រកួត​​អន្តរជាតិ​នៅ​ថៃ​ញឹកញាប់​​

​​​ក្រោយ​ផ្អាក​​​ឡើង​​​សង្វៀន​​ប្រមាណ​ជា​ ២ ឆ្នាំ​ ​​គង់​ សំបូរ​ ​​​ដែល​ជា​សិស្ស​គុន​​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​បាន​ត្រឡប់​មក​​រក​ភាព​ខ្លាំង​ឡើង​វិញ​តាម​រយៈ​​​ជ័យជម្នះ​ជា​ហូរ​ហែ​ និង ​ចេញ​ទៅ​ប្រកួត​​លើ​ឆាក​អន្តរជាតិ​ញឹក​ញាប់​ជា​ពិសេស​​ចេញ​ទៅ​ប្រកួត​លើ​សង្វៀន​ Super Champ ​ប្រទេស​ថៃ និង​ ឡើង​សង្វៀន ONE Championship ​​បាន​ម្ដង​កាល​ខែ​ កុម្ភៈ នៅ​សិង្ហបុរី។​ ​​​សំបូរ ​ចូល​ហ្វឹកហាត់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​​ជិត​ ២ ឆ្នាំ​ មក​ហើយ​​ក្រោម​ការ​បង្វឹក​របស់​ លោក ជា រិទ្ធ។​ ​​តើ​ចំណុច​អ្វី​ខ្លះ​​​ដែល​ធ្វើ​ឲ្យ​ គង់ សំបូរ​ លេច​ធ្លោ​ឡើង​វិញ​នា​ពេល​បច្ចុប្បន្ន​នេះ។ ​​​ការ​តាំង​ចិត្ត​​ខ្លាំង​ និង​ស្ដាប់​ដំបូន្មាន​គ្រូ​បង្វឹក៖

ក្រោយ​ចាញ់​​ពិន្ទុ​​កីឡាករ​ចិន ​Zhang Chenlong ​​កាល​ខែ​ កុម្ភៈ​ នៅ​សង្វៀន​ ONE Championship ​នៅ​សិង្ហបុរី​ ​គង់ សំបូរ ​​​​ភ្ញាក់​ខ្លួន​ និង​ ខិត​ខំ​ហ្វឹកហាត់​ទ្វេ​ដង​​ដើម្បី​​​ទទួល​បាន​លទ្ធផល​ល្អ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ក្នុង​ស្រុក​ និង​ អន្តរជាតិ​នៅ​​ថៃ។ ​​នេះ​ជា​ការ​បង្ហើប​របស់​លោក ជា រិទ្ធ គ្រូ​បង្វឹក ​​ប្រចាំ​ក្លិប​ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​។ ​​​បច្ចុប្បន្ន​នេះ ​កីឡាករ​វ័យ​ ២៣​ ឆ្នាំ​​មាន​កម្លាំង​ស៊ុហ្វ​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់ ​ជាក់​ស្ដែង​ រូប​គេ​អាច​​សម្រុក​ ៣ ទឹក​ពេញ​នៅ​សង្វៀន Super Champ ​នា​ប្រទេស​ថៃ​​កាល​ថ្ងៃ​ទី ២៩ ​កញ្ញា ​ដោយ​មិន​សម្រាក​ទាល់​តែ​សោះ។​ ​​ទោះ​​បី​ចាញ់​​សន្លប់​​នៅ​លើក​ទី១​​នៅ​សង្វៀន ​Super Champ ​ ​គង់ សំបូរ​ ​​ទើប​ទៅ​ប្រកួត​លើក​​ទី២​​ដោយ​ចាប់​ផ្ដើម​​បុក​​តាំង​​ពី​ទឹក​ទី១​ ​ប៉ុន្តែ​ ​ត្រូវ​​​អាជ្ញា​កណ្ដាល​រាប់​​មួយ​លើក​​ព្រោះ​ដួល​​លើ​ក្ដារ​រេញ​​ចុង​ទឹក​ទី២​ដោយ​កណ្ដាប់​​ដៃ​ ​កីឡាករ​ថៃ ដេតបាង។ ​យ៉ាង​ណា​ក្ដី​ ​​សំបូរ អាច​​តស៊ូ​ និង​ពង្រឹង​កម្លាំង​វិញ​​ហើយ​បុក​កែង​ រហូត​ធ្វើ​ឲ្យ​ ដេតបាង ​​​សន្លប់​ឈរ​ និង​ មិន​អាច​បន្ត​ការ​ប្រកួត​ទៀត​បាន​ឡើយ​កាល​ចុង​ខែ កញ្ញា​ កន្លង​ទៅ។ ​គង់ សំបូរ មិន​ទាន់​បញ្ឈប់​មហិច្ឆតា​​ត្រឹម​នេះ​ទេ​ប៉ុន្តែ រូប​គេ​នៅ​​ប្រឹង​បន្ថែម​ទៀត​ ​ដើម្បី​​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​​លើ​ឆាក​អន្តរជាតិ​​នៅ​ថ្ងៃ​មុខ។

https://www.onefc.com/videos/zhang-chenglong-vs-kong-sambo/


ការ​បោះ​ជំរំ​នៅ​ឆ្ងាយ​​ពី​គ្រួសារ​មុន​ឡើង​ប្រកួត ​និង​​តម​ការ​ហូប​ចុក៖

​​​នេះ​ជា​ចំណុច សំខាន់ ដែល​​លោក ​ជា រិទ្ធ ​បាន​ទូន្មាន​​និង​ដាក់​កំហិត​ដល់​​កូន​សិស្ស​របស់​ខ្លួន​ឲ្យ​នៅ​ឆ្ងាយ​ពី​គ្រួសារ​មុន​ពេល​ឡើង​ប្រកួត។​ ​​អតីត​កីឡាករ​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​​តែង​តែ​ស្នាក់​នៅ​ហូបចុក​​​និង​បោះ​ជំរំ​​ហ្វឹកហាត់​នៅ​​ក្លិប ​មុន​ពេល​ឡើង​ប្រកួត​យ៉ាង​ហោច​កន្លះ​ខែ។​ ម្យ៉ាង​វិញ​ទៀត​ សំបូរ​ ខ្លួន​ឯង​ក៏​អាច​ធ្វើ​ចិត្ត​បាន​ដោយ​មិន​សូវ​ទៅ​សួរ​សុខទុក្ខ​ប្រពន្ធ​ញឹកញាប់​ឡើយ។​ ចំណុច​មួយ​ទៀត​ ​គ្រូ​បង្វឹក​ក៏​បាន​ដើរ​តួ​សំខាន់​ដែល​​ណែ​នាំ​​​មិន​ឲ្យ​ហូប​ចុក​ចំណី​អាហារ​ផ្ដេសផ្ដាស​ដែរ​។ ការ​បរិភោគ​ចំណី​​ ​អាហារ​ត្រូវ​គិត​អំពី​​ផល​​ប៉ះ​ពាល់​ដល់​កម្លាំង​ក្នុង​នាម​ជា​អ្នក​ប្រដាល់។​

ស្មារតី​រឹង​មាំ​មិន​ខ្លាច​រអា៖

​​គង់ សំបូរ ​ពី​មុន​ឡើង​​​ប្រកួត​មិន​សូវ​មាន​ស្មារតី​រឹង​មាំ​ឡើយ។ ​ប៉ុន្តែ​ឥឡូវ​​នេះ​ រូប​គេ​ទទួល​បាន​​ការ​បណ្ដុះបណ្ដាល​ផ្នែក​​ស្មារតី​យ៉ាង​អង់អាច​មិន​ខ្លាច​គូ​ប្រកួត​ឡើយ។​ ​គង់​ សំបូរ ​បង្ហាញ​ផ្លែ​ប្រយុទ្ធ​គ្រប់​ស្នៀត មិន​ថា​ដក​ថយ​ ឬ ​បុក​ចូល​ឡើយ។ ​អាវុធ​​​ដៃ​ឆ្វេង​ស្ដាំ​ និង កែង​បុក​របស់ សំបូរ អាច​ធ្វើ​ឲ្យ​​ដៃ​គូ​គ្រោះ​ថ្នាក់​គ្រប់​ពេល​អម​ដោយ​ស្នៀត​​​ជើង​ទាត់​យ៉ាង​ល្អ​ផង​ដែរ។​ ​ក្រៅ​ពី​នោះ​ សំបូរ​ មាន​ក្បាច់​គេច​រហ័សរហួន​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ពិបាក​ម៉ិក​វ៉ៃ​ចំ​គោល​ដៅ។ ​គ្រូ​បង្វឹក​ជា​ រិទ្ធ អះ​អាង​ថា​​ ​កូន​សិស្ស​របស់​ខ្លួន​មាន​ឆន្ទៈ​ និង ទឹក​ចិត្ត​​ក្លាហាន​​​ឡើង​វ៉ៃ​​​​​លែង​​ខ្លាច​សន្លប់​ហើយ​ សំខាន់​គឺ​ល្អ​មើល​ថែម​ទាំង​ទទួល​បាន​ការ​គាំទ្រ។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App និង​ YouTube: https://www.youtube.com/user/OneFCMMA

អត្ថបទ៖ ស៊ីធី ​

 

Leave a Reply