អ្វី​​នៅ​ពី​ក្រោយ​ខ្នង​ការ​ផ្លាស់​ប្ដូរ​ក្បាច់​ប្រយុទ្ធ​ ​របស់​ ឡុង សុភី  ​បន្ទាប់​ពី​ឈ្នះ​​ខ្សែ​ក្រវាត់​​​អម​ប្រាក់​រង្វាន់ ៤ ពាន់​ដុល្លារ

ជើង​ខ្លាំង​​ជំនាញ​កែង និង ជង្គង់​​ ឡុង សុភី ​​​បាន​ប្ដូរ​ប្រយុទ្ធ​សឹង​តែ​ ១០០% ពេល​យក​ឈ្នះ​ រឿង​ សោភ័ណ្ឌ​ដោយ​ពិន្ទុ​​នា​ ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ទម្ងន់​ ៦៩​គីឡូក្រាម​កាល​​​ថ្ងៃ​ទី ១៤ ​កញ្ញា​ ឆ្នាំ ២០១៩ កន្លង​ទៅ​នៅ​សង្វៀន​ ​ CNC ​ដោយ​ទទួល​បាន​ប្រាក់​រង្វាន់​ ៤០០០ ដុល្លារ​អាមេរិក។​

លោក ឡុង សាលវ័ន្ត​ ​ដែល​ជា​បង​ប្រុស​បង្កើត​ និង​​ ​គ្រូ​បង្វឹក​ផ្ទាស់​​ផង​នោះ ​​បាន​ថ្លែង​ថា៖«សុភី​ ឥឡូវ​ដ្បិត​តែ​​​​វ័យ​កាន់​តែ​ចាស់ ប៉ុន្តែ រូប​​គេ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​។ ​ពេល​យើង​​ឈ្នះ​ រឿង សោភ័ណ្ឌ​ ​ដូច​ឃើញ​ហើយ គេ​មិន​ប្រើ​តែ​ជង្គង់​ និង​ ​កែង​​ច្រើន​ទេ​ ប៉ុន្តែ​ប្ដូរ​កណ្ដាប់​​​ច្រើន​វិញ។​ ​កណ្ដាប់​ដៃ​ផង​ ជង្គង់ និង​កែង​ ដែល​ពូក​ស្រាប់​ គឺ​​ធ្វើ​ឲ្យ​ដៃ​គូ​លំបាក។ ​យើង​​ហ្វឹកហាត់​ដើម្បី​ប្រកួត​ជា​មួយ​​កីឡាករ​ដែល​យើង​ប្រឈម»។

​​ឡុង សុភី ​ជា​កីឡាករ​ជើង​ចាស់​មាន​បទ​ពិសោធន៍​​​ស្ថិត​ក្នុង​វ័យ​ ៣១ ​ឆ្នាំ​នា​ពេល​បច្ចុប្បន្ន​ ហើយ​​​ប្រឡូក​ការ​ប្រកួត​​តាម​កម្មវិធី​ និង ​លើ​សង្វៀន​ទូរទស្សន៍​​មិន​​តិច​ជាង​ ៦០០ ដង​នោះ​ឡើយ ​ក្នុង​រយៈ​ពេល​ ១៥ ឆ្នាំ​នៃ​អាជីព​ឈឺ​សាច់​មក​នេះ។ ​ ​បន្ទាប់​ពី​​ឈ្នះ​ខ្សែ​ក្រវាត់​ថ្មីៗ​នេះ​ ​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់​ដំបង​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ស្រា​សាច់​ដុំ, Gold Region,  ​ឈ្នះ​ប្រាក់​រង្វាន់​​ពី​ធនាគារ​, K-Cement ​ ​និង​ ​ឈ្នះ​មេដាយ​មាស​ជា​ច្រើន​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ។ ​ក្រៅ​ពី​នោះ​​ សុភី​ មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​កម្មវិធី​លំដាប់​អន្តរជាតិ Thai Fight , កម្មវិធី​អន្តរជាតិ​ក្នុង​ស្រុក​ និង​ កម្មវិធី​​​លំដាប់​ពិភព​លោក​​ ONE: CHAMPIONSHIP ​ ​នា​​ឆ្នាំ ២០១៣​ដែល​ជា​ការ​ប្រកួត​​ក្បាច់​គុន​ចម្រុះ។​

គ្រូ​បង្វឹក​ ឡុង សាលវ័ន្ត​ ​បាន​រៀប​រាប់​ទៀត​ថា ៖«​ សុភី​ ​ឥឡូវ​​រឹត​តែ​បុក​ហាត់​ជាង​មុន​ខ្លាំង​ ហើយ​ការ​ប្រកួត​ក៏​ឡើង​កម្រិត​អីចឹង​ដែរ។  គេ​មាន​​កម្មវិធី​វ៉ៃ​ខ្សែ​ក្រវាត់​នៅ​ទូរទស្សន៍​ អាស៊ីអាគ្នេយ៍​​។ ហើយ​​កាល​​ថ្ងៃ​អាទិត្យ​​​នេះ​ប្រកួត​ទី១​​ទើប​ឈ្នះ​កីឡាករ​ថៃ​ ផេតឧប៊ុន​ ក្នុង​កម្មវិធី​ខ្សែ​ក្រវាត់»។ ​​គ្រូ​បង្វឹក​មក​ពី​សាលវ័ន្ត​កីឡា​សង្កត់​ធ្ងន់​ថា៖«​ខ្ញុំ​​បង្ហាត់​ សុភី​ ​តាម​របៀប​ផ្សេង​គ្នា​ពេល​ជួប​​គូ​ប្រកួត​ម្នាក់​ៗ។ ​កីឡាករ​ផ្សេង​យើង​​ត្រូវ​បុក​ហ្វឹកហាត់​​​ក្បាច់​ផ្សេង​គ្នា​ដែរ»។

​​គួរ​ដឹង​ថា​​ នី សុភី ​ធ្លាប់​ឡើង​សង្វៀន​ ONE បាន​ម្ដង​​​​កាល​៦​ឆ្នាំ​មុន​បន្ទាប់​ពី​​ហ្វឹកហាត់​​ក្បាច់​ឃ្លេ​ ​ក្បាច់​កាច់ និង ចំបាប់​បាន​ត្រឹម​ ២ សប្ដាហ៍​ប៉ុណ្ណោះ(ក្បាច់​គុន​ MMA)​។ កាល​នោះ​ ​ឡុង សុភី​ ចាញ់​កីឡាករ​​​ឥណ្ឌូណេស៊ី​ Max Metino ​ត្រឹម​ទឹក​ទី២ ប៉ុណ្ណោះ។ ទោះ​​ជា​បែប​ណា​ក្ដី​ ​សុភី ​​ចង់​ឡើង​ប្រកួត​​នៅ​សង្វៀន​ជា​ថ្មី​ទៀត​បើ​សិន​​​គេ​ផ្ដល់​​ឱកាស​​ក្នុង​​​កម្មវិធី​​ប្រកួត​ Kickboxing ​​​​​​វិញ ​ព្រោះ​រូប​គេ​មាន​​គុន​ខ្មែរ​ជា​គ្រឹះ​រួច​ស្រេច​ទៅ​ហើយ។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App និង​ YouTube: https://www.youtube.com/user/OneFCMMA

ត្ថបទ៖ ស៊ីធី

Leave a Reply