ចាន់ រតនា ​​​ប្រាប់​អំពី​​ការ​ហ្វឹកហាត់​ក្បាច់​ជីជិតស៊ូ ​ជា​មួយ​គ្រូ​​​ ខូវ វិវឌ្ឍនា ​ដែល​ធ្វើ​ឲ្យ​គេច​ផុត​ពី​ការ​ចាប់​របស់​គូ​ប្រកួត

ក្បាច់​គុន​ជីជិតស៊ូ បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​ការ​រួម​ចំណែក​ទទួល​ជ័យជម្នះ​ជា​បន្តបន្ទាប់​​សម្រាប់​កីឡាករ​គុន​ចម្រុះ​កំពូល​​កម្ពុជា​ ចាន់ រតនា​ ជា​​ពិសេស​ជ័យជម្នះ​ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​ លំដាប់​ពិភព​លោក​ ONE Championship។ ​ចាន់ ​រតនា​ បង្ហើប​ថា​ ​ការ​ដែល​​អាច​គេចវេះ​​ពី​ការ​ប៉ុនប៉ង​ផ្ដួល​របស់​គូ​ប្រកួត​ គឺ​ដោយ​សារ​​គេ​ហ្វឹកហាត់​ក្បាច់​​ជីជិតស៊ូ​ ​​បាន​ច្រើន​​ឆ្នាំ​​តាំង​ពី​ឆ្នាំ​ ២០១២​ ​​មក​​រហូត​ដល់​បច្ចុប្បន្ន​ជា​មួយ​គ្រូ​បង្វឹក​ ខូវ វិវឌ្ឍនា​ ​ដែល​គ្រា​នោះ​​ក្លិប​នៅ​​ម្ដុំ​ផ្សារ​ចាស់។ ​ការ​ថ្លែង​បែប​នេះ​បន្ទាប់​ពី​ឈ្នះ​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ​​ជើង​ខ្លាំង​របស់​គុយ​បា​ ​Gustavo Balart នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ប្រទេស​ថៃ​​​កាល​ពាក់​កណ្ដាល​ខែ សីហា ​ ​​កន្លង​ទៅ​នេះ។

​អ្នក​លេង​គុន​ចម្រុះ​វ័យ​៣៣​ឆ្នាំ​​រំលឹក​ថា៖«​ខ្ញុំ​ហាត់​​ដោះ​ឃ្លេ​​​ដែល​ប្រើ​ក្បាច់​ជីជិតស៊ូត​ និង​ចំបាប់​ ​ជា​មួយ​គ្រូ​បង្វឹក​ ខូវ វិវឌ្ឍនា ​តាំង​​ពី​ឆ្នាំ​ ២០១២។​ ខ្ញុំ​មិន​ពូកែ​​​ចាប់​ឃ្លេ​ដើម្បី​ផ្ដួល​គូ​ប្រកួត​​ប៉ុន្តែ​ ខ្ញុំ​​ក្បាច់​ដោះ​បាន​ ​និង​ ការពារ​មិន​ឲ្យ​គូ​​​​ឈ្នះ​ងាយៗ​​ទោះ​ខ្ញុំ​នៅ​ក្រោម ឬ ​នៅ​ពី​លើ។ បន្ទាប់​មក​ខ្ញុំ​តែ​ប្រើ​ជំហរ​គុន​ខ្មែរ​ដើម្បី​ផ្ដួល​គូ​ប្រកួត»។

វីដេអូ ​រតនា ឈ្នះ Rudy

https://www.onefc.com/videos/chan-rothana-vs-rudy-agustian/

ម្ចាស់​ក្លិប​ «សិល្បៈ» សង្កត់​ធ្ងន់​ថា៖«​ធម្មតា​ពេល​​យើង​ជួប​កីឡាករ​ណា​ យើង​ត្រូវ​តាម​ដាន​វីដេអូ​ ថា​គេ​​ខ្លាំង​ចំណុច​ណា​ខ្លះ ​ខ្លាំង​ខាង​ឈរ​វ៉ៃ ឬ ដេក​វ៉ៃ ឬ ​មួយ​ខ្លាំង​ក្បាច់​ឃ្លេ​ជា​ដើម។​ គ្រូ​បង្វឹក​​ក៏​បាន​ផ្ដល់​យោបល់​ដល់​យើង​ដែរ។​ ​​គូ​ប្រកួត​ដែល​គេ​ជួប​ខ្ញុំ​ ​ឬ ខ្ញុំ​ជួប​គេ​សុទ្ធ​តែ​​សិក្សា​ទៅ​វិញ​ទៅ​មក។ ​គេ​ដឹង​ថា​ខ្ញុំ​អត់​ពូក​កែ ​ឃ្លេ ​គេ​ត្រូវ​តែ​ប្ដូរ​ចូល​ចាប់​ឃ្លេ​។ ជា​ទូទៅ​បែប​នេះ​ហើយ។ ​ប៉ុន្តែ​ខ្ញុំ​បាន​រៀន​ច្រើន​ពី​របៀប​ដោះ​និង​ការពារ។ ​​គ្រូ​បង្វឹក​ វិវឌ្ឍនា​ ​បាន​​ប្រាប់ និង ​ត្រៀម​ខ្លួន​សម្រាប់​ខ្ញុំ​ល្អៗ​ជា​និច្ច​​មុន​ទៅ​ប្រកួត​អន្តរជាតិ »។

​ជោគជ័យ​ធំៗ​របស់ រតនា​ ​​បាន​ចំណែក​យ៉ាង​ធំធេង​ពី​សំណាក់​គ្រូ​បង្វឹក ខូវ វិវឌ្ឍនា ​​នៃ​ក្លិប​ H/Art Academy​ ។ ​ ​ម្ចាស់​ក្លិប​សិល្បៈ​​តែង​តែ​ជួប​គូ​ប្រកួត​ផ្សេងៗ​គ្នា​ ហើយ​​ក៏​ត្រូវ​អភិវឌ្ឍ​ក្បាច់​ខុស​គ្នា​​ដែរ​ពេល​​តតាំង​​នៅ​លើ​សង្វៀន​ម្ដងៗ។ ​​យ៉ាង​ណា​ក៏​ដោយ​ ​​​​កូន​​ប្រុស​របស់​លោក ​ចាន់ ប៊ុនធឿន​ ​​សារភាព​​ថា ​ទោះ​ក្បាច់​ល្អ​ ​ឬ បច្ចេកទេស​ល្អ​ ​ប៉ុន្តែ​ដាច់​ខាត​ត្រូវ​តែ​​​​ទទួល​ការ​ហ្វឹកហាត់​​គ្រប់គ្រង​កម្លាំង។​ គ្រូ​បង្វឹក​ Lorenzo ជា​អ្នក​បង្ហាត់​ការ​គ្រប់គ្រង​កម្លាំង​នៅ​​​លើ​សង្វៀន​ និង ជា​អ្នក​​​​ឲ្យ​ទឹក​រួម​ទាំង​ផ្ដល់​យោបល់​សំខាន់ៗ​ជា​ច្រើន​អំឡុង​ពេល​ប្រកួត។

​ភាព​ជោគជ័យ​ដល់​ពេល​នេះ​ ចាន់ ​​រតនា បាន​​ទទួល​ការ​ហ្វឹកហាត់​ពី​គ្រូ​បង្វឹក​ជា​ច្រើន​ដូច​ជា​ ​​គ្រូ​បង្វឹក Lorenzo Lanzafame ​មក​ពី​ LLFitness ​បង្ហាត់​​ បច្ចេកទេស​និង​​គ្រប់គ្រង​កម្លាំង,​គ្រូ​បង្វឹក​ ​ខូវ វិវឌ្ឍនា​ ​បង្ហាត់​​ខាង​ផ្នែក​ជីជិតស៊ូ​ ​ចំបាប់​ និង​ MMA , គ្រូ​បង្វឹក​ Rolando បង្វឹក​ផ្នែក​ប្រដាល់​សកល, គ្រូ​​បង្វឹក​​ Sov ​​បង្វឹក​ភាព​អំណត់, ​និង​ គ្រូ​បង្វឹក​ ​ Jeppe ​​បង្ហាត់​​ផ្នែក​​​ធ្វើ​ចលនា​សរសៃ​​និង​ម៉ាស្សា​ ជា​ដើម។

​គួរ​ដឹង​ដែរ​ថា​ ចាន់ រតនា ​​បង្កើត​កំណត់​ល្អ​​ឈ្នះ​លើ​សង្វៀន​គុន​​ចម្រុះ​ចំនួន​ ៧ ​ដង​ និង ចាញ់​ ៣ លើ។ ​​រឿង​ដែល​អស្ចារ្យ​ និង​​ក្លាយ​ជា​កីឡាករ​​គុន​ចម្រុះ​កម្ពុជា​​ទី១ ដែល​ឈ្នះ​លើ​សង្វៀន​អន្តរជាតិ​ ONE រហូត​​ដល់​ ៣ លើក​ជាប់​គ្នា​ បន្ទាប់​ពី​ Abrou Fernandes ​​​ , Rudy Agustian ​​ និង​ Gustavo Balart ​នា​ពេល​​ចុង​ក្រោយ​ថ្មីៗ​នេះ។ ​ ​

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​តាម​រយៈ​ https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី

Leave a Reply