Lorenzo Lanzafame ​​កត់​ចំណាំ​ចំណុច​ខ្លាំង​​ខ្លះៗ​ រវាង​ ចាន់ រតនា ​ និង Gustavo Balart នៅ​សង្វៀន​ ONE :DREAMS OF GOLD

បន្ទាប់​ពី​​ចាប់​គូ​​ពេល​អ្នក​លេង​គុន​ចម្រុះ​​ ចាន់​ រតនា ​ត្រូវ​ប្រឈម​នឹង​​ជើង​ខ្លាំង​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD គ្រូ​បង្វឹក​​ ​​Lorenzo Lanzafame ​បាន​​​ចេញ​មក​បង្ហើប​ចំណុច​ខ្លាំង ​របស់​ Balart មួយ​ចំនួន​​ដែល​ត្រូវ​តែ​ត្រៀម​ខ្លួន​ទប់​ទល់​​ឲ្យ​ខាង​តែ​បាន។​ ​ការ​តតាំង​គ្នា​មិន​ធ្លាប់​មាន​នេះ​នឹង​រៀប​ចំ​ឡើង​នៅ​​ថ្ងៃ​ទី​ ១៦ ​ខែ​ សីហា​ ឆ្នាំ​ ២០១៩​ ​ខាង​​មុខ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។

​​​គ្រូ​បង្វឹក​មក​ពី​ LLFitness ​បាន​កត់​សម្គាល់​បែប​នេះ៖« Balart ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។​ ខ្ញុំ​បាន​ទស្សនា​ការ​ប្រកួត​របស់​គេ​តាម​រយៈ​វីដេអូ​ជា​ច្រើន​ ហើយ​ខ្ញុំ​ចូល​ចិត្ត​ការ​ប្រកួត​របស់​គេ។ គេ​ជា​កីឡាករ​មាន​ឆន្ទៈ​ ​មាន​ថាមពល​ និង​ បម្លាស់ទី​​ច្រើន​​លើ​សង្វៀន។ Balart ជា​គូ​ប្រជែង​ដ៏​លំបាក​បំផុត​មួយ​ ដែល​មិន​ងាយ​នឹង​បោះបង់។​ ​​គេ​​ស៊ូ​ណាស់។​ ដូច្នេះ​ខ្ញុំ​ជឿ​ជាក់ថា​ វា​ជា​ការ​ប្រកួត​ដ៏​ចាប់​អារម្មណ៍​​រវាង​​​អ្នក​ប្រយុទ្ធ​ទាំង​ពីរ»។

Balart ​ពិត​ជា​អស្ចារ្យ​ ដោយ​ឈ្នះ​ ៨ លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​យ៉ាង​ណា​ក្ដី​ បុរស​វ័យ ៣២ ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ Tatsumitsu Wada ​កាល​ខែ មេសា​ កន្លង​ទៅ។​ ​រឿង​គួរ​កត់​សម្គាល់​ ចន្លោះ​ ២០១៥ ដល់​ ២០១៧ ​ម្ចាស់​មេដាយ​មាស​ Pan American Games ឆ្នាំ​​ ​២០១១ ​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ក្នុង​ការ​ប្រកួត​ ៦ លើក​ (ឈ្នះ​ទាំង​អស់)។

​ផ្ទុយ​ទៅ​វិញ​​ម្ចាស់​ក្លិប​ «សិល្បៈ» ​ ​ចាន់ រតនា ​ដែល​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​​ក៏​មិន​ណយ​​ដែរ​ ​ព្រោះ​កំពុង​ផ្ដោត​អារម្មណ៍​លើ​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​​ដូច​ជា​ក្បាច់​ឃ្លេ​​គុន​ចម្រុះ​ ​ក្បាច់​ជីជិតស៊ូ ​និង​ ​​ហាត់​ដិត​ដល់​ផ្នែក​កម្លាំង​ជា​ដើម។ ​ម្យ៉ាង​វិញ​ទៀត​ រតនា ​​កំពុង​តែ​មាន​​ការ​តាំង​ចិត្ត​មោះមុត​ដោយ​សារ​ មាន​ការ​​លើក​ទឹក​ចិត្ត​ពី​គ្រួសារ​ និង​ ​ការ​លើក​ទឹក​ចិត្ត​ដ៏​អស្ចារ្យ​ពី​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក ហើយ​​គេ​ ​​ខិតខំ​ស្វែង​រក​ជ័យជម្នះ​​មក​វិញ​​ដើម្បី​ជា​កាដូ​​សម្រាប់​អ្នក​រាល់​គ្នា។​

គ្រូ​បង្វឹក​​សញ្ជាតិ​អ៊ីតាលី​​គូស​បញ្ជាក់​ទៀត​ថា ​៖« ​រតនា ​ខំ​ប្រឹង​ខ្លាំង​ណាស់។ ​រតនា ​​ហាត់​ក្បាច់​ជីជិត​ស៊ូ​​នៅ​ក្លិប​ H/art Academy ​ជា​មួយ​គ្រូ​បង្វឹក ខូវ វិវឌ្ឍនា ​​ដើម្បី​ត្រៀម​​រួច​ជា​ស្រេច​ក្នុង​ការ​​ប្រកួត​ដ៏​ធំ​នេះ ហើយ​ការពារ​​កុំ​​ឲ្យ​គ្រោះ​ថ្នាក់​ពេល​គូ​ប្រកួត​ចាប់​ផ្ដួល​លើ​ក្ដារ​រេញ។ ​គេ​​ក៏​​ហាត់​​ក្បាច់​បញ្ចប់​​គូ​ប្រកួត​​ឲ្យ​បាន​ល្អ​ផង​ដែរ។ ​​គ្រូ​​បង្វឹក​​ Sov និង Charles ​បាន​​ធ្វើ​ឲ្យ​ រតនា ​កើន​​​​កម្លាំង​ខ្លាំង ​ មាន​ភាព​អំណត់ ​និង​ ​ថាមពល​ខ្លាំង​​ដើម្បី​បំបាក់​គូ​ប្រជែង»។

ដើម្បី​សម្រេច​បាន​​លទ្ធផល​​ល្អ​​ត្រលប់​មក​កម្ពុជា​វិញ​ គ្រូ​បង្វឹក​ ​ Jeppe ​​ក៏​បំប៉ន​​​ការ​បង្ហាត់​កម្លាំង​ផ្នែក​កម្លាំង​ជា​ប្រចាំ​​​ក្នុង​គោល​ដៅ​​បញ្ចៀស​​ រតនា ​មិន​​ឲ្យ​​​ទទួល​រង​របួស​ងាយៗ​​ពី​ការ​ប៉ុន​ប៉ង​របស់​ Balart។

គ្រូ​បង្វឹក​​ដដែល​សង្កត់​ធ្ងន់​លើ​​លទ្ធផល​ថា ៖«​ខ្ញុំ​​ជឿ​ជាក់​ថា​ ចាន់ រតនា​ អាស៊ី​​វាយ​​ Balart ​ត្រឹម​ទឹក​ទី២»។ ​ចាន់ រតនា ​ជា​ក្ដី​រំពឹង​របស់​កម្ពុជា​ ​​ក្នុង​គោល​បំណង​ប្រជែង​យក​​ជើង​ឯក​លំដាប់​ពិភព​លោក​​ពី​ក្បាច់​គុន​ចម្រុះ​នៅ​សង្វៀន ONE ​នៅ​ថ្ងៃ​អនាគត។ ​

ជើង​ខ្លាំង​គុន​ចម្រុះ​កម្ពុជា​កូន​ប្រុស​លោក​ ​ចាន់ ​ប៊ុនធឿន ​ឈ្នះ​ ២ ​លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE ​នា​​​ពេល​កន្លង​មក​លើ​កីឡាករ​គុន​ចម្រុះ​សញ្ជាតិ​​​ឥណ្ឌូណេស៊ី។​ ​រតនា​ វ៉ៃ​ Abrou Fernandes ​​ឲ្យ​ចុះ​ចាញ់​ ​និង​ បំបាក់​​កីឡាករ​ Rudy Agustian ​​ដែល​ធ្លាប់​ឈ្នះ​ ខុន ស៊ីចាន់​ ​ឲ្យ​​ចុះ​ញ៉ម​ ​កាល​​ដើម​ខែ ឧសភា​ ឆ្នាំ​ ២០១៩ នេះ។​ ​តើ ចាន់ រតនា អាច​ឈ្នះ​ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ​ ONE ទេ? ​

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE: DREAMS OF GOLD ពី​ហ្វីលីពីន​​ល្ងាច​ថ្ងៃ​ទី​ ១៦ ​សីហា ចាប់​ពី​ម៉ោង​ ៦ កន្លះ​​ល្ងាច​​តទៅ ​ តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​និង​ YouTube: https://www.youtube.com/user/OneFCMMA ។ ​​នេះ​ជា​​លីង​​វីដេអូ​ប្រកួត​ចុង​ក្រោយ​​រវាង​ Balart និង​ Wada : https://www.youtube.com/watch?v=03YYjjxoIEM

អត្ថបទ៖ ស៊ីធី ​

Leave a Reply