តើ​សហព័ន្ធ​​​កីឡា​​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​គិត​គូរ​​​បែប​ណា​ ពេល​កីឡាករ​ល្អៗ​ចាស់​​​លាចាក​ពី​សង្វៀន​ទៅ​ប្រកប​មុខ​របរ​ផ្សេង​?

បច្ចុប្បន្ន​នេះ​គេ​ឃើញ​មាន​កីឡាករ​គុន​​ជម្រុះ​​​ជើង​ចាស់​ជា​ច្រើន​​បាន​លា​ចាក​​ចេញ​ពី​សង្វៀន​​ដើម្បី​ទៅ​ប្រកប​មុខ​របរ​ផ្សេង​​ចិញ្ចឹម​​ជីវិត​និង​គ្រួសារ​ ដូច​ជា​ ​មាស ម៉ើ​, ស សី, ស៊ឹម ប៊ុនស្រន់ ​ឬ​ ថៃ រិទ្ធី ជា​ដើម ដោយ​ផ្អែក​លើ​ហេតុ​ផល​​​​ផ្សេងៗ​គ្នា។ ​តើ​សហព័ន្ធ​ និង​ ​ក្លិប​ពាក់​ព័ន្ធ​គិត​គូរ​យ៉ាង​ណា​ចំពោះ​កីឡាករ​ជើង​ចាស់​​ទាំង​នេះ?

ទាក់​ទិន​នឹង​​បញ្ហា​នេះ​ លោក​ កែប៊ិន សូរស្មី ​អនុប្រធាន​​សហព័ន្ធ​​​​​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​បាន​ថ្លែង​​ ​​បែប​នេះ​ ​ការពិត​ណាស់​​កីឡាករ​ជើង​ចាស់​ទាំង​នោះ​​​ក៏​​ស្ថិត​នៅ​ក្លិប​ Cambodian Top Team ហើយ ​មាន​​​កីឡាករ​ ស សី, មាស ម៉ើ និង ស៊ឹម ប៊ុនស្រន់​ ​​បាន​ចុះ​ឈ្មោះ​ជា​ផ្លូវ​ការ​ជា​សមាជិក​របស់​សហព័ន្ធ​ដែរ។ ​ការ​​​ដែល​នៅ​ប្រកួត​កើត​ ឬ ​អត់​របស់​ មាស ម៉ើ​ ស៊ឹម ប៊ុនស្រន់ ​ឬ ​ស​ សី ​អាស្រ័យ​លើ​ក្លិប​របស់​ពួក​គេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ​​ ​សហព័ន្ធ​និង​ក្លិប​ត្រូវ​រួម​ដៃ​គ្នា​ដើម្បី​ស្វែង​រក​ផល​ចំណេញ​​ពី​បទ​ពិសោធ​ជោកជាំ​របស់​ពួក​គេ ​​ពី​ព្រោះ​​កីឡាករ​​​ជើង​ចាស់​ទាំង​នេះ​ជា​​កីឡាករ​គុន​ចម្រុះ​ជំនាន់​ទី​១​របស់​​​កម្ពុជា​ ដែល​​ទទួល​បាន​​បទ​ពិសោធន៍​​​ច្រើន ក្រោយ​​​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​​ដូច​ជា​​នៅ​ប្រទេស​ ថៃ ​និង​ សង្វៀន​ ONE ជា​ដើម។

ឆ្លើយ​តប​នឹង​​ប្រធាន​បទ​នេះ​ដែរ ​ប្រធាន​ក្លិប​ Cambodian Top Team ​លោក​ ហ៊ុន ច័ន្ទរាជ្យ ​​​បង្ហើប​ដូច្នេះ ​៖«​ខ្ញុំ​​ឧស្សាហ៍​​ហៅ​ពួក​គាត់​មក​វិញ​ដើម្បី​ហ្វឹកហាត់​​ដែរ​ ប៉ុន្តែ​​​​​ពួក​គាត់​មិន​អាច​មក​​​បាន​ព្រោះ​​​បញ្ហា​គ្រួសារ និង​រក​ស៊ី​រៀងៗ​ខ្លួន​ ខ្ញុំ​មិន​អាច​បង្ខំ​បាន​ដែរ។ ​យ៉ាង​ណា​​ក្ដី​ ខ្ញុំ​នៅ​​តែ​ជួយ​ជ្រោមជ្រែង​​ ​អត់​ភ្លេច​ពួក​គាត់​​​ទេ​ និង អាច​ជួយ​ជា​ឧបករណ៍​ហ្វឹកហាត់​នៅ​ក្លិប​មូលដ្ឋាន​របស់​ពួក​គាត់​ បើ​សិន​ពួក​គាត់​ចង់​ជួយ​បណ្ដុះ​ក្មេងៗ​ជំនាន់​ក្រោយ។​ ​​ហើយ​​ខ្ញុំ​​ក៏​គិត​ដែរ​ថា ​​​កន្លែង​ណា​ដែល​ឲ្យ​គាត់​អាច​​ជួយ​ការងារ​​របស់​ក្លិន និង សហព័ន្ធ MMA យើង​បាន»។

ប្រធាន​ក្លិប និង​ជា​អគ្គលេខាធិការ​​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​រូប​នេះ​បញ្ជាក់​ទៀត​ថា ​បើ​លោក​​ផ្ទាល់​មាន​លទ្ធភាព​កាន់​តែ​​ច្រើន​ លោក​នឹង​ជួយ​កាន់​តែ​ច្រើន​ទៅ​តាម​​តែ​អាច​ធ្វើ​ទៅ​បាន។ ​​ជាក់​ស្ដែង​ ​កីឡាករ​ជើង​ចាស់​ ស សី​ ​បាន​បើក​​បង្ហាត់​ក្មេងៗ​​ជាង​​ ១០ ​នាក់​នៅ​​​ស្រុក​កំណើត​ស្ថិត​នៅ​ស្រុក​មុខ​កំពូល​ ខេត្ត​​កណ្ដាល​ ហើយ ​ស សី​​ ក៏​​ទទួល​បាន​ការ​​ឧបត្ថម្ភ​​ជា​​សម្ភារ​មួយ​ចំនួន​ពី​​គ្រូ​បង្វឹក​ហ៊ុន ច័ន្ទរាជ្យ​ដែរ។  ​ចំណែក​ មាស ម៉ើ ​​​​រវល់​រត់​តាក់​ស៊ី​ដើម្បី​ចិញ្ចឹម​គ្រួសារ​ ក្រោយ​​ចេញ​ពី​សង្វៀន​តាំង​ចុង​ឆ្នាំ​ ២០១៨។ ​

គ្រូ​បង្វឹក​រូប​នេះ​​​បាន​ទទូច​ឲ្យ​ មាស ម៉ើ​ ​ត្រលប់​មក​វិញ​ដែរ​ដើម្បី​ចាប់​គូ​ឲ្យ​ប្រកួត ​ប៉ុន្តែ​រូប​គេ​​មិន​មាន​ពេល​គ្រប់គ្រាន់​ ខណៈ​ដែល ស៊ឹម ប៊ុនស្រន់ ក៏​រវល់​​ការងារ​រក​ស៊ី​​​ មិន​សូវ​​បាន​​ហាត់​ដិតដល់​ដូច​មុន។ រី​ឯ​ ថៃ រិទ្ធ​ វិញ​​​បាន​លា​ចាក​ពី​សង្វៀន​ ប៉ុន្តែ​រូប​គេ​បាន​ទៅ​បង្ហាត់​គុន​ខ្មែរ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប។ ​យ៉ាង​ណា​​​​ក្ដី​ លោក ហ៊ុន ច័ន្ទរាជ្យ ​បាន​អំពាវ​នាវ​ដល់​កីឡាករ​ MMA ដែល​​​​ឡើង​ប្រកួត​លែង​កើត​ ឬ ​​ជាប់​រវល់​​ឲ្យ​ចូល​រួម​បណ្ដុះបណ្ដាល​ដល់​ក្មេងៗ​ជំនាន់​ក្រោយ​នៅ​ថ្ងៃ​​ណា​មួយ។ ​លោក​​បន្ត​ថា​ ​បើ​សិន​​កីឡាករ​ជើង​ចាស់​​មាន​លទ្ធភាព​​បើក​ក្លិប​​នៅ​មូលដ្ឋាន​ពិត​ជា​ល្អ​ណាស់​ ហើយ​​ ​​​លោក​នឹង​​ចូល​រួម​ជួយ​តាម​លទ្ធភាព​​ ដូច​ជា​ សម្ភារ​ហ្វឹកហាត់ មាន​តាពី ហ្គង់ បាវ​សាក់ ស៊ីប​ ឬ​ អាច​ជួយ​អង្ករ​ហូត​ប្រចាំ​ខែ​ទៀត​ផង។

​បន្ថែម​ពី​លើ​នេះ លោក កែប៊ិន សូរស្មី ​​​បាន​ថ្លែង​ដែរ​ថា​ ៖«​​នេះ​ជា​ហេតុ​ផល​មួយ​ដែល​យើង​ត្រូវ​ការ​សហព័ន្ធ​ដ៏​ខ្លាំង​ក្លា​មួយ។​ ​យើង​មិន​ចង់​ឃើញ​កីឡាករ​របស់​យើង​ទើប​​ឡើង​វ៉ៃ​បាន​ ពីរ​ឬ​បី​ប្រកួត​ហើយ​ចាក​ចេញ​នោះ​ទេ។ ​យើង​​ចង់​​ធ្វើ​​ឲ្យ​ច្បាស់​លាស់​ថា​ កីឡាករ​ទទួល​បាន​ប្រាក់​ចំណូល​​ត្រឹម​ត្រូវ​មួយ​ពី​ការ​ឡើង​សង្វៀន។ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ​យើង​មិន​ទាន់​ដល់​ចំណុច​នេះ​ឡើយ»។

លោក​សង្កត់​ធ្ងន់​ថា​ ៖«​​​​សូម​​បង្កើត​ភាព​ជឿជាក់​ថា​យើង​ធ្វើ​បាន។ ​​ពេល​យើង​មាន​​សហព័ន្ធ​ខ្លាំង​ យើង​អាច​ការពារ​​​ស្ថានភាព ​និង​ ​ផល​ប្រយោជន៍​ ​កីឡាករ​របស់​យើង​ ​ហើយ​​ ជំរុញ​ឲ្យ​​ពួក​គេ​អាច​ឈាន​ដល់​កម្រិត​ស្ដង់ដារ​មិន​ខាន។ ​យើង​​ចង់​ឲ្យ​កីឡាករ​-កីឡាការិនី​ទាំង​អស់​​អាច​​​ក្លាយ​ជា​អាជីព​ពិត​ប្រាកដ​ដើម្បី​ឲ្យ​ពួក​គេ​​អាច​រស់​នៅ​ជា​មួយ​​នឹង​ក្ដី​ស្រលាញ់​​កីឡា​គុន​ចម្រុះ​របស់​យើង»។

គួរ​ដឹង​ដែរ​ថា​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​ទើប​ត្រូវ​បង្កើត​ឡើង​កាល​ខែ​ តុលា​ឆ្នាំ ២០១៨ ប៉ុន្តែ​សហព័ន្ធ​សម្រេច​បាន​លទ្ធផល​ការងារ​​ជា​ច្រើន​ដូច​​ជា​ទំនាក់ទំនង​អន្តរជាតិ ​ទទួល​ការ​ចុះ​ឈ្មោះ​ក្លិប​ជា​ផ្លូវ​ការ​រហូត​ដល់ ​២២ ​ក្លិប​ ក្នុង​នោះ​មាន​ក្លិប​​ក្រៅ​ប្រទេស​ចំនួន​ ៤ ​មក​ពី ​កាណាដា​ អូស្ត្រាលី អាមេរិក និង បារាំង។ ​សហព័ន្ធ​មាន​​វិបសាយ​ផ្ទាល់​ខ្លួន​ និង​ បង្កើត​ទំនាក់ទំនង​​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្លិប​នៅ​ក្រោម​ឱវាទ៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s