គង់ សំបូរ ​​តាំង​ចិត្ត​ហ្វឹកហាត់​ខ្លាំងក្លា​​​ក្នុង​គោល​ដៅ​​ឡើង​សង្វៀន​ ONE ជា​ថ្មី

កីឡាករ​គុន​ខ្មែរ​ជើង​ខ្លាំង​​ គង់​ សំបូរ​ ​របស់​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​ខិតខំ​​ហ្វឹកហាត់​ទ្វេ​​ដង ​ដើម្បី​ទទួល​បាន​ការ​​​អញ្ជើញ​ទៅ​ប្រកួត​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​​​ជា​ថ្មី​ម្ដង​​ម្ដង​ទៀត​ ​បន្ទាប់​ពី​​រង​បរាជ័យ​កាល​ ​ចុង​ខែ​ ​កុម្ភៈ​ទល់​នឹង​កីឡាករ​ចិន​​​នៅ​សិង្ហបុរី។​

កីឡាករ​វ័យ​ ២៣ ​ឆ្នាំ​រូប​នេះ​​បាន​ប្រាប់​ថា​ ៖«​តាំង​ពី​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​មក​ ខ្ញុំបាន​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​ជា​មួយ​គ្រូ​បង្វឹក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ខ្ញុំ​យល់​ឃើញ​ថា​ កម្លាំង​របស់​​​ខ្ញុំ​ល្អ​ជាង​មុន​ឆ្ងាយ​ ហើយ​ខ្ញុំ​វ៉ៃ​ ៥​ ទឹក​អី​មិន​សូវ​ហត់​ទេ។ ខ្ញុំ​ខំ​បែប​នេះ ព្រោះ​ខ្ញុំ​ចង់​ឲ្យ ONE គេ​ឃើញ​ និង ចង់​ឡើង​​សង្វៀន​អន្តរជាតិ​នេះ​ជា​​ថ្មី»។ ​

ក្រៅ​ពី​ការ​ហ្វឹកហាត់​​បាន​ល្អ​​ គង់ សំបូរ ​ក៏​ចៀសវាង​លើ​ការ​ហូប​ចុក​ចំណី​អាហារ​ផ្ដេសផ្ដាស​ដែរ​ ​ដោយ​​ត្រូវ​គិត​អំពី​ ​អាហារ​ណា​ត្រូវ​ញុំា​ និង ​អាហារ​ណា​មិន​ត្រូវ​ញុំា​ ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្លាំង។​

ក្នុង​ការ​ប្រកួត​ក្នុង​​ស្រុក​កន្លង​មក​ បន្ទាប់​ពី​បង្ហាញ​មុខ​​នៅ​សង្វៀន​ ONE ​កាល​ខែ កុម្ភៈ ​​អតីត​កូន​សិស្ស​នៅ​ក្លិប​ក្រសួង​ការពារ​ជាតិ​ ​បាន​យក​ឈ្នះ​​ជា​បន្ត​បន្ទាប់​ដូច​ជា​ ​ឈ្នះ​ ពុយ វណ្ណៈ,ជា​​ សំនៀង,​ ទី ពន្លែត, រ៉ាក់ វិច្ឆ័យ, ឃឹម ពេជ្រចិន្តា, អេលីត ភក្ដី, ភិន សុទី និង ហុត ​គឺមហៀង ជា​ដើម។​ ​​​ដោយ​សារ​ការ​ប្រកួត​លេច​ធ្លោ​បែប​នេះ​ គង់ សំបូរ ​មាន​ឈ្មោះ​ទៅ​ប្រកួត​ក្នុង​កម្មវិធី​មួយ​នៅ​ប្រទេស​ថៃ​​​នា​ចុង​​ខែ កក្កដា​នេះ។

ជា​​មួយ​គ្នា​នេះ​ដែរ​ គ្រូ​បង្វឹក​ ​ជា រិទ្ធ​ បាន​បញ្ជាក់​អំពី​ចំណុច​ល្អ​របស់​កូន​សិស្ស​បែប​នេះ​ ៖«​គង់​ សំបូរ​ ឥឡូវ​ហ្វឹកហាត់​ខ្លាំងក្លា​ណាស់ ​កម្លាំង​ស៊ុហ្វ​ក៏​ល្អ​ជាង​មុន។ ​ពេល​ឡើង​វ៉ៃ​ម្ដងៗ ​អត់​មាន​ថយ​ទេ​ គឺ ​សម្រុក​ចូល​វ៉ៃ​តែ​ម្ដង។ ​តាំង​ពី​ប្រកួត​នៅ​ ONE ​សំបូរ​ ​ហាក់​បើក​ភ្នែក​ភ្លឺ​តែ​ម្ដង​ ព្រោះ​ពី​មុន​មក​គាត់​មិន​ដែល​បាន​ឡើង​សង្វៀន​ធំៗ។ ​សំបូរ ព្យាយាម​ ​​ធ្វើ​តាម​អ្វី​ដែល​ខ្ញុំ​បាន​បង្ហាត់ ​អត់​រាថយ​ពីរ​ជំហាន​ដូច​មុន​ទេ ហើយ​ខ្ញុំ​​បាន​ស្រាវជ្រាវ​​ក្បាច់​វ៉ៃ​​ផ្សេងៗ​ដល់​ សំបូរ​ដែរ»។

​គ្រូ​បង្វឹក​វ័យ​​​៣៧​​​ឆ្នាំ​រូប​​​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​​នេះ​​ គង់ សំបូរ​ ​ជា​កីឡាករ​ជើង​ខ្លាំង​​មួយ​រូប​ក្នុង​ចំណោម​កីឡាករ​នៅ​កម្ពុជា​ ក្រោយ​ផ្អាក​ឡើង​​សង្វៀន​ប្រហែល​ ២ ឆ្នាំ។​ ​ការ​ខំ​ប្រឹង​របស់​​ សំបូរ មួយ​រយៈ​ចុង​​ក្រោយ​​នេះ​មាន​សន្ទុះ​រីកចម្រើន​​គួរ​ឲ្យ​កត់​សំគាល់​ ​ហើយ​ ​កីឡាករ​​ក្នុង​ស្រុក​ភាគ​ច្រើន​ពិបាក​ឈ្នះ​​ សំបូរ ​ហើយ​ ​ការ​​ប្រកួត​មួយ​រយៈ​មក​នេះ​មិន​ងាយ​ចាញ់​កីឡាករ​ក្នុង​ស្រុក​ដូច​គ្នា​នោះ​ទេ។

គ្រូ​បង្វឹក​ដែល​មាន​​សញ្ញាប័ត្រ​​អនុបណ្ឌិត​ភាសា​អង់គ្លេស ​​រៀប​រាប់​ទៀត​ថា ​បន្ត​លើក​​សរសើរ​​ថា​ ​សំបូរ ​ជា​កីឡាករ​ប្រដាល់​​មិន​ត្រឹម​មាន​ស្នៀត​ល្អ​ ​ថែម​ទាំង​ចេះ​​វ៉ៃ​ការពារ​​ ចេះ​វ៉ៃ​ដោះ​ ​ស្ទាបស្ទង់​គូ​ប្រកួត​ និង​ ​​មិន​ងាយ​​ឲ្យ​គូ​ប្រកួត​របួស​ងាយៗ​​នោះ​ទេ។ យ៉ាង​ណា​​ក្ដី​ ការ​ប្រកួត​​​​​យក​ឈ្នះ​ពិន្ទុ​​វា​ជា​រឿង​ល្អ​បំផុត។
​​
គួរ​​ដឹង​ដែរ​ថា​​​ គង់​ សំបូរ​ ជា​អតីត​កីឡាករ​ប្រដាល់​នៅ​ក្លិប​ក្រសួង​​ការពារ​ជាតិ​​ ​មុន​ផ្លាស់​​​ហ្វឹកហាត់​ជា​មួយ​គ្រូ​ ជា រិទ្ធ​ ​ដែល​បង្ហាត់​នៅ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​​​សៀមរាប​ជិត​ ២​ឆ្នាំ​ មក​នេះ។ ​ ដោយ​សារ​​​​បច្ចេកទេស​ប្រកួត​កាន់​តែ​ប្រសើរ​ឡើង​ ​គង់​ សំបូរ​ ​​តែង​តែ​យក​ឈ្នះ​កីឡាករ​ក្នុង​ស្រុក​​ភាគ​ច្រើន ​ប៉ុន្តែ​រូប​គេ​ទើប​​ឡើង​សង្វៀន​ ONE តែ​ម្ដង​គត់ ពោល​ពេល​​​ពេល​​ចាញ់​​ពិន្ទុ​​​កីឡាករ​ចិន​ Zhang Chenlong​ ក្នុង​កម្មវិធី​ប្រកួត​ Kickboxing​ កាល​ចុង​ខែ​ កុម្ភៈ​ ​កន្លង​ទៅ​នៅ​សិង្ហបុរី​។

សំបូរ​ ​ជា​ម្ចាស់​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ​ ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ​កាល​ខែ​​មេសា ​ឆ្នាំ​ ២០១៩​ កន្លង​ទៅ។ ​​ការ​ឈ្នះ​​​ពាន​នេះ​ ​​​ព្រោះ​គេ​តម្រូវ​​​ឲ្យ​ជើង​ឯក​ប៉ះ​ជើង​ឯក​ ពោល​ សំបូរ ជា​ជើង​ឯក​​ខ្សែ​​​ក្រវាត់ Tiffy ឆ្នាំ​ ២០១៣ ​​និង​ វណ្ណៈ ជា​ជើង​ឯក​ Tiffy ​ឆ្នាំ​ ២០១៨៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s