ល្បិច​ខ្លះៗ​ ដែល​​គ្រូ​ សាន សៅយ៉ាន់ ​​​ត្រៀម​​​សម្រាប់​ សុខ ធី​ ពេល​ជួប​ Rodtang

គ្រូ​បង្វឹក​​​ សាន សៅយ៉ាន់​​ ​កំពុង​ដឹក​នាំ​កូន​សិស្ស​ សុខ ធី ​ហ្វឹកហាត់​យ៉ាង​សស្រាក់សស្រាំ​​នៅ​ក្លឹប​ Cambodian Top Team ដើម្បី​​ត្រៀម​​ជួប​ជើង​ខ្លាំង​​កីឡាករ​ម្ចាស់​ផ្ទះ​ថៃ​ Rodtang Jitmuangnon ​នៅ​សង្វៀន​ ONE: WARRIORS OF LIGHT ​​នា​​ថ្ងៃ​ទី​​ ១០ ​ខែ​ ឧសភា ​ខាង​មុខ​​​​នៅ​ក្រុង​បាងកក​ ប្រទេស​ថៃ។​

គ្រូ​បង្វឹក​មក​ពី​ក្លឹប​សៅយ៉ាន់នាគា​​ខេត្ត​បន្ទាយ​មាន​ជ័យ​រូប​នេះ​​​​បាន​បញ្ជាក់​អំពី​​ការ​​ត្រៀម​ខ្លួន​បែប​នេះ៖«​ខ្ញុំ​បាន​ត្រៀម​​ស្នៀត​ខ្លះ​ជូន​ ​​កូន​សិស្ស​ ​ហើយ​​​ យើង​បាន​ពិភាក្សា​ជា​មួយ​គ្រូ​បង្វឹក​នៅ​ក្នុង​​ក្លឹប​ជា​មួយ​គ្នា​ផង​​ដែរ។​ ​​យើង​មិន​អាច​​ចូល​វ៉ៃ​ប្ដូរ​ទឹក​ទី១​​​ទេ​ បើ​​ហ៊ាន​​​​ប្ដូរ​ ឬ​ ​ហក់​ខ្លាំង​ច្បាស់​ជា​មិន​ដល់​ចប់​ទឹក​ទី៣​ឡើយ​ ព្រោះ​គេ​ល្អ​មួយ​កំប្លេ​ ​​បុក ​ទាត់​​ ម៉ាត់​ ធាក់​ និង​វ៉ៃ។​ ​ខ្ញុំ​មិន​អាច​ឲ្យ​កូន​សិស្ស​បុក​ប្ដូរ​បាន​ទេ​ ប៉ុន្តែ​​​យើង​ត្រូវ​វ៉ៃ​ទប់​ វ៉ៃ​ត្រង់ ​ធាក់​ការពារ ​​…វ៉ៃ​ដក​ឃ្លាៗ​​ដោយ​ភាព​រហ័សរហួន​របស់​យើង​​»។ ​

គ្រូ​បង្វឹក​វ័យ​ ៤០ ​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​​ ​​កីឡាករ​ទាំង​ពីរ​ បើ​សិន​ជា​អ្នក​ណា​​វ៉ៃ​ចូល​គឺ​​លំបាក​ដូច​គ្នា​ ​ហើយ​ការ​ប្រកួត​នេះ​លទ្ធផល​រំពឹង​ទុក​គឺ​ ​៥០% ដូច​គ្នា។ ​គ្រូ​បង្វឹក​ សុខធី​ ​​ដដែល​​នេះ​​ជឿជាក់​ថា ទោះ​លទ្ធផល​​ល្អ​ ឬ មិន​ល្អ​ ប៉ុន្តែ​ការ​ប្រកួត​នេះ​ដាច់​​ខាត​​ល្អ​មើល​ខ្លាំង​ណាស់។ ​ប៉ុន្តែ​អ្វី​ដែល​លំបាក​បន្តិច​ គឺ ​​កាកា​ ដំឡើង​គីឡូ​ទៅ​វ៉ៃ​ ៦១,៤ ​គីឡូក្រាម​ ដែល​កន្លង​ទៅ​​​កូន​សិស្ស​របស់​លោក​ប្រកួត​ក្នុង​គីឡូ​ ​៥៧​ ឬ​​ ៥៨ ​គីឡូក្រាម​ប៉ុណ្ណោះ។ ​បើ​សិន​ជា​គិត​ទៅ​ ​វា​ហាក់​ចាញ់​ប្រៀប​បន្តិច​ ព្រោះ​​ កាកា​ គីឡូ​​តូច​​ត្រូវ​ទៅ​វ៉ៃ​ គីឡូ​​គេ​ធំ។​ ​

​ទន្ទឹម​គ្នា​​នោះ​​ ​​កីឡាករ​វ័យ​ ២២ ​ឆ្នាំ សុខ ធី​ ​​បាន​​ប្រាប់​​បង្ហើប​ទស្សនៈ​ផ្ទាល់​ខ្លួន​​ថា​ ៖«​ខ្ញុំ​បាន​ត្រៀម​រួច​រាល់​ហើយ​​ ហើយ​ខ្ញុំ​មើល​ឃើញ​ថា​ ​Rodtang ​ល្អ​ជាង​ Leardsila។​ ​Rodtang ​មាន​ក្បាច់​ដើរ​ចូល​​វ៉ៃ​ និង ចូល​ទាត់​ ខុស​ពី​ Leardsila ដែល​​វ៉ៃ​​​ដក​ថយៗ។​ ​យ៉ាង​ណា​​ក្ដី​ ខ្ញុំ​​នឹង​ខំ​ប្រឹង​ឲ្យ​​​ពី​សមត្ថភាព​ ​និង​ វ៉ៃ​តំណាង​​ឲ្យ​កម្ពុជា»។​

កាកា ​​ឡើង​ប្រកួត​លើ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship ​បាន​ចំនួន​ ២ ​​ដង​។ ​ការ​ប្រកួត​លើក​​ទី១​ កាកា​ ​ចាញ់​​ជើង​ខ្លាំង​​កីឡាករ​​ថៃ​ Leardsila ​​ដោយ​ពិន្ទុ កាល​ពាក់​កណ្ដាល​​ឆ្នាំ​ ២០១៨។ ​​ ប៉ុន្តែ​ ​ម្ចាស់​ជើងឯក​​គុន​ខ្មែរ​​គូបូតា​ប្រចាំ​សង្វៀន​ប៉ុស្តិ៍​​បាយ័ន ​នៅ​តែ​ចាញ់​ពិន្ទុ ​លើ​កីឡាករ​​ថៃ ​Leardsila​ដដែល​​ ក្នុង​ជំនួប​សង​សឹក​កាល​ចុង​ឆ្នាំ​ ២០១៨។ នេះ​ជា​​ការ​ប្រកួត​​លើក​ទី៣ សម្រាប់​រូប​គេ​នៅ​ថ្ងៃ​ទី​ ១០ ឧសភា​ ខាង​មុខ​​ និង ជា​កីឡាករ​ខ្មែរ​តែ​ម្នាក់​គត់​នៅ​ក្នុង​សង្វៀន​ ONE: WARRIOR OF LIGHT។ ​ការ​ប្រកួត​រាល់​ដង​នៅ​សង្វៀន​ ONE ត្រូវ​បាន​កាកា ​​ទម្លាយ​ថា​​ទទួល​បាន​​​ថ្លៃ​ឈ្នួល​​ចំនួន​ ៥ ពាន់​ដុល្លារ​អាមេរិក៕ ​

អត្ថបទ៖ ស៊ីធី

Leave a Reply