រិន សារ័ត្ន អរគុណ​ចំពោះ​ការ​លើក​ទឹក​ចិត្ត​ពីអ្នក​គាំទ្រ​ក្រោយ​ប្រកួតនៅ​​មីយ៉ាន់ម៉ា

កីឡាករ រិន សារ័ត្ន របស់​ក្លិប Cambodian Top Team ​មានអារម្មណ៍​ប្រកប​ដោយ​​ទំនុក​ចិត្ត​និង​រួច​រាល់​នៅ​ពេល​​គេ​បោះ​ជំហាន​ឡើង​ចូល​ទ្រុង ONE Championship កាល​ពី​ថ្ងៃទី​៨​ខែ​មីនា​ក្នុង​ទីក្រុង​យ៉ាំងហ្គូន​ប្រទេស​មីយ៉ាន់ម៉ា​។

សារ័ត្ន ​បាន​តតាំង​​៣​ទឹក​ពេញ​ទល់​នឹង​ជើងឯក​ចំបាប់​ Chin State Wrestling Champion ៤​សម័យ “The Dragon Leg” Tial Thang ហើយ​បាន​បញ្ចេញ​សមត្ថភាព​យ៉ាង​​ប៉ិន​ប្រសប់​ទាំង​​ពេល​ឈរ​វ៉ៃ​និង​​ផ្ដេក​ខ្លួន​លើ​ផ្ទៃ​សង្វៀន​។

ជា​អកុសល សារ័ត្ន មិនអាច​រារាំង​ការ​ព្យាយាម​ច្បាប់​ផ្ដួល​របស់ Tial Thang ​បាន ​និង​​ត្រូវ​បាន​កូន​សិស្ស Aung La N Sang សង្កត់​ពី​លើ​២​ដង ហើយ​ទី​បំផុត​គេ​បាន​ចាញ់​ដោយ​ពិន្ទុ​ឯកច្ឆន្ទ​ក្នុងការ​ប្រកួត​លើក​ទី​១​របស់​គេ​ក្នុង​ឆ្នាំ​២០១៩​។

សារ័ត្ន បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​៖ «ខ្ញុំ​បាន​សង្ឃឹម​ថា​ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួតនោះ​។ នៅ​ពេល​ខ្ញុំ​ឮ​ថា​គូ​ប្រកួត​របស់​ខ្ញុំ​និយាយ​ថា​នឹង​ផ្ដួល​ខ្ញុំ​​យ៉ាង​ស្រួល​ក្នុង​ទឹក​ទី​១ ខ្ញុំ​គ្មាន​ខ្លាច​សោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ សម្ដីនោះ​បាន​ជំរុញ​ទឹក​ចិត្ត​ខ្ញុំ​ឱ្យ​ខំហាត់​កាន់​តែ​ខ្លាំង ហើយ​ខ្ញុំ​ចង់​បង្ហាញ​ឱ្យ​គេ​ឃើញ​ថា​គេ​មិនអាច​ផ្ដួល​អត្តពលិក MMA ​របស់​កម្ពុជា​បាន​ដោយ​ងាយ​នោះ​ទេ​។ ទោះ​បី​គេ​ឈ្នះ ក៏​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​គេ​ឈ្នះ​ទាំង​​ពិបាក​ដែរ»។

ក្នុង​ទឹក​ទី​១​នៃ​ការ​ប្រកួតនោះ​ភាគ​ច្រើន​អ្នក​ទាំង​ពីរ​ឈរ​វ៉ៃ​និង​បាន​ប្ដូរ​ផ្លែ​ដៃ​និង​ជើង​​ទៅ​វិញ​ទៅ​មក​ដើម្បី​ស្ទាបស្ទង់​គ្នា​។

ទោះ​បី​បរិយាកាស​ក្នុង​កីឡដ្ឋាន Thuwunna Indoor Stadium ​ពេញ​ដោយ​សំឡេង​ហ៊ោ​សម្រាប់​កីឡាករ​ម្ចាស់ផ្ទះ​ក៏ដោយ តែ​ សារ័ត្ន បាន​រក្សា​ភាព​ស្ងប់ស្ងាត់​និង​​ស្ដាប់​តែ​​សំឡេង​ពី​បង្គោល​របស់​គេ​ប៉ុណ្ណោះ​ដែល​មាន​លោក ហ៊ុន ចាន់រាជ្យ ឈរ​នៅទីនោះ​។

សារ័ត្ន ពន្យល់​ថា​៖ «ក្នុង​ទឹក​ទី​១ ខ្ញុំ​វាស់ស្ទង់​បច្ចេកទេស​របស់​ខ្ញុំ​ជាមួយ​បច្ចេកទេស​របស់​គេ​និង​បាន​ចងចាំ​អ្វីដែល​គ្រូ​របស់​ខ្ញុំ​បាន​ប្រាប់​ឱ្យ​ចូល​ទៅ​ក្បែរ​គេ​[Thang} ដោយ​ប្រុង​ប្រយ័ត្ន​។ Thang ​វាយ​ធ្ងន់​ណាស់ ដូច្នេះ​ខ្ញុំ​បម្លាស់​ទី​ទៅ​ឆ្វេង​​ទៅ​ស្ដាំ​ហើយ​ចូល​កៀក​តែពេល​ឃើញ​ឱកាស​ល្អ​ប៉ុណ្ណោះ»។

ជា​អ្នក​លេង​គុន​ខ្មែរ​ចាស់​វស្សា​ម្នាក់ សារ័ត្ន ដឹង​ថា​​ចំណុច​មានប្រៀប​របស់​គេ​គឺ​កណ្ដាប់​ដៃនិងទាត់ ហើយ​អំឡុង​ការ​ប្រកួត​​រយៈ​ពេល​សរុប​១៥​នាទី​នោះ​គេ​បាន​វាយ​ចូល​មុខ Thang ​ជា​ច្រើន​ដៃ ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​ឱ្យ Thang ​សន្លប់​ឡើយ​។

នៅ​ទឹក​ទី​៣​ដែលជា​ទឹក​ចុងក្រោយ សារ័ត្ន ដឹង​ថា​គេ​ត្រូវ​​វាយ​ Thang ឱ្យ​សន្លប់​ដើម្បី​ដណ្ដើម​យក​ជ័យជម្នះ ពិសេស​គេ​ដឹង​ថា​អ្នក​ដែល​កំពុង​ប្រកួតជាមួយ​គេ​គឺជា​កីឡាករ​សំណព្វ​ចិត្ត​ម្នាក់រ​បស់​ម្ចាស់​ផ្ទះ​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​។

សារ័ត្ន រំឭក​ទិដ្ឋភាព​ពេលនោះ​​ថា​៖ «គេ(Thang)​មាន​អ្នក​គាំទ្រ​ច្រើន​ណាស់ គឺ​មិន​គួរ​ឱ្យ​ជឿ​។ នៅ​ពេល​គេ​ឡើង​មក​ក្នុងទ្រុង មនុស្ស​សឹង​គ្រប់​គ្នា​ទះដៃ​លើក​ទឹក​ចិត្ត​គេ​»។

ទោះ​បែបនេះ​ក្ដី សារ័ត្ន ដឹង​ថា​​គេ​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​តទល់​ជាមួយ​​ជើងឯក​ចំបាប់​ច្រើន​សម័យ​របស់​មីយ៉ាន់ម៉ា​​ដូច​ជា Thang នេះ​។

សារ័ត្ន លើកឡើង​ថា​៖​ «សម្រាប់​​ជំនាញ​ឈរ​វាយ​ចេញ ខ្ញុំ​គិត​ថា​ពួក​យើង​ប្រហាក់​ប្រហែល​គ្នា។ នៅ​ទឹក​ទី​៣ ខ្ញុំ​កត់​សម្គាល់​ឃើញ​ថា​កម្លាំង​និង​ល្បឿន​របស់​គេ​ធ្លាក់​ចុះ តែ​ខ្ញុំ​ក៏​ធ្លាក់​ចុះ​ដែរ​។ ដូច្នេះ​ពួក​យើង​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ​ក្នុងទឹក​ទី​៣ ដោយសារ​កម្លាំង​របស់​ពួក​យើង​ថមថយ​ដូច​គ្នា​»។

សារ័ត្ន ខក​ចិត្ត​នឹង​បរាជ័យ​ក្នុងការ​ចេញ​ប្រកួត​លើក​ដំបូង​​ក្នុង​ឆ្នាំ​២០១៩ ​និង​មិន​ច្បាស់​​ថា​នៅ​ពេល​ខាង​មុខ​​នឹង​យ៉ាង​ណា​ទេ​។ ពេលនេះ​គេ​កំពុង​ដក​ឃ្លា​មួយ​រយៈ​ពី​ការ​ប្រកួត​ ដើម្បី​ចំណា​យ​ពេល​ជាមួយ​គ្រួសារ ក្រោយ​ឃ្លាត​គ្នា​មួយ​ខែ​យ៉ាង​លំបាកអំឡុង​ពេល​ទៅ​ហាត់​ត្រៀម​នៅ​បាងកក​។

ទន្ទឹម​នឹង​នេះ សារ័ត្ន ថ្លែង​អំណរគុណ​ដល់​អ្នក​ទាំង​ឡាយ​ដែល​បាន​លើក​ទឹក​ចិត្ត​រូប​គេ​ទាំង​ពេល​ហ្វឹកហាត់​នៅ​ភ្នំពេញ​និង​នៅ​បាងកក ក៏​ដូច​ជា​អ្នក​លើក​ទឹកចិត្ត​រូប​គេ​ពេល​កំពុង​ប្រកួត​ផ្ទាល់​នៅ​យ៉ាំងហ្គូនផង​ដែរ​។

សារ័ត្ន បញ្ជាក់​ថា​៖ «ខ្ញុំ​សូមអរគុណ​ដល់​អ្នកគាំទ្រ​របស់​ខ្ញុំ​ទាំង​អស់​ដែល​បន្ត​លើក​ទឹក​ចិត្ត​ខ្ញុំ​ ទោះ​បី​ខ្ញុំ​មិន​ទទួល​បានជ័យជម្នះ​ក៏​ដោយ។ ជាពិសេស​សូម​អរគុណ​ភរិយា​របស់​ខ្ញុំ​និង​គ្រួសារ​របស់​ខ្ញុំ​។ ខ្ញុំ​សូម​យ​ក​ឱកាស​នេះ​ជំរុញដល់​គ្រប់​គ្នា​ទាំង​បុរស​និង​នារី​ចូល​ហាត់​កីឡា MMA។ នៅ​ពេល​អនាគត ពួក​យើង​នឹង​មាន​ការ​ប្រកួត MMA កាន់​តែ​ច្រើន»៕

 

អត្ថបទ​៖ Matias Andres

Leave a Reply