អ្នកដឹកនាំក្លឹបបោកចំបាប់ ខូវ វិវឌ្ឍនា មានឆន្ទៈនាំយកក្បាច់បោកចំបាប់សម័យថ្មីចូលកម្ពុជា

បច្ចុប្បន្នវិស័យក្បាច់គុនកម្ពុជាកំពុងមានការរីកចម្រើនខ្លាំងរយៈពេលប៉ុន្មានឆ្នាំមកនេះ មានកីឡាករទេព្យកោសល្យជាច្រើនរូបបញ្ចេញមុខមាត់ជាហូរហែរនៅតាមស្ថាប័នធំៗរួមទាំង ONE Championship ផងដែរ។ យ៉ាងណាមិញមានកីឡាជាតិតែ ពីរឬបីប៉ុណ្ណោះ ដែលទទួលបានការចាប់អារម្មណ៍ខ្ពស់ជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា រីឯកីឡាផ្នែកបោកចំបាប់វិញពុំសូវមានប្រជាប្រិយភាពប៉ុន្មានទេ។

ដើម្បីត្រួសត្រាយផ្លូវឲ្យកីឡាមួយនេះបានលេចធ្លោនឹងគេលោក ខូវ វិវឌ្ឍនា ហៅ វី បានបង្កើតក្លឹបហាត់កីឡាចំបាប់ ជីជីតស៊ូ ដែលមានលោកជាអ្នកដឹកនាំផ្ទាល់។

ក្នុងវ័យ ៣០ឆ្នាំ វី ទទួលបានខ្សែក្រវាត់ពណ៌ស្វាយពីកីឡារជីជីតស៊ូ ទៅហើយដែលគាត់ហាត់ត្រឹមតែជាង៣ឆ្នាំសោះ។ ថ្វីបើខ្លួនក្មេងខ្ចីក្នុងវិស័យកីឡាមួយនេះមែន វី បានទទួលជោគជ័យជាបន្តបន្ទាប់ ក្រោយពីក្លឹបហាត់បោកចំបាប់នេះត្រូវបានបង្កើតនៅរាជធានីភ្នំពេញ។ គាត់ក៏បានជួយបង្ហាត់កីឡាករល្បីៗជាច្រើនពីស្នៀតបោកចំបាប់ ដូចជាអ្នកប្រដាល់ជើងចាស់របស់ ONE Championship ចាន់ រតនា កីឡាករនេស្សីរីយ៉ា Emmanuel Onyedikachi របស់ ONE Warrior Series និងតារា ជីជីតស៊ូ ទើបរះថ្មី ខាន់ ចេសា ផងដែរ។

កាលពីខែសីហា ឆ្នាំ ២០១៨ កន្លងមក ខូវ វិវឌ្ឍនា ជាបុគ្គលសំខាន់ម្នាក់ក្នុងការបង្វឹកកីឡាការិនី ខាន់ ចេសា ដើម្បីត្រៀមចូលប្រកួតអាស៊ីហ្គេម ឆ្នាំ២០១៨ ហើយលទ្ធផលគឺនាងទទួលបានជ័យលាភីមេដាយមាស ជាលើកដំបូងក្នុងប្រភេទកីឡា ជីជីតស៊ូ។ ស្របពេលជាមួយការអបអរ ចំពោះជោគជ័យដ៏មហិមារក្នុងប្រវត្តិសាស្រ្តរបស់គុនបោកចំបាប់ វិវឌ្ឍនា  ក៏បានបង្ហើបដែរថានេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ នៅមានជំហានវែងឆ្ងាយទៅមុខទៀតដែលរូបគាត់ និងក្រុមបានគ្រោងទុកជាយូរមកហើយ។

វិវឌ្ឍនា ពន្យល់ថា៖ «ឆ្នាំ២០១៨ គឺជាឆ្នាំធំជាងគេ យើងគ្រោងយកមេដាយមាស១ ទាំងកាលនោះយើងពុំទាន់មានផង។ យើងមើលឃើញថាមានតែអាស៊ីហ្គេមទេជាផ្លូវល្អសំរាប់ចាប់ផ្តើមមុនគេ»។

«ឥឡូវ​យើងមានកីឡាករជាតិមា្នក់ដែលតំណាងកម្ពុជានៅឆាកអន្តរជាតិ បែបនេះយើងអាចមានប្រជាប្រិយភាពបន្ថែមទៀត ហើយបង្ហាញទាំងអស់គ្នាថា ជីជីតស៊ូជាអ្វី»។

«មនុស្សជាច្រើនបានឃើញថា ចេសា យកបានមេដាយមាសមួយហើយរកបានប្រាក់ចំនួនប៉ុណ្ណេះប៉ុណ្នោះ… អីចឹងឥឡូវគេចាប់ផ្តើមឃើញថាអាជីពក្បាច់គុនក៏មានឱកាសល្អផងដែរ»។

អ្នកដឹកនាំក្លឹប H/Art Academy ក៏បានសង្កត់ធ្ងន់ថា មិនទាន់មាននរណាម្នាក់អាចធ្វើបានដូច ខាន់ ចេសា ទេព្រោះកីឡាការិនីរូបនេះទើបមានអាយុ ១៧ឆ្នាំ ប៉ុន្តែមានសមត្ថភាពបញ្ចេញថ្វីដៃដែលធ្វើឲ្យចាក់ដោតអារម្មណ៍ និងបានជំរុញចិត្តកីឡាករកីឡាការិនីក្មេងៗផ្សេងៗជាច្រើនមានកម្លាំងតស៊ូសម្រចតាមអ្វីដែលខ្លួនស្រម៉ៃ។

ដោយមានការគាំទ្រ និងការលើកទឹកចិត្តពីសំណាក់អង្គភាពកីឡារជាច្រើន វិស័យកីឡារទាំងមូលចាប់ផ្តើមមានប្រជាប្រិយភាពខ្លាំងឡើងៗ។ វិវឌ្ឍនា ទទួលស្គាល់ពីកត្តាទាំងនោះ ប៉ុន្តែបានធ្វើការបែងចែកយ៉ាងដាច់ស្រឡះពី អង្គភាពដែលផ្តោតទៅលើតែតម្លៃកីឡារសំរាប់ការកម្សាន្ត និងអង្គភាពដែលឲ្យតម្លៃលើសីលធម៌កីឡាដូចក្លឹបដែលខ្លួនមាន។

គាត់ រៀបរាប់ថា៖ «ខ្ញុំពិតជាអរគុណណាស់ចំពោះ ONE Championship សម្រាប់ការឲ្យតម្លៃដល់កីឡារក្បាច់គុន។ គោលបំណងធំរបស់យើងគឺកសាង ជីជីតស៊ូ ជាក្បាច់គុនមួយ មិនមែនតែជាការកម្សាន្តប៉ុណ្ណោះទេ។ វាពាក់ព័ន្ធច្រើនទៅនឹង វិន័យ ការគោរព ការចេះដាក់ខ្លួន និងគុណធម៌ផ្សេងៗជាច្រើនទៀត ជាពិសេសរៀនដើម្បីក្លាយខ្លួនជាមនុស្សល្អជាងមុន»។

វិវឌ្ឍនា មិនត្រឹមតែបានដឹកនាំកីឡាករកីឡាការិនីក្នុងអាជីពបោកចំបាប់ទទួលបានលទ្ធផលគាប់ចិត្តប៉ុណ្ណោះទេ រូបគាត់ ព្រមទាំងក្រុមទាំងមូលមានឆន្ទះជួយដល់ក្មេងៗកម្ពុជាផងដែរ។

ដើមឆ្នាំនេះ គាត់បានកសាងគម្រោង «ឱកាស» មួយដោយមានជំនួយពីអង្គភាពកីឡាជីជីតស៊ូឈ្មោះ International Jiu-Jitsu Education Fund (IJEF) ដែលជាកម្មវិធីកីឡាសម្រាប់យុវជនយុវនារីដែលមានជីវភាពខ្វះខាតខ្លាំងក្នុងរាជធានីភ្នំពេញ ឲ្យទទួលបានឱកាសបណ្តុះបណ្តាលកីឡារ និងទទួលបានចំនេះដឹងវិធីសាស្រ្តការពារខ្លួនជាដើម។

សព្វថ្ងៃមានកុមារប្រមាណ ៤៥នាក់ដែលនៅក្នុងមូលនិធិនេះ វិវឌ្ឍនា បានជួយជាដៃគូរ និងជួយផ្តល់មូលនិធិ ក្នុងទិសដៅអប់រំពីទស្សនវិជ្ជា ដែលមិនត្រឹមតែពង្រឹងកីឡាក្បាច់គុនឲ្យកាន់តែមានកំរិតល្អជាងមុននោះទេ ប៉ុន្តែក៏ចង់បណ្តុះបណ្តាលពេញមួយប្រទេសតែម្តង។

«ខ្ញុំចង់ឃើញពីជោគជ័យក្នុងវិស័យក្បាច់គុនកម្ពុជា ហើយខ្ញុំក៏ចង់ឃើញជោគជ័យក្នុងវប្បធម៌ខ្មែរដែរ។ ធនធានសំខាន់ជាងគេរបស់កម្ពុជាគឺក្មេងៗជំនាន់ក្រោយ។ បើយើងអាចបង្ហាត់ពួកគាត់ឲ្យមានការគិតដូចជើងឯងខ្លាំងៗនានា នោះកម្ពុជានឹងមានឧទាហរណ៍ល្អសម្រាប់ថ្ងៃអនាគតបាន»។

«ចង់ចាប់ផ្តើមហាត់ក្បាច់គុន យើងមិនចាំបាច់មានរាងកាយមាំមួន ឬមានមូលដ្ឋានគ្រឹះអីទេ គ្រាន់តែតាំងចិត្តមកបង្ហាញខ្លួនឲ្យបានទៀងទាត់ ហើយឲ្យប្រាកដថាខ្លួនត្រៀមរួចរាល់ដើម្បីកែប្រែខ្លួនឲ្យក្លាយល្អជាងមុន»។

«ពេលខ្លះវាមិនស្រួលប៉ុន្មានទេ ប៉ុន្តែពេលនោះហើយដែលយើងត្រូវវៀនសម្របខ្លួន ទាំងពិបាកនិងស្រួល ក្នុងកាលៈទេសៈនោះ។ បើមិនធ្លាប់ពីមុនទេ ត្រូវត្រៀមស្មារតីឲ្យរួចរាល់ដើម្បីប្រឈមមុខនឹងវា។ តែយ៉ាងណាក៏ដោយ ត្រូវចាប់ផ្តើមដោយបង្ហាញវត្តមានសិន – វត្តមានគឺជាគ្រឹះគោលដើម្បីក្លាយជាមនុស្សប្រសើរជាងមុន»។

អត្ថបទ៖ Matias Andres

Leave a Reply