ហេតុផលពីក្រោយការដកឈ្មោះ ថៃ រិទ្ធី ភ្លាមៗពីការប្រកួត ONE: ETERNAL GLORY

កីឡាករមកពីក្លឹប Cambodian Top Team ថៃ រិទ្ធី បានរង់ចាំបញ្ចេញសមត្ថភាពលើសង្វៀនធំ ONE ជាយូរមកហើយ សម្រាប់ការប្រកួតនៅថ្ងៃទី ១៩ ខែមករា នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី កម្មវិធី ONE: ETERNAL GLORY

តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ អ្នកប្រដាល់វ័យ ១៩ឆ្នាំ នេះទទួលរងរបួសពេលគាត់ឡើងប្រដាល់សេរីមុននេះបន្តិច ធ្វើឲ្យអាក់ខានមិនអាចឡើងប្រយុទ្ធសងសឹកឲ្យមិត្តរួមក្រុម មាស ម៊ើ ដែលបានចាញ់ក្រោមកណ្តាប់ដៃជើងខ្លាំងពីរសាសន៍ Anthony “The Archangel” Engelen។

រិទ្ធី រៀបរាប់ថា៖ «កាលខ្ញុំវាយថ្ងៃទី១៦ខែធ្នូមុនហ្នឹង ខ្ញុំបែកថ្នេរចិញ្ចើមបន្តិច ត្រូវដេរប្រាំមួយថ្នេរ ប៉ុន្តែឥឡូវជាហើយ អត់មានប៉ះពាល់អីទេ»។

រីឯមេដឹកនាំក្លឹប Cambodian Top Team លោក ហ៊ុន ចាន់រាជ ពិបាកនឹងធ្វើការសម្រេចចិត្តដកឈ្មោះ ថៃ រិទ្ធី ចេញពីការប្រកួតនៅទីក្រុងចាកាតាណាស់ដែរ ថ្វីបើដឹងថាកីឡាកររបស់ខ្លួន ឆាបឆួលខ្លាំងចង់រក្សាឈ្មោះខ្លួនក្នុងការប្រកួតមួយនេះ។

រិទ្ធី និយាយពេលដឹងថាខ្លួនត្រូវដកចេញ៖ «ខ្ញុំមិនសូវសប្បាយចិត្តប៉ុន្មានទេ។ ពេលមុនខ្ញុំហាត់សឹងស្លាប់ ខ្ញុំហាត់ចង់ខ្យល់ម្តងៗ»។

និយាយទៅម្ចាស់ក្លឹប ក៏ខកចិត្តខ្លាំងណាស់ដែរពីការលុបចោលការប្រកួតមួយនេះ ប៉ុន្តែក៏យល់ថាវាល្អម្យ៉ាងដែរសម្រាប់ផ្តោតអារម្មណ៍លើរបៀបរបបប្រកួតថ្មី ក៏ដូចជយកពេលវេលាបន្ថែមដើម្បីហ្វឹកហាត់ឲ្យល្អឥតខ្ចោះសម្រាប់ការប្រកួតថ្ងៃខាងមុខ។

ប្រហែលពីរ ទៅ ៣សប្តាហ៍កន្លងទៅ ក្លឹប CTT ចាប់ផ្តើមសហការជាមួយ Nicholas “JJ” Lee ម្ចាស់ក្លឹប Yorky MMA founder ដែលគាត់ធ្លាប់ជាអតីតកីឡាកររបស់ ONE Championship ហើយឃើញថាកំពុងមានភាពវិជ្ជមានច្រើនរហូតមក។

បន្ទាប់ពីអ្នកប្រដាល់ពីររូបរបស់កម្ពុជា ចាន់ រតនា និង សុវណ្ណារី យកបានជោគជ័យដ៏ធំធេងមកពីព្រឹត្តការណ៍ ONE: DESTINY OF CHAMPIONS ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីខែធ្នូកន្លងទៅ បានជម្រុញទឹកចិត្តលោក ចាន់រាជ ឲ្យមានកម្លាំងចិត្តថ្មីមួយទៀត សង្ឃឹមនឹងរៀបចំឆ្នាំ ២០១៩ ឲ្យបានត្រឹមត្រូវជាងមុន។

គាត់រំលឹកថា៖ «រតនា និង សុវណ្ណារី បញ្ចប់ឆ្នាំ២០១៨ជាមួយជ័យជម្នះដ៏ធំអស្ចារ្យសម្រាប់កម្ពុជា អីចឹងយើងគឺត្រូវធ្វើយ៉ាងណាយកជោគជ័យសម្រាប់ដើមឆ្នាំថ្មីឲ្យបានដូចគ្នា»។

«យើងមិនចង់ឲ្យចាញ់ដើមឆ្នាំទេ មកពីរបួសរបស់ រិទ្ធី នេះវាធ្វើឲ្យការហ្វឹតហាត់កាន់តែមិនបានគ្រប់គ្រាន់ និងឡើងសង្វៀនត្រៀមមិនបានល្អ»។

លោក ចាន់រាជ ក៏បានលើកឡើងផងដែរថា យ៉ាងណាស្មារតីតាំងចិត្ត និងភាពក្លាហានក្នុងឆាកប្រយុទ្ធរបស់កីឡាករវ័យក្មេងរូបនេះ នឹងជាឈ្នាន់មួយអាចជួយរូបគេឲ្យឡើងកាន់តែខ្ពស់ថែមទៀតក្នុងសង្វៀនក្បាច់គុនអន្តរជាតិ។

«គ្រប់អ្នកប្រដាល់ទាំងអស់ សុទ្ធតែមានឆន្ទៈមុះមុតដើម្បីប្រកួត ទោះខ្លួនមានរបួសយ៉ាងណាក៏ដោយ។ ស្មារតីជាអ្នកប្រយុទ្ធនេះហើយ ដែលគ្មានអី្វអាចបញ្ឈប់ពួកគាត់បានឡើយ។ ប៉ុន្តែវាស៊ីសងលើយើងដែរ ក្នុងការសម្រេចចិត្តត្រឹមត្រូវមួួយដើម្បីឲ្យគាត់បានល្អ»។

រីឯ Engelen វិញឥឡូវគេរៀបចំឲ្យប្រកួតជាមួយកីឡាករជនជាតិកូរ៉េខាងត្បូងឈ្មោះ Won Il Kwon វិញ។

អត្ថបទ៖ Matias Andres

Leave a Reply