Rodtang ​ប៉ងចង់បាន​ខ្សែក្រវាត់ Kickboxing មួយ​ទៀត

Rodtang Jitmuangnon ឬ ​គេ​ស្គាល់​ឈ្មោះ​ក្រៅ​​ថា​ «The Iron Man» និង Jonathan “The General” Haggerty ​ជា​គូ​ប្រកួត​ស្វិតស្វាញ​​ក្រោយ​ជួប​គ្នា​ដណ្ដើម​ខ្សែ​ក្រវាត់​រៀងៗ​ខ្លួន​នា​ដើម​ឆ្នាំ​នេះ​ ប៉ុន្តែ Rodtang ​​ធ្វើ​បាន​យ៉ាង​ល្អ​បំផុត។ ​Rodtang កំពុង​​សម្លឹង​មើល​​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​ផ្សេង​ទៀត​ក្នុង​អាជីព​ក្រោយ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​​បាន​សម្រេច​ពីរ​ដង​ជាប់​គ្នា។ ​

​កាល​ក្នុង​កម្មវិធី​ ONE: A NEW TOMORROW ​​នា​ថ្ងៃ​​សុក្រ​ទី ១០ ​មករា Rodtang ​​បាន​បញ្ចប់​គូ​ប្រកួត​ឲ្យ​សន្លប់​នៅ​ទឹក​ទី៣ ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai World Champion ​របស់​ខ្លួន។ ​​ស៊ុបពើ​ស្ដារ​របស់​ថៃ​រូប​នេះ​​បាន​កៀង​ Haggerty ឲ្យ​ទៅ​​កៀក​សង្វៀន​រហូត​ដល់​ ៤ ដង​មុន​ម៉ាត់​ឲ្យ​សន្លប់។ ​ការ​ប្រកួត​លើក​ទី១ ​​បាន​​បន្សល់​ទុក​​នូវ​ភាព​ចាញ់​ឈ្នះ​​មិន​អស់​ចិត្ត​សម្រាប់ ​Haggerty។

Rodtang បាន​​ថ្លែង​​ថា៖«​ខ្ញុំ​គ្រាន់​តែ​ដើរ​ចូល​​ដើម្បី​ឈ្នះ​ និង​ដើម្បី​អ្នក​គាំទ្រ​នៅ​ប្រទេស​ថៃ​ ហើយ​ក៏​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្ញុំ​នៅ​​ក្នុង​ទឹក​ដី​កំណើត​ដែរ​។ ​ខ្ញុំ​ចង់​ធ្វើ​បែប​នេះ។​ វា​លំបាក​បន្តិច​ហើយ​សម្រាប់​គូ​ប្រកួត​របស់​ខ្ញុំ។ ​តាម​ពិត​ខ្ញុំ​ចង់​បញ្ចប់​​រូប​គេ​នៅ​ទឹក​ទី​១​ផង»។

កីឡាករ​ថៃ​បាន​ផ្ដួល​កីឡាករ​មក​ពី​ចក្រភព​អង់គ្លេស​​ដោយ​​ក្បាច់​ម៉ាត់​​កណ្ដាប់​ដៃ​​​ចំ​ក្បាល​ពោះ​ និង​មុខ ប៉ុន្តែ​ Haggerty ​បាន​បង្ហាញ​ឲ្យ​គូ​ប្រកួត​ដឹង​ថា​រូប​គេ​ជា​​​គូ​​ប្រជែង​លំបាក​បំផុត​មួយ។ ​​កីឡាករ​មក​ពី​ចក្រភព​អង់គ្លេស​បាន​ព្យាយាម​គេច​ផុត​​និង​វ៉ៃ​សង​បាន​ល្អ​នៅ​ពីរ​ទឹក​ដំបូង ​ពេល​ Rodtang ​បាន​ដាក់​សម្ពាធ​កាន់​តែ​​ច្រើន។

«​ខ្ញុំ​ដឹង​​ថា​មាន​ពិន្ទុ​នាំ​មុខ ​ប៉ុន្តែ​ខ្ញុំ​ចង់​ផ្ដួល​ឲ្យ​សន្លប់​តែ​ម្ដង។ ខ្ញុំ​មិន​បាន​គិត​ច្រើន​ទេ។ នៅ​​ទឹក​ទី២​ ​ខ្ញុំ​ធ្វើ​ឲ្យ​គេ​លំបាក​បន្តិច ប៉ុន្តែ​ទឹក​ទី៣ ​ខ្ញុំ​សន្ធាប់​យក​តែ​ម្ដង​និង​ដាក់​គោល​ដៅ​​វាយ​យក​​សន្លប់​នៅ​​ទឹក​នេះ។ ទី​បំផុត​ខ្ញុំ​អាច​ធ្វើ​បាន»។ ​ម្ចាស់​ខ្សែ​ក្រវាត់​របស់​ថៃ​រំលឹក​បែប​នេះ។

​នោះ​ជា​ការ​ប្រកួត​ដ៏​ភ្ញាក់​ផ្អើល​សម្រាប់​កីឡាករ​​វ័យ​ ២២ ឆ្នាំ ដែល​បង្ហាញ​ការ​ប្រកួត​ខុស​​ប្លែក​ពី​មុន​​​ពេល​ការពារ​ខ្សែ​ក្រវាត់​ ស្រប​ពេល​ដែល ​ឪ​ពុក ​និង គ្រួសារ​របស់​ខ្លួន​បាន​​មក​ទស្សនា​ផ្ទាល់​ដែរ។

​​ជើង​ខ្លាំង​របស់​ថៃ​​គូស​បញ្ជាក់៖ «​មុន​ពេល​ប្រកួត​ ខ្ញុំ​ធ្វើ​ចលនា​​បម្លាស់ទី​​យ៉ាង​ច្រើន​ទោះ​នៅ​ក្នុង​បន្ទប់​ទឹក។ ​នេះ​ជា​ជ័យជម្នះ​ដ៏​ធំ​បំផុត​មួយ ​ហើយ​ សំខាន់​​សម្រាប់​ខ្ញុំ​​​ពេល​ក្រុម​​គ្រួសារ​មក​ទស្សនា​ផ្ទាល់។ វា​ជា​ឱកាស​កម្រ​ដែល​ក្រុម​គ្រួសារ​របស់​ខ្ញុំ​​មក​​ឃើញ​ខ្ញុំ​ប្រកួត​ដោយ​ផ្ទាល់​​​ភ្នែក​បែប​នេះ​»។

ម្ចាស់​ខ្សែ​ក្រវាត់​ដដែល​​សង្កត់​ធ្ងន់​ដូច្នេះ​៖«​ប៉ា​របស់​ខ្ញុំ​មក​មើល​ខ្ញុំ​ដោយ​ផ្ទាល់​រួម​ទាំង​​សមាជិក​ក្រុម​គ្រួសារ​ជា​ច្រើន​នាក់។ ​មាន​មនុស្ស​ជា​ច្រើន​មក​គាំទ្រ​ខ្ញុំ ហើយ​អ្នក​គាំទ្រ​ម៉ាឡេស៊ី​ខ្លះ​ក៏​មក​ទស្សនា​ខ្ញុំ​ដែរ។ ​ប៉ា​របស់​ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ក្រោយ​ចប់​ការ​ប្រកួត​ ប៉ុន្តែ​គាត់​មាន​មោទនភាព​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​សប្បាយ​ចិត្ត​ ដែល​ធ្វើ​ឲ្យ​រូប​គាត់​​សប្បាយ​ចិត្ត​និង​មោទនភាព​ដូច​គ្នា»។

រឿង​ល្អ​មួយ​ទៀត​ ​វា​ជា​លើក​ដំបូង​សម្រាប់ Rodtang ​ដែល​ឡើង​សង្វៀន​​ដំណាល​នឹង​​​សង្សារ​របស់​ខ្លួន​ Stamp Fairtex ​ហើយ​វា​ជា​បទ​ពិសោធន៍​​វិជ្ជមាន​មួយ។

សង្សារ​របស់​ Stamp ​បាន​ចែក​រំលែក​រឿង​សប្បាយ​ថា ៖«​ឡើង​ប្រកួត​​​លើ​សង្វៀន​​ដូចគ្នា​ក្នុង​ថ្ងៃ​តែ​មួយ​គឺ​ជា​ភាព​រីករាយ។ ​វា​ពិត​ជា​សំខាន់​ណាស់​ដែល​មនុស្ស​ជា​ច្រើន​បាន​ឃើញ​អំពី​ទំនាក់ទំនង​របស់​ពួក​យើង ​ប៉ុន្តែ​ ពួក​យើង​នៅ​តែ​ផ្ដោត​លើ​​អាជីព​របស់​យើង»។

ក្រោយ​​ចាក​ចេញ​ពី​​សង្វៀន​ Impact Arena ​យ៉ាង​រីករាយ​ជា​មួយ​សង្សារ​ ​​អ្នក​លេង​ក្បាច់​គុន​មួយ​ថៃ​ Rodtang ​មាន​ពេល​តិច​ណាស់​ដើម្បី​អបអរ​ជ័យជម្នះ​នេះ​​ព្រោះ​​ត្រូវ​​ចាប់​ផ្ដើម​ហ្វឹកហាត់​​ដើម្បី​​​​ការ​ប្រកួត​ថ្មីៗ​ទៀត។ ​រូប​គេ​អាច​នឹង​ប្រកួត​ Kickboxing ​​ពោល​គ្រោង​​​ដាក់​​គោល​ដៅ​​ស្វែង​រក​ខ្សែ​ក្រវាត់​ឲ្យ​​ដូច​​សង្សារ​របស់​​ខ្លួន។ បច្ចុប្បន្ន​នេះ Stamp ​កាន់​ខ្សែ​ក្រវាត់​​​ ONE World Champion ​ចំនួន​ពីរ​ខ្សែ​ក្នុង​ពីរ​ប្រភេទ​កីឡា​​ផ្សេង​គ្នា។

Rodtang មាន​បទ​ពិសោធន៍​ប្រកួត​ kickboxing ​​ខ្លះ​ដែរ​ ហើយ​រូប​គេ​ក៏​សន្យា​​ផ្ដួល​គូ​​​បដិបក្ខ​​​​ក្នុង​ការ​ប្រកួត​​​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Flyweight Kickboxing World Title នា​ពេល​ខាង​មុខ។ ​Rodtang ​​លាត​ត្រដាង​ថា​ ៖«​​ខ្ញុំ​ចង់​ប្រកួត​ទល់​នឹង Ilias Ennahachi ​ដើម្បី​​ដណ្ដើម​​ខ្សែ​ក្រវាត់​ kickboxing។ ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្ញុំ។ ​ខ្ញុំ​ចង់​ឲ្យ​សុបិន​របស់​ខ្ញុំ​​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ World Champion ខាង​ផ្នែក​ kickboxing ​ផង​ដែរ»។

​កុំ​ភ្លេច​ទស្សនា​ កម្មវិធី​​ប្រកួត​​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: FIRE & FURY ពី​ក្រុម​ម៉ានីល​ ​​នៅ​ថ្ងៃ​ទី ៣១ ​​ ខែ​មករា​ឆ្នាំ ២០២០ ចាប់​ពី​​វេលា​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ ​ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s