គ្រូ​បង្វឹក​ Fernando Salvador ​ បង្ហើប​អំពី​ការ​​ត្រៀម​​ខ្លួន​ល្អ​​របស់​ ខុន ស៊ីចាន់

​​ខុន ស៊ីចាន់ ​​​ គឺ​​ជា​​អ្នក​លេង​គុន​ចម្រុះ​​តែ​ម្នាក់​​គត់​ដែល​​បើក​ឆាក​ឡើង​ប្រកួត​នា​ដើម​ឆ្នាំ​ ២០២០​ នេះ​នៅ​​លើ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship។ ​អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​​ចាស់​វស្សា​​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​​​​ឥណ្ឌូណេស៊ី​​ Eko Roni Saputra ​នៅ​​ថ្ងៃ​ទី​ ​៧ ​ខែ ​កុម្ភៈ​ ខាង​មុខ​ ក្នុង​កម្មវិធី​​ ONE: WARRIOR’S CODE ​ដែល​ធ្វើ​ឡើង​​នៅ​ក្រុង​​ ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី។ ​​គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជិតស៊ូ៣​ដាន់ Fernando Salvador បាន​​​​ត្រៀម​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ​​សម្រាប់​ ស៊ីចាន់ ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ប្រកួត​​នា​ដើម​ខែ​កុម្ភៈ។​

ដើម្បី​ត្រៀម​ខ្លួន​បាន​​​កាន់​តែ​ល្អ​ និង​ គោល​បំណង​ស្វែង​រក​ជ័យជម្នះ​​ត្រលប់​មក​វិញ​ក្រោយ​​រង​បរាជ័យ​ពីរ​លើក​ជាប់​គ្នា​នៅ​ឆ្នាំ​២០១៩ ​​កីឡាករ​​មក​ពី​​ឧត្តរមានជ័យ​ ​បាន​​​ឡើង​​​មក​ហាត់​ត្រៀម​នៅ​​ភ្នំពេញ នា​ដើម​ខែ ​មករា ឆ្នាំ ២០២០​ នេះ ​នៅ​​ក្លិប​​​ហាត់​​ប្រាណ​មាន​សម្ភារ​ទំនើប The Place Gym ដែល​ស្ថិត​នៅ​ជាន់​ទី៤ នៃ​ផ្សារ​ទំនើប​ AEON I។ ​

​លោក Fernando Salvador បាន​បង្ហើប​ឲ្យ​ដឹង​ ៖«​អ្វី​ដែល​យើង​ធ្វើ​គឺ​​ត្រៀម​ខ្លួន​​ឲ្យ​ល្អ​ប្រសើរ​ឡើង។ ​យើង​​បង្ហាត់​​​ការ​បង្កើន​កម្លាំង​, ភាព​អំណត់, ​ភាព​រហ័សរហួន និង កម្លាំង​ស៊ុហ្វ​ជា​ដើម ​​មុន​ពេល​ជួប​កីឡាករ​​ឥណ្ឌូណេស៊ី​ខាង​មុខ។ ​យើង​មាន​ការ​​​ហ្វឹកហាត់​ត្រឹម​ត្រូវ ​រួម​ទាំង​សម្ភារ​ទំនើប​ពី​សំណាក់​ដៃ​គូ​សហការ​របស់​យើង។ ​​​យើង​ហាត់​នៅ The Place Gym រៀងរាល់​ថ្ងៃ​ទៅ​តាម​កាលវិភាគ​ដែល​បាន​គ្រោង​ទុក»។

គ្រូ​បង្វឹក​​សញ្ជាតិ​អាមេរិក​រូប​នេះ​គូស​បញ្ជាក់​​ទៀត​ថា៖«​ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​ហ្វឹកហាត់ យើង​​​រៀប​ចំ​របៀប​តម​អាហារ​ផង​ដែរ។ យើង​មាន​ដៃ​គូ​ហ្វឹកហាត់​ក្នុង​ប្រទេស​ និង ក្រៅ​ប្រទេស​មក​ជួយ។ ពួក​គេ​ជា​ដៃ​គូ​ហ្វឹកហាត់​កម្រិត​ខ្ពស់​ដើម្បី​ជួយ​ឡាំ និង​ សម​ប្រកួត​ជា​មួយ​ ស៊ីចាន់ រាល់​ថ្ងៃ​។ យើង​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​លើក​នេះ »។

ក្នុង​កំណត់​ត្រា​ប្រកួត​កាល​ឆ្នាំ ២០១៩​ ​ម្ចាស់​ខ្សែ​ក្រវាត់​ Khmer Warrior Challenge ​ ​ឆ្នាំ​ ២០១៣​ ​ចាញ់​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian ​ត្រឹម​ទឹក​ទី​១​ កាល​ខែ ​កុម្ភៈ​ ​​ក្នុង​កម្មវិធី​ ONE : CALL TO GREATNESS ​​មុន​ពេល​​​ចាញ់​ក្រោម​​ថ្វី​​ដៃ​កីឡាករ​ឥណ្ឌា ​Roshan Mainam ​ត្រឹម​ទឹក​ទី១​ ដូច​គ្នា​​​កាល​ដើម​ខែ ​វិច្ឆិកា​ ឆ្នាំ ២០១៩។ ​
​បែប​ណា​ក្ដី​លោក Fernando ​សង្កត់​ធ្ងន់​៖«​ខ្ញុំ​នឹង​អភិវឌ្ឍ​ផែន​ការ​លើ​សង្វៀន​សម្រាប់​ ខុន ស៊ីចាន់ ដើម្បី​ឈ្នះ​​ការ​ប្រកួត​លើក​នេះ​ឲ្យ​ខាង​តែ​បាន។ ​យើង​ពិត​ជា​ចង់​ឈ្នះ​ការ​ប្រកួត​នេះ។ ​យើង​​បង្វឹក​ ស៊ីចាន់ ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង​ៗ»។
​ក្នុង​ដំណើរ​ហ្វឹកហាត់​នេះ​ ​​លោក Randy Fadlila ប្រធាន​ផ្នែក​ទីផ្សារ​របស់​​ក្លិប​ហាត់​ប្រាណ The Place Gym ​បាន​ថ្លែង​​​​អំពី​ការ​ជួយ​សម្រួល​​បែប​នេះ៖«​ខ្ញុំ​ចង់​ជួយ​ឲ្យ ​ស៊ីចាន់ ​ហាត់​បាន​ល្អ និង​ ​មាន​លទ្ធផល​ល្អ​ហើយ​ក៏​ជា​ការ​រួម​ចំណែក​ក្នុង​វិស័យ​កីឡា​ផង​ដែរ។ ​​​​ក្លិប​របស់​យើង​​​នឹង​បន្ត​ជួយ​សម្រួល​ដល់​ការ​ហ្វឹកហាត់​សម្រាប់ ​ស៊ីចាន់ ​មិន​ត្រឹម​តែ​ប្រកួត​ដើម​ខែ​ ​កុម្ភៈ​ នោះ​ទេ ​ប៉ុន្តែ​​ ​យើង​អាច​បន្ត​ជួយ​​សម្រួល​​ពេល​មាន​ការ​ប្រកួត​​លើក​ក្រោយៗ​ទៀត»។

ន្ទឹម​គ្នា​នេះ​លោក​ កង សុវណ្ណារ៉ា ​នាយក​ក្រុម​ហ៊ុន Mega De Roux ក៏​បាន​ចូល​ខ្លួន​មក​ជួយ​ជ្រោមជ្រែង​ដល់​ ខុន​​ ស៊ីចាន់ ​ដែរ។ ​​លោក កង សុវណ្ណារ៉ា​ បញ្ជាក់​បែប​នេះ​៖«​គេ​ចូល​រួម​ចំណែក​ផ្សេង ខ្ញុំ​​ចូល​រួម​ចំណែក​ផ្សេង។​ ​​ខាង​​ខ្ញុំ​ជួយ​សម្រួល​ដល់​​ការ​ស្នាក់​នៅ ​ការ​ហូប​ចុក និង ការ​ធ្វើ​ដំណើរ​របស់​ស៊ីចាន់ ​​ក្នុង​ការ​ចេញ​ទៅ​ប្រកួត​នេះ។ ​​នេះ​ជា​ការ​រួម​ចំណែក​​សម្រាប់​កីឡាករ​ជាតិ​​ដើម្បី​លទ្ធផល​ល្អ​លើ​ឆាក​អន្តរជាតិ»។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ អត្ថបទ៖ ​​ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s