ខុន ស៊ីចាន់ ​បង្ហាញ​​ចំណាប់​អារម្មណ៍​​អំពី​​គូ​​ប្រកួត​ Eko Roni ​មុន​ជួប​គ្នា

​​អ្នក​លេងគុន​ចម្រុះ​តំណាង​​ឲ្យ​កម្ពុជ​ ​ខុន ស៊ីចាន់ ​​​បើក​ឆាក​​ឆ្នាំ​ថ្មី​​២០២០​​ដោយ​​​ប៉ះ​​កីឡាករ​​​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី​​ Eko Roni Saputra ​នៅ​​ថ្ងៃ​ទី​ ​៧ ​ខែ ​កុម្ភៈ​ ខាង​មុខ​ ក្នុង​កម្មវិធី​​ ONE: WARRIOR’S CODE ដែល​រៀប​ចំ​នៅ​​ក្រុង​ ហ្សាកាតា​ ប្រទេស​ឥណ្ឌូណេស៊ី។ នេះ​​ជា​​ការ​បើក​ទំព័រ​ដើម​ឆ្នាំ​របស់ ស៊ីចាន់ ​​បន្ទាប់​ពី​រង​ បរាជ័យ​ត្រឹម​ទឹក​ទី១​​​ពីរ​លើក​ជាប់​​​គ្នា​​​កាល​ឆ្នាំ ២០១៩។ ​ម្ចាស់​ខ្សែ​ក្រវាត់ Khmer Warrior Challenge ​ ​ឆ្នាំ​ ២០១៣​ ​ចាញ់​កីឡាករ​​ឥណ្ឌូណេស៊ី​ Rudy Agustian ​ត្រឹម​ទឹក​ទី​១​ កាល​ខែ ​កុម្ភៈ​ ​​ក្នុង​កម្មវិធី ONE : CALL TO GREATNESS ​និង ​បន្ត​​ចាញ់​សន្លប់​ដោយ​ក្បាច់​ឃ្លេ​​ ​ក្រោម​ថ្វី​ដៃ​កីឡាករ​ឥណ្ឌា ​Roshan Mainam ​ត្រឹម​ទឹក​ទី១ ដូច​គ្នា​​​កាល​ដើម​ខែ ​វិច្ឆិកា​ ឆ្នាំ ២០១៩ កន្លង​ទៅ។ ​

បែប​ណា​ក្ដី​​មុន​​ជួប ​Eko Roni Saputra ដែល​ជា​កីឡាករ​ជម្រើស​ជាតិ​ផ្នែក​ចំបាប់​របស់​​ឥណ្ឌូណេស៊ី ​​កីឡាករ​ជើង​ចាស់ ខុន​ ស៊ីចាន់ ​បាន​បញ្ចេញ​ទស្សនៈ​បែប​នេះ៖«​​​​​ខ្ញុំ​បាន​មើល​​វីដេអូ​របស់​​ Eko Roni ​ខ្ញុំ​បាន​ដឹង​ចំណុច​ខ្សោយ​ច្រើន​ដែរ​ ​​ព្រោះ​ការ​ឈរ​វ៉ៃ​រាង​ស្ទើរ​ ក្បាច់​​ឃ្លេ​គេ​នៅ​ស្ទើរ​ដែរ ​ប៉ុន្តែ​ អ្វី​ដែល​​ល្អ​សម្រាប់​គេ​ គឺ​កម្លាំង​គេ​ខ្លាំង​ ការ​​ចាប់​បោក​ល្អ និង​ការ​​​បោក​ហើយ​ឡើង​ជិះ​ពីលើ​ក៏​ល្អ​ដែរ»។ ​

Eko Roni Saputra ​គឺ​ជា​ម្ចាស់​ជើង​ឯក​ច្រើន​សម័យ​​ក្នុង​ការ​ប្រកួត​ជើង​ឯក​ចំបាប់​ថ្នាក់​ជាតិ ឬ ហៅ​ថា Indonesian National Wrestling Champion។ កីឡាករ​រូប​នេះ​ចូល​ហ្វឹកហាត់​ប្រដាល់​តាំង​ពី​អាយុ ​៥ ​ឆ្នាំ​ មុន​ពេល​​ប្ដូរ​មក​ហត់​​​ក្បាច់​ចំបាប់​តាម​ការ​​បង្ហាញ​ផ្លូវ​របស់​ឪ​ពុក​ម្ដាយ។ ​ហើយ​រូប​គេ​​​ក៏​​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់ និង សំរឹទ្ធ​ ​ពី​​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ផង​ដែរ ​មុន​ពេល​ចុះ​កិច្ច​សន្យា​ប្រកួត​ឲ្យ ONE Championship។ ​ក្នុង​ការ​ប្រកួត​ពីរ​​ដង​កន្លង​មក​​នៅ​សង្វៀន ONE កីឡាករ​​មក​ពី​ក្លិប​​ Evolve MMA ឈ្នះ​ ១​ ដង​ និង ​ចាញ់ ១​ដង។​ Eko Roni ចាញ់​ Nico Soe ​កាល​ខែ​ មេសា​ ឆ្នាំ ២០១៩ ក្នុង​កម្មវិធី ONE: ROOTS OF HONOR ​មុន​ពេល​ឈ្នះ ​កីឡាករ​ហ្វីលីពីន ​Kaji Ebin ​ក្នុង​កម្មវិធី ONE: DOWN OF VALOR ​កាល​ខែ​តុលា ឆ្នាំ ២០១៩។

https://www.onefc.com/videos/khon-sichan-vs-riski-umar/

ទោះ​ជា​បែប​ណា​ក៏​ដោយ ​កីឡាករ​វ័យ​ចំណាស់​កម្ពុជា​ដែល​សម្បូរ​បទ​ពិសោធន៍​ ​នឹង​តស៊ូ​ដើម្បី​ស្តារ​​​កិត្តិយស​មក​វិញ​​ក្រោយ​រង​បរាជ័យ​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ។ ​​​

កូន​សិស្ស​លោក Alan Mccune ​​គូស​បញ្ជាក់​ថា៖«​ខ្ញុំ​សង្ឃឹម​ឈ្នះ​ព្រោះ​ គាត់​មិន​សូវ​មាន​បទ​ពិសោធន៍​ដូច​គូ​ប្រកួត​មុនៗ​ទេ ហើយ​ក្បាច់​ឃ្លេ​របស់​គាត់​ ក៏​មិន​​ល្អ​​ដូច​កីឡាករ​​ដែល​ខ្ញុំ​ធ្លាប់​ជួប​ពី​មុន​​ដែរ»។

​កីឡាករ​​​មក​ពី​ខេត្ត​ឧត្តរមានជ័យ​​បាន​រៀន​សូត្រ​ច្រើន​នៅ​​ឆ្នាំ​ចាស់​ និង​មិន​​ចង់​ឲ្យ​រឿងរ៉ាវ​អាក្រក់​នេះ​​ធ្លាក់​​មក​​ជា​ថ្មី​​ឡើយ។ ​​ ទោះ​បី​នៅ​ជា​មួយ​គ្រួសារ​ឯ​ខេត្ត​ឧត្តរមានជ័យ​ ក៏​ ស៊ីចាន់ ប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ដែរ​ដើម្បី​រង់​ចាំ​ការ​ប្រកួត​នៅ​ឆ្នាំ​ថ្មី។
https://www.onefc.com/videos/khon-sichan-vs-roshan-mainam/ ​​

​ស៊ីចាន់ ​នឹង​ឡើង​​មក​ហ្វឹកហាត់​នៅ​ភ្នំពេញ ​ដើម្បី​ត្រៀម​​ប្រកួត​នា​​ថ្ងៃ​ទី​១០​ មករា។ ​គេ​នឹង​ហ្វឹកហាត់​​​​គុន​ចម្រុះ​ ​ចំបាប់​ និង​ ជឺជិត​ស៊ូ​ ​ជា​​​មួយ​គ្រូ​បង្វឹក​ Fernando Salvador កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជិតស៊ី ៣ ដាន់ ​​និង​ ​គ្រូ​បង្វឹក​​ជឺជិតស៊ូ​មក​ពី​អាមេរិក ​Chris kennedy»។ ​ក្នុង​នោះ​​រូប​គេ​ហ្វឹកហាត់​ប្រដាល់​នៅ​ក្លិប ពុទ្ធសេរីវង្ស​ ម្ដុំ​ចម្ការ​ដូង។ ​មុន​ហាត់​ត្រៀម​ទៅ​ប្រកួត​​នៅ ONE Championship ​ស៊ីចាន់ ​ត្រូវ​ប្រកួត​ទល់​នឹង លឺម នួន ​​​មក​ក្លិប​ឆត្រ​យោង​៩១១​ នៅ​ស្ថានីយ​ទូរទស្សន៍​ថោន​នា​ថ្ងៃ​ទី ១២ ​មករា ​ដែល​ជា​ការ​ប្រកួត​​កម្ដៅ​សាច់​ដុំ។

កុំ​ភ្លេច​ទស្សនា​ កម្មវិធី​បន្ទាប់​របស់​ស្ថាប័ន​ ONE Championship ​សូម​ទស្សនា​ ONE: A NEW TOMORROW ​​នៅ​ថ្ងៃ​ទី ១០ ​​ខែ​ មករា​ ចាប់​ពី​​វេលា​ម៉ោង​ ៧ ​ល្ងាច​តទៅ​​ដែល​មាន​ផ្សាយ​​​ផ្ទាល់​​តាម​រយៈ FacebookTwitterYouTube,​និង  ONE Super App៕ អត្ថបទ៖ ​​ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s