កីឡាករប្រដាល់ជើងខ្លាំងថៃ Sangmanee Sathian MuayThai ជាកីឡាករកំពូលម្នាក់ក្នុងចំណោមអ្នកលេងក្បាច់គុនមួយថៃនាពេលបច្ចុប្បន្ន ហើយរូបគេក៏កំពុងរះចិញ្ចែងចិញ្ចាចនៅ ONE Championship បន្ទាប់ទទួលជ័យជម្នះកាលថ្ងៃទី ៨ វិច្ឆិកា កន្លងទៅនៅក្នុងកម្មវិធី ONE: MASTERS OF FATE ដែលជាការបង្ហាញខ្លួនលើកដំបូងរបស់គេ។ Sangmanee ឬត្រូវបានគេស្គាល់ថា «Million Dollar Baby» ឈ្នះពិន្ទុជាឯកច្ឆន្ទលើជើងខ្លាំងកូនកាត់បារាំង-ម៉ារ៉ុក Azize Hlali។ បន្ទាប់ពីទទួលជ័យជម្នះលើកដំបូងនេះ រូបគេនឹងអាចទទួលការផ្គូផ្គងឲ្យប៉ះកីឡាករកំពូលៗបន្ថែមទៀតទៅថ្ងៃមុខ ហើយគេរំពឹង «Million Dollar Baby» នឹងអង្រួនសង្វៀនអន្តរជាតិ ONE មុនឈានទៅដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោកទៀតផង។ ដ្បិតអាយុត្រឹម ២២ ឆ្នាំ ប៉ុន្តែ Sangmanee Sathian MuayThai ក្រសោបបានស្នាដៃជាច្រើនក្នុងអាជីពទាំងវ័យក្មេងគួរឲ្យកត់សម្គាល់។ Sangmanee បានគេចផុតពីជីវិតក្រីក្រនៅតំបន់ដាច់ស្រយាលដើម្បីក្លាយជាកីឡាករកំពូលម្នាក់ និង ល្បីឈ្មោះនៅមូលដ្ឋានរបស់គេដោយសារតែកីឡាប្រដាល់។ មុនពេលឈ្នះ Azize Hlali ក្នុងការប្រកួតនៅកម្មវិធី ONE Super Series លើកដំបូង នាក្រុងម៉ានីល ប្រទេសហ្វីលីពីន Sangmanee បានក្ដោបខ្សែក្រវាត់ Muay Thai World Champion ៧សម័យកាល និងខ្សែក្រវាត់ជាច្រើននៅប្រទេសថៃ។
https://www.facebook.com/watch/?ref=external&v=426017081659106
Sangmanee បានអភិវឌ្ឍខ្លួនក្នុងអាជីពប្រដាល់បានយ៉ាងល្អបន្ទាប់ពីកើតនិងធំដឹងក្ដីនៅនៅតំបន់ Isaan ខេត្ត Khon Kaen ប្រទេសថៃ ដែលមានឳពុកម្ដាយជាកសិករ និងមានជីវភាពខ្វះខាតរកព្រឹកខ្វះល្ងាច។ ពួកគេរស់នៅមានចំណូលតិចតួច និង ពឹងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ការរស់នៅពឹងលើធម្មជាតិ រដូវមិនទៀត ជួនរីងស្ងួត ជួនទឹកជំនន់ ឬពេលខ្លះអាកាសធាតុមិនល្អអាចបំផ្លាញស្រូវដំណាំក៏មាន។ តំបន់នោះជាតំបន់ក្របំផុត មួយស្ថិតក្នុងការអភិវឌ្ឍន៍របស់ប្រទេសថៃ។ ការដំណាំបន្លែបង្ការគឺពឹងលើសំណាងធម្មជាតិ។ យ៉ាងណាក្ដី Sangmanee មានឳពុកធ្លាប់ប្រកួតមួយថៃនៅក្នុងតំបន់នោះដើម្បីរកប្រាក់ចំណូលបានខ្លះមុនពេលបញ្ចប់អាជីព។
ពេល Sangmanee អាយុ៦ឆ្នាំ ឳពុករបស់គេបានសម្រេចចិត្តឲ្យកូនដើរតាមគន្លងរបស់លោកដោយបង្ហាត់កូនក្នុងអាយុ៦ឆ្នាំនៅផ្ទះទោះមានបាវសាក់ចាស់មួយនៅមុខផ្ទះ និង មានក្មេងៗចង់ហាត់ផងដែរ។ Sangmanee មានទេពកោសល្យខាងក្បាច់មួយថៃ និងទទួលបានជោគជ័យជាបន្តបន្ទាប់រហូតឡើងដល់ចំណុចកំពូល។ នៅពេលមានអាយុ ១០ ឆ្នាំ Sangmanee ត្រូវបានគេអញ្ជើញទៅបាងកកដើម្បីប្រកួតយកខ្សែក្រវាត់នៅសង្វៀន Assawindam Stadium Title។ ហើយរូបគេក៏ឈ្នះជើងឯកក្រោយការប្រកួតចប់៥ទឹក។
ពេលវេលារង់ចាំមកដល់៖
ឈ្មោះ «Million Dollar Baby» បានកើតឡើងព្រោះក្បាច់គុនរបស់គេឈានដល់កម្រិតខ្ពស់បំផុត ក្នុងអាជីពពេលហាត់នៅក្លិប 13 Coins Gym នៅរាជធានី បាងកក។ កីឡាករដដែលវិវឌ្ឍខ្លួនឆាប់រហ័សតាមរយៈការជួយចូកជួយចែវពីគ្រូបង្វឹក និង ជាវីរបុរសកីឡាប្រដាល់ថៃ Saenchai P.K. Saenchaimuaythaigym ជាដើម។ ត្រឹមអាយុអាយុ១៥ ឆ្នាំ Sangmanee ឈ្នះខ្សែក្រវាត់ពិភពលោក 105lb Lumpinee Stadium World Title, ឈ្នះ ខ្សែក្រវាត់ Rajadamnern Stadium World Titles ចំនួន៣ និង ឈ្នះខ្សែក្រវាត់ S-1 World Title ទៀតផង។ ជោគជ័យដ៏ធំធេងទាំងនេះនាំឲ្យរូបគេឈ្នះពានកីឡាករល្អប្រចាំឆ្នាំ Sports Writers Of Thailand Fighter Of The Year នៅឆ្នាំ ២០១២ របស់ប្រទេសថៃក្នុងនាមកីឡាករល្អបំផុតនៃក្បាច់គុនមួយថៃ «the art of eight limbs»។ សុបិនមិនទាន់ចប់ត្រឹមហ្នឹងទេម្ចាស់ខ្សែក្រវាត់ Rajadamnern Stadium ដាក់គោលដៅដើម្បីយកខ្សែក្រវាត់កម្រិតពិភពលោកនៅសង្វៀន ONE Championship ទៅថ្ងៃអនាគតដ៏ខ្លី។ គួរដឹងដែរថាក្រោយឈ្នះនៅសង្វៀន ONE កីឡាករ Sangmanee Sathian MuayThai កើនកំណត់ត្រាឈ្នះ ១៨១ លើក ចាញ់២៦លើក និង ស្មើ៥លើកក្នុងអាជីពរបស់ខ្លួន។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
អត្ថបទ៖ ស៊ីធី