អែម សុវណ្ណារី ​បង្ហើប​អំពី​ចំណុច​ខ្លាំង​របស់​ RAYANE ​​មុន​ប៉ះ​គ្នា​​

​កីឡាការិនី​គុន​ចម្រុះ​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម សុវណ្ណារី ឬ គេ​ស្គាល់​ថា​ «Savage Buddha» ​​ដែល​ត្រៀម​ឡើង​ប្រកួត​លើក​ទី២​នៅ​សង្វៀន ONE Championship តំណាង​ឲ្យ​កម្ពុជា​​បាន​ចេញ​មក​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​បដិបក្ខ​សញ្ជាតិ​ប្រេស៊ីល​ RAYANE MARQUES។ ​អែម សុវណ្ណារី ​ឡើង​​ប្រកួត​នៅ​ក្នុង​កម្មវិធី​​ ONE: MARK OF GREATNESS ​នៅ​ថ្ងៃ​ទី​ ៦​ ខែ ធ្នូ​ ខាង​មុខ​នៅ​ក្រុង​កូឡាឡាំពួរ​ពី​​ ប្រទេស​ម៉ាឡេស៊ី។

​​កូន​ខ្មែរ​នៅ​អាមេរិក​បាន​​ប្រាប់​អំពី​ចំណុច​ខ្លាំង​របស់​គូ​ប្រកួត RAYANE ​ ​ថា៖«​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ ព្រោះ​គូ​ប្រជែង​របស់​​ខ្ញុំ​ជំនាញ​ខាង​ប្រយុទ្ធ​​ និង​ ចូល​​​ចាប់។ ​RAYANE ​ពូកែ​ខាង​ចំបាប់​ហើយ​ខ្ញុំ​ត្រូវ​​​​តែ​ការពារ​កុំ​​ឲ្យ​គេ​ចូល​ចាប់​ងាយៗ​នោះ​។ បើ​មិន​ដូច្នោះ​ វា​អាច​នឹង​យ៉ាប់។ ​ហើយ​គេ​ក៏​មាន​ក្បាច់​ប្រយុទ្ធ​វាយ​បក​លឿន​​ៗ​ផង​ដែរ។ បើ​ហ៊ាន​ប្រហែស​​ខ្ញុំ​​ច្បាស់​ជា​​ត្រូវ​គេ​​បញ្ចប់​ការ​ប្រកួត​មិន​ខាន»។

អែម សុវណ្ណារី ​ដែល​បង្ហាញ​ខ្លួន​នៅ​សង្វៀន​​អន្តរជាតិ​ ONE ​​លើក​ទី២​បាន​បន្ត​ថា ​RAYANE ពិត​ជា​​មាន​ថាមពល​ខ្លាំងក្លា​ណាស់ ហើយ​តែង​តែ​​ចង់​បញ្ចប់​គូ​​​ប្រកួត​របស់​​គេ​​គ្រប់​ពេល​វេលា​នៅ​​លើ​សង្វៀន។ ​រឿង​គួរ​​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​ ​ក្បាច់​ប្រយុទ្ធ​ទាំង​ដៃ និង ជើង​ ឬ​ ​ការ​ចេញ​អាវុធ​ក្នុង​ពេល​តែ​មួយ​សុទ្ធ​តែ​​បង្ក​គ្រោះ​ថ្នាក់​ទាំង​អស់។ ​ យ៉ាង​ណា​ក្ដី ​កីឡាការិនី​សម្បុរ​​ស្រអែម​​ជឿ​ជាក់​ថា​​រូប​​គេ​​បាន​​ត្រៀម​រួច​ជា​ស្រេច និង​បាន​ល្អ​ទៀត​ផង​​ ក្រោយ​ខក​ខាន​ឡើង​សង្វៀន​ ONE ​រយៈ​ពេល ១ ​ឆ្នាំ​គត់។

​កីឡាការិនី​វ័យ ២៧ ឆ្នាំ​​សង្កត់​ធ្ងន់​ថា៖«​ការ​ប្រកួត​នឹង​ល្អ​មើល​ ជក់​ចិត្ត​ ហើយ​​ក្បាច់​របស់​ខ្ញុំ​ក៏​ប្លែក​ដែរ។ ​រាង​កាយ​ខ្ញុំ​ក៏​រឹង​មាំ​ប្លែក​​ជាង​មុន​ដែរ»។


​​សុវណ្ណារី ​​ប្រឹងប្រែង​ខ្លាំង​នៅ​ក្លិប​​ Modern Martial Arts and Fitness ​ស្ថិត​នៅ​ក្រុង​ Pasadena ​រដ្ឋ​​កាលីហ្វ័រញ៉ា​​ សហរដ្ឋ​អាមេរិក។ ​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​គឺ​​ សុវណ្ណារី ​ប្រើ​​ពេល​មិន​ដល់ ៣​នាទី​ឡើយ​​ដើម្បី​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​ក្នុង ៣​លើក​កន្លង​មក។ កីឡាការិនី​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​មិន​ដែល​ចាញ់​ទេ​​ ស្រប​ពេល​កីឡាការិនី​ប្រេស៊ីល​​ក៏​​ដូច​គ្នា​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​​​បែប​ណា​ក្ដី​ ​​​​កូន​ខ្មែរ​នៅ​អាមេរិក​​​បន្ថែម​ថា​ ៖«​​​ខ្ញុំ​ចង់​ឈ្នះ​ការ​ប្រកួត​​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ខ្ញុំ​​​ចង់​បាន​​​ការ​ប្រកួត​​​ច្រើន​បន្តបន្ទាប់​ទៀត​នៅ ONE ហើយ​​បន្ទាប់​មក​ខ្ញុំ​ចង់​ដណ្ដើម​ខ្សែ​ក្រវាត់។ ខ្ញុំ​ចង់​​វ៉ៃ​យក​ខ្សែ​ក្រវាត់ ទោះ​ខ្ញុំ​វ៉ៃ​ក្នុង​ទម្ងន់ strawweight ក៏​ដោយ។ ប៉ុន្តែ​ឥឡូវ​​ខ្ញុំ​ផ្ដោត​​លើ​ទម្ងន់ ​ flyweight ​សិន​ ហើយ​​ខ្ញុំ​នឹង​មាន​ការ​ប្រកួត​បន្ត​ទៀត​តំណាង​ឲ្យ​​កម្ពុជា»។

កូន​​ខ្មែរ​នៅ​អាមេរិក​រៀប​រាប់​ថា៖«​បើ​មាន​ការ​ចាំបាច់​ ខ្ញុំ​ត្រូវ​​ប្រើ​​ក្បាច់​ចំបាប់​ដែរ​ ព្រោះ​ខ្ញុំ​បាន​ហាត់​វា​កន្លង​មក។ ​​ក្បាច់​​ណា​អាច​ផ្ដួល​ដៃ​គូ​បាន​ ខ្ញុំ​នឹង​ធ្វើ​វា។ ​ខ្ញុំ​​មិន​សូវ​​ចូល​ចិត្ត​ចំបាប់​តែ​​ខ្ញុំ​ហាត់​វា​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ​វា​សុទ្ធ​តែ​ស្ថិត​នៅ​ក្នុង​ផែន​ការ​របស់​ខ្ញុំ​នៅ​​លើ​សង្វៀន»។ ​

គួរ​រំលឹក​ថា​ពេល​បង្ហាញ​ខ្លួន​ដំបូង​នៅ ​ ONE ​អែម សុវណ្ណារី ​​​មាន​​អារម្មណ៍​រំភើប​​យ៉ាង​​ខ្លាំង​​​ពេល​ឈ្នះ​ការ​ប្រកួត​ដោយ​ផ្ដួល​​កីឡាការិនី​អ៊ុយក្រែន Iryna Kyselova ឲ្យ​សន្លប់​ត្រឹម​ ៨១ វិនាទី​ប៉ុណ្ណោះ កាល​​​ខែ​ធ្នូ ឆ្នាំ ២០១៨។ ​សុវណ្ណារី​ ​ថា​ ​ការ​ប្រកួត​នេះ​គឺ​​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ ​​ដូច​លើក​មុន​ដែរ​ ហើយ​ គេ​នៅ​តែ​បន្ត​​បេសកកម្ម​នេះ​​សម្រាប់​ប្រទេស​ដូន​តា​របស់​ខ្លួន។

​កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: Mark OF GREATNESS នៅ​ថ្ងៃ​ទី​ ៦ ​ខែ ​​ធ្នូ​​​​ ​ខាង​មុខ ​ពី​​​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចាប់​ពី​ម៉ោង​ ​៥:០០​ ល្ងាច​តទៅ (ម៉ោង​កម្ពុជា)តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។

អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s