កូន​ខ្មែរ​នៅ​អាមេរិក​​​​និយាយ​អំពី​ការ​ត្រៀម​ខ្លួន​​ប៉ះ​កីឡាការិនី​មិន​ដែល​ចាញ់​ប្រេស៊ីល​

​កីឡាការិនី​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម សុវណ្ណារី ​​​​​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ដើម្បី​ជួប ​កីឡាការិនី​មិន​ដែល​ចាញ់​មក​ពី​ប្រេស៊ីល​នៅ​ក្នុង​កម្មវិធី​ ONE: MARK OF GREATNESS ​នៅ​ថ្ងៃ​ទី​ ៦​ ខែ ធ្នូ​ ខាង​មុខ​នៅ​ក្រុង​កូឡាឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី។ ​កីឡាការិនី​​ប្រេស៊ីល​ RAYANE MARQUES ​មាន​​មាន​កំណត់​ត្រា​ប្រកួត​លើ​សង្វៀន​ចម្រុះ​ចំនួន​ ៤ ​លើក​ក្នុង​នោះ​មិន​ដែល​ចាញ់​ទាល់​​​តែ​សោះ​ (ឈ្នះ​៣​លើក ​និង​ ស្មើ​១​លើក)។ រឿង​អស្ចារ្យ​ទៀត គឺ RAYANE MARQUES  ជា​ម្ចាស់​​ខ្សែ​ក្រវាត់ BJJ State Champion  ៥​សម័យ​កាល។ យ៉ាង​ណា​ក្ដី​​នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ RAYANE MARQUES ស្រប​ពេល​ដែល​ សុវណ្ណារី ​នឹង​បង្ហាញ​ខ្លួន​លើក​ទី​២​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន ONE។
ANE MARQUES

​អែម សុវណ្ណារី ​បាន​​ថ្លែង​ថា៖« វា​យូរ​ដែរ​ហើយ​​តាំង​ពី​ប្រកួត​ដំបូង​​​នៅ ONE ​កាល​​ថ្ងៃ​ទី ៧ ខែ ធ្នូ ២០១៨។ ​បើ​គិត​ដល់​ការ​ប្រកួត​ទី​ ៦ ​ធ្នូ ​គឺ ​១​ ឆ្នាំ​ល្មម។ ​​តែ​ខ្ញុំ​បាន​ប្រើ​​ពេល​វា​នេះ​ដើម្បី​​​សំលៀង​​​​ការ​ហ្វឹកហាត់​ និង ​ត្រៀម​សម្រាប់​ការ​ប្រកួត​របស់​ខ្ញុំ​នៅ​​​ដើម​ខែ​ក្រោយ។ ​ខ្ញុំ​បាន​​ហ្វឹកហាត់​​​ពេញ​ម៉ោង​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ការ​ប្រកួត​របស់​ខ្ញុំ​នឹង​ប្លែក​ពី​ឆ្នាំ​មុន ​ហើយ​ ​ខ្ញុំ​ក៏​ជា​កីឡាការិនី​ដ៏​ប្លែក​ម្នាក់​ដែរ»។

​​កីឡាការិនី​វ័យ​២៧​ឆ្នាំ​​ទំនង​មាន​ឈ្មោះ​​​ឡើង​ប្រកួត​ម្ដង​នៅ​​ដើម​ខែ​តុលា ប៉ុន្តែ​បែរ​ខក​ខាន​ទៅ​វិញ។ ​បែប​ណា​ក្ដី ​សុវណ្ណារី ​បាន​ហ្វឹកហាត់​បច្ចេកទេស​ខ្លាំង​ក្លា​​នៅ​ក្លិប​ Modern Martial Arts and Fitness ​ស្ថិត​នៅ​ក្រុង​ Pasadena ​រដ្ឋ​​កាលីហ្វ័រញ៉ា​​ សហរដ្ឋ​អាមេរិក។ ​ការ​ហ្វឹកហាត់​យ៉ាង​សស្រាក់​សស្រាំ​នេះ​​​​ត្រូវ​បាន​ដាក់​ក្ដី​រំពឹង​ថា​​នឹង​ទទួល​ជ័យជម្នះ​លើក​ទី២ ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE។​

​​​​​កូន​ខ្មែរ​នៅ​អាមេរិក​សម្បុរ​ស្រអែម ​សង្កត់​ធ្ងន់​ថា៖«​​​លើក​មុន​មាន​ឈ្មោះ​ម្ដង​​​ក៏​ខ្ញុំ​បាន​ត្រៀម​ច្រើន​ដូច​គ្នា។ ​ឥឡូវ​​នេះ​ត្រៀម​រឹត​តែ​ច្រើន​ជាង​មុន​​ព្រោះ​ពេល​វា​​ត្រូវ​​ពន្យារ​។ ​ខ្ញុំ​ផ្ដោត​​​លើ​ការ​ផ្ដួល​គូ​ប្រកួត​ ១០០%​ ខ្ញុំ​មិន​គិត​អ្វី​ផ្សេង​ក្រៅ​ពី​ចង់​ឈ្នះ​នោះ​ឡើយ»។

ទោះ​ជា​យ៉ាង​ណា​​ក្ដី ​​​​ជើង​ខ្លាំង​​ដែល​ប្រកួត​​តំណាង​ឲ្យ​កម្ពុជា​រូប​នេះ​ជឿ​ជាក់​ថា​ វា​​ជា​ការ​ប្រកួត​ដ៏​តាន​តឹង​មួយ​​ពេល​ប៉ះ​កីឡាការិនី​មិន​ដែល​ចាញ់​​ប្រេស៊ីល​ ​ព្រោះ​កីឡាការិនី​រូប​នេះ​ជំនាញ​ខាង​ចូល​ចាប់ និង ​ចំបាប់​ទៀត​ផង។ ​​ការពិត​​វា​ជា​ការ​ប្រកួត​​ដ៏​លំបាក​​ប៉ុន្តែ សុវណ្ណារី​ ​ឆ្លៀត​ឱកាស​​អរគុណ​ដល់​អ្នក​គាំទ្រ​​កម្ពុជា​ ហើយ​សង្ឃឹម​​​ថា​​​បង​ប្អូន​​នៅ​ស្រុក​ខ្មែរ​​នៅ​តែ​បន្ត​គាំទ្រ​ដល់​រូប​គេ​នា​​ពេល​ប្រកួត​ខាង​មុខ។​ ​

សុវណ្ណារី ​​ថ្លែង​អំណរ​គុណ​​បែប​នេះ​ ៖«​ខ្ញុំ​សូម​អរគុណ​​ដល់​បង​ប្អូន​ខ្មែរ​ដែល​ស្រលាញ់ និង គាំទ្រ​ខ្ញុំ​​រហូត​មក។ ខ្ញុំ​​​រំពឹង​ថា​នឹង​នាំ​យក​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា។ ខ្ញុំ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា»។ ​

​​​កូន​ខ្មែរ​នៅ​អាមេរិក​រូប​នេះ​​ឡើង​ប្រកួត​លើ​​សង្វៀន​​​គុន​ចម្រុះ​​​តាំង​ពី​ឆ្នាំ​ ២០១៦​ មក។ ​កីឡាការិនី​រូប​នេះ​ធ្លាប់​​ហ្វឹកហាត់​​​ប្រដាល់​សកល​​តាំង​ឆ្នាំ​ ២០១២ និង ​ចាប់​ផ្ដើម​ក្បាច់​គុន​​ ជឺជិតស៊ូ​ ​នៅ​ឆ្នាំ ២០១៤​​ ក្នុង​គោល​ដៅ​រៀន​ក្បាច់​ចាប់​ ឃ្លេ ​និង បោក​ជា​ដើម​​ដើម្បី​ជា​ទុន​​សម្រាប់​ប្រកួត​គុន​ចម្រុះ។ ​លើស​ពី​នេះ​កីឡាការិនី​មក​ពី​អាមេរិក​​ក៏​ធ្លាប់​ហាត់​​ចំបាប់​ ​យូដូ និង ​ប្រដាល់​សេរី ​​​​ទៀត​ផង។ ​

​អែម សុវណ្ណារី​ ​​​​​មាន​កំណត់​ត្រា​​​ ៣​ លើក​ក្នុង​​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​​ហើយ​ឈ្នះ​ទាំង​៣​លើក។ ​ ​ ​សុវណ្ណារី ​​ឈ្នះ​កីឡាការិនី​អាមេរិក​​ពីរ​រូប​ Lanikqua Robins ​នា​ទឹក​ទី​១​ ​​កាល​ខែ​ធ្នូ​ឆ្នាំ​ ២០១៦​ និង ​ឈ្នះ​ Evelyn Nieves ​នៅ​ទឹក​ទី​១​ កាល​ខែ​ កុម្ភៈ ឆ្នាំ​ ២០១៧​ ​ក្នុង​ការ​ប្រកួត​ដាក់​ទ្រុង​នៅ​អាមេរិក។​ ​បន្ទាប់​មក​ ​សុវណ្ណារី ​ឈ្នះ​កីឡាការិនិ​អ៊ុយក្រែន​ Iryna Kyselova នៅ​សង្វៀន​ ONE Championship ​​​កាល​​​​ថ្ងៃ​ទី ៧ ​ខែ​ ធ្នូ ​ឆ្នាំ​ ២០១៨ នៅ​​ ម៉ាឡេស៊ី ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ។ ​

គួរ​ដឹង​​​ដែរ​ថា ​កីឡាការិនី​គុន​ចម្រុះ​កូន​ខ្មែរ​នៅ​​​អាមេរិក​ដែល​មាន​រហស្សនាម​ថា «Savage Buddha» ​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន​អន្តរជាតិ​នានា​ ​បន្ទាប់​ពី​ចុះ​ឈ្មោះ​​​​​ជា​ផ្លូវ​ការ​​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​​​កាល​ខែ​ មិថុនា ​​ឆ្នាំ ២០១៩​ កន្លង​ទៅ។

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: Mark OF GREATNESS នៅ​ថ្ងៃ​ទី​ ៦ ​ខែ ​​ធ្នូ​​​​ ​ខាង​មុខ ​ពី​​​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី​ ​ចាប់​ពី​ម៉ោង​ ​៥:០០​ ល្ងាច​តទៅ (ម៉ោង​កម្ពុជា)តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។

អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s