ចាន់​ រតនា ​៖​«​​​ខ្ញុំ​​ខំ​ប្រឹង​​​ជាង​មុន​ខ្លាំង​ ​​ព្រោះ​​​​នឹង​​ជួប​កីឡាករ​កម្រិត​ខ្ពស់​​នា​ប្រកួត​បន្ទាប់»

​«​ខ្ញុំ​ខំ​ប្រឹង​ខ្លាំង​ជាង​មុន​​​លើស​ពី​១០០ % ​​ជា​ប្រចាំ​ថ្ងៃ​ ទោះ​មិន​ទាន់​​មាន​​​ដំណឹង​​ថា​ឡើង​ប្រកួត​នៅ​​​សង្វៀន​ ONE Championship ​នា​ពេល​ណា​ក៏​ដោយ»។ ​ចាន់ រតនា​ ​​កីឡាករ​​គុន​ចម្រុះ​កម្រិត​កំពូល​របស់​កម្ពុជា​ដែល​ជាប់​កិច្ច​សន្យា​ប្រកួត​នៅ ONE ​​បាន​ថ្លែង​បែប​​នេះ​ មុន​ពេល​ទទួល​ការ​ប្រកួត​បន្ទាប់​​នៅ​ថ្ងៃ​ខាង​មុខ។

​​ចាន់ រតនា ​ដែល​គេ​ស្គាល់​ថា​ ​​ជា​ម្ចាស់​​ក្លិប​​ប្រដាល់​ «សិល្បៈ» ​​បាន​រៀបរាប់​​​ថា​ ​នេះ​ជា​ការ​តាំង​ចិត្ត​​របស់​ខ្លួន​​ដើម្បី​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​នៅ​​លើ​សង្វៀន​លំដាប់​ពិភព​លោក។ ​​រតនា ​គូស​​បញ្ជាក់​ដូច្នេះ៖«​​រាល់​ថ្ងៃ​ខ្ញុំ​បាន​កាត់​ម៉ោង​បង្ហាត់​សិស្ស​នៅ​ក្លិប​របស់​ខ្ញុំ​​មួយ​ចំនួន​​ដើម្បី​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ផ្ទាល់​ខ្លួន។ ការ​ហាត់​របស់​ខ្ញុំ​ត្រូវ​តែ​​ខ្លាំង​ជាង​មុន​​ឆ្ងាយ​ព្រោះ​មិន​មែន​ជួប​កីឡាករ​កម្រិត​ដូច​មុន​នោះ​ទេ។ គ្រូ​បង្វឹក​របស់​ខ្ញុំ​​ទាំង​អស់​ដូច​ជា​​ផ្នែក​កម្លាំង​​ បច្ចេកទេស ជឺជិតស៊ូ ​ប្រដាល់​សកល ​គុន​ខ្មែរ និង MMA ​បាន​​បង្ហាត់​ខុស​ប្លែក​ពី​មុន»។

កីឡាករ​វ័យ​៣៣ ឆ្នាំ​រូប​នេះ​​បាន​បង្កើត​ប្រវត្តិសាស្ត្រ​​ថ្មី​សម្រាប់​ខ្លួន​ឯង និង សម្រាប់​កម្ពុជា​នា​ពេល​​កន្លង​មក​​ដែល​ឈ្នះ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​ ONE និង​ គ្មាន​កីឡាករ​រូប​ណា​ធ្វើ​បាន​ទេ​ក្នុង​ចំណោម​កីឡាករ​គុន​ចម្រុះ​របស់​កម្ពុជា។ ដ្បិត​មិន​ហ៊ាន​អះអាង​ថា​​​មិន​ទាន់​ជា​កីឡាករ​អាជីព​ ប៉ុន្តែ​ ចាន់ រតនា​​ មាន​គ្រូ​បង្វឹក​បង្ហាត់​គ្រប់​ផ្នែក​ ដែល​កីឡាករ​នៅ​កម្ពុជា​មិន​ទាន់​ធ្វើ​ដូច​នៅ​ឡើយ។ ​រតនា​ ​​ខំ​ហ្វឹកហាត់​តាំង​ពី​សាច់​ហើម​ៗ​​កាល​ឡើង​ប្រកួត​នៅ​​សង្វៀន​ក្នុង​ស្រុក​ញឹកញាប់​រហូត​ក្លាយ​ជា​កីឡាករ​មាន​សាច់​ណែន​ល្អ​ និង ​​មាន​ឈ្មោះ​​បោះ​សំឡេង​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ហូរហែ​។



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



https://www.onefc.com/videos/gustavo-balart-vs-chan-rothana/

កូន​ប្រុស​របស់​លោក​ ចាន់ ប៊ុនធឿន​ ​​ដែល​​ចូល​ហាត់​ក្បាច់​គុន​តាំង​ពី​តូច​ជា​មួយ​ឳ​ពុក​​បាន​បន្ថែម​ទៀត​​ថា​ ក្រៅ​ពី​ខំ​ហ្វឹកហាត់​ខ្លួន​​ឯង ​​រូប​គេ​​ជឿ​ជាក់​ថា​ ​ការ​បង្ហាត់​សិស្ស​ជា​ប្រចាំ​ថ្ងៃ​​ក៏​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​​កម្លាំង​របស់​ខ្លួន​ផង​ដែរ​ ព្រោះ​ពេល​កាន់​ស៊ីប ​ជើង​ និង​ស៊ីប​​ដៃ​ ឲ្យ​កូន​សិស្ស​​​វ៉ៃ​ និង​ ​ទាត់​សុទ្ធ​តែ​​ប្រើ​កម្លាំង​ដែរ។ ​​រតនា​ បញ្ជាក់​​ខ្លី​ថា៖«​វា​ជា​ផល​ចំណេញ​ទាំង​សងខាង​ ​ទាំង​កូន​សិស្ស​​របស់​ខ្ញុំ​ រួម​ទាំង​ខ្ញុំ​ផង​ដែរ»។

គួរ​ដឹង​ដែរ​ថា​ ចាន់ រតនា ​មាន​គ្រូ​បង្វឹក​ផ្ទាល់​​​ខ្លួន​ជា​ច្រើន​​​​និង​​មាន​​កម្មវិធី​ហ្វឹកហាត់​ផ្សេងៗ​គ្នា​ដូច​​ជា​​គ្រូ​បង្វឹក​ Lorenzo Lanzafame ​បង្ហាត់​​ បច្ចេកទេស​និង​​គ្រប់គ្រង​កម្លាំង​​រួម​ទាំង​របប​អាហារ,​ ​គ្រូ ​ខូវ វិវឌ្ឍនា​ ​បង្ហាត់​ក្បាច់​ជឺជិតស៊ូ​ ​ចំបាប់​ និង​ MMA, គ្រូ​បង្វឹក​ Rolando ​ជន​ជាតិ​គុយបា​ បង្វឹក​ផ្នែក​ប្រដាល់​សកល, ​គ្រូ​​បង្វឹក​​ Sov ​​បង្វឹក​ភាព​អំណត់ ​និង​ គ្រូ​បង្វឹក​ ​ Jeppe ​​បង្ហាត់​​ផ្នែក​ចលនា​សរសៃ​​និង​ម៉ាស្សា។

បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ លើក​ទឹក​ចិត្ត ​និង​ ​តែងតែ​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ខ្លួន​ ​​រតនា ​សូម​ថ្លែង​អំណរ​គុណ​បែប​នេះ​៖«​ខ្ញុំ​អរគុណ​ដល់​បង​ប្អូន​អ្នក​គាំទ្រ​នៅ​កម្ពុជា​ទាំង​អស់​ដែល​​គាំទ្រ និង តាម​ដាន​រាល់​សកម្មភាព​របស់​ខ្ញុំ​ពី​ដើម​រៀង​មក។ ​ខ្ញុំ​ឃើញ​បង​ប្អូន​ផ្ញើ​សារ​មក​គាំទ្រ​ច្រើន​តាម​​ហ្វេសប៊ុក​របស់​ខ្ញុំ។ ​ខ្ញុំ​សូម​អភ័យទោស​បើ​សិន​ជា​​ខ្ញុំ​មិន​បាន​​ឆ្លើយ​តប​សារ។ ​ហើយ​​ការ​ប្រកួត​​នា​ពេល​ខាង​មុខ​ ​ខ្ញុំ​នឹង​ប្រែង​ប្រែង​ឲ្យ​ខ្លាំង​ក្លា​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បង​ប្អូន​​​​​​អ្នក​គាំទ្រ​ទាំង​អស់​គ្នា»។​​

https://www.onefc.com/videos/chan-rothana-vs-rudy-agustian/

​ចាន់ រតនា ​បច្ចុប្បន្ន​​វ័យ​៣៣ ​ឆ្នាំ​មាន​កំណត់​ត្រា​ប្រកួត​​អាជីព​​លើ​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន ​១០ ​លើក​​ក្នុង​នោះ​ឈ្នះ​ ៧ លើក ​និង ចាញ់​ ៣ ​លើ។ ​កំណត់​ត្រា​ល្អ​​ដាច់​គេ​ក្នុង​ចំណោម​កីឡាករ​ខ្មែរ​គឺ ​ឈ្នះ​​ ៣​លើក​ចុង​ក្រោយ​នៅ​សង្វៀន​​ពិភព​លោក​ ONE ​​បន្ទាប់​ពី​​វ៉ៃ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ ​Abrou Fernandes ​​​ ​និង​ Rudy Agustian ​ឲ្យ​ចុះ​ចាញ់​ ​​​មុន​​បន្ត​ឈ្នះ​ពិន្ទុ ​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​​​ចំបាប់​​ព្រឹត្តិការណ៍​​​​អូឡាំពិក​របស់​ក្រិក​ Gustavo Balart​ កាល​ពាក់​កណ្ដាល​ខែ​ សីហា ​​ឆ្នាំ ២០១៩​ កន្លង​ទៅ។ ​ ​

កម្មវិធី​បន្ទាប់ សូម​កុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: AGE OF GREATNESS នៅ​ថ្ងៃ​ទី​ ២២ ខែ ​វិច្ឆិកា​​​ ​ខាង​មុខ ​ពី​​សិង្ហបុរី​​ចាប់​ពី​ម៉ោង​ ​៦:៣០​ ល្ងាច​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ FacebookTwitterYouTubeONE Super App, ​និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS។ ​



Shop Fairtex Kun Khmer – The best prices on Fairtex in the world

http://www.FairtexKunKhmer.com



អត្ថបទ៖​ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s