កីឡាករកំពូលម្នាក់ក្នុងចំណោមអ្នកលេងក្បាច់គុនមួយថៃខ្លាំងៗជាច្រើននឹងឡើងមកសង្វៀន ONE Championship នាថ្ងៃសុក្រទី ៨ វិច្ឆិកា ខាងមុខ ក្នុងកម្មវិធី ONE: MASTERS OF FATE។ ទោះអាយុត្រឹម ២២ ឆ្នាំ កីឡាករ Sangmanee Sathian MuayThai ឬ គេស្គាល់ថា «Million Dollar Baby» បានក្រសោបបានស្នាដៃជាច្រើនក្នុងអាជីពក្មេងវ័យរបស់ខ្លួន។ Sangmanee បានគេចផុតពីជីវិតក្រីក្រនៅតំបន់ដាច់ស្រយាលដើម្បីក្លាយជាកីឡាករកំពូលម្នាក់ និង ល្បីឈ្មោះនៅមូលដ្ឋានរបស់គេដោយសារតែប្រដាល់។ ឥឡូវនេះ Sangmanee ត្រៀមរួចរាល់ហើយដើម្បីឡើងសង្វៀនលំដាប់ពិភពលោក។ មុនការប្រកួតនៅកម្មវិធី ONE Super Series លើកដំបូងទល់នឹង Azize Hlali ឬ «The Magician» នាក្រុងម៉ានីល ប្រទេសហ្វីលីពីន កីឡាករជើងឯក Muay Thai World Champion ៧សម័យកាលបានលាតត្រដាងអំពីជីវិតរួចផុតពីភាពក្រីក្រសឹងមិនគួរជឿ ហើយ ហក់មកកាន់សង្វៀនលំពិភពលោក ONE Championship។
ភាពក្រីក្រីកាលនៅកុមារភាព
Sangmanee បានកើតនិងធំដឹងក្ដីនៅខេត្ត Khon Kaen ប្រទេសថៃនៅតំបន់ Isaan ដែលជាតំបន់ក្របំផុត ស្ថិតក្នុងការអភិវឌ្ឍន៍។ ដូចនឹងអ្នកភូមិដទៃដែរឳពុកម្ដាយរបស់ Sangmanee គឺ ជាកសិករ ដែលរស់នៅយ៉ាងលំបាកក្នុងជីវភាពខ្វះខាត។ ពួកគេរស់នៅមានចំណូលតិចតួច និង ពឹងការធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ការរស់នៅពឹងលើធម្មជាតិ ជួនរាំងជួនភ្លៀង ជួនរីងស្ងួត ជួនទឹកជំនន់ ឬពេលខ្លះអាកាសធាតុមិនល្អអាចបំផ្លាញស្រូវដំណាំក៏មាន។ ការដំណាំបន្លែបង្ការគឺពឹងលើសំណាងធម្មជាតិ។ «យើងគ្រាន់តែមានកូនផ្ទះតូចមួយ ។ យើងទាញយកអគ្គិសនីពីអ្នកជិតខាង មកប្រើ និង ប្រើប្រាស់នៅបន្ទប់ទឹកផងដែរ។ យើងបរិភោគអ្វីដែលយើងអាចរកបាន។ យើងញុំាត្រីច្រើនដោយសាររកបាន»។ Sangmanee បានរៀបរាប់បែបនេះ។ Sangmanee មានឳពុកដែលធ្លាប់ប្រកួតមួយថៃនៅក្នុងតំបន់នោះដើម្បីរកប្រាក់ចំណូលបានខ្លះមុនពេលបញ្ចប់អាជីព។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
ការចាកចេញទៅប្រកួត
នៅពេល Sangmanee អាយុ៦ឆ្នាំ ឳពុករបស់គេបានសម្រេចចិត្តឲ្យកូនដើរតាមគន្លងរបស់ខ្លួន។ ឳពុកបង្ហាត់កូននៅផ្ទះដោយមានបាវសាក់ចាស់មួយនៅមុខផ្ទះ និង មានក្មេងៗនៅក្នុងភូមិចង់ហាត់ប្រដាល់ដែរ។ បន្ទាប់ពីហ្វឹកហាត់បាន ១ ខែ Sangmanee មានទេពកោសល្យខាងគុនថៃ និង ត្រូវចាប់គូឲ្យប្រកួតលើកដំបូង ទោះនៅតូចក៏ដោយ។ Sangmanee ចងចាំថា៖«ខ្ញុំឈ្នះការប្រកួតដំបូងរបស់ខ្ញុំ ហើយខ្ញុំរំភើបចិត្តណាស់។ ខ្ញុំចង់ប្រកួតម្ដងទៀត ទោះទទួលបានប្រាក់ត្រឹម ២០០ បាតក៏ដោយ ។ លុយបានជួយគ្រួសារខ្ញុំ។ ពេលនោះខ្ញុំតែងទៅកម្មវិធីបុណ្យ ឬ អាចរកគូប្រកួតបាន »។
ឳពុករបស់គេមានមោទនភាពដែលបានឃើញកូនរបស់ខ្លួនស្នងតំណែង បន្ទាប់ពីចូលនិវត្តន៍ ប៉ុន្តែលោកបានផ្ដោតលើការអភិវឌ្ឍអាជីពរបស់កូន។ Sangmanee ថ្លែងថា៖«មនុស្សជាច្រើនធ្លាប់មើលងាយពួកយើង ព្រោះពួកយើងក្រណាស់។ ពួកគេនិយាយថា មួយថៃ មិនបានជួយពួកយើងច្រើនទេ។ ខ្ញុំមិនដែលបំភ្លេចភាពលំបាកពេលនោះឡើយ។ យើងចំណាយពេលយូរណាស់ទើបជីវិតបានប្រសើរឡើង»។
ការឡើងដល់ចំណុចកំពូល
វាជារយៈពេលវែងមួយដែល Sangmanee ដើរតាមឳពុកដើម្បីស្វែងរកការប្រកួតនៅតំបន់របស់ខ្លួន។ នៅពេលមានអាយុ ១០ ឆ្នាំ Sangmanee ត្រូវបានគេអញ្ជើញទៅបាងកកដើម្បីប្រកួតយកជើងឯក Assawindam Stadium title។ ការធ្វើដំណើរលើផ្លូវវែងឆ្ងាយទៅកាន់បាងកក គឺជាបទពិសោធន៍ថ្មី ប៉ុន្តែ រូបគេបានឈ្នះជើងឯកមួយដំបូងក្នុងចំណោមជើងឯកទាំងឡាយពីការប្រកួត ៥ ទឹក។ នោះជាការចាក់គ្រឹះយ៉ាងរឹងមាំក្នុងអាជីពរបស់គេដែលមានអាយុត្រឹម ១០ ឆ្នាំប៉ុណ្ណោះ។ កីឡាករវ័យ២២ឆ្នាំបន្តថា ៖«ខ្ញុំមានអារម្មណ៍ថា ខ្ញុំឡើងដល់ចំណុចមួយ ដែលល្អ ប៉ុន្តែវាជាការចាប់ផ្ដើមប៉ុណ្ណោះសម្រាប់ខ្ញុំ។ គោលដៅរបស់ខ្ញុំគឺ ឈ្នះពាននៅសង្វៀន Lumpinee Stadium ឬ Rajadamnern Stadium។ ទោះជាខ្ញុំនៅក្មេង ខ្ញុំមិនមានអារម្មណ៍ថាមានសម្ពាធទេ។ ខ្ញុំស្រលាញ់ការប្រកួត ព្រោះឃើញជីវិតកាន់តែប្រសើរឡើង»។ ការប្រកួតរបស់គេកាន់តែមមាញឹកដូចការគ្រោងទុក ។ Sangmanee ឡើងប្រកួត ៨ដងក្នុងរយៈពេល ៧ ថ្ងៃ។ យ៉ាង ណាក្ដី រូបគេសប្បាយចិត្តដើម្បីប្រកួតព្រោះបានលុយផ្លាស់ប្ដូរជីវភាពគ្រួសារ។
កីឡាករវ័យ ២ ឆ្នាំពន្យល់ថា៖«ជីវិតរបស់ខ្ញុំវាលំបាកណាស់ពីមុនមុនពេលក្លាយជាកីឡាករអាជីពមួយថៃ។ បន្ទាប់ពីខ្ញុំចាប់ផ្ដើមអាជីព គ្រួសាររបស់ខ្ញុំកាន់តែមានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។ ខ្ញុំអាចរកប្រាក់ និង មានចំណូលថេរ។ ពេលចាប់ផ្ដើមដំបូងខ្ញុំទទួលបានតិច ប៉ុន្តែអាចទិញសាច់ជ្រូកញុំាបាយ និង អាចទុកសម្រាប់ទៅរៀននៅសាលាបាន»។
ឈ្នះខ្សែក្រវាត់លំដាប់ពិភពលោក
Sangmanee ត្រូវបានគេដាក់ឈ្មោះថា «Million Dollar Baby» ដោយសារក្បាច់កាន់តែឈានទៅរកកម្រិតខ្ពស់បំផុត នៅពេលរូបគេនិង ឳពុករបស់ខ្លួនផ្លាស់ទៅហាត់នៅក្លិបល្បី 13 Coins Gym នៅរាជធានី បាងកក ដែលធ្វើឲ្យការប្រកួតកាន់ខ្លាំងក្លាថែមទៀត។ កីឡាករដែលក្រាញននៀលនឹងក្បាច់គុនរូបនេះរំលឹកទៀតថា ការអភិវឌ្ឍខ្លួនដើម្បីចង់បានខ្សែក្រវាត់ច្រើនស្ថាប័ន ដែលមានការជួយជ្រោមជ្រែងពីគ្រូបង្វឹក និង វីរបុរស Saenchai P.K. Saenchaimuaythaigym ជាដើម។
«វាជារឿងមិននឹកស្មានដល់ដែលបានហាត់ជាមួយគាត់។ ខ្ញុំបានរៀនច្រើនណាស់ពីក្បាច់ថ្មីៗ និង ស្ទិលប្រកួតថ្មីៗរួមទាំងបច្ចេកទេសពីគាត់ផងដែរ»។ នៅពេល មានអាយុ១៥ ឆ្នាំ Sangmanee បានបំពេញក្ដីសុបិនដោយឈ្នះខ្សែក្រវាត់ពិភពលោក 105lb Lumpinee Stadium World Title, ឈ្នះ ខ្សែក្រវាត់នៅសង្វៀន Rajadamnern Stadium World Titles ចំនួន៣ និង ឈ្នះខ្សែក្រវាត់ S-1 World Title ផងដែរ។ ជោគជ័យដ៏ធំធេងនេះធ្វើឲ្យរូបគេទទួលភាពល្បីខ្ទរខ្ទារ និង ឈ្នះពានប្រចាំឆ្នាំ Sports Writers Of Thailand Fighter Of The Year នៅឆ្នាំ ២០១២ របស់ប្រទេសថៃក្នុងនាមកីឡាករល្អបំផុតនៃក្បាច់គុនមួយថៃ «the art of eight limbs»។ ឥឡូវនេះជើងឯកមកពី Rajadamnern Stadium ចង់បង្ហាញថ្វីដៃជូនអ្នកគាំទ្រទូទាំងពិភពលោកនៅសង្វៀន The Home Of Martial Arts។ កីឡាករកំពូលមកពីប្រទេសថៃដដែលសង្កត់ធ្ងន់ថា៖«ខ្ញុំមានមោទនភាពចំពោះស្នាដៃរបស់ខ្ញុំ ប៉ុន្តែខ្ញុំចង់បានច្រើនទៀត។ ខ្ញុំចង់ទៅប្រកួតជុំវិញភពលោក និង ក្លាយជាម្ចាស់ខ្សែក្រវាត់ World Champion នៅកម្មវិធី ONE Championship »។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MASTERS OF FATE
នៅ ថ្ងៃ ទី ៨ វិច្ឆិកា ខាងមុខ ពីក្រុងម៉ានីល ចាប់ពី ៧ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS។
Shop Fairtex Kun Khmer – The best prices on Fairtex in the world
http://www.FairtexKunKhmer.com
អត្ថបទ៖ ស៊ីធី