វី ស្រីខួច៖«​​​​គ្រូ​បង្វឹក​រក​​កីឡាការិនី​​​ឲ្យ​ឡាំ​គ្នា​រហូត​ ​ខ្ញុំ​គិត​ថា​លទ្ធផល​នឹង​ល្អ​នៅ​ស៊ីហ្គេម»

វី ស្រីខួច​ ​ដែល​ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​​លេច​ធ្លោ​ម្នាក់​ និង ធ្លាប់​មាន​បទ​ពិសោធន៍​​ល្អ​​នៅ​សង្វៀន ONE CHAMPIONSHIP ​នោះ ​រំពឹង​អំពី​លទ្ធផល​​ល្អ​នៅ​ស៊ីហ្គេម​លើក​ទី​៣០​ ​​នៅ​ហ្វីលីពីន​ចុង​ឆ្នាំ​នេះ។ ​​ការ​រំពឹង​បែប​នេះ​ បន្ទាប់​​ពី​​​ចេញ​ទៅ​​​បោះ​ជំរំ​ហ្វឹកហាត់​និង​ប្រកួត​សម​ញឹកញាប់​​នៅ​ជប៉ុន​​ ​តាំង​ពី​ដើម​ខែ​​កញ្ញា​ ​មក​ម៉្លេះ ​​​និង​បន្ត​រហូត​ដល់​​ខែ​​ ​វិច្ឆិកា​ ​មុន​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ​ដែល​​នឹង​ចាប់​ផ្ដើម​ពី​​ថ្ងៃ​ទី​ ៣០ ​​វិច្ឆិកា​ ​ដល់​ ​ថ្ងៃ​ទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩។​ វី ស្រីខួច​ នឹង​ប្រកួត​ប្រភេទ​​ទម្ងន់​​ចន្លោះ​ពី​ ៥៨ ​ទៅ​ ៦០ ​គីឡូក្រាម។​
​​​

​វី​ ស្រីខួច​ ​​​ថ្លែង​ពី​ប្រទេស​ជប៉ុន​​ថា៖«​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​នេះ​ គឺ​ បំពេញ​រាល់​ចំណុច​ខ្វះ​ខាត​ ហើយ​ យើង​ដឹង​តែ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​តែ​ម្ដង។ ​វា​ជា​រឿង​ល្អ​ច្រើន​​​ ​ព្រោះ​គ្រូ​បង្វឹក​​ក៏​គាត់​ត្រូវ​ប្រាប់​ចំណុច​​មិន​ល្អ​របស់​យើង​ដើម្បី​កែ​ប្រែ​ដែរ​និង​វ៉ៃ​សម​​ជា​ប្រចាំ។​ ​​គ្រូ​បង្វឹក​​និង​ក្លិប​នៅ​​ជប៉ុន​នេះ​​​តែង​តែ​រក​ដៃ​​គូ​​ឲ្យ​ឡើង​ប្រកួត​សម​​គ្នា​នៅ​សង្វៀន​នានា​ និង ឆ្លង​ទៅ​តាម​ខេត្ត​ផ្សេង​ក៏​មាន។

វី ស្រីខួច ​​បាន​បង្ហើប​អំពី​ការ​តាំង​ចិត្ត​មោះមុត​​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​​​ជូន​ជាតិ​​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​​តំបន់​ចុង​ឆ្នាំ​នេះ។​ ​​ ប្អូន​​ស្រី​​របស់ វី សាវុធ​ សង្កត់​​ធ្ងន់​ថា៖«​​​ខ្ញុំ​គិត​ថា​នៅ​ជប៉ុន​ល្អ​ប្រសើរ​ច្រើន​ ​ដូច​ជា​កន្លែង​ហ្វឹកហាត់​ល្អ ​កន្លែង​ស្នាក់​នៅ​ល្អ​​​ ​ការ​ហូប​ចុក​ល្អ​ដោយ​តម្រូវ​​តាម​​​​ពួក​យើង​។​ ​មួយ​ទៀត​យើង​មិន​បាច់​ខ្វល់​ខ្វាយ​ច្រើន​។ ​​យើង​គិត​តែ​​បុក​ហាត់​ខ្លាំង​តែ​ម្ដង»។

​ស្រីខួច​ ​ជា​កីឡាការិនី​លេច​ធ្លោ​ម្នាក់​ដែល​ទទួល​បាន​ឈ្មោះ​ចូល​ហ្វឹកហាត់​ជម្រើស​ជាតិ​តាំង​ពី​ស៊ីហ្គេម​ ឆ្នាំ ២០១៧​ ដែល​រៀប​ចំ​ឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ ​បាន​ចេញ​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​ទី​២៩​ផង​ដែរ។ ​មុន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​ ​កីឡាការិនី​រូប​នេះ ​និង​មិត្ត​រួម​ក្រុម​ នៅ ស្រីពៅ​ ​បាន​ចូល​ហ្វឹកហាត់​​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន​ និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ប្រមាណ​​ជា​ ៥ ខែ​​មក​ហើយ។ ​​គ្រូ​បង្វឹក​ដែល​ ស្រីខួច​ ​​ទទួល​ការ​ហ្វឹកហាត់​មាន​​ដូច​ជា​​​ Rolando Castellano Rodriquez ជន​ជាតិ​គុយបា​ , ​លោក ​វ៉ែន សុផល, ​​លោក​ ជ័យ ណារ៉ា, ​និង​ ​លោក ឡុង សាលីន។ ​

​​បែប​​ណា​ក្ដី​ ​ការ​ហ្វឹកហាត់​នៅ​ក្នុង​​ស្រុក​ជួប​​ការ​លំបាក​បន្តិច​សម្រាប់​កីឡាការិនី​​ប្រដាល់​សកល​ជម្រើស​ជាតិ​ ​ព្រោះ​​អត់​មាន​ដៃ​គូ​​ឡាំ​ឬ សម​គ្នា​គ្រប់គ្រាន់។​ ​ពេល​​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​ ​មាន​តែ​ការ​សម ឬ ឡាំ​ជា​មួយ​កីឡាករ​គ្នា​​ឯង​ប៉ុណ្ណោះ​ ដែល​ពិបាក​រក​ចំណុច​ខ្សោយ​ និង​បច្ចេកទេស​ពិត។ ​​ប៉ុន្តែ​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​លើក​នេះ​មាន​កីឡាការិនី​ឡាំ​គ្នា​គ្រប់គ្រាន់​ និង​ បំប៉ន​ផ្នែក​ចង្វាក់​ប្រយុទ្ធ​ឲ្យ​ល្អ​ថែម​ទៀត​ផង។ ​នា​ពេល​កន្លង​ទៅ​ ​វិញ្ញាសា​​ប្រដាល់​សកល​​​​នៅ​ស៊ីហ្គេម​​​ឆ្នាំ ២០១៩​ ​​ត្រូវ​បាន​គេ​បង្ហើប​​គម្រោង​បឋម​ថា​​នឹង​បញ្ជូន​​កីឡាករ​ ៤ ​នាក់ និង កីឡាការិនី​ ២ ​នាក់​ទៅ​ចូល​រួម​ប្រកួត។ ​ដូច្នេះ​កីឡាករ​ ៣ នាក់​ផ្សេង​ទៀត​​កំពុង​ហ្វឹកហាត់​នៅ​​​កម្ពុជា​ ហើយ ៣ ​នាក់​ទៀត​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន មាន​ វី ស្រីខួច, នៅ ស្រីពៅ និង ណាត សៀកនិន។

​ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA។ 

 

អត្ថបទ៖ ស៊ីធី

Leave a Reply