ឡុង ឡុង បង្ហើប​​​ពី​ការ​តាំង​ចិត្ត​ពេល​ឡើង​សង្វៀន​អន្តរជាតិ​ ONE: WARRIOR SERIES ​លើក​​ដំបូង

ឡុង ឡា​ ដែល​ខក​ខាន​ប្រឡូក​លើ​សង្វៀន​គុន​ចម្រុះ​យ៉ាង​យូរ​មក​ហើយ​នោះ​​​បង្ហើប​អំពី​ការ​តាំង​ចិត្ត​យ៉ាង​មោះមុត​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​​ពេល​ឡើង​សង្វៀន​ ONE: WARRIOR SERIES ​នា​ដើម​ខែ តុលា។ ​កីឡាករ​មក​ពី​ខេត្ត​ឧត្ដរ​មាន​ជ័យ​ ​ឡុង ឡា ​​តំណាង​​ឲ្យ​ក្លិប​ Cambodian Top Team​ ​ត្រូវ​តតាំង​​នឹង​​អ្នក​លេង​គុន​ចម្រុះ​សញ្ជាតិ​ជប៉ុន​ Asuka Tsubaki ​មក​ពី​ក្លិប​ Trident Gymនៅ​​យប់​ថ្ងៃ​ទី​ ៥​ ខែ​ តុលា ​​ខាង​មុខ​​នា​ប្រទេស​ជប៉ុន។ ​ ​

​ឡុង ឡា ​ដែល​​ទទួល​បាន​ឈ្មោះ​បោះ​សំឡេង​តាម​រយៈ​​ការ​​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​ញឹក​ញាប់​ ​​បូក​ទាំង​សង្វៀន​ក្នុង​​ស្រុក​ផង​នោះ​​បាន​ថ្លែង​ថា៖«​​ឥឡូវ​​នេះ​ខ្ញុំ​បុក​ហាត់​​​គុន​ចម្រុះ​​ដូច​​ជា​​​ក្បាច់​ចាប់​​ឃ្លេ និង​ ដោះ​បាន​ប្រហែល​​ជា ២ ​សប្ដាហ៍​ហើយ​ជា​មួយ​ គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ នៅ​ ក្លិប Cambodian Top Team។ ពី​មុន​​ខ្ញុំ​ធ្លាប់​ប្រកួត​​វ៉ៃ​ដាក់​ទ្រុង​ប្រហែល​ ៧ ដង​ដែរ​នៅ​​ស្រុក​ខ្មែរ​​ ប៉ុន្តែ​បច្ចុប្បន្ន​​អត់​​​មាន​​ការ​ប្រកួត​ ​​​​ហើយ​​ខ្ញុំ​​​តែង​ឡើង​​គុន​ខ្មែរ​​តាម​សង្វៀន​នានា»។

​​មួយ​រយៈ​ចុង​ក្រោយ​នេះ ​កីឡាករ​វ័យ​ ១៩ ឆ្នាំ​ បាន​ចេញ​ទៅ​ប្រកួត​នៅ​ថៃ​​ក្នុង​កម្មវិធី​ Super Champ​​ ចំនួន​ ២ ដង និង​ សង្វៀន​ MX ETREME ​ចំនួន​ ៣ ដង។ ​បើ​សរុប​​​កំណត់​ត្រា​​នៃ​ការ​ប្រកួត​ត្រួសៗ​​ ឡុង ឡា​ ឡើង​ប្រកួត​លើ​សង្វៀន​​​​​​ប្រហែល​ ៧០ ​ដង​ ​ដោយ​ទទួល​បាន​លទ្ធផល​​​​ឈ្នះ​ច្រើន​ជាង​ចាញ់។

​​អតីត​កូន​សិស្ស​លោក​ផល សុភា ​​សង្កត់​ធ្ងន់​ថា​​៖«​​​ ខ្ញុំ​ពូកែ​ខាង​គុន​ខ្មែរ​ជាង​​​ក្បាច់​​ចាប់។ ខ្ញុំ​មិន​ពូកែ​ចូល​ចាប់ និង ឃ្លេ​ តែ​ខ្ញុំ​ពូកែ​​​ចូល​វ៉ៃ។ ​​​​លោក​គ្រូ​ ច័ន្ទរាជ្យ ​​គាត់​បង្ហាត់​របៀប​ដោះ​ច្រើន​ជាង ​ហើយ​រល់​ថ្ងៃ​ គាត់​ឲ្យ​គេ​ចូល​ចាប់​ខ្ញុំ​ច្រើន​នាក់​ ​ដើម្បី​​ឲ្យ​ខ្ញុំ​រៀន​ដោះ​ឃ្លេ​ និង ការ​ប៉ុន​ប៉ង​ចាប់​ពី​​គូ​ប្រជែង។​ ​នេះ​​​ជា​ការ​រំលឹក​ ​និង​ប្រឹងហាត់​​គុន​ចម្រុះ​ឡើង​វិញ​។ ពី​មុខ​ ខ្ញុំ​ធ្លាប់​ហាត់​ក្បាច់​ចាប់ ឃ្លេ ​យូដូ ជា​មួយ​គ្រូ​បង្វឹក​​យូដូ​ជម្រើស​ជាតិ​ ឡាច វុទ្ធី​ដែរ»។

​កីឡាករ​តំណាង​​កម្ពុជា​ ឡុង ឡា ​មិន​ទាន់​មាន​បទ​ពិសោធន៍​​លើង​សង្វៀន​​ ONE ​ប៉ុន្តែ​ ឆ្លង​តាម​ការ​ប្រកួត​ដាក់​ទ្រុង​ក្នុង​ស្រុក ​និង​ ​ធ្លាប់​ប្រកួត​ដាក់​ទ្រុង​នៅ​ថៃ​ម្ដង​ផង​នោះ​នឹង​ធ្វើ​ឲ្យ​រូប​គេ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។ ​ចំណែក​គូ​ប្រជែង​ជន​ជាតិ​​​ជប៉ុន​ Asuka Tsubaki ​បាន​បង្ហាញ​ខ្លួន​នៅ​សង្វៀន ONE ចំនួន ២ ​លើក​រួច​ហើយ ក្នុង​នោះ​ឈ្នះ ​១ និង ចាញ់ ១ ដង។ ​Asuka ​ឈ្នះពិន្ទុ​​កីឡាករ​ចិន ZHUOJIANGCUO LUO កាល​ខែ ​កុម្ភៈ​ ​​បន្ទាប់​ពី​ចាញ់​កីឡាករ​ អាស៊ែបៃហ្សង់ Anvar Amirli ​ក្នុង​ទឹក​ទី១​​កាល ខែ​តុលា ឆ្នាំ ២០១៨ ដែល​ប្រកួត​នៅ​សិង្ហបុរី​ដូច​គ្នា។ ​

ទោះ​ជា​បែប​ណា​ក្ដី​ ​ឡុង​ ឡា បាន​អះអាង​ថា​ ជំហាន​​ដំបូង​គឺ​​ទប់​មិន​ឲ្យ​​គេ​ចូល​ចាប់​ និង​ ស្ទាបស្ទង់​ដើម្បី​​រក​វិធី​​វ៉ៃ​បក​ដោយ​ជំហរ​គុន​ខ្មែរ​វិញ ព្រោះ​ខ្លួន​មិន​ពូកែ​ចូល​ចាប់​បោក​ ​ប៉ុន្តែ​​គេ​បាន​ត្រៀម​​ក្បាច់​ដោះ​ឃ្លេ​​បាន​​​យ៉ាង​ក្រាស់ក្រែល​មុន​ប្រកួត​មក​ដល់។

គួរ​ដឹង​​ដែរ​ថា​ ឡុង​ ឡា ​ចូល​ហាត់​ប្រដាល់​តាំង​ពី​​ឆ្នាំ​ ២០១២​ មក​​​ក្រោម​ការ​បង្វឹក​របស់​លោក ផល សុភា​ ​នៅ​ក្លិប​មួយ​​នា​ខេត្ត​ឧត្តរមានជ័យ​ មុន​ប្ដូរ​មក​ក្លិប​ អប់រំ​កាយ​ខេត្ត​ខេត្ត​ឧត្ដរ​មាន​ជ័យ​ដូច​គ្នា។​ ឡុង ឡា មាន​ស្រុក​កំណើត​នៅ​ ភូមិ​ សែនសម ​ឃុំ​ អូស្វាយ​ ស្រុក​​​ត្រពាំង​ប្រាសាទ​ ខេត្ត​​ឧត្ដរ​មាន​ជ័យ។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA

ត្ថបទ៖ ស៊ីធី

Leave a Reply