ខូវ វិវឌ្ឍនា៖«​ ចាន់​ រតនា ​លេខ​១​ស្រុក​ខ្មែរ​​​លើ​គុន​ចម្រុះ​ ប៉ុន្តែ​ ​​​អន់​ចំណុច​មួយ» ​

«​​បើ​និយាយ​ទៅ​នៅ​ស្រុក​ខ្មែរ​ ​ចាន់ រតនា ​​ជា​​ជើង​ខ្លាំង​លេខ​១​ និង ​ល្អ​បំផុត​ផ្នែក​​គុន​ចម្រុះ​​​នៅ​​ស្រុក​ខ្មែរ​​​ប៉ុន្តែ ​ចំណុច​អន់​គឺ​មិន​អាច​យក​ក្បាច់​ MMA ឬ ​ជីជិតស៊ូ​ ទៅ​ផ្ដួល​គូ​ប្រកួត​បាន»។ ​

នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​របស់​​លោក ខូវ វិវឌ្ឍនា ​ដែល​ជា​​គ្រូ​​បង្វឹក​​ក្បាច់​ គុន​ចម្រុះ និង ជីជិត​ស៊ូ ​​ផ្ទាល់​​របស់​ រតនា ​មុន​ចេញ​ទៅ​ប្រកួត​ម្ដងៗ​ ​នៅ​សង្វៀន​លំដាប់​អន្តរជាតិ​ ONE Championship ហើយ​ លោក​ជា​​មនុស្ស​ម្នាក់​នៅ​ពី​ក្រោយ​ខ្នង​ ចាន់ រតនា ​ដែល​ធ្វើ​ធ្វើ​ឲ្យ​កីឡាករ​​កម្ពុជា​​រូប​នេះ​លេច​ធ្លោ​បំផុត​ទាំង​នៅ​ក្នុង​ស្រុក និង​ ពិភព​លោក។

ខូវ វិវឌ្ឍនា បាន​រៀប​រាប់​ទៀត​ថា ៖«​ពេល​​ខ្ញុំ​បង្ហាត់​ ចាន់ រតនា គឺ​មិន​​ហ៊ាន​បង្ហាត់​​ក្បាច់​ដើម្បី​សម្លាប់​ដៃ​គូ​ដោយ​ប្រើ​ MMA ឬ ​​ជីជិតស៊ូ​នោះ​ទេ ​ព្រោះ​ពេល​​វា​ខ្លី​ពេក​ ប៉ុន្តែ​លើ​ការពារ​​​រហូត។ ​​ក្នុង​មួយ​សប្ដាហ៍​ ​រតនា ​ហាត់​ជា​មួយ​ខ្ញុំ​ត្រឹម​ ៣ ទៅ ៤​ ម៉ោង​ប៉ុណ្ណោះ។ ដូច្នេះ​យើង​ផ្ដោត​លើ​​របៀប​ការពារ​​ និង ដោះ​ឃ្លេ​ច្រើន​ជាង។ ​ពេល​ខ្លី​បែប​នេះ​យើង​មិន​អាច​បង្ហាត់​ក្បាច់​​ផ្ដួល​គូ​ប្រកួត​បាន​ទេ។​ ​ប៉ុន្តែ ​បើ​ចាន់ រតនា​ ​​ត្រូវ​ប្រកួត​ខ្សែ​ក្រវាត់​​​នៅ ONE ​ទៅ​​ថ្ងៃ​មុខ ​ខ្ញុំ​ត្រូវ​បង្ហាត់​យ៉ាង​ហោច​ ​រយៈ​ពេល​​១​ម៉ោង​កន្លះ​ដែរ​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​​បាន​ប្រាប់ ​ ចាន់ រតនា ​រួច​មក​ហើយ​រឿង​នេះ​ ហើយ​យើង​ត្រូវ​ត្រៀម​​បោះ​ជំរំ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​បំផុត»។

គ្រូ​បង្វឹក​កូន​ខ្មែរ​​-បារាំង​​រូប​នេះ​សង្កត់​ធ្ងន់​ថា ៖«​បច្ចុប្បន្ន​ ​បើ​និយាយ​អំពី​ការ​ដោះ​ឃ្លេ ​មិន​ថា​ឃ្លេ​​ទល់​មុខ និង ឃ្លេ​ពី​ខាង​ខ្នង​ទេ ​​ចាន់ រតនា លេខ​១​ហើយ​ក្នុង​ការ​ដោះ​ចេញ​។ ​កាល​​វ៉ៃ​ជា​មួយ Rudy រតនា​អាច​ដោះ​ឃ្លេ​ពី​ខ្នង​បាន​​​យ៉ាង​ល្អ»។

ប្រធាន​សហព័ន្ធ​ជីជិត​ស៊ូ​កម្ពុជា​​បាន​បន្ត​ថា ​លោក​យល់​ចំពោះ​ស្ថានភាព​របស់​ ចាន់ រតនា​ ​ដោយ​សារ​មាន​ក្លិប​ផ្ទាល់​ខ្លួន​ត្រូវ​បង្ហាត់ ​មាន​ប្រពន្ធ​កូន​ក្នុង​បន្ទុក​​ ​និង ​មាន​ភារកិច្ច​ហាត់​ខ្លួន​ឯង​ទៀត។ នេះ​ជា​ហេតុ​ផល​លំបាក​បន្តិច​ ប៉ុន្តែ រតនា នៅ​ក្រាញ​ននៀល​ និង​អាច​ក្លាយ​ជា​កីឡាករ​MMA ​លេខ​១​​តំណាង​ឲ្យ​កម្ពុជា។​ ​​​​​លោក​ ខូវ វិវឌ្ឍនា ​នៅ​ពី​ក្រោយ​ជ័យជម្នះ​ជា​ប្រវត្តិ​សាស្ត្រ​របស់​ រតនា ​លើ​សង្វៀន ​ ONE ជា​ពិសេស​បំផុត​ គឺ ឈ្នះ​៣​លើក​ជាប់​ក្នុង​ការ​ប្រកួត​​ចុង​ក្រោយ​របស់ រតនា​ ទល់​នឹងAbrou Fernandes ​​​ , ​និង​ Rudy Agustian ​​​និង​​ Gustavo Balart។ ​

ពេល​សួរ​ថា​ ​កន្លង​ទៅ​ជួប​​គូ​ប្រកួត​ដែល​ខ្លាំង​ខាង​​MMA ​និង ចំបាប់​ ចុះ​​បើ​ រតនា ជួប​កីឡាករ​ជំនាញ Kickboxing ឬ ​មាន​ប្រវត្តិ​ប្រដាល់​សេរី​​ដែរ​ តើ​លោក​បង្ហាត់​បែប​ណា​ទៀត? ​លោក វ វិវឌ្ឍនា​ ឆ្លើយ​ថា៖«​​យើង​ត្រូវ​សិក្សា​អំពី​គូ​ប្រកួត។ ​​ប៉ុន្តែ​​យើង​ត្រូវ​បង្កើន​ក្បាច់​ជីជិស៊ូ ឲ្យ​ខ្លាំង​​ក្លា​ជាង​មុន ជា​ពិសេស​ក្បាច់​​ជើង​ និង ដៃ​ដើម្បី​គាប​ផ្ដួល​គូ​ប្រជែង។​ ​ខ្ញុំ​ទទួល​ស្គាល់​ថា ​រតនា មិន​អាច​ឈ្នះ​គេ​​ដោយ​ក្បាច់​ជីជិតស៊ូ ឬ MMA ទេ ប៉ុន្តែ ​យើង​ត្រូវ​ឲ្យ​​​ហាត់​ឲ្យ​បាន​ច្រើន​ម៉ោង​ជាង​បច្ចុប្បន្ន»។

​​លោក​ ខូវ វិវឌ្ឍនា​ ​​ដែល​ជា​កូន​កាត់​​-ខ្មែរ​បារាំង​​ មិន​ត្រឹម​​តែ​គ្រូ​​បង្វឹក​​ក្បាច់​​គុន​ ជីជិតស៊ូ (Jiu Jitsu)​ ​​នៅ​ ​H/Art Academy​ ​ប៉ុន្តែ​​លោក​ក៏​​ជា​ប្រធាន​សហព័ន្ធ​​កីឡា​ជីជិត​ស៊ូ​​កម្ពុជា​ ទៀត​ផង។​ ​​ឆ្នាំ​ដ៏​លេច​ធ្លោ​របស់ ​លោក​ ខូវ វិវឌ្ឍនា​ គឺ​ ​​​​​​​ជា​គ្រូ​បង្វឹក​​ដឹក​នាំ​​ ខាន់ ចេសា ​​​ទៅ​ប្រកួត​នៅ​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី​កាល​ឆ្នាំ ២០១៨​ នៅ​ឥណ្ឌូណេស៊ី​ និង ​ឈ្នះ​មេដាយ​មាស​ជូន​ជាតិ​មាតុ​ភូមិ។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURYONE CENTURY នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA

ត្ថបទ៖ ស៊ីធី

Leave a Reply