ទោះ​​ក្លិ​ប្រដាល់​មិន​មាន​សម្ភារ​ទំនើប​ ប៉ុន្តែ​​គ្រូ​បង្វឹក​ ជា ​រិទ្ធ ​​​​​​​​និង ​កូន​សិស្ស​សុទ្ធ​​តែ​មាន​មហិច្ឆតា​​​ដើម្បី​អភិវឌ្ឍ​ខ្លួន

​លោក​​ ជា រិទ្ធ ​​ជា​គ្រូ​បង្វឹក​និង​​​ជា​ម្ចាស់​​ ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​បាន​បង្ហើប​ថា​ ​ដ្បិត​ក្លិប​មិន​សម្ភារ​ទំនើប​​ដូច​ក្លិប​ប្រដាល់​មួយ​ចំនួន​ ​ប៉ុន្តែ​ លោក​និង​កូន​សិស្ស​មាន​មហិច្ឆតា​​​ដើម្បី​ធ្វើ​ឲ្យ​មាន​​ភាព​រីក​ចម្រើន​ និង​ ​ធ្វើ​ការ​ដោយ​ក្ដី​ស្រលាញ់​​លើ​វិស័យ​ក្បាច់​គុន​ខ្មែរ។​​

​​​លោក​ ជា រិទ្ធ ​បាន​​បញ្ជាក់​ថា៖«​​ខ្ញុំ​និង​កូន​សិស្ស​សុទ្ធ​តែ​បង្ហាញ​ក្ដី​ស្រលាញ់​រហូត​ដល់​ខ្ញុំ​ឈប់​​បង្រៀន​​សិស្ស​នៅ​សាលា​​​​ដើម្បី​បង្ហាត់​សិស្ស​​ប្រដាល់។​ ហើយ​កូន​សិស្ស​ខ្ញុំ​មា្នក់ៗ​ក៏​​ខិត​ខំ​ខ្លាំង​ក្លា​ដែរ​ក្នុង​ដំណើរ​រួម​គ្នា។​ ​​ខ្ញុំ​​មិន​​បោះ​បង់​ងាយៗ​ទេ​ហើយ​ចង់​ពង្រីក​ក្លិប​តទៅ​ទៀត​បើ​មាន​លទ្ធភាព។​ បច្ចុប្បន្ន​ ខ្ញុំ​មាន​កូន​សិស្ស​ ៨ នាក់​ ហើយ​អ្នក​ដែល​សកម្ម​ជាង​​គេ​និង​ឡើង​សង្វៀន​ញឹក​​ដូច​ជា​ គង់ សំបូរ, ឫទ្ធ សាស្ត្រវុធ, រឿន ឈី, ល័ក្ខ លាត​ និង រិទ្ធ វជិរៈ ​ជា​ដើម»។

​គ្រូ​បង្វឹក​ដែល​ដឹក​នាំ​គង់​ សំបូរ ទៅ​ប្រកួត​នៅ​សង្វៀន ​ONE Championship ​កាល​ខែ​ កុម្ភៈ​ បាន​​បន្ត​ទៀត​ថា​ ​បច្ចុប្បន្ន​ក្លិប​មាន​តែ​បាវ​សាក់​មួយ, ស៊ីប​ដៃ​មួយ​គូ,​ ហ្គង់​ពីរ​បី​គូ​, ស៊ីប​ជើង​មួយ ​តាពី​ និង​​ ពិបាក​ពេល​ឡាំ​គ្នា​ដោយ​អត់​មាន​សង្វៀន​ត្រឹម​ត្រូវ ​ហើយ​ ក៏​អត់​មាន​ស្មង​ជើង​ពាក់​​ទាត់​ដែរ។​ ​បញ្ហា​​នេះ​ធ្វើ​ឲ្យ​​ចាញ់​ប្រៀប​​​កីឡាករ​គូ​ប្រជែង​​របស់​ក្លិប​មួយ​ចំនួន​​ដែល​​មាន​សម្ភារ​​ហ្វឹកហាត់​គ្រប់គ្រាន់។ ​យ៉ាង​ណា​​ក្ដី​ ​កូន​សិស្ស​របស់​លោក​ ​ខំ​ក្រាញ​ននៀល​ និង​ ​បង្ហាញ​ខ្លួន​លើ​សង្វៀន​មិន​ចាញ់​កូន​សិស្ស​​​មក​ពី​ក្លិប​ផ្សេងៗ​ដែល​មាន​សម្ភារ​ល្អ​សម្រាប់​ហ្វឹកហាត់​នោះ​ឡើយ។

គ្រូ​​បង្វឹក​រូប​​នេះ​សង្កត់​ធ្ងន់​ថា៖«​យើង​ចាញ់​ប្រៀប​គេ​លើ​សម្ភារ​ហាត់​បន្តិច​ ប៉ុន្តែ​ចិត្តសាស្ត្រ​ ​ក្បាច់​ប្រយុទ្ធ​ និង​ ​ទឹក​ចិត្ត​អ្នក​​ប្រយុទ្ធ​របស់​យើង​មិន​ចាញ់​គេ​ទេ។ ​យើង​ត្រូវ​តែ​ច្នៃ​ និង​ ហាត់​ត្រៀម​​​រួម​ទាំង​ការ​មើល​ចំណុច​ខ្លាំង​របស់​គូបដិបក្ខ»។ ​

​អតីត​កូន​សិស្ស​លោក​ ទឹម ម៉ៃទី ​​​បាន​គូស​បញ្ជាក់​ទៀត​ថា៖«​បើ​មាន​លទ្ធភាព ​ឬ ដៃ​គូ​សហការ​ទៅ​ថ្ងៃ​អនាគត​ ខ្ញុំ​ចង់​ពង្រីក​​និង​រៀប​ចំ​ក្លិប​ឲ្យ​ល្អ​ដោយ​មាន​លក្ខណៈ​​ស្ដង់​​របៀប​ខ្មែរ​មួយ។ ​ប៉ុន្តែ​ពេល​នេះ​មិន​ទាន់​មាន​​លទ្ធភាព​ ​ហើយ​​បន្ត​​​ហ្វឹកហាត់​​ទៅ​ទីតាំង​ជួល​​សិន​។ ​​ខ្ញុំ​មិន​ទាន់​ដឹង​ថា​​អាច​ពង្រីក​ធំ​ពេល​ណា​។ ហើយ​ទីតាំង​បច្ចុប្បន្ន​ គឺ ជួល​គេ​​តម្លៃ​ ១០០ ដុល្លារ​អាមេរិក​ក្នុង​១​ខែ»។

​ទោះ​ជា​ក្លិប​មិន​ទាន់​រីក​ធំ ​​ប៉ុន្តែ​ លោក​នៅ​តែ​មាន​ឆន្ទៈ​ដើម្បី​ជ្រើស​​កីឡាករ​ជំនាន់​ក្រោយ​ឲ្យ​មក​ហ្វឹកហាត់​ដើម្បី​ស្នង​កីឡាករ​ចាស់ៗ។ ​សព្វ​ថ្ងៃ​​​​​​នេះ​មាន​កីឡាករ​វ័យ​​ក្មេង​ទម្ងន់​ ៣០ គីឡូក្រាម​ ​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ដូច​ជា ខេន ​ចៅព្រិន ​និង​ ​រិទ្ធ វជិរៈ ​​ហើយ​ពួក​គេ​​បង្ហាញ​ខ្លួន​លើ​សង្វៀន​នៅ​​រាជធានី​ភ្នំពេញ​ហូរហែ។​ ​ក្នុង​ ការ​ជ្រើស​រើស​កីឡាករ​វ័យ​ក្មេង​​ឲ្យ​ចូល​ហ្វឹកហាត់​ប្រដាល់​នៅ​ក្លិប​ គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ លោក​ ជា រិទ្ធ​ ​ផ្ដោត​លើ​​ក្ដី​​យុវជន​មាន​ក្ដី​ស្រលាញ់​​ពិត​ប្រាកដ​ ទេព​កោសល្យ ​និង​ ពុះពារ​ហ្វឹកហាត់​ដើម្បី​ប្រយុទ្ធ ​មិន​​មែន​យក​អ្នក​អត់​មាន​ឆន្ទៈ​មក​ហ្វឹកហាត់​នោះ​ឡើយ។

​​​គួរ​បញ្ជាក់​ថា​ ​ក្លិប​ប្រដាល់​​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​​​ស្ថិត​នៅ​​ភូមិ​ថ្មី​ ឃុំ​ស្វាយដង្គំ​​ ​ស្រុក​សៀមរាប​ ខេត្ត​​សៀម​រាប។​ ​​ក្លិប​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​​២០១៣​ ដែល​មាន​​លោក​ ជា រិទ្ធ​ ជា​​អ្នក​ផ្ដួច​ផ្ដើម​ និង​ ​​ជា​ម្ចាស់​ក្លិប។

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA

​​ អត្ថបទ៖ ស៊ីធី ​​

Leave a Reply