ចាន់ ​រតនា ​ផ្លាស់​ប្ដូរ​​ទីតាំង​ក្លិប​​​​​ថ្មី​ និង​​សង្ឃឹម​ថា​​កូន​សិស្ស​នៅ​តែ​ទាក់ទង​​ហ្វឹកហាត់​ផុលផុស​​ដូច​ដើម

ក្លិប​ «សិល្បៈ»​ ​ដែល​​​​ជា​កម្មសិទ្ធិ​របស់​ អ្នក​លេង​គុន​​ចម្រុះ​ល្បី​ឈ្មោះ​ ចាន់ រតនា ​នោះ​បាន​ប្ដូរ​ទៅ​កាន់​​ទីតាំង​ថ្មី​ផ្ទះ​លេខ​​១០៩​ ​ផ្លូវ​​ ១៣ BT ​​សង្កាត់​បឹងទំពន់​១​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ (ទល់​​មុខ​នឹង​ Phnom Penh Sports Club ​ផ្លូវ​​២៧១)។​ ទី​តាំង​​​ក្លិប​ចាស់​ដែល​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​នោះ​​​បាន​​ផុត​កិច្ច​សន្យា​​ត្រឹម​​ខែ​ សីហា​​ នេះ​ បន្ទាប់​ពី​ហ្វឹកហាត់​ និង រស់​នៅ​រយៈ​ពេល​ ​៣ ​ឆ្នាំ។​ ​ការ​ផ្លាស់​ទៅ​​កន្លែង​ថ្មី​​នេះ​ដោយ​សារ​​​ម្ចាស់​​​​ទីតាំង​​​យក​ទៅ​លក់​​ឲ្យ​អ្នក​ថ្មី។

​ចាន់​ រតនា ​​បាន​ថ្លែង​ថា៖«​ខ្ញុំ​គិត​ថា​​ទីតាំង​នេះ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ​ហើយ​​ក្បែរ​​​​ក្លិប​​ហាត់​កីឡា​ទៀត​ នៅ​​​​​ម្ដុំ​ផ្លូវ​ ២៧១។ ​ខ្ញុំ​ជឿជាក់​ថា​កូន​សិស្ស​នៅ​តែ​មក​ហាត់​ច្រើន​ដូច​ដើម។ ​នៅ​ក្លិប​ចាស់​ខ្ញុំ​មាន​​កូន​សិស្ស​ប្រហែល​ជាង​ ៥០ នាក់។ ​​តាម​ពិត​គោល​ដៅ​របស់​ខ្ញុំ​ …ចង់​ជួល​នៅ​ម្ដុំ​​ទួល​ទំពូង​​ព្រោះ​សម្បូរ​​ដោយ​កូន​សិស្ស​បរទេស​ច្រើន​ ប៉ុន្តែ​រក​អត់​បាន។ ​ដូច្នេះ​ទីតាំង​​​ថ្មី​ក៏​មើល​ទៅ​ល្អ​ដែរ ​និង មិន​ឆ្ងាយ​​​ទេ»។

ប្រកួតចុង​ក្រោយ​របស់ ចាន់ រតនា ៖

https://www.onefc.com/videos/gustavo-balart-vs-chan-rothana/

ទីតាំង​ថ្មី​ខាង​លើ​​នេះ​មាន​ទំហំ​​ទទឹង​​ប្រហែល​​១៦ ម៉ែត្រ​ និង​បណ្ដោយ​ ​ប្រហែល​ ៣០ ​ម៉ែត្រ។ ​ទីតាំង​នេះ​​​តូច​ជាង​ទីតាំង​ចាស់​​នៅ​ម្ដុំ​គុក​ទួល​ស្លែង​បន្តិច​​ប៉ុន្តែ​ ​មើល​ទៅ​កន្លែង​រៀប​ចំ​ហ្វឹកហាត់​ប្រសើរ​ដែរ។ ​​សម្ភារ​​ និង​ ឧបករណ៍​ហ្វឹកហាត់​​ត្រូវ​បាន​ដឹក​​ជញ្ជូន​​រួចរាល់​ពី​ក្លិប​ចាស់​ ​ហើយ​​ រតនា ​រំពឹង​ថា​​​​ក្លិប​នឹង​ដំណើរ​ការ​ហ្វឹកហាត់​នា​​ដើម​ខែ ​កញ្ញា​ នេះ។​

ជើង​ខ្លាំង​គុន​ចម្រុះ​​វ័យ​ ៣៣ ឆ្នាំ​​​សង្កត់​ធ្ងន់​ថា៖«​តម្លៃ​​​ជួល​ទីតាំង​ថ្មី​នេះ​​មួយ​ខែ​ ជាង​​៦០០ ​ដុល្លារ​អាមេរិក​ ដែល​ថោក​ជាង​ក្លិប​ចាស់​ជាង​​ ២០០ ដុល្លារ។​ យើង​ជួល​ពីរ​ឆ្នាំ​សិន​ ​បើ​យ៉ាង​ម៉េច​យ៉ាង​ម៉ា​យើង​អាច​បន្ត​ទៀត»។ ​

ក្លិប​ «សិល្បៈ» ​នៅ​​ទីតាំង​ថ្មី​ ​ក៏​ដូច​ក្លិប​​ចាស់​ដែរ​ មិន​ត្រឹម​តែ​បង្ហាត់​កីឡាករ​អាជីព​ទេ ​ប៉ុន្តែ​ ​មាន​ទទួល​​ម៉ោង​ហ្វឹកហាត់​ដើម្បី​​សុខភាព​​ផង​ដែរ។ ​នា​ពេល​កន្លង​ទៅ​​​ ​មាន​ជន​បរទេស​ ​​​ចូល​រួម​ហ្វឹកហាត់​ប្រមាណ​ ​៣០ ​នាក់​​​ដែល​​ពួក​គេ​ចង់​ចេះ​គុន​ខ្មែរ​ ឬ ​សុខភាព​​មាំទាំ​ និង ​អ្នក​ខ្លះ​​​​ហ្វឹកហាត់​ដើម្បី​ចង់​ឡើង​ប្រកួត​ទៅ​ថ្ងៃ​អនាគត។ ​ការ​​​ហ្វឹកហាត់​​​ត្រូវ​បែង​​ចែក​ជា​ ​៣ វេន​ ពោល​វេន​ព្រឹក​ ថ្ងៃរសៀល​​ និង ល្ងាច។

​ចាន់ រតនា ​ជា​​កីឡាករ​មាន​​ក្បាច់​បាត​​​ពេល​ហ្វឹកហាត់​យុទ្ធ​គុន​ខម​ជា​មួយ​​​ឳ​ពុក​ ចាន់ ប៊ុនធឿន ​​និង​ ​គុន​ខ្មែរ​ជា​ហូរហែ​ មុន​ពេល​ចាប់​​អាជីព​​ជា​អ្នក​លេង​ក្បាច់​គុន​ចម្រុះ។ ​រតនា ​ជា​កីឡាករ​លេច​ធ្លោ​បំផុត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ នៅ​សង្វៀន ONE Championship ជា​ពិសេស​​​ ​ជ័យជម្នះ​​ ៣​ ប្រកួត​ចុង​ក្រោយ​​​មិន​ធ្លាប់​មាន​​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ត្រូវ​បាន​ចារ​ក្នុង​​​ប្រវត្តិសាស្ត្រ។

បើ​សរុប​កំណត់​ប្រកួត​ ​​ចាន់ រតនា ឈ្នះ​ ៧ ដង​ និង​ ចាញ់​ ៣​ ដង​បន្ទាប់​ពី​​ប្រកួត​​លើ​សង្វៀន​គុន​​ចម្រុះ​តាំង​​ឆ្នាំ​ ២០១៥​មក។ ក្នុង​៣​លើក​ចុង​ក្រោយ ​ម្ចាស់​ក្លិប «សិល្បៈ» ​​វាយ​កីឡាករ​ឥណ្ឌូណេស៊ី​ ពីរ​រូប​ ABRO Fernandez និង​​ Rudy Agustian ​ត្រឹម​ទឹក​ទី២​ មុន​ពេល​​ឈ្នះ​ពិន្ទុ ​ជើង​ខ្លាំង​គុយបា​ Gustavo Balart ​នា​ពាក់​កណ្ដាល​ខែ​ សីហា​ កន្លង​ទៅ។

អ្នក​​ស្រលាញ់​សុខភាពឬ ​ក្បាច់​គុន​អាច​ទាក់ទង​ហ្វឹកហាត់​បាន​តាម​រយៈ​​លេខ​ទូរសព្ទ​ រតនា៖ ០៩២ ៣៤៥ ៤៣៩

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ​ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​https://www.facebook.com/ONEChampionship/, ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី

Leave a Reply