មាស ម៉ើ រៀប​ចំ​ខ្លួន​​ប៉ង​​ទៅ​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​ចុង​ឆ្នាំ​នេះ​

អ្នក​​លេង​គុន​​ចម្រុះ​ មាស ​ម៉ើ​ ​​​​​ដែល​​មាន​បទ​ពិសោធន៍​​ក្នុង​ការ​ប្រកួត​​គុន​ចម្រុះ​នៅ​ប្រទេស​ថៃ និង​ សង្វៀន​ ONE Championship ​នា​ពេល​កន្លង​មក​​បាន​វិល​មក​​ប្រឡូក​​ការ​​ប្រកួត​​ម្ដង​ទៀត​ពេល​គេ​ឃើញ​ចូល​រួម​ក្រុម​​​កីឡា​នគរបាល​ជាតិ​​ទៅ​ប្រកួត​នៅ​ចិន​​ក្នុង​រយៈ​ពេល​ ២ សប្ដាហ៍​កន្លង​ទៅ​នេះ។​ ​រឿង​នេះ​​​​បង្កើត​ជា​ចម្ងល់​យ៉ាង​ច្រើន​ ថា​តើ​អ្នក​លេង​ក្បាច់​គុន​​ជើង​ចាស់​រូប​នេះ​​​អាច​វិល​មក​រក​​សង្វៀន​វិញ​​​យ៉ាង​ណា?

ទាក់​ទិន​​​​ចម្ងល់​នេះ​ មាស ​ម៉ើ​ គូស​បញ្ជាក់​ថា៖«​បាទ!​​ខ្ញុំ​បាន​ទៅ​ចូល​រួម​ជា​មួយ​ក្រុម​កីឡា​នគរបាល​​ជាតិ​ដែល​ប្រកួត​​នៅ​ចិន​តាម​ការ​ស្នើ​សុំ​របស់​ថ្នាក់​ដឹក​នាំ។ ​ខ្ញុំ​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ជីជិតស៊ូ។ ​ស្ដាយ​ខ្ញុំ​ឈ្នះ​ជុំ​ទី១​ និង​ ទី២ តែ​ចាញ់​ជុំ​ទី៣។ ​តាម​ពិត​ខ្ញុំ​ត្រូវ​ប្រកួត​​យូដូ​ តែ​មាន​កីឡាករ​យើង​ម្នាក់​ទៀត​ប្រកួត​ហើយ។ ​ដូច្នេះ​កុំ​ឲ្យ​ជាន់​គ្នា​ ខ្ញុំ​ក៏​ទៅ​វ៉ៃ​ វិញ្ញាសា​ជីជិតស៊ូ​វិញ​ទៅ»។

​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​កំពុង​តែ​រក្សា​លំនឹង​​គីឡូ​ត្រឹម​​ ៦៥ ​ឬ ៦៦ គីឡូក្រាម​ដើម្បី​​ដាក់​គោល​ដៅ​ទៅ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​​បាន​ម្ដង​ក្នុង​ជីវិត។ ​​​អ្នក​លេង​​ក្បាច់​គុន​​យូដូ​ដែល​ឡើង​​ប្រកួត​សង្វៀន​គុន​ចម្រុះ​តាំង​ឆ្នាំ​ ២០១៣​ ​មក​នោះ​​ធ្លាប់​​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ និង​ ​កម្មវិធី​យុវជន​មួយ​ចំនួន​ក្នុង​វិញ្ញាសា​យូដូ​ ប៉ុន្តែ​មិន​ធ្លាប់​​ចូល​រួម​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​កម្ពុជា​​នោះ​ឡើយ។

វីដេអូ មាស ម៉ើ ប្រកួត  Kelly

https://www.onefc.com/videos/meas-meul-vs-edward-kelly-3/

 

កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​​​វ័យ​ ​២៩ ឆ្នាំ​​គូស​​បញ្ជាក់​ថា៖«​​​ខ្ញុំ​អាច​សម្រក​គីឡូ​បាន​ពី​ ​ជាង​៨០​គីឡូ​​មក​ត្រឹម​ ៦៦ គីឡូក្រាម​ក្នុង​រយៈ​ពេល​ ២ ទៅ ​៣ ខែ។ ហើយ​ខ្ញុំ​​នៅ​តែ​បន្ត​រក្សា​លំនឹង​​គីឡូ​នេះ​ដដែល។ ​ខ្ញុំ​ខំ​ហាត់​ខ្លួន​ឯង​ ​ត្រូវ​តម​ការ​ញុំា​បន្ថែម​ ​ហើយ ​បើ​មាន​ឱកាស​គឺ​​ចង់​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE ជា​ថ្មី​ដែរ។ ​ប៉ុន្តែ ​ខ្ញុំ​ដាច់​ខាត​ខ្ញុំ​ត្រូវ​វ៉ៃ​គីឡូ​ ៦៦​ ​មិន​វ៉ៃ​គីឡូ​លើស​ហ្នឹង​ទេ​ ព្រោះ​ខ្ញុំ​ធ្វើ​បាន​ល្អ​មែន​ទែន​​ត្រឹម​ទម្ងន់​នេះ។ ​បើ​ប្រកួត​គីឡូ​លើស​ហ្នឹង គឺ​​ ខ្ញុំ​​អត់​​វ៉ៃ​ទេ»។

​​​​កីឡាករ​​មក​ពី​ស្រុក​បារាយណ៍​ខេត្ត​កំពង់​ធំ​​សង្កត់​ធ្ងន់​ថា៖«ខ្ញុំ​ធ្លាប់​ចូល​​រួម​លំដាប់​អន្តរជាតិ​ច្រើន​ដែរ​ តែ​ខ្ញុំ​អត់​ដែល​បាន​ទៅ​ស៊ីហ្គេម​ទេ។ ​ដូច្នេះ​​ខ្ញុំ​ស្នើ​ទៅ​ថ្នាក់​លើ​ធ្វើ​តេស្ត។ ​ខ្ញុំ​វ៉ៃ​ឈ្នះ​កីឡាករ​​ជម្រើស​ជាតិ​ខ្មែរ​រហូត ៥​ នាក់​កាល​ថ្ងៃ​សុក្រ​ក្នុង​វិញ្ញាសា​យូដូ។ ​​ខ្ញុំ​រង់​ចាំ​​​ធ្វើ​តេស្ត​​វ៉ៃ​ម្នាក់​ទៀត​​ដែល​គាត់​​ទៅ​ហាត់​នៅ​បារាំង​យូរ​ឆ្នាំ។ ​ខ្ញុំ​នឹង​តេស្ត​ថ្ងៃ​ទី​៣១ ខែ តុលា ខាង​មុខ​​ជា​មួយ​គាត់។ ​​បើ​ខ្ញុំ​ឈ្នះ ​ខ្ញុំ​ចង់​ទៅ​ប្រកួត​ឲ្យ​ជម្រើស​ជាតិ។ ប៉ុន្តែ​បើ​ខ្ញុំ​ចាញ់​ ​​​ឲ្យ​គេ​ទៅ​ចុះ​ក្នុង​គីឡូ​៦៦​គីឡូក្រាម»។

គួរ​ដឹង​ថា​ មាស ម៉ើ​ ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ព្រឹត្តិការណ៍​​ប្រកួត​គុន​ចម្រុះ​នៅ​កម្ពុជា​ ឬ ខ្សែ​ក្រវាត់ Khmer Warriors Challenges វគ្គ​ ២ ដែល​រៀប​ចំ​ដោយ​ស៊ីធីអិន និង MyTV។ ​ទោះ​ឃ្លាត​ពី​​សង្វៀន​មួយ​រយៈ​ដោយ​សារ​ជាប់​រត់​ឡាន​ទូរីស ​១២ កៅ​អី​​ពី​ភ្នំពេញ​​-កំពង់​ធំ ​​​ដើម្បី​រក​លុយ​ចិញ្ចឹម​គ្រួសារ​​ ក៏​​កីឡាករ​រូប​នេះ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​​​គ្រូ​បង្វឹក​​ ហ៊ុន ច័ន្ទរាជ្យ ​ហើយ​​​គ្រូ​បង្វឹក​នៅ​ Cambodian Top Team ​​នៅ​តែ​ចង់​​ឲ្យ ​​​​មាស ម៉ើ​ ​​​ ត្រលប់​មក​ហ្វឹកហាត់​វិញ​ដើម្បី​ចាប់​គូ​ប្រកួត។ ​

មាស ម៉ើ​ ​ ផ្អាក​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨​មក​ម៉្លេះ ​ក្រោយ​ ​ចាញ់​កីឡាករ​ហុល្លង់​ Anthony Engelen ​នៅ​សង្វៀន​ ONE: HEART OF THE LION ​នា​ប្រទេស​សិង្ហបុរី។ ​ មាស ម៉ើ​ ចាប់​ផ្ដើម​ហ្វឹកហាត់​​​ក្បាច់​​​គុន​​ដំបូង​គឺ​ យូដូ។ ​​មាស ម៉ើ​ ​ជា​អតីត​​កីឡាករ​ជម្រើស​ជាតិ​យូដូ​ និង ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដង។ មាស ម៉ើ​ ​ប្រឡូក​​ក្នុង​សង្វៀន​គុន​​ចម្រុះ​​ទាំង​ក្នុង​ស្រុក​ និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង​ ចាញ់​ ៣។

 

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​តាម​រយៈ​ https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី ​

Leave a Reply