កីឡាការិនី​​ខ្មែរ​អាមេរិក​​​​ដែល​​ទើប​ចុះ​ឈ្មោះ​ថ្មី​ៗ​បង្ហាញ​អំពី​មោទនភាព​​​តំណាង​ឲ្យ​កម្ពុជា​ពេល​​ឡើង​​ប្រកួត​ខាង​មុខ

​កីឡាការិនី​​ខ្មែរ-​អាមេរិក Linda Chhon ​ដែល​បាន​ចុះ​ឈ្មោះ​ជា​សមាជិក​​​នៅ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​នា​​ពេល​ថ្មីៗ​នេះ​​បាន​បង្ហាញ​អំពី​មោទនភាព​​ដើម្បី​ប្រកួត​​​​តំណាង​ឲ្យ​កម្ពុជា​​នៅ​ថ្ងៃ​ខាង​មុខ។ ​សង្គ្រាម​ ​បាន​ធ្វើ​​​ឲ្យ​ លីនដា ​រស់​ភៀស​ខ្លួន​ជា​មួយ​​គ្រួសារ​រហូត​ដល់​​ទឹក​ដី​អាមេរិក​​ដោយ​មិន​សូវ​បាន​ស្វែង​យល់​ច្រើន​អំពី​វប្បធម៌​ខ្មែរ​ ប៉ុន្តែ​ លីនដា ​នៅ​តែ​ទទួល​​វា​ពី​​ឳ​ពុក​ម្ដាយ​របស់​ខ្លួន។

លីនដា​ ដែល​កំពុង​ហ្វឹកហាត់​ហាត់​នៅ​ក្លិប​ប្រដាល់​ Niavaroni Kickboxing Inc ​​នា​ទឹក​ដី​អាមេរិក​​​​​​ថ្លែង​ថា៖«​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​​ទំនុក​ចិត្ត​និង​មាន​អារម្មណ៍​ពិសេស​ដែល​​បាន​ផ្សារភ្ជាប់​​​ឈាម​ជ័រ​ជា​មួយ​ខ្មែរ​ឡើង​វិញ​ និង ​​ជា​​កីឡាការិនី​តំណាង​ឲ្យ​ខ្មែរ។ ​ការ​តភ្ជាប់​និង​ការ​គាំទ្រ​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់។ ​ខ្ញុំ​​សូម​អរគុណ​ដែល​ខ្ញុំ​បាន​រួម​ចំណែក​ដ៏​តូច​មួយ​ក្នុង​សហព័ន្ធ​ និង​ ក្បាច់​គុន​ខ្មែរ»។

ចុច​អាន​ ONE: Immortal Triumph ​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី​ ៦​ ​កញ្ញា​ ខាង​មុខ

 

កីឡាការិនី​វ័យ​៣៨​ឆ្នាំ​បាន​រៀបរាប់​ទៀត​​ថា៖«​ខ្ញុំ​បាន​ឆ្លង​កាត់​វប្បធម៌​ជា​​ច្រើន​ ប៉ុន្តែ​វប្បធម៌​​សំខាន់​បំផុត​នោះ គឺ​​​វប្បធម៌​​ត​​ពី​​ឳ​ពុក​ម្ដាយ​របស់​ខ្ញុំ។ ពី​មុន​ខ្ញុំ​អត់​ទាន់​ស្គាល់​គុន​ខ្មែរ​ ប៉ុន្តែ​ ​​ខ្ញុំ​ចូល​ហ្វឹកហាត់​មួយថៃ​ពេល​នៅ​ក្មេង​កាល​អាយុ​ ១១ ​ឆ្នាំ​ ​ហើយ​ពេល​​នោះ​ ខ្ញុំ​និង​​បង​ប្អូន​ជីដូន​មួយ​ស្នាក់​នៅ​ជំរំ​​នៅ​ស្រុក​ថៃ Si Be ក្រោយ​រត់​ភៀស​ខ្លួន។ កាល​នោះ​បង​ប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​បាន​ហាត់​ទាត់ និង ​ដាល់។ ពេល​នោះ​យើង​​​មិន​ដឹង​ថា​វា​ជា​​ក្បាច់​គុន​ខ្មែរ​របស់​យើង​នោះ​ឡើយ »។

លីនដា​ បាន​យល់​ឃើញ​ថា​ ​ការ​ដែល​ក្លាយ​ជា​កីឡាការិនី​តំណាង​ឲ្យ​ខ្មែរ​ជា​រឿង​មួយ​​អស្ចារ្យ​​ព្រោះ​មាន​វប្បធម៌​ល្អ​ផូរផង់។ ​​លីនដា​សង្កត់​ធ្ងន់​ថា៖«​​គោល​បំណង​របស់​ខ្ញុំ​ ពេល​ដើរ​ចូល​សង្វៀន​ ឬ ដើរ​មុន​ប្រកួត​ ខ្ញុំ​នឹង​ធ្វើ​ពិធី​រាំ​ក្បាច់​អប្សរា​។​ ខ្ញុំ​ស្រលាញ់​ទូទាំង​ពិភព​លោក និង​ចង់​បង្ហាញ​ថា​យើង​ជា​អ្នក​​ស្នង​សិល្បៈ​ជំនាន់​ក្រោយ​របស់​ខ្មែរ។ ​យើង​ប្រកួត​ដើម្បី​​រស់រាន​​មាន​ជីវិត​ , ​ប្រកួត​ដើម្បី​ការ​​រស់​នៅ​ប្រចាំ​ថ្ងៃ និង​ប្រកួត​ដើម្បី​មោទនភាព»។

​ជា​មួយ​គ្នា​នោះ​ដែរ​ លោក​ កែ ប៊ិនសូរស្មី ​អនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​​គុន​ចម្រុះ​កម្ពុជា​​​ថ្លែង​ថា សហព័ន្ធ​បាន​បើក​ទ្វារ​សម្រាប់​​កីឡាករ​រាល់​គ្នា​មិន​ថា​កីឡាករ​ក្នុង​ស្រុក​, នៅ​ក្រៅ​ប្រទេស ឬ ​ជា​ជន​បរទេស​ដែល​រស់​នៅ​កម្ពុជា​នោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​ពួក​គេ​ប្រកួត​តំណាង​ឲ្យ​ទង់​ជាតិ​កម្ពុជា។ លោក​បញ្ជាក់​ទៀត​ថា​ កម្រិត​​តូច​ទាប​ មិន​សំខាន់​ទេ ប៉ុន្តែ​រឿង​សំខាន់​គឺ​ពួក​គេ​មាន​ឆន្ទៈ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ទាំង​ក្បាច់​គុន​ ឬ ក្បាច់​ MMA។

​​លោក​គូស​បញ្ជាក់​​​បែប​​នេះ​ទៀត​ថា​ សហព័ន្ធ​មិន​ផ្ដោត​តែ​លើ​កីឡាករ​អាជីព​នោះ​ទេ​​ ប៉ុន្តែ​ក៏​ផ្ដោត​លើ​​កីឡាករ​ស្ម័គ្រចិត្ត​​ដែរ​ហើយ​រឿង​​ដែល​ត្រូវ​ដឹង​នោះ​​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​​អាច​ឡើង​ប្រកួត​ក្នុង​កម្រិត​អន្តរជាតិ​នោះ​ឡើយ។ ​លោក​សង្កត់​ធ្ងន់​​ថា៖«​​​រឿង​ចាំ​បាច់​ ​ក្នុង​នាម​ជា​កីឡាករ​ ​យើង​ត្រូវ​តែ​មាន​មោទនភាព​ចំពោះ​កម្ពុជា​​និង​​​ត្រូវ​ទទួល​ការ​តប​ស្នង​ពី​ការ​ខំ​ប្រឹង»។ ​

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​​​ ពី​សង្វៀន​ ONE: IMMORTAL TRIUMPH ​​នៅ​ថ្ងៃ​ទី​ ៦ ខែ កញ្ញា​ ​​​​ដែល​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ចាប់​ពី​ម៉ោង​៥:៣០ ​ល្ងាច​តទៅ​តាម​រយៈ​ https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ ​​

អត្ថបទ៖ ស៊ីធី ​

 

Leave a Reply