គ្រូ​បង្វឹក​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​​ក្បាច់​គុន​​ជីជិតស៊ូ​ ​​វិភាគ​ការ​ប្រកួត​រវាង​ ចាន់ រតនា និង​ ​ជើង​​ខ្លាំង​គុយបា​ Gustavo Balart នៅ​សង្វៀន​ ONE: DREAMS OF GOLD

គ្រូ​បង្វឹក​​​ខ្សែ​ក្រវាត់​ខ្មៅ​៣​ដាន់​​ខាង​ក្បាច់​គុន​ ​ជីជិស៊ូ​ លោក​​ Fernando Salvador បាន​​ចេញ​មុខ​​មក​វិភាគ​ការ​ប្រកួត​រវាង​​កំពូល​កីឡាករ​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ​និង​ ជើង​ខ្លាំង​​សញ្ជាតិ​គុយបា​ Gustavo Balart ​នៅ​សង្វៀន​ ONE: DREAMS OF GOLD ​ដែល​រៀប​ចំ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​នា​ថ្ងៃ​សុក្រ​​ទី​ ១៦ ខែ ​សីហា​ ឆ្នាំ​ ២០១៩​ ​ចុង​សប្ដាហ៍​នេះ​ចាប់​ពី​ម៉ោង​ ៥ ​ល្ងាច​តទៅ។ ​ប៉ុន្តែ គូ​ ចាន់ ​រតនា ​ និង Balart អាច​នឹង​ចាប់​ផ្ដើម​ប្រកួត​វេលា​ម៉ោង​ ៨:៣០ យប់។ ​

 

គ្រូ​បង្វឹក​រូប​នេះ​បាន​​វិភាគ​ថា​ ​ចាន់ រតនា​ ​មាន​​ឱកាស​ល្អ​ដើម្បី​ឈ្នះ​ការ​ប្រកួត​តាម​រយៈ​ការ​រៀប​គម្រោង​ការពារ​ទប់​​​​ទល់​នឹង​អ្នក​ជំនាញ​ផ្នែក​ចំបាប់, ​និង​ ​ដៃ​គូ​​ប្រយុទ្ធ​​មាន​កម្លាំង​​ខ្លាំងក្លា។ ​លោក​បន្ត​ថា​ ​​រតនា​ ​ត្រូវ​​តែ​មាន​ការ​រៀប​ចំ​ខ្លួន​​ល្អ​ និង ​ប្រើ​តិកនិក​​ឲ្យ​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន​ចំពោះ​ Balart ដែល​ជា​កីឡាករ​ចំបាប់​​ធ្លាប់​ប្រកួត​នៅ​ព្រឹត្តិការណ៍​​អូឡាំពិក​តំណាង​ឲ្យ​គុយបា។

វីដេអូ ប្រកួត​ចុង​​ក្រោយ​របស់ Balart នៅ​សង្វៀន ONE៖

https://www.onefc.com/videos/gustavo-balart-vs-tatsumitsu-wada-2/

គ្រូ​បង្វឹក​ដែល​​មាន​កូន​សិស្ស​ MMA ជា​ច្រើន​នៅ​កម្ពុជា​​បង្ហើប​​បច្ចេកទេស​ដល់​ រតនា បែប​នេះ៖« Balart ​ច្បាស់​​ជា​ព្យាយាម​ចូល​ចាប់ និង ​បោក​ទៅ​នឹង​​ក្ដារ​រេញ​លើ​ រតនា ​និង បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។ Balart គេ​មាន​កម្លាំង​ខ្លាំង​ណាស់ និង ​មាន​ពិសោធន៍​ច្រើន​​ក្នុង​ពិភព​កីឡា​ចំបាប់​ទៀត​ផង»។

​គ្រូ​បង្វឹក​ដែល​​បាន​ហ្វឹកហាត់​ជា​មួយ​គ្រូ​គុន​ស្ថាបនិក​ MMA នៅ​អាមេរិក​​ដដែល​នេះ​​គូស​បញ្ជាក់​ថា​ វា​ជា​ភ័ព្វ​សំណាង​មួយ​ ព្រោះ​ រតនា ​បាន​ហ្វឹកហាត់​​ត្រៀម​ជា​ច្រើន​​ដើម្បី​តតាំង​​ជើង​ខ្លាំង​ដូច​ Balart ​ហើយ វា​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​រំភើប​សម្រាប់​យុទ្ធសាស្ត្រ​ប្រយុទ្ធ​របស់ រតនា ​​​​​ពេល​ប៉ះ​ ម្ចាស់
​មេដាយ​មាស Pan American Games ឆ្នាំ​​ ​២០១១។

វីដេអូ ប្រកួត​ចុង​ក្រោយ​របស់ ចាន់ រតនា នៅ​សង្វៀន ONE ៖

https://www.facebook.com/watch/?ref=external&v=285599738983787

 

បែប​ណា​ក្ដី​​គ្រូ​បង្វឹក​​សញ្ជាតិ​អាមេរិក​​ សង្កត់​​ធ្ងន់​ថា ​​ម្ចាស់​ក្លិប​ «សិល្បៈ»​ ត្រូវ​ប្រើ​ក្បាច់​ពី​ចម្ងាយ ​និង ប្រើ​ជង្គង់​អុក​ដើម្បី​​កាត់​ទប់​ក្បាច់​របស់ Balart។ ព្រោះ​ការ​ធ្វើ​​បែប​នេះ​អាច​ការពារ​​កីឡាករ​គុន​ចម្រុះ​កម្ពុជា​ពី​ការ​ប៉ុនប៉ង​ផ្ដួល ដែល​អាច​ចាញ់​​នៅ​លើ​ក្ដារ​រេញ ​ប្រសិន​ជា​ដួល។ យ៉ាង​ណា​​ក្ដី ​គ្រូ​បង្វឹក​គុន​ចម្រុះ​រូប​នេះ​ ​​បាន​រៀប​រាប់​ទៀត​ថា ​កីឡាករ​មក​ពី​គុយបា ​​​មាន​កម្ពស់​ទាប​ជាង​ចាន់ រតនា ​​ប៉ុន្តែ​ មាន​បម្លាស់ទី​រហ័សរហួន​ មិន​ចាញ់​​ រតនា​ ឡើយ។ ​នេះ​ជា​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​បំផុត​សម្រាប់​អ្នក​គាំទ្រ​នៅ​កម្ពុជា ​និង ​ពិភព​លោក។

លោក​​ Fernando ​ផ្ដល់​យោបល់​​ទៀត​ថា៖«​បើ​ចង់​មាន​ប្រៀប​លើ Balart ​, ចាន់ រតនា ​ត្រូវ​តែ​ប្រើ​​ក្បាច់​គុន​ខ្មែរ​ឲ្យ​បាន​ច្រើន​, ​​កុំ​ចូល​កៀក​ពេក​ដោយ​វ៉ៃ​​, ជង្គង់ និង​ទាត់​ពី​ចម្ងាយ​សំដៅ​ផ្នែក​ខាង​លើ​នៅ​ទឹក​ទី២ និង ទី៣»។

Balart ​ពិត​ជា​អស្ចារ្យ​ ដោយ​ឈ្នះ​ ៨ លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​លើ​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​យ៉ាង​ណា​ក្ដី​ បុរស​វ័យ ៣២ ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ Tatsumitsu Wada ​​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន។​ ​​ផ្ទុយ​ទៅ​វិញ​​ម្ចាស់​ក្លិប​ «សិល្បៈ» ​ ​ចាន់ រតនា ​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន ONE ទល់​នឹង​កីឡាករ​សញ្ជាតិ​ឥណ្ឌូណេស៊ី​ Rudy Agustian។​ ​តើ ចាន់ រតនា អាច​ឈ្នះ​ Balart ​ដើម្បី​បង្កើន​កំណត់​ត្រា​ឈ្នះ​ ៣ លើក​ជាប់​គ្នា​នៅ​សង្វៀន​អន្តរជាតិ​ ONE ទេ? ​
សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE: DREAMS OF GOLD ពី​​ប្រទេស​ថៃ​នា​​​ល្ងាច​ថ្ងៃ​ទី​ ១៦ ​សីហា ចាប់​ពី​ម៉ោង​ ៥​​ល្ងាច​​តទៅ ​ តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​, ONE Super App និង​ YouTube: https://www.youtube.com/user/OneFCMMA ៕ អត្ថបទ៖ ស៊ីធី ​

Leave a Reply