គង់ សំបូរ ​​ថា​​សង្វៀន ​ ONE ​ជា​ការ​ប្រកួត​ដ៏​​ធំ​បំផុត​​របស់​​ខ្លួន​ និង ​​ការ​អភិវឌ្ឍន៍​​របស់​កីឡាករ​ខ្មែរ

សង្វៀន​ ONE ​Championship ​កំពុង​ទទួល​បាន​​ការ​គាំទ្រ​​​នៅ​​​ទ្វីប​អាស៊ី​ , ​ទ្វីប​​អាមេរិក​ និង ​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន។ ​​ក្នុង​នោះ​​​អ្នក​លេង​គុន​ខ្មែរ​ គង់​ សំបូរ​ មក​ ​ក្លិប​គុហារ​ព្រហ្ម​ជ័យ​ខេត្ត​សៀម​រាប​ ​​បាន​បង្ហើប​ថា​ ONE ជា​សង្វៀន​ធំ​បំផុត​ និង មាន​មោទនភាព​​ក្រៃ​លែង​ដែល​បាន​​ឡើង​ប្រកួត​លើ​សង្វៀន​លំដាប់​ពិភព​លោក​មួយ​នេះ។ ​មួយ​ទៀត​​​ ​​វា​ជា​ទី​​ដែល​កីឡាករ​ខ្មែរ​អភិវឌ្ឍ​ខ្លួន​ ព្រោះ​​សម្បូរ​ដោយ​​គូ​ប្រកួត​​​កម្រិត​កំពូល​​ជា​ច្រើន​​ដែល​ត្រូវ​តែ​រៀន​សូត្រ​តាម។ ​

​គង់​ សំបូរ​ ​ថ្លែង​​​ថា​ ៖«​ក្នុង​ជីវិត​ខ្ញុំ​លើក​ទី១​ហើយ​ដែល​បាន​ជាន់​រេញ​លំដាប់​ពិភព​លោក ​​ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ណាស់។ ​​ហើយ​ ONE ​ជា​សង្វៀន​ធំ​បំផុត​សម្រាប់​កីឡាករ​ខ្មែរ​យើង​ដែរ​ ​និង​ ជួយ​​ឲ្យ​កីឡាករ​យើង​រួម​ទាំង​​ ខ្ញុំ​​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ល្អ។ ​បើ​​កីឡាករ​ខ្មែរ​យើង​​បាន​ឡើង​ប្រកួត​ Kickboxing ​កាន់​តែ​ច្រើន​ នោះ​រីកចម្រើន​ជាង​មុន​ ព្រោះ​​កីឡាករ​កំពូល ៗ​ប្រមូល​ផ្ដុំ​នៅ​​​សង្វៀន​នេះ»។​

កីឡាករ​វ័យ​ ២៣​ ឆ្នាំ​រូប​នេះ​​​​ទើប​ឡើង​សង្វៀន​ ONE ​​​តែ​ម្ដង​គត់​​​ពេល​​ចាញ់​កីឡាករ​ចិន ​Zhang Chenlong ​កាល​ខែ​​​កុម្ភៈ​​ ​ឆ្នំា​ ២០១៩​ កន្លង​ទៅ​ ​ប៉ុន្តែ​ ​រូប​គេ​​ខិតខំ​ប្រឹង​ហ្វឹកហាត់​ទ្វេ​ដង​​ក្រោម​ការ​បង្វឹក​​របស់​លោក​ ជា រិទ្ធ។ ​បច្ចុប្បន្ន​នេះ​ ​សំបូរ​ ទទួល​ស្គាល់​ថា​កម្លាំង​​របស់​​ខ្លួន​​​ល្អ​ជាង​មុន​ឆ្ងាយ។ ​ប៉ុន្តែ​​​អ្វី​គួរ​សោក​ស្ដាយ​​កីឡាករ​មក​ពី​ខេត្ត​សៀមរាប​រូប​នេះ​​ចាញ់​កីឡាករ​ថៃ​កាល​​ដើម​ ខែ ​សីហា ​​កន្លង ​ទៅ​ដោយ​សារ​វ៉ៃ​​ចង់​ឈ្នះ​ពេក​ ​ហើយ​​​​សម្រុក​​​ចូល​បុក​កីឡាករ​ថៃ​តាំង​ពីរ​ដើម​ទឹក​ ប៉ុន្តែ​​ភ្លាត់​​ស្នៀត​ត្រូវ​កីឡាករ​ រិទ្ធីដេត ​ទាត់​ចំ​​​កញ្ចឹង​ក​ឆ្វេង​​បណ្ដាល​​ឲ្យ​សន្លប់។

សំបូរ​ ​​​សង្កត់​ធ្ងន់​ថា៖«​​ខ្ញុំ​​​សង្ឃឹម​ថា​ខ្ញុំ​អាច​​ឡើង​សង្វៀន​ ONE ​ម្ដង​ទៀត​នៅ​ថ្ងៃ​ណា​មួយ។ ​កន្លង​ទៅ​ ខ្ញុំ​​ទទួល​រង​ការ​រិះ​គន់​ច្រើន​​ថា​ពី​មុន​​ខ្ញុំ​​វ៉ៃ​ដក​ថយ​ ​មិន​ចូល​…វ៉ៃ​រត់​ជា​ដើម។ ​តែ​ពេល​នេះ​ខ្ញុំ​បាន​កែ​ប្រែ​ជំហរ​ដើម្បី​ប្រកួត និង​ បុក​ចូល​​ គឺ​ ដើរ​ចូល​វ៉ៃ​តែ​ម្ដង​ និង​ផ្លាស់​ប្ដូរ​តិកនិក​ជា​ច្រើន។​ ខ្ញុំ​កែ​ប្រែ​​ពាក្យ​រិះ​គន់​​ដើម្បី​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង»។

អតីត​កូន​សិស្ស​​នៅ​ក្លិប​ការ​ពារជាតិ​​សង្កត់​ធ្ងន់​ទៀត​បែប​នេះ៖«​ពេល​ខ្ញុំ​វ៉ៃ​នៅ​ ONE ​​ខ្ញុំ​ថយ​មែន​ ប៉ុន្តែ​​ឥឡូវ​ខ្ញុំ​លែង​បែប​ហ្នឹង​ទៀត​ហើយ។​ គ្រូ​​របស់​​ខ្ញុំ​ប្រាប់​ថា​ ​បើ​​យើង​ដាក់​ចិត្ត​វ៉ៃ​ កុំ​ខ្លាច​ គឺ វ៉ៃ​ឲ្យ​ល្អ​មើល​ទោះ ​សន្លប់​ក៏​សន្លប់​ទៅ​ បើ​ចាញ់​ក៏​ចាញ់​ទៅ។ ​នេះ​ជា​ចំណុច​ដែល​ខ្ញុំ​រីក​ចម្រើន​ខ្លាំង​ខាង​ស្មារតី​​ ​ហើយ​​​ខ្ញុំ​ចង់​ឲ្យ​ ONE ​ឃើញ​ខ្ញុំ​​វ៉ៃ​ល្អ​មើល។ ​ខ្ញុំ​សង្ឃឹម​ថា​ គេ​នឹង​ហៅ​ខ្ញុំ​ម្ដង​ទៀត»។ ​

​«​គង់​ សំបូរ​ ឥឡូវ​ហ្វឹកហាត់​​ខ្លាំង​ និង ​ខំ​ណាស់ ​​ព្រោះ​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​គេ​ច្រើន។ វា​ពិត​ជា​សំខាន់​ណាស់​សម្រាប់​ការ​លើក​ទឹក​ចិត្ត។ ពី​ផ្សេង​ដែល​ គង់ សំបូរ វ៉ៃ​ថយ ​ប៉ុន្តែ​ឥឡូវ​​ខ្ញុំ​បាន​កែ​ច្រើន និង​ល្អ​ជាង​មុន​ជា​ពិសេស​ក្បាច់​មួយ​ពីរ​ និង​បម្លាស់ទី»។ ​នេះ​ជា​​ការ​បង្ហើប​​​ឲ្យ​ដឹង​ពី​សំណាក់​ គ្រូ​បង្វឹក​ ​ជា រិទ្ធ​។

​គ្រូ​បង្វឹក​ដដែល​រៀប​រាប់​ថា​ តាំង​ពី​ប្រកួត​នៅ​ ONE ​​មក​ ​សំបូរ​ ​ហាក់​បើក​ភ្នែក​ភ្លឺ​តែ​ម្ដង​ និង​ ​មាន​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ឡើង​ព្រោះ​វា​ជា​​សង្វៀន​ធំ​ និង​ ​សមត្ថភាព​គូ​ប្រកួត​សុទ្ធ​តែ​​ខ្លាំងៗ​។ ​​

លោក​​ផ្ដល់​គំនិត​ដល់​កូន​សិស្ស​​​យ៉ាង​ដូច្នេះ​ ៖«​​សំបូរ​ ​កែ​ប្រែ​តាម​ខ្ញុំ​ច្រើន ​​អត់​មាន​ត្រូវ​ដក​ថយ​​ទេ​ពេល​ប្រកួត​ គឺ វ៉ៃ​ល្អ​មើល។ ​​ក្នុង​​នោះ​ ខ្ញុំ​​បាន​ស្រាវជ្រាវ​​ក្បាច់​​ថ្មីៗ​​សម្រាប់​ សំបូរ​​ ដើម្បី​ឲ្យ​មាន​បច្ចេកទេស​វ៉ៃ​ថ្មីៗ​​មិន​នៅ​ដដែល»។

សង្វៀន​កម្រិត​ពិភព​លោក​​ ONE ​ធ្វើ​ឲ្យ​កីឡាករ​ខ្មែរ​ជា​​ច្រើន​​ខក​ចិត្ត​​ក្នុង​ការ​ប្រកួត​​ Kickboxing ដោយ​មិន​ទាន់​ស្គាល់​ពាក្យ​ឈ្នះ​​ទេ​ក្នុង​ការ​ប្រកួត​កន្លង​មក។ ​​​​​គង់ សំបូរ ​ចាញ់​កីឡាករ​ចិន​ Zhang Chenlong, សុខ ធី​ ​​ទៅ​ប្រកួត​ ៣ ដង​ចាញ់​ទាំង​៣​ដង​ ​និង​ ឡៅ ចិត្រា ​ក៏​ចាញ់​ Superlek ដូច​គ្នា។ ​ការ​ទៅ​ប្រកួត​លើ​សង្វៀន​អន្តរជាតិ​​បែប​នេះ​ ទើប​ធ្វើ​ឲ្យ​​កីឡាករ​ទទួល​ស្គាល់​ចំណុច​ខ្សោយ​ និង​ ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​​ធ្វើ​ឲ្យ​ខ្លួន​ឯង​រីកចម្រើន។

​គួរ​​ដឹង​ដែរ​ថា​​​ គង់​ សំបូរ​ ជា​អតីត​កីឡាករ​ប្រដាល់​នៅ​ក្លិប​ក្រសួង​​ការពារ​ជាតិ​។ ​បន្ទាប់​មក​ទៀត​ ​រូប​គេ​បាន​សម្រាក​ពី​ប្រដាល់​មួយ​រយៈ​ មុន​​ទៅ​ហ្វឹកហាត់​ជា​មួយ​ជា​មួយ​គ្រូ​ ជា រិទ្ធ​ ​ប្រហែល​រយៈ​ពេល ​២ ឆ្នាំ​មក​នេះ។ គង់​ សំបូរ​ ​ជា​ម្ចាស់​ពាន​​នៅ​កម្មវិធី​ខ្មែរ​​ Khmer Fight ​បន្ទាប់​ពី ឈ្នះ​ ពុយ វណ្ណៈ​ដោយ​ពិន្ទុ​ ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ​កាល​ខែ​​មេសា ​ឆ្នាំ​ ២០១៩។

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE: DREAMS OF GOLD ពី​​ប្រទេស​ថៃ​​​​ល្ងាច​ថ្ងៃ​ទី​ ១៦ ​សីហា ចាប់​ពី​ម៉ោង​ ​៥:៣០ ​​ល្ងាច​​តទៅ​តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​និង​ YouTube: https://www.youtube.com/user/OneFCMMA

អត្ថបទ៖ ស៊ីធី ​

 

Leave a Reply