ខុន ស៊ីចាន់​ និង ស៊ឹម ប៊ុនស៊្រន់ ​សុទ្ធ​តែ​បញ្ចេញ​​ទស្សនៈ​ទុក​​ចិត្ត​​លើ​ ចាន់ រតនា ​​

ម្ចាស់​ក្លិប​ «សិល្បៈ» ​និង ​ជា​កីឡាករ​គុន​ចម្រុះ​​​ ចាន់​ រតនា ​ត្រូវ​ជួប​​ជើង​ខ្លាំង​មក​ពី​គុយបា​​ ​Gustavo Balart ​នៅ​សង្វៀន​ ONE: DREAM OF GOLD ​នា​ថ្ងៃ​ទី​ ​១៦​ ខែ ​សីហា ឆ្នាំ​ ២០១៩​ នៅ​​ក្រុង​បាងកក​​ ប្រទេស​ថៃ។ មុន​ការ​ប្រកួត​មក​ដល់​ អ្នក​លេង​គុន​ចម្រុះ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​ពីរ​រូប​សុទ្ធ ខុន ស៊ីចាន់ និង ស៊ឹម ប៊ុនស៊្រន់​ ​បាន​​បង្ហាញ​​​ទំនុក​ចិត្ត​ដល់​​មិត្ត​រួម​ជាតិ​ ចាន់ រតនា​ ​​ដែល​អាច​មាន​ភាគ​រយ​ខ្ពស់​ដើម្បី​ទទួល​ជ័យជម្នះ​ជូន​អ្នក​គាំទ្រ​កម្ពុជា។

​ស៊ឹម ប៊ុនស្រ៊ន់​ ដែល​មាន​បទ​​ពិសោធន៍​ប្រកួត​​លើ​​សង្វៀន​គុន​ចម្រុះ​ជា​​ច្រើន​ដង​​កន្លង​មក​បាន​បង្ហើប​​​ទស្សនៈ​ផ្លាល់​ខ្លួន​ថា​ ៖«​ខ្ញុំ​​គិត​ថា​ ​បង​ រតនា​ អាច​មាន​ភាគរយ​ពី​ ៦០ ​ទៅ​ ​៧០​ ភាគរយ​​ដើម្បី​ឈ្នះ​ការ​ប្រកួត​​នេះ។​ ​បើ​សិន​ ​បង​ រតនា ​អាច​ទាត់​កាត់​​ ​និង បោះ​ជង្គង់​ច្រើន​ ​ប្រហែល​ជា​ Balart អាច​សន្លប់​​ទៀត​ផង។ ​កម្លាំង​​ស៊ុហ្វ​ របស់​ ​បង​ រតនា ​​ក៏​ល្អ​ណាស់​ដែរ​ឥឡូវ​នេះ»។ ​​

ប៊ុនស្រ៊ន់​ ​អះអាង​ទៀត​ថា​ បើ​សិន​​ ចាន់ រតនា ​ទាត់​ច្រើន​​កាល​ណា​ នោះ​​វា​កាន់​តែ​ល្អ​សម្រាប់​ការ​ប្រកួត​នេះ។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​ប៊ុនស្រ៊ន់​ មើល​ឃើញ​ថា​ ​ម្ចាស់​ក្លិប​​ «សិល្បៈ» ​​មាន​ជំនាញ​​ប្រើ​កណ្ដាប់​ដៃ ​ ទាត់​ និង ដោះ​ឃ្លេ​បាន​ល្អ​​ទៀត​ផង​ ហើយ​​បើ​គូបដិបក្ខ​​ប្រើ​ក្បាច់​ចាប់​ច្រើន​ ​នោះ​​​ត្រូវ​ព្យាយាម​​ដោះ​ដូច​រាល់​ដង​។ ​ការ​ប្រើ​ក្បាច់​បែប​នេះ​​នឹង​ទទួល​បាន​លទ្ធផល​ល្អ​​​ជាក់​ជា​មិន​ខាន។

កូន​សិស្ស​មក​ពី​ Cambodian Top Team ​សង្កត់​ធ្ងន់​ថា​ ៖«​​​ខ្ញុំ​​ខ្លាច​បន្តិច​​ បើ​គាត់​ចាប់​ឃ្លេ​​ជា​មួយ​គេ​​ច្រើន​ ឬ វៃ​ដេក​​ គឺ ​អាច​ចាញ់​​ប្រៀប​​គេ​ហើយ​ ព្រោះ​ គេ[Balart] ស្អិត​ដូច​តុកកែ​ ​និង ​ជំនាញ​ចំបាប់​ល្អ។ ​គេ​​រាង​តឿ​បន្តិច​ ប៉ុន្តែ​​កម្លាំង​​គេ​ល្អ​ណាស់។ ​ដូច្នេះ ​បង​ រតនា គាត់​ធ្វើ​ការងារ​ធ្ងន់​ជាង​លើក​មុន​​​ៗ​ឆ្ងាយ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា គាត់​អាច​ដោះ​បាន​បើ​សិន​​ជា​ជាប់​ឃ្លេ»។

កូន​សិស្ស​លោក​ ហ៊ុន ច័ន្ទរាជ្យ​ ​គូស​បញ្ជាក់​ថា​ Balart ​​​មាន​កម្លាំង​ស៊ុហ្វ​ល្អ​​ណាស់​ និង​ ពូកែ​​ចាប់​បោក​ ​ហើយ​ ​​ចាន់ រតនា ​​ដាច់​ត្រូវ​តែ​​ការពារ​ឲ្យ​បាន។ ​​

វីដេអូ​ប្រកួត​ចុង​ក្រោយ​របស់​ Balart ទល់​នឹង Wada ៖

https://www.youtube.com/watch?v=03YYjjxoIEM&t=2s

 

ងាក​មក​កាន់​ ខុន ស៊ីចាន់ ​ម្ចាស់​ខ្សែ​ក្រវាត់​ Khmer Warrior Challenge ​វគ្គ​១​ ​ក៏​មាន​​ពាក្យ​ពេចន៍​ខ្លះ​ដើម្បី​​ជម្រាប​ជូន​អ្នក​គាំទ្រ​​​​រវាង​​ជើង​ខ្លាំង​ទាំង​ពីរ​នេះ​ដែរ។​ ​ខុន ស៊ីចាន់​​ ថ្លែង​បែប​នេះ៖ «Balart​ ពូកែ​ចាប់​ណាស់​ តែ​ ចាន់ រតនា ក៏​ពូក​​កែ​ដោះ​​ហើយ​ការពារ​ និង ​​ហ្វឹកហាត់​​ការ​ដោះ​ក្បាច់​​ រួម​​កម្លាំង​ស៊ុហ្វ​ល្អ​ដែរ។​ ខ្ញុំ​សង្ឃឹម​​ថា​ ​រតនា ឈ្នះ​​តែ​ម្ដង»។ ​​អ្នក​លេង​គុន​ចម្រុះ​មក​ពី​ស្រុក​អន្លង់​វែង​សង្កត់​ធ្ងន់​ថា៖«​បើ​រតនា ​វ៉ៃ​​ក្នុង​ជំហរ​ដេក​ ខ្ញុំ​គិត​ថា​ចាញ់​​គេ​ពី​ ៦០ ទៅ​ ៧០ ​ភាគរយ​ ប៉ុន្តែ​បើ​វ៉ៃ​ជំហរ​ឈរ​ នោះ​នឹង​ឈ្នះ​ ១០០​ភាគរយ​តែ​ម្ដង»។

​កូន​សិស្ស​លោក​ Alan Mccune ​រៀបរាប់​ទៀត​ថា​​ ​សមត្ថភាព​​ និង​ កម្លាំង​ស៊ុហ្វ​​ប្រហាក់​ប្រហែល​គ្នា​ ប៉ុន្តែ​ ​ពេល​ចាប់​ផ្ដើម​​ប្រកួត​ Balart ​នឹង​ស្រវា​ចូល​ចាប់​ឃ្លេ​​ជាក់​ជា​មិនខាន​ទៅ​​​លើ​បុរស​វ័យ​ ៣៣ ឆ្នាំ​របស់​កម្ពុជា។

វីដេអូ​ប្រកួត​ចុង​ក្រោយ រវាង ​ចាន់ រតនា និង Rudy Agustian៖

https://www.onefc.com/videos/chan-rothana-vs-rudy-agustian/

ជើង​ខ្លាំង​ជំនាញ​ចំបាប់​សញ្ជាតិ​គុយបា​ Balart ​​ ​ឈ្នះ​ ៨ ​លើក​​ក្នុង​ការ​បង្ហាញ​ខ្លួន​ ១០ ​​លើក​​​នៅ​​សង្វៀន​គុន​ចម្រុះ​កន្លង​មក។ ​ប៉ុន្តែ​ ​បុរស​វ័យ ​៣២ ​ឆ្នាំ​​សញ្ជាតិ​គុយបា​ ​រូប​នេះ​ ចាញ់​កីឡាករ​សញ្ជាតិ​​ជប៉ុន​ Tatsumitsu Wada ​កាល​ខែ ​មេសា​ កន្លង​ទៅ។​ ​រឿង​​ដ៏​អស្ចារ្យ​ ​ចន្លោះ​ ២០១៥ ដល់​ ២០១៧ ​ម្ចាស់​មេដាយ​មាស​ Pan American Games ឆ្នាំ​​ ​២០១១ ​​មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ទេ​ក្នុង​ការ​ប្រកួត​ ៦ លើក​ (ឈ្នះ​ទាំង​អស់)។ ​ចំណែក​ ចាន់ រតនា ​ឈ្នះ​ ២​លើក​​ចុង​ក្រោយ​ជាប់​គ្នា​​លើ​កីឡាករ​មក​ពី​​ឥណ្ឌូណេស៊ី​ ពោល​ ​រតនា​ វ៉ៃ​ Abrou Fernandes ​​ឲ្យ​ចុះ​ចាញ់​ ​និង​ បំបាក់​​កីឡាករ​ Rudy Agustian ​​​ឲ្យ​ចុះ​ចាញ់​ ​កាល​​ដើម​ខែ ឧសភា​ ឆ្នាំ​ ២០១៩ នេះ។​

សូម​ទស្សនា​​ការ​​​ផ្សាយ​ផ្ទាល់​​​ពី​សង្វៀន​ ONE: DREAMS OF GOLD ពី​ប្រទេស​ថៃ​​​​នា​ល្ងាច​ថ្ងៃ​ទី​ ១៦ ​​ខែ​ សីហា ចាប់​ពី​ម៉ោង​ ៥:៣០ ​​ល្ងាច​​តទៅ ​តាម​រយៈ​ផេក​ ​ https://www.facebook.com/ONEChampionship/ ​និង​ YouTube: https://www.youtube.com/user/OneFCMMA ឬ​ អាច​ដោយឡូត​ ONE App ដើម្បី​ទស្សនា​​លើ​ទូរសព្ទ៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply