ស សី ថ្លែងសារអំពីការជួយរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ តាំងពីដើមរហូតដល់បច្ចុប្បន្ន

កីឡាករគុនខ្មែរ និង គុនចម្រុះជើងចាស់ ស សី បានសរសើរដល់ទឹកចិត្តរបស់គ្រូបង្វឹក ហ៊ុន ច័ន្ទរាជ្យ ប្រធានក្លិប Cambodian Top Team ដែលខំព្យាយាមជួយខ្លួនកន្លងមករហូតដល់បច្ចុប្បន្ននេះ។

បុរសវ័យ ៣៧ ឆ្នាំដែលល្បីឈ្មោះខាងគុនខ្មែរដល់គុនចម្រុះជាពិសេសបង្ហាញខ្លួនលើសង្វៀន ONE CHAMPIONSHIP នោះបានឃ្លាតឆ្ងាយពីសង្វៀនទៅហើយដោយផ្អែកលើហេតុផលវ័យកាន់តែចាស់ ស្របពេលម្ដាយព្រមទាំងប្រពន្ធផងបានហាមឃាត់រឿងឡើងសង្វៀន។

យ៉ាងណាក៏ដោយអតីតកូនសិស្សលោក អេ ភូថង បានថ្លែងអំណរគុណ យ៉ាងដូច្នេះ ៖«បើសិនខ្ញុំនៅហ្វឹកហាត់ខ្លាំងដូចមុន ខ្ញុំតែងតែទទួលបានការចាប់គូឡើងប្រកួតជាពិសេស សង្វៀន ONE និង ទទួលបានប្រាក់កម្រៃគួរសម។ ប៉ុន្តែ ឥឡូវ ខ្ញុំពិបាកធ្វើដូចមុន ព្រោះមិនអាចឃ្លាតឆ្ងាយពីគ្រួសារ និង កូនតូចៗ។ ខ្ញុំសូមអរគុណដល់ គ្រូ ហ៊ុន ច័ន្ទរាជ្យ ដែលជួយជ្រោមជ្រែងទាំងការចាប់គូ និង ការបង្វឹកកន្លងមក»។

ក្រៅពីការដឹងគុណអតីតកូនសិស្សនៅក្លិបក្រសួងការពារជាតិ បានទទូចឲ្យកីឡាករជំនាន់ក្រោមកុំបោះបង់ក្ដីស្រមៃទៅប្រកួតនៅបរទេសចោលឲ្យសោះ ព្រោះឱកាសល្អនៅមានបន្តបន្ទាប់ទៀតឲ្យតែខំប្រឹងប្រែងពិតប្រាកដ។ បុរសដដែលសង្កត់ធ្ងន់ថា៖«ពេលយើងហ្វឹកហាត់ឲ្យខ្លាំង គ្រូបង្វឹកនឹងចាប់គូឲ្យវ៉ៃមិនខាន។ ពេលយើងខ្លាំង មិនខ្វះសង្វៀនប្រកួតទេ បើមិនប្រកួតនៅក្រៅប្រទេសក៏សង្វៀនក្នុងស្រុកមានច្រើនដែរ»។ ស សី បានប្រៀបធៀបតម្លៃខ្លួនពីមុនមានកម្រិតទាបជាងឥឡូវច្រើនណាស់។ បច្ចុប្បន្ននេះ បើសិនជាកីឡាករប្រដាល់ណាលេចធ្លោក្នុងស្រុក គឺ អាចទទួលតម្លៃខ្លួនសមរម្យដើម្បីទ្រទ្រង់ជីវភាពបាន ព្រោះពីមុន ស សី ធ្លាប់ប្រកួតលំដាប់គូឯកបានត្រឹម ៣០ ម៉ឺនរៀលប៉ុណ្ណោះ។

កីឡាករដែលទទួលចំណាត់ថ្នាក់លេខ៤ក្នុងកម្មវិធីប្រដាល់ខ្សែក្រវាត់នៅសង្វៀនស៊ីធីអិនកាល ១០ ឆ្នាំ បាត់មុខពីសង្វៀនប្រដាល់តាំងពីពាក់កណ្ដាលឆ្នាំ ២០១៨ មកម៉្លេះ។ ប៉ុន្តែ កូនសិស្សនៅក្លិប CTT កំពុងដុតដៃដុតជើងបង្ហាត់កូនប្រុសដែលមានទេពកោសល្យ និង ក្មេងៗមួយចំនួនទៀតនៅភូមិ ស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្ដាល។

ស សី បានរៀបរាប់ថា៖«ខ្ញុំបានបង្ហាត់កូនខ្ញុំ និង ក្មេងៗនៅទីនេះជិតនាក់ ប្រហែលជា ៨ ខែមកហើយ។ ខ្ញុំមានការខ្វះខាតចំពោះការទិញសម្ភារ ប៉ុន្តែ ពេលខ្ញុំឡើងទៅភ្នំពេញ គឺ បានគ្រូ ហ៊ុន ច័ន្ទរាជ្យ គាត់ជួយសម្ភារហ្វឹកហាត់ដូចជា ហ្គង់ កម្រាលពូកហាត់ បាវសាក់ និង ស៊ីបជាដើម។ ខ្ញុំអរគុណគាត់ខ្លាំងមែនទែន ដែលតាមជួយជ្រោមជ្រែងដល់ខ្ញុំតាំងពីដើមរហូតមក។ បើមានការខ្វះខាតអ្វី គាត់ឲ្យប្រាប់ទៅ…គាត់ [ហ៊ុន ច័ន្ទរាជ្យ] នឹងជួយតាមលទ្ធភាពជាក់ស្ដែង»។

ស សី មានប្រវត្តិចូលហ្វឹកហាត់គុនខ្មែរជាមួយគ្រូ ណុល នៅស្រុកមុខកំពូលតាំងពីរៀនថ្នាក់ទី ៥ មុន បន្តហ្វឹកហាត់ជាមួយគ្រូ សឹង សារិទ្ធ នៅក្លឹបទ័ពជើងទឹក, គ្រូ អេ ភូថង នៅក្លឹបអេភូថងកីឡា និង គ្រូ ឈិត សារឹម នៅក្លឹបក្រសួងការពារជាតិ។ ស សី ចូលហ្វឹកហាត់ក្បាច់គុនចម្រុះ (MMA) នៅអំឡុងឆ្នាំ ២០១៥ ជាមួយគ្រូហ៊ុន ច័ន្ទរាជ្យ និង គ្រូបង្វឹក Fernando Salvador ដែលធ្វើឲ្យរូបគេល្បីឈ្មោះនៅសង្វៀនអន្តរជាតិ ONE ។ បុរសកើតនៅស្រុកមុខកំពូលខេត្តកណ្ដាលប្រកួតលើសង្វៀនគុនចម្រុះបានចំនួន ៨ ដងក្នុងនោះ ឈ្នះ ៤ ដង និង ចាញ់ ចំនួន ៣ ដង គិតចាប់តាំងឆ្នាំ ២០១៦ មក៕

អត្ថបទ៖ ស៊ីធី

Leave a Reply