គូ​ដណ្ដើម​​ខ្សែ​ក្រវាត់​ខ្លាំងៗ​នៅ​ សង្វៀន​ ONE: DAWN OF HEROES នៅ​ថ្ងៃ​ទី​២ សីហា

សង្វៀន​ ONE: DAWN OF HEROES ​​​​​​នៅ​ថ្ងៃ​ទី​ ២​ ខែ​សីហា​ ឆ្នាំ ២០១៩​ ​ ​ខាង​មុខ​នៅ​ក្រុង​ម៉ានីល​ ប្រទេស​ហ្វីលីពីន មាន​គូ​ដណ្ដើម​ខ្សែ​​ក្រវាត់​ខ្លាំងៗ​ដែល​ធ្វើ​​​​ឲ្យ​រំជើប​រំជួល​សម្រាប់​អ្នក​ទស្សនា​នៅ​កម្ពុជា និង ទូទាំង​ពិភព​លោក។​ Martin Nguyen​​​ ត្រូវ​ឡើង​​​មក​​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​របស់​ខ្លួន ONE Featherweight World Championship ទល់​នឹង​​ជើង​ខ្លាំង​ជប៉ុន ​ Koyomi Matsushima។ ចំណែក ​ Rodtang Jitmuangnon ​ ដែល​គេ​ស្គាល់​ថា​ «Iron Man» ឬ មនុស្ស​ដែក​នោះ​​​ត្រូវ​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP​ ពី​​​កីឡាករ​ចក្រ​ភព​អង់គ្លេស​ Jonathan Haggerty។ រី​​ឯ​ជើង​ខ្លាំង​អ្នក​លេង​គុន​ចម្រុះ​​​ឥណ្ឌូណេស៊ី​​ Sunoto ​ត្រៀម​ខ្លួន​ដើម្បី​បញ្ចប់​កីឡាករ​ម៉ាឡេស៊ី​ Muhammad Aiman ​ក្នុង​ប្រភេទ Bantamweight។​

តើ ​Martin Nguyen អាច​​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​បាន​ទេ?

Martin Nguyen ​កំពុង​រង់​ចាំ​យ៉ាង​អន្ទះសា​​​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ ONE Featherweight World Championship ទល់​នឹង​ ​ Koyomi Matsushima នៅ​ទីលាន​ Mall Of Asia Arena នា​ក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។ Martin Nguyen ​​កូន​កាត់​​វៀតណាម​អូស្ត្រាលី​ ជា​កីឡាករ​​​ល្អ​បំផុត​​មួយ​ក្នុង​ពិភព​គុន​ចម្រុះ​និង​ល្អ​​សម្រាប់​​សង្វៀន​ ONE។ ​ក្នុង​ចំណោម​​ការ​ប្រកួត​​នៅ​​​សង្វៀន​គុន​ចម្រុះ​​កន្លង​​មក​ កីឡាករ​វ័យ ៣០ ឆ្នាំ​រូប​នេះ​​​ចាញ់​៣​ដង​គត់​ក្នុង​ចំណោម​១៥​លើក។ ​ពេល​​ប៉ះ​​​ Koyomi ​​កូន​កាត់​​វៀតណាម​អូស្ត្រាលី​​បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ការពារ​ខ្សែ​ក្រវាត់​​ឲ្យ​ខាង​តែ​​បាន​បន្ទាប់​ពី​រូប​គេ​បាន​​ត្រៀម​ខ្លួន​​ណាស់​ជា​ពិសេស​បាន​ទៅ​​សំងំ​ហ្វឹកហាត់​នៅ​​សហរដ្ឋ​អាមេរិក​ទៀត​ផង។ ​ Nguyen បាន​ថ្លែង​ថា ៖«​ការ​ប្រកួត​នៅ​មុខ​ទស្សនិកជន​ ២ ម៉ឺន​​នាក់​គឺ​ជា​រឿង​អស្ចារ្យ​នៅ​ហ្វីលីពីន។ ខ្ញុំ​​​ប្រកួត​៤​ដង​រួច​មក​ហើយ​នៅ​ទីនោះ។ ខ្ញុំ​គិត​ថា​ខ្ញុំ​​បាន​សម្រប​តាម​បរិយាកាស​​ជនជាតិ​ហ្វីលីពីន​»។

អ្នក​គុន​ចម្រុះ​ដដែល​សង្កត់​​ធ្ងន់​ថា​​៖«​Koyomi ​ខ្លាំង​ខាង​ប្រយុទ្ធ​​ផ្នែក​ចំបាប់ និង​ ​កម្លាំង​ដៃ​ខ្លាំង​ ពេល​ខ្ញុំ​បាន​ទស្សនា​​រូប​គេ​ប្រយុទ្ធ​តតាំង​នឹង [Marat] Gafurov ។ ​ខ្ញុំ​ពិត​ជា​អបអរ​ដល់ Koyomi ដែល​មាន​​​ឈ្មោះ​មក​ដណ្ដើម​ខ្សែ​ក្រវាត់​ និង ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ចិត្ត​​ក្នុង​ជំនួប​នេះ»។

បើ​​ក្រឡេក​មក​​កាន់ ​Koyomi ​​វិញ​ ​កីឡាករ​ជប៉ុន​ ជឿ​ជាក់​ថា​គេ​សម​​​​នឹង​​​​មក​​ប្រកួត​​​នៅ​ទី​នេះ​បន្ទាប់​ពី​​​​​វាយ​ Marat Gafurov ​​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Featherweight World Champion ​​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១។ ​«Moushigo» ថ្លែង​បែប​នេះ ៖«​​​ខ្ញុំ​មាន​អារម្មណ៍​ថា​​ខ្ញុំ​រីក​ចម្រើន​​ដោយ​សារ​ក្ដី​ស្រលាញ់។ ខ្ញុំ​នៅ​មាន​អារម្មណ៍​ដក់​ជាប់​​​ពេល​វ៉ៃ​ជា​មួយ​ Gafurov។ ​យ៉ាង​​ណា​ក៏​ដោយ​ ​ខ្ញុំ​​មាន​លក្ខណៈ​ល្អ​ប្រសើរ ​ពេល​ហាត់​រាល់​ថ្ងៃ។ ខ្ញុំ​​ពិត​​ជា​ខ្លាំង​ជាង​កាល​ ១ ​ឆ្នាំ​មុន»។​ តើ​ Koyomi Matsushima ​​​អាច​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី​ឬ​យ៉ាង​ណា?

 

តើ​​​មនុស្ស​​ដែក​ Rodtang Jitmuangnonអាច​ឈ្នះ​ខ្សែ​ក្រវាត់​​ FLYWEIGHT MUAY THAI WORLD CHAMPIONSHIP ទេ?

Rodtang បាន​ប្រាប់​អំពី​​អ្នក​ដែល​មាន​ឥទ្ធិពល​របស់​​​ខ្លួន​មុន​ជំនួប​ដ៏​ធំ​នេះ គឺ​ សព​របស់​លោក Mr. Huan។ លោក Huan ជា​មិត្ត​​ម្ចាស់​ក្លិប​ប្រដាល់​មួយ​នៅ Phatthalung ភាគ​ខាង​ត្បូង​ប្រទេស​ថៃ និង​ បាន​បង្ហាត់​បង្ហាញ​រូប​គេ​កាល​​​តូចៗ​មុន​ក្លាយ​​ខ្លួន​ជា​កីឡាករ​ល្បី។​ ​លោក​ បាន​គិត​ថា​ Rodtang ជា​​ក្មេង​មាន​ទេពកោសល្យ ហើយ​លោក​បាន​​សួរ​នាំ​​​ឳ​ពុក​របស់​ខ្លួន​ដើម្បី​នាំ​យក​ទៅ​ហាត់​នៅ​បាងកក។ Rodtang ​បាន​ថ្លែង​ថា៖«​ខ្ញុំ​ត្រូវ​តែ​​ថែទាំ​ខ្លួន​ដោយ​​ខ្លួន​ឯង។ ​វា​ជា​រឿង​លំបាក​ក្នុង​ជីវិត ​តែ​ពេល​ខ្ញុំ​ត្រូវ​បំភ្លេច។​ គាត់ [Huan] ​បាន​រក​សង្វៀន​ឲ្យ​ខ្ញុំ​ប្រកួត ហើយ​ខ្ញុំ​ដឹង​ខ្លួន​ថា​ ​ត្រូវ​បន្ត​ទៅ​មុខ​ទៀត។ ដូច្នេះ​ខ្ញុំ​ត្រូវ​ការ​ឈ្នះ​ការ​ប្រកួត​​​នេះ​ដើម្បី​ឧទ្ទិស​ទៅ​កាន់​គាត់»។ មុន​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់​នេះ​ពី​ Jonathan Haggerty ​​អ្នក​លេង​មួយ​ថៃ​ Rodtang Jitmuangnon បាន​ឈ្នះ​ ៤ ប្រកួត​ជាប់​គ្នា​នៅ​​សង្វៀន​ ONE។ ​ចំណែក​ Haggerty មិន​​មែន​ធម្មតា​ទេ​ ​ហើយ​បច្ចុប្បន្ន​គេ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​៣ ស្ថាប័ន​ ​ដូច​ជា​ ONE Flyweight Muay Thai Championship, WBC Muay Thai Super Featherweight Champion, និង​ ISKA World Super Featherweight Champion។ កីឡាករ​មក​ពី​ចក្រ​ភព​អង់គ្លេស​រូប​នេះ​បាន​​ ឈ្នះ​ SAM A ដែល​ជា​មិត្ត​រួម​ជាតិ​របស់​ Rodtang ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai Championship កាល​ខែ ឧសភា កន្លង​ទៅ។ ​តើ ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Flyweight Muay Thai Championship ​ថ្មី​ជា​អ្នក​ណា?

អ្នក​លេង​គុន​ចម្រុះ Sunoto ​ត្រៀម​បញ្ចប់​ Muhammad Aiman

កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ល្អ​​ដូច​គ្នា​​ក្នុង​ពិភព​គុន​ចម្រុះ​ និង ​សង្វៀន​ ONE CHAMPIONSHIP ​ហើយ​​ត្រូវ​តតាំង​គ្នា​ក្នុង​ប្រភេទ​ទម្ងន់ ​Bantamweight។ ដ្បិត​វ័យ​ ​៣៤​ឆ្នាំ​ ​ប៉ុន្តែ​ Sunoto ​នៅ​ខ្លាំង​ដដែល​ ដោយ​ទើប​ឈ្នះ​មិត្ត​រួម​ជាតិ​ Paulus Lumihi ​កាល​ខែ​​ឧសភា កន្លង​ទៅ​នៅ​សង្វៀន ONE: FOR HONOR តែ​ Aiman ចាញ់​កីឡាករ​ជប៉ុន​ Shuya Kamikubo កាល​ចុង​ឆ្នាំ​ ២០១៨។

«​គេ​[Aiman]ជា​កីឡាករ​ល្អ​និង​ប្រកួត​​ល្អ​​គ្រប់​ទឹក​ ​មាន​កម្ពស់​ខ្ពស់​និង​​​​វ៉ៃ​ចេញ​ពី​ចម្ងាយ​បាន​ល្អ​ដែរ។​​​ ក្នុង​​ការ​ប្រកួត​កន្លង​ទៅ​​ យើង​អាច​មើល​ឃើញ​ចំណុច​ខ្លាំង​និង​ខ្សោយ​អំពី​​គូ​ប្រកួត។ ​យើង​ធ្លាប់​ជួប​គ្នា​ពី​មុន​ ដូច្នេះ​ខ្ញុំ​អាច​វិភាគ​បាន។​​ ​​​ការ​ពិត គេ​មាន​​កម្លាំង​​ខ្លាំង​ល្អ​ព្រោះ​នៅ​ក្មេង ​ហើយ​​ហាត់​នៅ​ក្លិប​ Bali MMA»។ ​​កីឡាករ​​ឥណ្ឌូណេស៊ី​​មក​ពី​ក្លិប​ IndoGym &Team Phantom MMA ​ថ្លែង​បែប​នេះ។​ លើ​​ពី​នេះ​ទៅ​ទៀត​ Aiman ​មាន​​ក្បាច់​​ប្រយុទ្ធ​ល្អ​ណាស់​ ព្រោះ​គេ​​​ធ្លាប់​ហ្វឹកហាត់​​ក្បាច់​គុន​មួយ​ថៃ។ ​​ Aiman ​​ច្បាស់​នឹង​ព្យាយាម​ទប់​ទល់​​ចំពោះ​ការ​​ចូល​ចាប់​របស់ Sunoto។ យ៉ាង​ណា​ក្ដី​ បុរស​វ័យ​៣៤​ឆ្នាំ​ជឿជាក់​ថា​ ​អាច​ឈ្នះ​លើ​កីឡាករ​វ័យ​ក្មេង​មក​ពី​ ម៉ាឡេស៊ី​ ព្រោះ​​​​​ត្រៀម​ខ្លួន​​បាន​ល្អ​​មុន​ពេល​​ជំនួប​ដ៏​ធំ​នេះ៕

អត្ថបទ៖ ស៊ីធី

2 thoughts on “គូ​ដណ្ដើម​​ខ្សែ​ក្រវាត់​ខ្លាំងៗ​នៅ​ សង្វៀន​ ONE: DAWN OF HEROES នៅ​ថ្ងៃ​ទី​២ សីហា

Leave a Reply