វី ស្រីខួច៖«​លទ្ធផល​យ៉ាង​ណា​នៅ​ស៊ីហ្គេម​ ​មាន​តែ​ខំ​ប្រឹង​រាល់​ថ្ងៃ ​​បូក​នឹង​ការ​បោះ​ជំរំ​ហ្វឹកហាត់​​នៅ​ជប៉ុន»

វី ស្រីខួច​ ជា​កីឡាការិនី​ប្រដាល់​សកល​​ជម្រើស​ជាតិ​ម្នាក់​​ដូច​ នៅ ស្រីពៅ​ ​និង ​ជា​​ក្ដី​សង្ឃឹម​ថា​ធ្វើ​បាន​ល្អ​​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ។ ​វី ស្រីខួច​ ​នឹង​​ចេញ​ទៅ​​បោះ​ជំរំ​​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​​ចាប់​ពី​ថ្ងៃ​ទី​១ ​ខែ ​កញ្ញា​ តទៅ​​​​ ដើម្បី​ត្រៀម​ខ្លួន​​ឲ្យ​បាន​ល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​ចុង​ឆ្នាំ​​២០១៩ ​នេះ។​ ​ការ​ចេញ​ទៅ​ហ្វឹកហាត់​​​នៅ​ប្រទេស​ជប៉ុន​​ចាប់​​ពី​ដើម​ខែ​ កញ្ញា​ ​នឹង​​បន្ត​​រហូត​ដល់​ថ្ងៃ​ចេញ​​ទៅ​ប្រកួត​នៅ​​​ស៊ីហ្គេម​លើក​ទី​៣០ ​ដែល​រៀប​ចំ​នៅ​​ហ្វីលីពីន​ ​​ពី​​ថ្ងៃ​ទី​ ៣០ ​ខែ​ វិច្ឆិកា​ ​រហូត​ដល់​​ថ្ងៃ​ទី​ ១១​ ខែ ធ្នូ​ ឆ្នាំ​ ២០១៩។​

វី ស្រីខួច ​ដែល​មាន​បទ​ពិសោធន៍​ចូល​រួម​ស៊ីហ្គេម​​​​ឆ្នាំ​២០១៧ ​នោះ​បាន​គូស​បញ្ជាក់​ថា ៖«​ខ្ញុំ​មាន​តែ​​ការ​ខំ​ប្រឹង​ប៉ុណ្ណោះ​ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ។​ ​ខ្ញុំ​សង្ឃឹម​ថា​ការ​ហ្វឹកហាត់​នៅ​ជប៉ុន​​បូក​រួម​ទាំង​ការ​ហ្វឹកហាត់​នៅ​ស្រុក​ខ្មែរ​ជា​យូរ​មក​នេះ​ធ្វើ​​​ឲ្យ​ការ​​ប្រកួត​របស់​ខ្ញុំ​​កាន់​តែ​ប្រសើរ​ឡើង»។

ស្រីខួច​ ​ដែល​មាន​បទ​ពិសោធន៍​នៅ​សង្វៀន​ ONE ​រំលឹក​​​ត​​ទៀត​បែប​នេះ៖«​ខ្ញុំ​​មាន​អារម្មណ៍​ថា​ កម្លាំង​ស៊ុហ្វ​ ខ្ញុំ​​ល្អ​ជាង​មុន​ ទោះ​ខ្ញុំ​ឡើង​គីឡូ​​ជាង​​៥០ ដល់​ ៦១ គីឡូក្រាម​​ពេល​នេះ​ក្ដី។ ​ពេល​ខ្ញុំ​ឡាំ​គ្នា​​ពេល​ហ្វឹកហាត់ ឬ វ៉ៃ​ឆ្លាស់​គូ​គ្នា​អី ​​អត់​ឆាប់​អស់​ដូច​មុន​ទេ»។ ​

កីឡាការិនី​រូប​នេះ​​​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​​​ដែល​ប្រមូល​ផ្ដុំ​ដោយ​​ក្រសួង​អប់​រំ​ យុវជន​ និង​ កីឡា​​នៅ​​ពហុកីឡដ្ឋាន​ជាតិ​ប្រមាណ​​ជា​ ៤ ខែ​​មក​ហើយ​ជា​មួយ​គ្រូ​ប្រដាល់​​ជម្រើស​ជាតិ​ដូច​ជា​​លោក​​ Rolando Castellano Rodriquez ជន​ជាតិ​គុយបា​ ​លោក ​វ៉ែន សុផល, ​​លោក​ ជ័យ ណារ៉ា, ​និង​ ​លោក ឡុង សាលីន។ ​ពេល​វេលា​នៃ​ការ​ហ្វឹកហាត់​គឺ​ ព្រឹក​ចាប់​ពី​​​ម៉ោង​​ ៦ ដល់​ ម៉ោង​ ៩ ព្រឹក, និង ​រសៀល​​ពី​ម៉ោង ២ កន្លះ​ ដល់​​ម៉ោង ៥ ​ល្ងាច​​ពី​ថ្ងៃ​​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ ប៉ុន្តែ​ថ្ងៃ​សៅរ៍​ ហ្វឹកហាត់​​១​ព្រឹក។

​​បែប​​ណា​ក្ដី​ កីឡាការិនី​​ឡើង​សង្វៀន​​អន្តរជាតិ​ ONE ចំនួន​ ៤​លើក​រូប​​នេះ​​​បាន​ត្អូញត្អែរ​កន្លង​​​មក​ថា​ ​វា​ជា​ការ​លំបាក​បន្តិច​សម្រាប់​កីឡាការិនី​​ប្រដាល់​សកល​ជម្រើស​ជាតិ​ ព្រោះ​បាន​តែ​ហ្វឹកហាត់ ​និង ឡាំ​គ្នា​ជា​មួយ​​កីឡាករ​ ប៉ុន្តែ​​កម្រ​មាន​គូ​ប្រកួត​ឡើង​រេញ​ដើម្បី​​ឲ្យ​សុំា​មុន​ទៅ​​ប្រកួត​ស៊ីហ្គេម​តំណាង​ឲ្យ​ជាតិ។

ក្នុង​នាម​គ្រូ​បង្វឹក​​ប្រដាល់​សកល​ជម្រើស​ជាតិ​ លោក​ វ៉ែន សុផល​ ​បាន​បញ្ចេញ​ទស្សនៈ​​ចំពោះ​វី ស្រីខួច​ថា​៖«​​ខ្ញុំ​រំពឹង​ថា​ ទាំង​ វី ស្រីខួច និង ​នៅ ស្រីពៅ​ ទទួល​បាន​ការ​ហ្វឹកហាត់​​ល្អ​នៅ​ជប៉ុន។​ ​ការ​ហ្វឹកហាត់​​​នោះ​​នឹង​ធ្វើ​ឲ្យ​សមត្ថភាព​កើន​ឡើង​ជា​មួយ​គ្រូ​នៅ​ជប៉ុន​ដែល​មាន​ទំនាក់​ទំនង​បញ្ជូន​ទៅ​នោះ»។ ​​លោក​សង្កត់​ធ្ងន់​​ថា ៖«​​ការ​ហាត់​នៅ​ជប៉ុន​ ​នឹង​តឹង​រ៉ឹង​ជាង​ក្នុង​ស្រុក​ ព្រោះ​ផ្ដោត​តែ​លើក​ហ្វឹកហាត់​​មួយ​​មុខ​ មិន​អាច​គិត​​រឿង​ច្រើន​​ដូច​នៅ​ស្រុក​ ​ដែល​កូន​សិស្ស​អាច​សុំ​ច្បាប់​ទៅ​កម្មវិធី​នេះ​ នោះ ឬ ​កម្មវិធី​ផ្ទាល់​ខ្លួន​​ជា​ដើម​ »។

ក្នុង​វិញ្ញាសា​​ប្រដាល់​សកល​​​​នៅ​ស៊ីហ្គេម​ កម្ពុជា​គ្រោង​បញ្ជូន​កីឡាករ​ចំនួន​ ៦ ​នាក់​ក្នុង​​ ​ក្នុង​នោះ​កីឡាករ​ ៤ ​នាក់ និង កីឡាការិនី​ ២ នាក់។ ​​ដូច្នេះ​​មាន​​ ៣​ នាក់​បន្ត​ហ្វឹកហាត់​នៅ​ក្នុង​ស្រុក​រហូត​ដល់​​ព្រឹត្តិការណ៍​ស៊ីហ្គេម។

​កីឡាការិនី វី ស្រីខួច ​លំបាក​រក​ដៃ​គូ​ប្រកួត​ក្នុង​ស្រុក​ដូច ​នៅ ស្រីពៅ​ ដែរ ដោយ​ហេតុ​ថា កីឡាការិនី​ប្រដាល់​មា​តិច។ ​វី ស្រីខួច ​បាន​ចូល​ហ្វឹកហាត់​ប្រដាល់​​​​​ ជាមួយ​បង​ប្រុស​បង្កើត​ឈ្មោះ​ វី សាវុធ ​នៅ​ក្លិប​ឥន្ទ្រី​កីឡា​ ​ដែល​មាន​​គ្រូ​បង្វឹក​លោក​ ដួង បូរី ។ ​ក្លិប​​ប្រដាល់​នេះ​​​​ស្ថិត​នៅ​ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។ បន្ទាប់​មក ស្រីខួជ​មាន​ទីផ្សារ​ហូរហែ​​រហូត​ដល់​ខ្វះ​គូ​ប្រកួត។ ក្រៅ​ពី​ប្រកួត​​ប្រដាល់​សេរី​​នៅ​​លើ​សង្វៀន​​​តាម​ទូរទស្សន៍​នា​ពេល​កន្លង​មក ​​កូន​សិស្ស​លោក​វ៉ែន សុផល​ ​ទទួល​​បាន​​ការ​អញ្ជើញ​ចូល​រួម​លើ​សង្វៀន​អន្តរជាតិ​​​ ONE ​​ចំនួន ​៤ ​ដង​​ក្នុង​នោះ​ឈ្នះ​ ២​​ដង​ និង ​ចាញ់​ ២​ ដង៕

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s