គ្រូ​ ហ៊ុន ច័ន្ទរាជ្យ​ ​ប្រាប់​មូល​ហេតុ​អំពី​ការ​ដក​ខ្លួន​របស់​ ចាន់ សំអាត​ នៅ​សង្វៀន​ ONE

អ្នក​លេង​គុន​ចម្រុះ​ ចាន់ សំអាត​ ​មក​​ពី​ក្លិប​ Cambodian Top Team ​គ្រោង​ឡើង​​​​សង្វៀន​​ ​ ONE Championship ​ជា​ថ្មី​នា​​ថ្ងៃ​ទី ៦​ ខែ​​ សីហា​ ខាង​មុខ​ ​​ដោយ​ជួប​កីឡាករ​​មីយ៉ាន់ម៉ា​ Punnya Say ​ដែល​​រៀប​ចំ​នៅ​ប្រទេស​សិង្ហបុរី ​ប៉ុន្តែ​ត្រូវ​ដក​ខ្លួន​​​​ទៅ​វិញ​​ព្រោះ​​តែ​បញ្ហា​របួស។ ​សំអាត ​ត្រូវ​បាន​គេ​បង្ហើប​ថា​នឹង​ឡើង​ប្រកួត​​ក្នុង​ប្រភេទ​ទម្ងន់​​ចន្លោះ​ពី​ ៥៦ ​ទៅ​ ​៦០ ​គីឡូក្រាម​ ដែល​ជា​គីឡូ​ដើម​​របស់​ខ្លួន​ ​បន្ទាប់​ពី​​​​ឡើង​ប្រកួត​លើក​មុនៗ​នៅ​សង្វៀន​ ONE គឺ ​ត្រូវ​ដំឡើង​ដល់​ ៦៥​ គីឡូក្រាម​ទើប​មាន​គូ​ប្រកួត។​ ប៉ុន្តែ​ ​​​ក្ដី​រំពឹង​​​​នៃ​​ការ​បង្ហាញ​​ខ្លួន​លើក​ទី​ ៥ នៅ​សង្វៀន​អន្តរជាតិ​​​របស់​ខ្លួន​ត្រូវ​បាន​ខក​ខាន​ទៅ​វិញ។​

​ទាក់​ទិន​នឹង​បញ្ហា​នេះ​ លោក ​ហ៊ុន ច័ន្ទរាជ្យ​ ​គ្រូ​បង្វឹក​​នៅ​ក្លិប​ Cambodian Top Team បាន​​ថ្លែង​ថា​ ៖«​ខ្ញុំ​សម្រេច​ចិត្ត​ដក​ឈ្មោះ​ ចាន់ សំអាត​ ចេញ​ពី​បញ្ជី​ប្រកួត​នៅ ​សង្វៀន​​ ONE ​​នា​ដើម​ខែ​សីហា​ នៅ​ប្រទេស​សិង្ហបុរី​ ហើយ ​ព្រោះ​របួស​មិន​ទាន់​ជា​សះ​ស្បើយ​ ១០០%។ កន្លង​មក​​​​ថ្មីៗ​​នេះ​ ហ្វឹកហាត់​ MMA ក៏​អត់​កើត​​ដែរ​ ព្រោះ​រលាក​ស្បែក​កំភួន​ជើង»។​

​ចាន់ សំអាត​ របួស​ រលាក​បំពង់​ស៊ីម៉ុំាង​ម៉ូតូ​​ចំ​កំភួន​ជើង​ខាង​ស្ដាំ​រយៈ​ពេល​ជាង​ ១ ​ខែ​មក​ហើយ​ ខណៈ​ដែល​ ស្មង​ជើង​ក៏​​មាន​បញ្ហា​របួស​​ដូច​គ្នា។​

គ្រូ​បង្វឹក​​ដដែល​សង្កត់​ធ្ងន់​ថា ៖«យើង​អត់​មាន​កីឡាករ​ជំនួស​គីឡូ​ដូច​សំអាត​ទេ​ ​និង​អត់​មាន​សមត្ថភាព​ដូច​សំអាត​​ដែរ​ ហើយ​ ខាង​ ONE ​ក៏​គេ​រក​​កីឡាករ​ជំនួស​​រួច​រាល់​ហើយ​ដែរ។ ​វា​គួរ​ឲ្យ​ស្ដាយ​សម្រាប់​ សំអាត។ ​​សប្ដាហ៍​មុន​​នេះ​​​ក៏​ខក​ចិត្ត​​​ទៀត​ មិន​​ត្រូវ​ឲ្យ​គេ​​​​ចាញ់​ពិន្ទុ​​កីឡាករ​ថៃ​​ ផេតង៉ាម ​កាល​វ៉ៃ​ខ្សែ​ក្រវាត់​នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍​​​វគ្គ​ខ្វែង​ទាល់​តែ​សោះ។ ​អាណិត​ សំអាត​ ដែរ​ ខាត​គ្នា​ទាំង​ស្រុង!»។

ជា​មួយ​គ្នា​នេះ​​អតីត​កូន​សិស្ស​លោក​​ឡោ វុទ្ធី​ ​នៅ​​ក្លិប​ កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ​​បាន​បញ្ជាក់​ដែរ​ថា​៖«​ ​ពេល​ខ្ញុំ​ឡើង​វ៉ៃ​ ខ្សែ​ក្រវាត់​ គឺ​ ​ខ្ញុំ​ពាក់​សាលូ​ជើង​​ដើម្បី​​កុំ​ឲ្យ​គេ​ឃើញ​ស្នាម។​ ​មួយ​រយៈ​នេះ​ខ្ញុំ​ជាប់​វ៉ៃ​ខ្សែ​ក្រវាត់​ផង​។ ប៉ុន្តែ​បើ​អត់​ជាប់​វៃ​​ខ្សែ​ក្រវាត់​​ក៏​ខ្ញុំ​ហ្វឹកហាត់​ MMA អត់​កើត​ដែរ​​បង… ព្រោះ​​ខ្ញុំ​ត្រូវ​​ប្រើ​ក្បាច់​ចាប់​ ហើយ​ត្រូវ​ប៉ះ​របួស​ដដែល។ ​ខ្ញុំ​ពិបាក​ហ្វឹកហាត់ MMA»។

​កីឡាករ​គុន​ចម្រុះ​វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​សង្កត់ធ្ងន់​ថា ៖«​​ច្បាប់​នៅ​ ONE គេ​តឹង​តែង​​ណាស់​ បើ​ឃើញ​ស្នាម​របួស​ខ្ញុំ​​មិន​ទាន់​ជា​បែប​នេះ​ ក៏​គេ​មិន​ឲ្យ​​ប្រកួត​ដែរ។ ដូច្នេះ​មាន​​តែ​រង់​ចាំ​​ឱកាស​លើក​ក្រោយ​ទៀត​ប៉ុណ្ណោះ»។ ​​

យ៉ាង​​ក៏​​​​ដោយ​ គ្រូ​បង្វឹក​ និង​ជា​​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​មិន​ទាន់​​ដឹង​ថា​ ពេល​ណា​ ​​​​កូន​សិស្ស​មក​ពី​ឧត្ដរមានជ័យ​​អាច​ឡើង​ប្រកួត​​នៅ​សង្វៀន​អន្តរជាតិ​ ONE បាន​ទៀត​នោះ​ទេ ​ប៉ុន្តែ​រឿង​​សំខាន់ គឺ​ ត្រូវ​ហ្វឹកហាត់​ដិត​ដល់​ និង សម្រាក​ព្យាបាល​របួស​​ឲ្យ​ជា​សះ​ស្បើយ​សិន។​

​គួរ​ដឹង​ថា ​ចាន់ សំអាត​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Khmer Warrior Challenge វគ្គ​​៣ ​ឬ ហៅ​​ថា​ ជើង​ឯក​កីឡា​វាយ​​​ក្នុង​ទ្រុង​វគ្គ​៣​របស់​ស្ថានីយ​ទូរទស្សន៍​ ​ស៊ីធីអិន និង MyTV។ ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​នៅ​សង្វៀន ONE ​ចាន់ សំអាត ចាញ់​ពិន្ទុ​កីឡាករ​ម៉ុងហ្គោលី​​​ Shinechagtaga Zoltsetseg ​កាល​ចុង​ខែ មេសា ឆ្នាំ ២០១៩៕ ​

​អត្ថបទ៖ ស៊ីធី

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s