Johnson ​​ជម្នះ​​រាល់​ការ​លំបាក​ពី​​កុមារភាព​​​ដែល​​រង​ការ​យាយី​​រាង​កាយ​រហូត​ក្លាយ​​ជា​​​កីឡាករ​គុន​ចម្រុះ​គំរូ​​ក្នុង​លោក​

Demetrious  Johnson ​ ឬ ​រហស្សនាម​ថា​ «Mighty Mouse» ​បាន​ធំ​ធាត់​​ក្នុង​សភាព​​ធ្វើ​បាប​របស់​​ឪ​ពុក​ចុង ប៉ុន្តែ​ ​រូប​គេ​បាន​​​​រៀន​​ច្រើន​អំពី​ការ​លំបាក​ទាំង​​នោះ​កាល​​​នៅ​កុមារភាព​ដើម្បី​ក្លាយ​ជា​​សសរ​ទ្រូង​គំរូ​នៅ​ក្នុង​គ្រួសារ​ និង​ ​ជា​​កីឡាករ​គំរូ​ទូទៅ​ម្នាក់​ក្នុង​លោក។​ ​កីឡាករ​រូប​នេះ​​មិន​ជឿ​​ទេ​ថា​ ភាព​ឈឺ​ចាប់​​​អាច​​ជា​វាសនា​កំណត់​រូប​គេ​នោះ។ ​ផ្ទុយ​ទៅ​វិញ​ ​ការ​ជម្នះ​រាល់​ឧបសគ្គ ​បាន​​​​ធ្វើ​ឲ្យ​ជីវិត​របស់​គេ​​ខ្ពស់​ត្រដែត​ឡើង។ ​

ជើង​ខ្លាំង​​គុន​ចម្រុះ​សញ្ជាតិ​អាមេរិក​រូប​នេះ​​ត្រូវ​​ត្រលប់​មក​តតាំង​​​​​​នឹង​អ្នក​​លេង​គុន​ចម្រុះ​​សញ្ជាតិ​ជប៉ុន​ Tatsumitsu  Wada ឬ ​ហៅ​ “The Sweeper”   នៅ​​សង្វៀន​ ONE: DAWN OF HEROES ​នា​ថ្ងៃ​សុក្រ​ទី​ ២ ខែ សីហា ​ខាង​មុខ​នា​ក្រុង​ម៉ានីល​ប្រទេស​ ហ្វីលីពីន។ ​

Johnson បាន​ថ្លែង​ថា៖«​ខ្ញុំ​អាច​មើល​ឃើញ​ថា​វា​ជា​​ឧបសគ្គ​មួយ ហើយ​ ​​ខ្ញុំ​​ក៏​មើល​ឃើញ​ចំណុច​​អវិជ្ជមាន ប៉ុន្តែ​ខ្ញុំ​តែង​តែ​គិត​វិជ្ជមាន ដែល​​​​អាច​កែ​ប្រែ​ឲ្យ​ខ្ញុំ​ជា​មនុស្ស​ដ៏​រឹង​មាំ​ដល់​បច្ចុប្បន្ន​នេះ»។

ក្នុង​នាម​ជា​​ឳពុក​មាន​កូន​៣​នាក់​នៅ​ក្នុង​បន្ទុក​​ជើង​​ឯក​គុន​ចម្រុះ​​ពិភព​លោក​​​ World Champion ​​​​១២​​សម័យ​​​រូប​​នេះ​​មិន​គិត​រឿង​ពី​មុន​នោះ​ទេ​ ប៉ុន្តែ​គេ​បាន​បង្កើត​ក្ដី​ស្រលាញ់​គ្រប់​​កាលៈទេសៈ​ចំពោះ​កូនៗ​របស់​ខ្លួន។​ មាន​មនុស្ស​​ជា​ច្រើន​អាច​នឹង​​​តូច​ចិត្ត​ចំពោះ​ស្ថានការណ៍​​ដូច​​ខ្លួន​​កាល​នៅ​តូច ប៉ុន្តែ «Mighty Mouse» ​បាន​បោះ​​ចោល​រឿង​រ៉ាវ​ដែល​អាក្រក់​ទាំង​នេះ។ ​

ជើង​ខ្លាំង​សញ្ជាតិ​អាមេរិក​ ​បាន​គូស​បញ្ជាក់​​បែប​នេះ៖«​ខ្ញុំ​គ្មាន​​ការ​គុំកួន គ្មាន​អារម្មណ៍​អត់​​​ល្អ​​ចំពោះ​​បទ​ពិសោធន៍​​កាល​នៅ​ក្មេងៗ​​នោះ​ទេ ប៉ុន្តែ ​ខ្ញុំ​​បាន​​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​កូនៗ​របស់​ខ្ញុំ។​ ខ្ញុំ​យល់​អំពី​រឿង​រ៉ាវ​​​ដែល​កើត​ឡើង។​ ​ពេល​ខ្ញុំ​នៅ​ក្មេង គឺ​មិន​ស្ដាប់​បង្គាប់​ មិន​ស្ដាប់​​អ្នក​​ណា ​និង​​មាន​ការ​ខក​ចិត្ត​ខ្លាំង។ ​ទាំង​នេះ​​ជា​​​វិធី​ដែល​យើង​​ត្រូវ​​ស្ដារ​ឲ្យ​​ល្អ​​ឡើង​វិញ​»។

កីឡាករ​​ដដែល​​រៀប​រាប់​​ទៀត​ថា ​៖«​​ប៉ា​ចុង​របស់​ខ្ញុំ​​​ប្រើ​វិធី​ផ្សេង​ដើម្បី​ចិញ្ចឹម​ពួក​យើង ​និង​ ​​ធ្វើ​បាប​ពួក​យើង។ នោះ​ជា​​ជម្រើស​របស់​គាត់ ​ហើយ​ ​​​គាត់​ត្រូវ​​រស់​តាម​វិធី​បែប​ហ្នឹង។ ​​នោះ​​ក៏​ជា​ផ្នែក​មួយ​ដែល​​​ឳ​ពុក​ម្ដាយ​របស់​គាត់​ចិញ្ចឹម​គាត់​ដែរ។ ​ប៉ុន្តែ​ខ្ញុំ​ស្ដាយ​ដែល​​​មិន​មាន​ឱកាស​សួរ​គាត់​ទាល់​តែ​សោះ»។

​បច្ចុប្បន្ន​នេះ​ជា​ពេល​វេលា​​ដែល​ត្រូវ​​លុប​បំបាត់​រឿង​ពី​អតីត​កាល​ និង​ ​មិន​ត្រូវ​​​​ទុក​​​រឿង​អពមង្គល​បែប​នេះ​ក្នុង​ចិត្ត​ទេ។​ ​ «Mighty Mouse» ​បាន​​ជ្រើស​រើស​ផ្លូវ​វិជ្ជមាន​​ពី​បទ​ពិសោធន៍​​ទាំង​នេះ​​​​​ដោយ​គ្មាន​ពាក្យ​ដោះ​សារ​ទេ។

គេ​បញ្ជាក់​ថា៖«​ដោយ​ក្រឡេក​មើល​អំពី​ការ​ធ្វើ​​ទុក្ខបុកម្នេញ​ ​វា​ពិត​​ជា​អាក្រក់​ណាស់​ ​វា​ធ្វើ​ឲ្យ​ខ្ញុំ​​លំបាក ​​ខ្ញុំ​បាន​ត្រឹម​តែ​ស្ដាប់​ និង​គ្មាន​ការ​​តវ៉ា​ទាល់​តែ​សោះ»។

ក្នុង​នាម​ជា​មេ​គ្រួសារ​ ​​​អ្នក​លេង​គុន​ចម្រុះ​រូប​នេះ​មិន​​ជជែក​អំពី​មេរៀន​​ជូរចត់​ និង ស្ថានភាព​អាក្រក់​ដល់​​​​​​កូនៗ​នោះ​ទេ។​ ​​មាន​តែ​ម៉ាក់​របស់​​គេ​​​ទេ​​ជា​អ្នក​យក​ចិត្ត​ទុក​ដាក់​​ ជា​​បុគ្គល​គំរូ ​និង​ ជា​អ្នក​ផ្ដល់​កម្លាំង​ចិត្ត។ ​​ទោះ​យ៉ាង​ណា​ កីឡាករ​រូប​នេះ​​មាន​​បុរស​​គំរូៗ​​នៅ​ក្នុង​ចិត្ត​​ជា​ច្រើន​ និង អាច​​ធ្វើ​ជា​គំរូ​ល្អ​ទៀត​ផង។ ​

Johnson រំលឹក​​​​យ៉ាង​ដូច្នេះ​ ៖«​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជា​ច្រើន។ ពួក​គេ​មាន​ឳ​ពុក​ ហើយ​ ខ្ញុំ​​មើល​ឃើញ​ភាព​ខុស​ប្លែក​គ្នា​ជា​មួយ​កូនៗ និង​ ​​ប្រពន្ធ​របស់​ពួក​គាត់» ។

«​ប៉ា​ម្នាក់​របស់​​មិត្តភ័ក្ដី​ល្អ​របស់​ខ្ញុំ​ ​តែង​តែ​លៀង​ចាន ​ពេល​ញុំា​បាយ​រួច។​ ​គាត់​និយាយ​ថា​ ​បើ​​ស្ត្រី​ម្នាក់​ចំណាយ​ពេល​​ចម្អិន​ម្ហូប​ពេញ​មួយ​ថ្ងៃ​សម្រាប់​​អាហារ​ពេល​ល្ងាច ​យ៉ាង​ហោច​ណាស់​បុរស​គួរ​ជួយ​លៀង​ចាន។ ខ្ញុំ​លៀង​ចាន​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ»។ Johnson ទទួល​ស្គាល់​ថា ៖«​ខ្ញុំ​​បាន​ទទួល​រង​ឥទ្ធិពល​ ​​​ដែល​ខ្ញុំ​ចូល​ចិត្ត​ឳ​ពុក​រាល់​គ្នា​ដែល​ធ្វើ​​​ឲ្យ​ខ្ញុំ​ក្លាយ​ជា​​បុរស​ល្អ​ប្រសើរ​ឡើង»។​

​អ្វីៗ​ទាំង​អស់​ ​បុរស​​ខ្លាំង​​ដដែល​នេះ​បាន​រៀន​​ពី​ឪ​ពុក​ល្អ​​និង​រៀន​ពី​វិធី​​ដែល​​ធ្វើ​ឲ្យ​ក្លាយ​ជា​ប្ដី​ល្អ​ ​​​កីឡាករ​ដ៏​ជោគជ័យ និង ​ជា​ឳ​ពុក​ល្អ​។ ​​ជើង​ឯក​គុន​ចម្រុះ​​សង្កត់​ធ្ងន់​ថា ៖«​​បទ​ពិសោធន៍​​អំពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ ​បាន​ធ្វើ​​ឲ្យ​រូប​ខ្ញុំ​ក្លាយ​ជា​ឳ​ពុក​ដ៏​ល្អ​ ​ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​​កូនៗ​របស់​ខ្ញុំ​​រង​ទុក​ទុក្ខ​ដូច​ខ្ញុំ​ទេ»។
អំពើ​ហិង្សា​​​​តែង​តែ​នាំ​​​ឲ្យ​​​កើត​ហិង្សា​ ​ប៉ុន្តែ​ ​កីឡាករ​អាជីព​គុន​ចម្រុះ ​ឬ MMA ​​រូប​នេះ​តែង​តែ​ដាស់​តឿន​ដល់​អ្នក​គាំទ្រ ឬ​ អ្នក​នៅ​ក្បែរ​ខ្លួន​ឲ្យ​​ជៀសវាង​​អំពី​អំពើ​ហង្សា៕ ​

អត្ថបទ៖ ស៊ីធី

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s