នៅ​ ​ស្រីពៅ ​ទៅ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​ជប៉ុន​​ដើម្បី​​ស្វែង​រក​​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ​

កីឡាការិនី​គុន​ខ្មែរ​ នៅ ស្រីពៅ​ ដែល​​ជាប់​​​នៅ​ក្រុម​ជម្រើស​ក្នុង​វិញ្ញាសា​ប្រដាល់​សកល​​​នោះ​ គ្រោង​ចេញ​ទៅ​​ហ្វឹកហាត់​នៅ​ប្រទេស​ជប៉ុន​​នា​ថ្ងៃ​ទី ១ ​ខែ ​កញ្ញា​ ខាង​មុខ​ដើម្បី​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​​​ចុង​ឆ្នាំ​​២០១៩ ​នេះ​នៅ​ហ្វីលីពីន។​ ​ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ​ ​គឺ​រហូត​ដល់​ថ្ងៃ​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​តែ​ម្ដង។ ​​ស៊ីហ្គេម​លើក​ទី​៣០ ​ដែល​រៀប​ចំ​នៅ​​ហ្វីលីពីន​ ​នឹង​ចាប់​ផ្ដើម​​​នៅ​ថ្ងៃ​ទី​ ៣០ ខែ​ វិច្ឆិកា​ ​រហូត​ដល់​​ថ្ងៃ​ទី​ ១១ ខែ ធ្នូ​ ឆ្នាំ​ ២០១៩។​

នៅ​ ស្រីពៅ​ ដែល​កំពុង​ក្រសោប​​បាន​ប្រជា​ប្រិយភាព​ខ្លាំង​ក្លា​​មួយ​​​រយៈ​ចុង​ក្រោយ​នេះ​បាន​ថ្លែង​​ថា៖«​​ឆ្នាំ​នេះ​ជា​លើក​ទី១​ ខ្ញុំ​ទៅ​ចូល​រួម​នៅ​ស៊ីហ្គេម។ ​ហើយ​ការ​ចេញ​​​ទៅ​ហាត់​នៅ​ជប៉ុន​នេះ គឺ ដើម្បី​បង្កើន​បច្ចេកទេស​​ និង​ ​​​​នាំ​យក​លទ្ធផល​​ល្អ​ជូន​​អ្នក​គាំទ្រ​​និង ​ជាតិ​វិញ។ ​ខ្ញុំ​រំភើប​​ចិត្ត​ នេះ​ជា​លើក​ទី​១ ​ដែល​​ខ្ញុំ​មាន​​ឱកាស​ទៅ​ហ្វឹកហាត់​ក្រៅ​ប្រទេស។ ខ្ញុំ​នឹង​ទទួល​បាន​បទ​ពិសោធន៍​​ច្រើន​អំពី​ការ​ហ្វឹកហាត់​​នេះ​»។

ជា​រឿយៗ​ ​មុន​ចេញ​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​ ​ក្រុម​កីឡាករ​ប្រដាល់​ជម្រើស​ជាតិ​តែង​តែ​ទៅ​ហ្វឹកហាត់​ និង បោះ​ជំរំ​នៅ​ប្រទេស​ថៃ។​ ​​ប៉ុន្តែ​​ឆ្នាំ​នេះ​ទទួល​បាន​​ឱកាស​ទៅ​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន ដែល​ជា​រឿង​មួយ​ល្អ​​​នៅ​ប្រទេស​មាន​វិន័យ​តឹងរ៉ឹង​​មួយ​នេះ។ ​​​កាល​ឆ្នាំ ​​២០១៧ លោក​ វ៉ែន​ សុផល បាន​ដឹក​នាំ​កីឡាករ​ ៣ ​នាក់​ទៅ​ហាត់​នៅ​ប្រទេស​ថៃ​​រយៈ​ពេល​១​ខែ​ពេញ​មុន​​ចេញ​ទៅ​ស៊ីហ្គេម​ រួម​មាន​ ​ណាត សៀកនិន ​(ពេជ្រ ម្ទេសខ្មាំង) ម្ចាស់​មេដាយ​សំរឹទ្ធ​ឆ្នាំ​ ២០១៧, ​ផល សោភ័ណ្ឌ​ និង​ កីឡាករ​កូនកាត់​ខ្មែរ-គុយបា​ឈ្មោះ ហ្វីលីក។

​ជា​មួយ​គ្នា​នោះ​​លោក​ វ៉ែន​ សុផល​ ​គ្រូ​បង្វឹក​​ប្រដាល់​សកល​ជម្រើស​ជាតិ​បាន​​​​​​រៀប​រាប់​ថា ​តាម​កិច្ច​ព្រមព្រៀង​ ភាគី​ជប៉ុន​ និង ​កម្ពុជា​​គឺ​បញ្ជូន​​កីឡាករ​ម្នាក់​ ណាត សៀកនិន ហៅ​ម្ទេស​​ខ្មាំង​ និង​ កីឡាការិនី​ នៅ ស្រីពៅ ​និង​ វី ស្រីខួច។ ​​

គ្រូ​បង្វឹក​ប្រដាល់​សកល​ជម្រើស​ជាតិ​សង្កត់​ធ្ងន់​​ដូច្នេះ​៖«​ ​៣​នាក់​​នេះ​​គេ​ល្អ​ ដូច្នេះ​បញ្ជូន​ទៅ​ហ្វឹកហាត់​នៅ​ជប៉ុន​​ដើម្បី​បង្កើន​​បច្ចេកទេស​ថែម​ទៀត។​ ស្រីពៅ ​មាន​បច្ចេកទេស​កើន​ឡើង​ ​​ខ្ញុំ​គិត​ថា​ ​ស្រីពៅ នឹង​ធ្វើ​បាន​ល្អ​នៅ ​ស៊ីហ្គេម​ចុង​ឆ្នាំ​នេះ។ ​ហើយ​មួយ​ទៀត​បើ​សិន​យើង​សំណាង​ចាប់​គូ​​ទៀត​រឹត​តែ​ល្អ។ ​​ការ​ចាប់​​គូ​គឺ ​បើ​ប៉ះ​ ថៃ ឬ ហ្វីលីពីន ​​យើង​លំបាក​បន្តិច។ ​តែ​​វា​ជា​រឿង​ល្អ​ពេល​ទៅ​ហាត់​ជប៉ុន​ គឺ​ ហាត់​ខ្លាំង​ ១០០% ។ ​​បើ​នៅ​ខ្មែរ​អាច​ប្រើ​ពេល​ទៅ​នេះ ​ទៅ​នោះ ឬ អាច​​ហាត់​ច្របល់​គ្នា​​ គុន​ខ្មែរ​ផង​ ប្រដាល់​សកល​ផង​ ដើម្បី​ឡើង​ប្រកួត​​លើ​រេញ​នានា។ យើង​ទៅ​វ៉ៃ​សកល​ យើង​ត្រូវ​ផ្ដោត​​លើ​​​ការ​ហាត់​សកល»។

យ៉ាង​ណា​ក្ដី ​គ្រូ​បង្វឹក​ដដែល​​​​នេះ​បាន​យល់​អំពី​គ្រូ​បង្វឹក​ និង ​កីឡាករ​មួយ​ចំនួន​​នៅ​ក្លិប​​ដែល​សុំ​ឡើង​សង្វៀន​ប្រដាល់​សេរី​​ដោយ​សារ​​តែ​ជីវភាព។​ លោក​បន្ត​​​​ថា​កីឡាករ​-កីឡាការិនី​ប្រដាល់​សកល​​​ ដែល​​គ្រោង​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​​​មាន​ ៦ នាក់​ ​ក្នុង​នោះ​កីឡាករ​ ៤ នាក់ និង កីឡាការិនី​ ២ នាក់។ ​គ្រូ​បង្វឹក​​​​ដដែល​រូប​នេះ​​រំពឹង​ ថា​កីឡាករ-កីឡាការិនី​ទាំង​៣ ​ខាង​លើ​​នឹង​ខិតខំ​ប្រឹងប្រែង​ទ្វេ​ដង​ ​ក្នុង​គោល​​​​បំណង​នាំ​យក​លទ្ធផល​ល្អ​នៅ​ស៊ីហ្គេម។ ​

គួរ​ដឹង​ថា ​នៅ ស្រីពៅ​ ​​ជា​កីឡាការិនី​ជម្រើស​ជាតិ​លេច​ធ្លោ​ម្នាក់​មិន​ថា​នៅ​ជម្រើស​ជាតិ​ ឬ ​​ការ​ឡើង​ប្រកួត​សង្វៀន​ទូទៅ​ឡើយ។ ​ស្រីពៅ ​លេច​​ធ្លោ​​តាំង​ពី​ចុង​ឆ្នាំ​ ២០១៨ ​ពេល​​ទទួល​បាន​ងារ​ជា​កីឡា​ការិនី​ឆ្នើម​ពី​សង្វៀន​ World Lethwei Championship។ ​ ​កីឡាការិនី​​វ័យ​ ២៤ ឆ្នាំ​រូប​​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នៅ​កម្ពុជា​​ស្គាល់​កាន់​តែ​ច្រើន​ឡើង​តាម​រយៈ​​ឡើង​សង្វៀន​លំដាប់​អន្តរជាតិ​ ONE ​ពីរ​លើក​កន្លង​ទៅ។ ​ស្រីពៅ​ ឡើង​ប្រកួត​លើ​ឆាក​អន្តរជាតិ​ចំនួន​ ៤ ​ដង​ទាំង​នៅ​ មីយ៉ាន់ម៉ា ​និង ​សង្វៀន​ ONE​ ក្នុង​នោះ​​ឈ្នះ​ ៣ ​លើក​និង​ចាញ់​ពិន្ទុ​ ១​លើក។ ​ជ័យជម្នះ​ ៣ លើក​ដូច​ជា​ ឈ្នះ ​កីឡាការិនី​មីយ៉ាន់ម៉ា Shwe Sin Min ​២​ដង ​និង​ ឈ្នះ កីឡាការិនី​ថៃ​ Rika Ishige ​តែ​ចាញ់​ពិន្ទុ​កីឡាការិនី​​ឥណ្ឌូណេស៊ី​ Priscilla Hertati Lumban Gaol កាល​ខែ​ឧសភា៕

​​អត្ថបទ៖ ស៊ីធី ​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s