៣ គូ​ជក់​ចិត្ត​បំផុត​ ​នៅ​សង្វៀន​​ ONE: MASTERS OF DESTINY យប់មិញ

ជើង​ខ្លាំង​ Giorgio Petrosyan ​ឈ្នះ​ពិន្ទុ​ Petchmorakot Petchyindee Academy​ ក្នុង​ការ​ប្រកួត​លើក​ទី២​ ដើម្បី​បន្ត​ដំណើរ​ទៅ​​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ​ក្នុង​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix ​ដែល​​មាន​ប្រាក់​រង្វាន់​រហូត​​ដល់​ ១ ​លាន​ដុល្លារ។​ កីឡាកា​រិនី​ជើង​ខ្លាំង​​ម្ចាស់​ផ្ទះ​ ​ម៉ាឡេស៊ី​ Jihin Radzuan បញ្ចប់​កីឡាការិនី​ហ្វីលីពីន​​​ Jomary Torres ​ត្រឹម​ទឹក​ទី១​​ ។ ​​ជា​មួយ​គ្នា​នោះ​​​ ស្រី​ស្អាត​ Angela Lee ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Champion ​ ​ចាញ់​ Michelle Nicolini ដោយ​​ពិន្ទុ ​នៅ​សង្វៀន​ ONE: MASTERS OF DESTINY ​​​ដូច​គ្នា​នា​ល្ងាច​​ទី​ ១២​ ​ខែ​ កក្កដា​ ឆ្នាំ​ ២០១៩​ ​​​នៅ​​​​ទីលាន​ Axiata Arena នា​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី។

1- ​​ជើង​ខ្លាំង​ Giorgio Petrosyan ​ឈ្នះ​ពិន្ទុ​ Petchmorakot Petchyindee Academy ​ក្នុង​ការ​ប្រកួត​លើក​ទី២​ដើម្បី​ឈាន​ជើង​ទៅ​​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ONE Featherweight Kickboxing World Grand Prix បន្ទាប់​ពី​​លទ្ធផល​ចម្រូង​ចម្រាស់​​កាល​ប្រកួត​លើក​ទី១

​ចូល​ទឹក​ទី១ ភ្លាម​​ល្អ​មើល​ភ្លែត​ ​ដោយ​កីឡាករ​ទាំង​ពីរ​ចូល​វ៉ៃ​មិន​ញញើត​សោះ​​ម៉ាត់​ឆ្វេង​ស្ដាំ​ទាត់​លើ​ក្រោម​សង​គ្នា​ទៅ​​មក​ ប៉ុន្តែ ​Giorgio Petrosyan ​មិន​ញញើត​ឡើយ​ ​ទោះ​​ Petchmorakot ខំ​ដើរ​ចូល​វ៉ៃ​មិន​ដក​ថយ​ក្ដី។ ​ក្នុង​ទឹក​ដំបូង​នេះ​ Petchmorakot ​បង្ហាញ​កាយវិការ​ចង្អុល​មុខ​ Petrosyan ​​ដោយ​ការ​កំហឹង។ ទឹក​ទី២ ​Petchmorakot ដើរ​ចូល​​វ៉ៃ​ ទាត់​និង អុក​ជង្គង់​យ៉ាង​ច្រើន​ តែ​មិន​សូវ​បាន​​ផល​ហើយ​ Petrosyan ​វ៉ៃ​សង​មួយៗ​​ធ្វើ​ឲ្យ Petchmorakot លើង​សឺ​ៗ ​និង​ ​ដួល​ទៀត​ផង​​ឡើង​ទ្រម​ទៀត​ផង។ ​​នៅ​ទឹក​ទី​៣ ​ Petrosyan ​នៅ​តែ​រក្សា​ជំហរ​រឹង​ ​ដោយ​​វ៉ៃ​ចំ​គោល​ដៅ​ល្អ​ ទោះ​ Petchmorakot ​ខំ​ដើរ​ចូល​វ៉ៃ​​ទាំង​ជំហរ​ទន់ៗ។​ ​ទី​បំផុត​ Petrosyan ជា​បេក្ខភាព​ឈាន​ទៅ​ដណ្ដើម​ប្រាក់​រង្វាន់ ​១ លាន​ដុល្លារ។ ​កីឡាករ​​អ៊ីតាលី​វ័យ​ ៣៣ ឆ្នាំ​ថ្លែង​ក្រោយ​​ការ​ប្រកួត​ថា៖ «​ខ្ញុំ​អត់​ទាន់​គិត​លុយ​ ១ ​លាន​ដុល្លារ​ទេ​ ប៉ុន្តែ​ ខ្ញុំ​ត្រូវ​តែ​គិត​អំពី​ការ​ប្រកួត​បន្ទាប់​សិន​ ក្រោយ​ខ្ញុំ​ឈ្នះ​ ​ទល់​នឹង​ Petchmorakot »។ ​ដូច្នេះ​ នៅ​វគ្គ​ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ក្នុង​​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix ដែល​មាន​ប្រាក់​រង្វាន់ ១ លាន​ដុល្លារ​ គឺ​ Petrosyan ត្រូវ​ប៉ះ​ ​កីឡាករ​ថៃ Jo Nattawut ខណៈ​ដែល Samy Sana ​​មក​ពី​បារាំង​ ជួប​នឹង ​កីឡាករ​ រុស្សី Dzhabar Askerov ។ ​​ប៉ុន្តែ​គេ​មិន​ទាន់​កំណត់​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នោះ​ឡើយ។

កីឡាការិនី​ជើង​ខ្លាំង​​ម្ចាស់​ផ្ទះ​ ​ម៉ាឡេស៊ី​​វ័យ​២០​ឆ្នាំ​ Jihin Radzuan ​បញ្ចប់​ Jomary Torres ​​ត្រឹម​ទឹក​ទី១​ដោយ​​ប្រើ​ក្បាច់​ជើង​គាប​ក

កីឡាការិនី​ជើង​ខ្លាំង​​ម្ចាស់​ផ្ទះ​ ​ម៉ាឡេស៊ី​ Jihin Radzuan ​បញ្ចប់​ Jomary Torres ​ត្រឹម​ទឹក​ទី១​​ ពោល​​ប្រើ​ថិរវេលា​ ​ត្រឹម​ ៣ នាទី​ និង​ ​៧ ​វិនាទី​ប៉ុណ្ណោះ។​ ​​គ្រាន់​តែ​​ចូល​ទឹក​ទី១ ភ្លាម Jomary Torres ​និង ​ Jihin Radzuan ​បាន​​​ចូល​សម្រុក​គ្នា។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ស្រាប់​តែ​​ជើង​របស់​ Jihin Radzuan ​ចូល​ជាប់​ក​របស់​ Jomary ក្នុង​ជំហរ។ ​នា​ពេល​នោះ​ Jomary ខំ​ព្យាយាម​បោក ​Jihin ពីរ​ទៅ​ ៣ ដង​នៅ​​លើ​ក្ដារ​​រេញ​​ប៉ុន្តែ​មិន​បាន​​រ​បេះ​​ចេញ​ទាល់​តែ​សោះ។ ​ចុង​ក្រោយ​​​ ​កីឡាការិនី​ម្ចាស់​ផ្ទះ​វ័យ​ ​២០ ឆ្នាំ​​​​ ដែល​មាន​រហស្សនាម​ថា «Shadow Cat » ប្រើ​ជើង​ដែល​ជាប់​នោះ​គាប​ឃ្លេ​ក​របស់​ ​កីឡាការិនីហ្វីលីពីន​​​ឲ្យ​ចុះ​ចាញ់​តែ​ម្ដង។ ​ Jihin Radzuan បាន​ថ្លែង​ក្រោយ​ចប់​ការ​ប្រកួត​ថា ៖«​ខ្ញុំ​ពិត​ជា​បារម្ភ​ណាស់​ចំពោះ​ការ​ប្រកួត​នេះ។ ខ្ញុំ​បាន​ព្យាយាម​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​មុន​ការ​ប្រកួត ​​នេះ​ បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​លើក​មុន ទល់​នឹងGina Iniong ។ ​ខ្ញុំ​​​ព្យាយាម​ការ​ប្រកួត​ដើម្បី​ជ័យជម្នះ។​ ខ្ញុំ​សូម​អរគុណ​ដល់​គ្រូ​បង្វឹក​ ​​​​មិត្ត​រួម​ក្រុម​របស់​ខ្ញុំ​ដែល​​តែង​តែ​នៅ​ជា​មួយ​ខ្ញុំ​ ទោះ​បី​ឈ្នះ​ ឬ ចាញ់។​ ខ្ញុំ​សូម​អរគុណ​ដល់​​អ្នក​គាំទ្រ​​ម៉ាឡេស៊ី និង ​អ្នក​ដែល​មក​ពី Johor មក​​​មើល​​ខ្ញុំ​ផ្ទាល់​នៅ​ទី​នេះ»។

ស្រី​ស្អាត​ Angela Lee ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Champion ​ ​ចាញ់​​ពិន្ទុ​​ជើង​ឯកពិភព​លោក ជីជិតស៊ូ Michelle Nicolini ​ ​

ចូល​ទឹក​ទី១​ ​​ជើង​ខ្លាំង​ទាំង​ពីរ​ចាប់​ផ្ដើម​ចូល​ចាប់​​ឃ្លេ​គ្នា​ទៅ​មក ហើយ​ Angela Lee មាន​ប្រៀប​នៅ​ពី​លើ ម្ចាស់​​ជើង​​ឯក​ជីជិត​ស៊ូ​ពិភព​លោក Michelle Nicolini របស់​ប្រេស៊ីល ទោះ​បី​ខំ​រើ​បម្រាស់​ក៏​មិន​រួច​ដែរ ​ហើយ​ត្រឹម​តែ​ប្រើ​ជើង​ទប់​តិចៗ និង​ គាប​ខ្លួន​កីឡាការិនី​សិង្ហបុរី​​ ខណៈ​ដែល​ដៃ​ត្រូវ​ស្រវា​​​ចាប់​ និង វ៉ៃ​គ្នា​ទៅ​មក​​រហូត​ដល់​ចប់​ទឹក​ទី១។ ​យ៉ាង​ណា​​ក្ដី​ក៏​មិន​បង្ក​គ្រោះ​ថ្នាក់​អ្វី​ដែរ។ ​ចូល​ទឹក​ទី២ ​Lee ​ស្ថិត​នៅ​ពី​ក្រោម​វិញ​ម្ដង​បន្ទាប់​ពី​វ៉ៃ​ ចូល Michelle មួយ​ដៃ ​ហើយ​ត្រូវ​​កីឡាការិនី​ប្រេស៊ីល​​ចាប់​ឃ្លេ​​ជាប់​នៅ​ពី​លើ​​​រហូត​ដល់​​សល់ ១ ​នាទី​បញ្ចប់​ទឹក​ទើប ​​ជើង​ខ្លាំងមក​ពី​សិង្ហបុរី​ នៅ​ទី​លើ​វិញ ​​និង វ៉ៃ​​ត​ដៃ​​បាន​ខ្លះ​មុន​បញ្ចប់​ទឹក​ទី២។ ​ឈាន​ដល់​ទឹក​ចុង​ក្រោយ​​គូ​ប្រជែង​ទាំង​ពីរ​ចូល​វ៉ៃ​មួយ​ប្រាវ ​ហើយ​​ក៏​កាច់​ឃ្លេ​គ្នា​ទៀត ។ Michelle ​បន្ត​នៅ​ពី​លើ​ ប៉ុន្តែ​មិន​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ដល់​ Lee ឡើយ។ ​យ៉ាង​ណា​​ក្ដី​ ​​Michelle​ គាប​​ ​Lee ​ឲ្យ​នៅ​ពី​ក្រោម​រហូត​ដល់​ចុង​ទឹក​ទី៣ ​ទើប ​Lee អាច​នៅ​ពី​លើ​ និង វ៉ៃ​បាន​វិញ​។ ​ទី​បំផុត​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​វ័យ ​៣៧ ឆ្នាំ​ ឈ្នះ​កីឡាការិនី​វ័យ​ក្មេង​ ២២ ឆ្នាំ របស់​សិង្ហបុរី​ដោយ​ពិន្ទុ។

​​អត្ថបទ៖ ស៊ីធី

Leave a Reply