គង់ សំបូរ​ ​និង នៅ ស្រីពៅ បញ្ចេញ​ទស្សនៈ​​​ពេល​​​ឡើង​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​​​ដែល​ប្រកួត​ ៣​ទឹក​ដូច​សង្វៀន​ ONE

«សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ» ​ឬ​ « Ek Phnom Kun Khmer Arena»​ ​​ កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​​ខ្លាំង​ក្រោយ​​ដំណើរ​​ការ​ប្រកួត​ប្រមាណ​ជា​ ៥ ​ខែ​មក​នេះ។ សង្វៀន​ថ្មី​នេះ​បាន​​ផ្លាស់​​ប្ដូរ​ក្បួន​​ច្បាប់​ ​​ឬ គោល​ការណ៍​មួយ​ចំនួន​​ឲ្យ​​ដូច​ទៅ​​សង្វៀន​កម្រិត​អន្តរជាតិ​ ONE Championship កាល​ចុង​ខែ​ មិថុនា និង ​​​អញ្ជើញ​​កីឡាករ​ល្បីៗ​ទៅ​ប្រកួត​ជា​ញឹកញាប់​រៀងរាល់​ ​សប្ដាហ៍។​ ​នៅ​​ល្ងាច​ថ្ងៃ​​​អាទិត្យ​ទី ​១៤ ​កក្កដា​ ខាង​មុខ​នេះ ​​ជើង​ខ្លាំង​លំដាប់​ប្រទេស​ពីរ​​រូប​ ពោល​ គង់ សំបូរ និង នៅ​ ​ស្រីពៅ​ ​នឹង​មាន​វត្តមាន​​ប៉ះ​គូ​ប្រកួត​រៀងៗ​ខ្លួន​នៅ​សង្វៀន​នា​ខេត្ត​បាត់​ដំបង​​ខាង​លើ។​ ជើង​ខ្លាំង​ គង់ សំបូរ​ ​​មក​ពី​ក្លិប​ប្រដាល់​​គុហារ​ព្រហ្មជ័យ​ខេត្តសៀម​រាប​​ត្រូវ​​តតាំង​នឹង​ ​​កីឡាករ​សញ្ជាតិ​អេហ្ស៊ីប​ Ahmed Gamal Mohamed​ ក្នុង​ប្រភេទ​ទម្ងន់​ ៦៣,៥ ​គីឡូក្រាម ​ខណៈ​ដែល​​ នៅ ស្រីពៅ​ ​​ជួប​​កីឡាការិនី​ថៃ Malia ​ក្នុង​ប្រភេទ​ទម្ងន់​ ​៥៤​ គីឡូក្រាម។

មុន​ឡើង​សង្វៀន​​​ក្នុង​​លំដាប់​គូ​ឯក​​នេះ​ ​​គង់​ សំបូរ ​ដែល​ជា​កូន​សិស្ស​​​គ្រូ​បង្វឹក​ ជា រិទ្ធ​ បាន​​បញ្ចេញ​ទស្សនៈ​ថា​ ៖«​​ការ​ប្រកួត​ ៣​ទឹក​ដូច​សង្វៀន​ ONE នេះ​ ​វា​ខុស​ប្លែក​ពី​​៥ ទឹក។ ​​​បើ​វ៉ៃ​ ៥ ​ទឹក​​ គឺ​ ទឹក​១​ និង ទី​២​ យើង​​ត្រូវ​ស្ទាបស្ទង់​បច្ចេកទេស​សិន។ ​ប៉ុន្តែ​​ ​វ៉ៃ​​​​៣​ទឹក​ គឺ​ត្រូវ​​​ដើរ​ចូល​វ៉ៃ​​តាំង​ពីរ​ទឹក​ទី១​តែ​ម្ដង។​ ​​ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​​ពេល​ជួប​ Gamal។ ខ្ញុំ​ព្យាយាម​​ធ្វើ​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​ ONE គេ​ឃើញ​និង​ ចង់​ទៅ​ប្រកួត​​​នៅ ​ONE ជា​ថ្មី»។

​ក្នុង​ការ​ប្រកួត​ ៣ ទឹក​នៅ​សង្វៀន​ ONE ​កន្លង​ទៅ​កាល​ខែ​ កុម្ភៈ​ នៅ​សិង្ហបុរី​​​ គង់​ សំបូរ​ ​​​​ចាញ់​​ពិន្ទុ​​​កីឡាករ​ចិន​ Zhang Chenlong។

ស្រដៀង​គ្នា​នេះ​​ដែរ​ នៅ​ ស្រីពៅ​ បាន​​បង្ហើប​ទស្សនៈ​​ថា​ ៖«​​វា​អាច​ល្អ​មើល​ជាង​៥​ទឹក​បង​ ដូច​វ៉ៃ​នៅ​ ONE អីចឹង​វា​​ស្រួល​ជាង។ ​ពេល​វ៉ៃ​៣​​​​​ទឹក​ យើង​ចូល​បុក​​​យក​តែ​ម្ដង​​មិន​បាច់​​ដក​ស្រង់​បច្ចេកទេស​ច្រើន​​នៅ​ទឹក​ដំបូង​ទេ។ ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ​​ដើម្បី​ការពារ​​និង​យក​ឈ្នះ​​ ​​ហើយ​ខ្ញុំ​​​បាន​មើល​វីដេអូ​របស់ Malia ។ ​Malia គេ​ល្អ​ទាត់​​និង​ល្អ​​ធាក់​ទប់។»។

កីឡាការិនី​ឆ្នើម​​ប្រចាំ​សង្វៀន​ World Lethwei Championship ​​​នៅ​ប្រទេស​មីយ៉ាន់ម៉ា​​នា​ចុង​ឆ្នាំ​ ២០១៨​​នោះ​ មាន​បទ​ពិសោធន៍​​ឡើង​ប្រកួត​នៅ​សង្វៀន​ ONE ​បាន​ចំនួន ២ ​លើក​ក្នុង​ការ​ប្រកួត​ ៣​ទឹក។​ ​កូន​សិស្ស​លោក​ ហ៊ុន ​ច័ន្ទរាជ្យ ឈ្នះ​កីឡាការិនី​ថៃ​ Riga ​នៅ​ដើម​ឆ្នាំ​ មុន​នឹង​ចាញ់​ពិន្ទុ​ Priscilla Hertati Lumban Gaol កាល​ដើម​ខែ​ ឧសភា​ ​ឆ្នាំ​ ១០១៩។​ ​​ដោយ​​មាន​បទ​ពិសោធន៍​​ប្រកួត​ ៣ ទឹក​នៅ​សង្វៀន​អន្តរជាតិ​​ ONE ​ស្រីពៅ​ ជឿជាក់​ថា​នឹង​ធ្វើ​បាន​ល្អ​​នៅ​សង្វៀន​​ឯ​ខេត្ត​បាត់​ដំបង។​ ​

ការ​ផ្លាស់​​ប្ដូរ​ពី​ ​ការ​ប្រកួត​៥​ទឹក​មក​ប្រកួត​៣​ទឹក​​តាំង​ពី​ចុង​ខែ​ ​មិថុនា​​ កន្លង​ទៅ​​ក្នុង​គោល​ដៅ​សម្រប​ទៅ​តាម​សង្វៀន​កម្រិត​ពិភព​លោក​ ONE ហើយ​ធ្វើ​ឲ្យ​កីឡាករ​ប្រកួត​កាន់​តែ​ល្អ​ជាង​មុន​ ដោយ​មិន​សន្សំ​កម្លាំង។ ​រីឯ​អ្នកទស្សនា​ទៀត​សោត​​ក៏​រំភើប​​ និង​ទទួល​​បាន​ការ​គាំទ្រ​កាន់​តែ​ច្រើន។​

​លោក​​ Matias Andrés អ្នក​គ្រប់គ្រង​​ទូទៅ​​​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ ​បាន​បញ្ជាក់​​​​ដូច្នេះ​​​ ៖«​ ​Ek Phnom Kun Khmer Arena​ ​ចង់​ឃើញ​គុន​ខ្មែរ​​រីក​ចម្រើន​​ទាំង​នៅ​ក្នុង​ស្រុក​ និង​ឆាក​អន្តរជាតិ។ យើង​ត្រូវ​សម្រប​តាម​ស្ដង់ដារ​អន្តរជាតិ។ ​ការ​ប្រកួត​​៥​ទឹក​ គឺ​បញ្ចប់​ទៅ​យឺត។ ​វា​មិន​មែន​ងាយ​ស្រួល​​ទេ​​ព្រោះ​ប្រើ​ពេល​ដល់​ ១៥ នាទី​។ ខ្ញុំ​យល់​ឃើញ​បែប​នេះ។ ​ប៉ុន្តែ​បើ​សិន​វ៉ៃ​ត្រឹម​ ៣ ទឹក​គឺ​មាន​កម្លាំង​ពេញ​តែ​ម្ដង​​និង​​ការ​ទស្សនា​​ ក៏​រំភើប​ទៅ​តាម​ហ្នឹង។ ​យើង​ចង់​​ឲ្យ​ការ​ទស្សនា​​​គុន​ខ្មែរ​គឺ​​រំភើប​​ញាប់ញ័រ​ និង ​ទាក់ទាញ​អ្នក​​គាំទ្រ​មក​ទស្សនា​ច្រើន​នៅ​សង្វៀន​របស់​យើង។ ពេល​មាន​ការ​គាំទ្រ​កាន់​តែ​ច្រើន ​យើង​រឹត​​​តែ​មាន​កីឡាករ​ល្អ​​ៗ​កាន់​​តែ​ច្រើន​​ដែរ»។

គួរ​បញ្ជាក់​ថា​ ​ ចាប់​ពី​​​​ថ្ងៃ​​អាទិត្យ​ទី​ ១៤ កក្កដា ខាង​​មុខ​​តទៅ​ ការប្រកួត​​នៅ​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯកភ្នំ​នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ ETV Cambodia និង ហ្វេសប៊ុក Ek Phnom Kun Khmer Arena។ ប្រិយមិត្ត​ដែល​មាន​បំណង​ទស្សនា​ការ​ប្រកួត​របស់ គង់ សំបូរ និង នៅ ​​ស្រីពៅ​ អាច​​​ទស្សនា​បាន​បើ​សិន​នៅ​ឆ្ងាយ​មិន​​ទៅ​ដល់​ផ្ទាល់៕ ​

អត្ថបទ៖ ស៊ីធី

Leave a Reply