​៣​ រឿង​ដែល​ត្រូវ​​ទស្សនា​ ONE: MASTERS OF DESTINY នា​ថ្ងៃ​​សុក្រ​ទី​ ១២ កក្កដា​​​ នេះ ​

​មាន​​រឿង​ ៣ ​ដែល​អ្នក​គាំទ្រ​​ត្រូវ​តែ​ទស្សនា​​ការ​ប្រកួត​​នៅ​សង្វៀន​ ONE: MASTERS OF DESTINY ពេល​​រៀប​​ចំ​នៅ​ថ្ងៃ​ទី​ ១២​ ​ខែ កក្កដា​ ឆ្នាំ​ ២០១៩​ នេះ​​​នៅ​​​​ទីលាន​ Axiata Arena នា​ក្រុង​កូឡាឡាំពួរ​ ​ប្រទេស​ម៉ាឡេស៊ី។ ​៣​​រឿង​ដែល​សំខាន់​នោះ​ គឺ ​ទី១​ Giorgio Petrosyan ​ត្រូវ​ជួប​ Petchmorakot Petchyindee Academy ជា​ថ្មី ​ក្នុង​​វគ្គ​៨​នាក់​ចុង​ក្រោយ​​​​​ដើម្បី​ឆ្ពោះ​ទៅ​ដណ្ដើម​ទឹក​ប្រាក់​១ ​លាន​ដុល្លារ​ពី​​កម្មវិធី​​ ONE Featherweight Kickboxing World Grand Prix, ​​ទី​២​ ស្រី​ស្អាត​ម្ចាស់​​​ខ្សែ​ក្រវាត់​​ពិភព​លោក​ Angela Lee ​ ត្រឡប់​​មក​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើង​ខ្លាំង​ Michelle Nicolini និង ​ទី​៣​ កីឡាការិនី​ជើង​ខ្លាំង​​សញ្ជាតិ​ហ្វីលីពីន​ Jomary Torres​ ដែល​ឈ្នះ​៣​លើក​ជាប់​គ្នា​ ត្រូវ​ជួប​​តតាំង​​​​កីឡាការិនី​ម្ចាស់​ផ្ទះ​ Jihin Radzuan​​។​

​1- ​ជំនួប​ជា​ថ្មី​ រវាង​ Giorgio Petrosyan ​និង​ Petchmorakot Petchyindee Academy

​នេះ​ជា​គូ​ប្រកួត​ដ៏​ជក់​ចិត្ត​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​ក្នុង​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix។ ​ការ​ជួប​​ជា​ថ្មី​នេះ​​​បន្ទាប់​ពី​មាន​ការ​ប្រទាញប្រទង់​​កាល​ប្រកួត​លើក​ទី១ ​និង ​​​មិន​ច្បាស់​លាស់​ថា​​អ្នក​ណា​ជា​អ្នក​ឈ្នះ​។ Petrosyan ​ថ្លែង​ថា ៖«​យើង​ទាំង​អស់​គ្នា​បាន​ស្គាល់ Petchmorrakot យើង​ដឹង​ថា​គេ​ជា​​កីឡាករ​ដ៏​អស្ចារ្យ។ ​គេ​ជា​គូ​ប្រជែង​ដែល​​លំបាក​​ប្រឈម​បំផុត​។ ​យ៉ាង​ណា​​ក្ដី​ គេ​មាន​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ។ នេះ​ជា​​​អ្វី​ដែល​​យើង​បាន​ដឹង​ច្បាស់ ខ្ញុំ​មិន​ចង់​លម្អិត​​ច្រើន​ពេក​ទេ​អំពី​ចំណុច​ខ្លាំង»។ ​កីឡាករ​ដែល​មាន​​រហស្ស​នាម​ថា​ «The Doctor» ​បាន​​បង្ហើប​ថា​​នេះ​ជា​ការ​ប្រកួត​ដ៏​តឹងតែង​ ប៉ុន្តែ​ គេ​នឹង​រៀប​ចំ​ខ្លួន​​ឲ្យ​ល្អ​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ និង​ កំណត់​ឲ្យ​ដឹង​ឈ្នះ​ចាញ់​ មិន​ដូច​​​ការ​ប្រកួត​លើក​ទី១​ទេ។ ​ទោះ​ជា​ Petchmorakot ​ ខក​ចិត្ត​ដែល​​ឃើញ​រូប​គេ​ឈ្នះ​កាល​នៅ​សង្វៀន​ ONE: ENTER THE DRAGON ​ប៉ុន្តែ​រូប​គេ​នឹង​ឡើង​សង្វៀន​ជា​ថ្មី​ដើម្បី​បន្ត​ភាព​សប្បាយ​រីករាយ។ ​នេះ​ជា​ការ​ប្រកួត​ដ៏​ធំ​ដែល​ អ្នក​គាំទ្រ​​ទាំង​​ឡាយ​ មិន​​​អាច​ខក​​ខាន​ក្នុង​ការ​តាម​ដាន​ការ​ប្រកួត​​នេះ​ឡើយ។​

រី​ឯ​វីរបុរស​របស់​ថៃ ​Petchmorakot បាន​​ថ្លែង​ថា ៖«​​ខណៈ​ខ្ញុំ​នៅ​ជា​លោក​សង្ឃ​​នៅ​ឡើយ ​ហើយ​ខ្ញុំ​​បាន​លឺ​ថា​មាន​ការ​ប្រកួត​ឡើង​វិញ ខ្ញុំ​ក៏​សប្បាយ​ចិត្ត។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​នឹង​ឈ្នះ​ការ​ប្រកួត​​នេះ។​ ខ្ញុំ​នឹង​ធ្វើ​​​ឲ្យ​ប្រកួត​ឲ្យ​ល្អ​ប្រសើរ​​ពេល​ជួប​​គ្នា​ជា​ថ្មី។ ខ្ញុំ​​ចង់​បាន​ការ​ឈ្នះ​​ឲ្យ​ច្បាស់​លាស់ ​មិន​ដូច​ពី​មុន»។ Petchmorakot ​សង្កត់​ធ្ងន់​ថា Petrosyan ​ជា​​កីឡាករ​ដ៏​អស្ចារ្យ​ក្នុង​​ប្រវត្តិ ​kickboxing ដូច្នេះ​​​​អ្នក​ទាំង​ពីរ​ច្បាស់​ជា​អង្រួន​បេះ​​ដូង​អ្នក​គាំទ្រ​ឲ្យ​ពុះ​កញ្ជ្រោល​តាម​រយៈ​ការ​​ប្រកួត​នៅ​លើ​សង្វៀន។

ស្រី​ស្អាត​ម្ចាស់​​​ខ្សែ​ក្រវាត់​​ពិភព​លោក​ Angela Lee ​ ត្រឡប់​​មក​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើង​ខ្លាំង​ Michelle Nicolini

កីឡាការិនី​គុន​ចម្រុះ​​ Angela Lee ដែល​​​ជា​ម្ចាស់​​ខ្សែ​​ក្រវាត់​​​ពិភព​លោក​ ONE Women’s Atomweight World Champion ​ឡើង​មក​ការពារ​​ក្រវាត់​របស់​​ខ្លួន​នៅ​សង្វៀន​ ONE: MASTERS OF DESTINY ​ ថ្ងៃ​ទី​១២ កក្កដា​ដែរ​ ។ ​កីឡាការិនី​មក​ពី​សិង្ហបុរី​​វ័យ​ ២២ ​​ឆ្នាំ​រូប​នេះ​ប្រឈម​នឹង​​កីឡាការិនី​សញ្ជាតិ​ប្រេស៊ីល​​ Michelle Nicolini ​ ដែល​​ជា​ជើង​​ឯក​ជីជិតស៊ូ​​​កម្រិត​ពិភព​លោក​ជា​ច្រើន​​​សម័យ​​ (Jiu-Jitsu World Champion) ។ ​ ​ក្នុង​នាម​ម្ចាស់​ខ្សែ​ក្រវាត់​ខ្មៅ​ជីជិតស៊ូ ​Lee ​មាន​ទំនុក​ចិត្ត​ធ្វើ​​​ឲ្យ​ Michelle ​​លំបាក​​​គ្រប់​ពេល​​​​ទោះ​​ប្រកួត​​​ក្នុង​ជំហរ​ឈរ​​ និង​ ​វ៉ៃ​​ជំហរ​ដេក​​ក្ដី​ ​​​ដើម្បី​​​ការពារ​តំណែង​​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​របស់​ខ្លួន។ ​​នេះ​ជា​គូ​ប្រកួត​គួរ​ឲ្យ​ចង់​តាម​ដាន និង ដាក់​សំណួរ​ថា​​ Lee ​អាច​យក​ឈ្នះ​ Nicolini ដោយ​វិធី​ណា​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​​ បន្ទាប់​ពី​ រង​បរាជ័យ​ទល់​នឹង​ Xiong Jing Nan ​ម្ចាស់​ជើង​ឯក​ ONE Strawweight World Champion ​កាល​ខែ ​មីនា ​កន្លង​ទៅ? ​​យ៉ាង​ណា​ក្ដី Lee បង្ហើប​អំពី​ការ​តាំង​ចិត្ត​បែប​នេះ៖«ខ្ញុំ​សប្បាយ​ចិត្ត​​ខ្លាំង​ បន្ទាប់​ពី​​សម្រាក​តាំង​ពី​ខែ ​មីនា​មក។ ​ហើយ​ខ្ញុំ​នៅ​តែ​​បន្ត​សកម្មភាព​ហ្វឹកហាត់​របស់​ខ្ញុំ​ ដោយ​មិន​គិត​អំពី​​បរាជ័យ​កាល​នៅ​ជប៉ុន​ឡើយ។​ ​ខ្ញុំ​ទន្ទឹង​រង់ចាំ​ដើម្បី​ការពារ​ខ្សែ​​ក្រវាត់ ​ពិភព​លោក​របស់​ខ្ញុំ មុន​ពេល​ចប់​ឆ្នាំ ២០១៩ ទោះ​​ប្រឈម​មុខ​អ្នក​ណា​ក៏​បាន»។

 

Jomary Torres​ ដែល​ឈ្នះ​៣​លើក​ជាប់​គ្នា​ ត្រូវ​ជួប​​ជើង​ខ្លាំង​ Jihin Radzuan

រយៈ​ពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​​​​នេះ​​កីឡាការិនី​​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន​ Jomary Torres ឬ​ ​ហៅ​ក្រៅ​ថា​ «The Zamboanginian Fighter» ​​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​​កីឡាការិនី​គុន​ចម្រុះ​លេច​ធ្លោ​ និង ទទួល​ភាព​​ជោគជ័យ​ម្នាក់​​​ក្នុង​ប្រភេទ​ទម្ងន់​ Atomweight ​លើ​សង្វៀន​ ONE Championship។ កីឡាការិនី​​​រូប​នេះ​ ធ្វើ​បាន​​ល្អ​ខ្លាំង​ណាស់​ដោយ​ឈ្នះ ៣ ​លើក​​ជាប់​គ្នា​​ក្រោយ​ឈ្នះ​កីឡាការិនី​​ថៃ​ Rika Ishige, ឈ្នះ​ជើង​ខ្លាំង​​ឥណ្ឌូណេស៊ី​ Nita Dea, និង​ April Osenio។ ​Jomary ​ត្រូវ​តតាំង​​​នឹង​ជើង​​ខ្លាំង​ម្ចាស់​ផ្ទះ​ Jihin Radzuan ឬ ​ហៅ​​ «Shadow Cat » ក្នុង​​ការ​ប្រកួត​គុន​ចម្រុះ​នៅ​សង្វៀន​ ONE: MASTERS OF DESTINY។ Jomary ​មាន​ភាព​ជឿជាក់​​​ដើម្បី​យក​ឈ្នះ​​កីឡាការិនី​ម្ចាស់​ផ្ទះ​ Jihin Radzuan ​ហើយ​គេ​នឹង​ប្រើ​ជំនាញ​ដែល​គ្រូ​បង្វឹក​បាន​​ផ្ដល់​ក្នុង​គោល​ដៅ​​​ទទួល​​ជ័យជម្នះ ​ខាង។ ​នេះ​ជា​គូ​ប្រកួត​​ដែល​មិន​​អាច​ខកខាន​​​ក្នុង​ការ​តាម​ដាន​បាន ​ក្នុង​ចំណោម​គូ​ប្រកួត​ខ្លាំងៗ​នានា​នៅ​សង្វៀន ​ONE: MASTERS OF DESTINY។

នេះ​ជា​គូ​ប្រកួត​ខ្លាំងៗ​ ច្រើន​ទៀត​នៅ​សង្វៀន​ ONE: MASTERS OF DESTINY

 

​​អត្ថបទ៖ ស៊ីធី

Leave a Reply