ពេល​ណា​ដែល​សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​​កម្ពុជា​អាច​រៀប​ចំ​ការ​​ប្រកួត​ឡើង​វិញ?

សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កម្ពុជា ឬ ​​​​ហៅ​ថា​ CMMAF ត្រូវ​បាន​បង្កើត​ឡើង​​​ជា​ផ្លូវ​​ការ​នា​ខែ ​តុលា ឆ្នាំ ២០១៨ កន្លង​ទៅ។ ​ការ​បង្កើត​សហព័ន្ធ​នេះ​ឡើង​ត្រូវ​បាន​​ថ្នាក់​ដឹក​នាំ​​បង្ហើប​អំពី​ការ​​ជំរុញ​កីឡា​គុន​ចម្រុះ​ឲ្យ​កាន់​តែ​ផុសផុល​​​ទាំង​​ក្នុង​ស្រុក​ និង​ ​អន្តរជាតិ រួម​ទាំង​ការ​ខ្នះខ្នែង​ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ក្នុង​ស្រុក​​​ឲ្យ​បាន​ឆាប់​​​​និង​ញឹកញាប់​​តាម​តែ​អាច​​ធ្វើ​ទៅ​បាន។​

យ៉ាង​ណា​​ក្ដី ​លោក​ កែប៊ិន សូរស្មី ​​អុនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ បាន​​ឆ្លើយ​តប​ទៅ​សំណួរ​​ខាង​លើ​បែប​នេះ​ ៖«​​​ឥឡូវ​​នេះ​យើង​មិន​​អាច​សន្យា​បាន​ទេ​ថា​​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​ MMA ​ពេល​​ណា​នោះ​ទេ។ ​ប៉ុន្តែ​ជា​ដំបូង​ គម្រោង​របស់​យើង​គឺ​​រៀប​ចំ​​​ការ​បង្វឹក​ដល់​កីឡាករ​ ​សិក្សា​អំពី​របប​​អាហារ​ ​​បណ្ដុះ​បណ្ដាល​​គ្រូ​បង្វឹក​ ​អាជ្ញា​​កណ្ដាល​ និង ​ចៅ​ក្រម​​ជា​មុន​​សិន។ ​វា​ជា​ជំនាញ​បច្ចេកទេស​ចាំ​បាច់​មុន​នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​​ឡើង​វិញ។ ​យើង​ចង់​ឲ្យ​កីឡាករ​ គ្រូ​បង្វឹក​ ​និង ចៅ​ក្រម​របស់​យើង​​​កាន់​តែ​មាន​អាជីព​ច្បាស់​លាស់។ ​យើង​កំពុង​លៃ​លក​​ស្នើ​សុំ​​ជួល​​​គ្រូ​មក​ពី​បរទេស​ដើម្បី​ធ្វើ​រឿង​នេះ ​និង​ចែក​រំលែក​​បទ​ពិសោធន៍​ពី​គ្រូ​​អន្តរជាតិ​​ក្រោម​ស្លាក​សហព័ន្ធ»។

មាន​មនុស្ស​​ជា​ច្រើន​បាន​សួរ​នាំ​អំពី​ការ​រៀប​ចំ​ការ​ប្រកួត​​​​កីឡា​​គុន​ចម្រុះ​ក្នុង​ស្រុក ប៉ុន្តែ​ សហព័ន្ធ​​ត្រូវ​​ការ​ក្បួន​ច្បាប់​ ឬ ​គោល​ការណ៍​ច្បាស់លាស់​ជា​​មូលដ្ឋាន​គ្រឹះ​​ ហើយ​​ត្រូវ​​បណ្ដុះ​​ឲ្យ​មាន​កីឡាករ​គ្រប់គ្រាន់​ដើម្បី​​​ការ​ប្រកួត​ ក៏​ដូច​ជា​គ្រូ​បង្វឹក​, អាជ្ញា​កណ្ដាល​ និង ចៅ​ក្រម​ផង​ដែរ។ ​រឿង​​នេះ​អ្នក​គាំទ្រ ក៏​​ដូច​​ជា​អ្នក​ស្រលាញ់​​កីឡា​​គុន​ចម្រុះ​កម្ពុជា​ត្រូវ​អត់ធ្មត់​ ​ព្រោះ​សហព័ន្ធ​កំពុង​ធ្វើ​​​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​​រឿង​នេះ។ ​​ ក្រៅ​​ពី​​ដំណើរ​ការ​រៀប​ចំ​​ការងារ​​ខាង​លើ​​ សហព័ន្ធ​ក៏​មាន​ក្រុម​ប្រឹក្សា​យោបល់​​ដែល​អាច​ជួយ​​ផ្ដល់​ដំបូន្មាន​ទាក់ទង​នឹង​របប​អាហារ​សម្រាប់​កីឡាករ​​ និង​ ទំនាក់ទំនង​សាធារណៈ​​សម្រាប់​ក្លិប​នីមួយៗ​ផង​ដែរ​តាម​រយៈ​ការ​ធ្វើ​សិក្ខាសាលា​ និង​ ​​រៀប​ចំ​វគ្គ​បណ្ដុះបណ្ដាល។


លោក​គូស​បញ្ជាក់​​​ទៀត​ថា​ ៖«​​ពេល​យើង​រៀប​ចំ​គោលការណ៍​​​បាន​ល្អ ​និង​ មាន​​ស្ដង់ដារ​មួយ​​ ​វា​​​​នឹង​ក្លាយ​ជា​រឿង​ងាយ​ស្រួល​ក្នុង​ការ​​ជ្រើស​រើស​គ្រូ​​បង្វឹក​ និង​ ​អាជ្ញា​កណ្ដាល។​ ​យើង​ច្បាស់​ក្នុង​ចិត្ត​​ថា​​ ការ​រៀប​ចំ​របស់​យើង​នឹង​​ដើរ​ដោយ​រលូន»។

បច្ចុប្បន្ន​​នេះ​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​បាន​កៀរគរ​ក្លិប​ទាំង​នៅ​​ក្នុង​ស្រុក​ និង​ នៅ​ក្រៅ​ប្រទេស​ដើម្បី​ចុះ​ឈ្មោះ​ជា​សមាជិក​របស់​សហព័ន្ធ​ក្នុង​គោល​ដៅ​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​ក្នុង​ស្រុក​និង​ទៅ​កាន់​​ឆាក​អន្តរជាតិ។ ​​បច្ចុប្បន្ន​មាន​ ២២ ​​ក្លិប​/សមាគម​ ហើយ​ដែល​ចុះ​ឈ្មោះ​​​ជា​​សមាជិក​ផ្លូវ​ការ​របស់​ CMMAF ​និង ​កីឡាករ​ចុះ​ឈ្មោះ​បាន​រហូត​ដល់​ ៤៧ ​នាក់​រួម​បញ្ចូល​ទាំង​កីឡាករ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ​​ក្នុង​ចំណោម​ ២២ ​ ក្លិប​ដែល​ចុះ​ឈ្មោះ​ មាន​ ៤ ​ក្លិប​​​នៅ​ក្រៅ​ប្រទេស​​មក​ពី​ប្រទេស ​បារាំង, កាណាដា​ , អូស្ត្រាលី និង ​សហរដ្ឋ​អាមេរិក។​ ​​ចំណែក​ក្លិប​នៅ​ក្នុង​ស្រុក​មក​ពី ភ្នំពេញ​ បាត់​ដំបង, ​សៀមរាប និង​ កំពង់​ឆ្នាំង។​ នេះ​ជា​ជំហាន​​ដ៏​ជោគជ័យ​មួយ​ទៀត​សម្រាប់​ CMMAF ហើយ​ ​​គេ​​រំពឹង​ថា​មាន​ក្លិប​មួយ​ចំនួន​ទៀត​នឹង​ចុះ​ឈ្មោះ​បន្ត។

យុទ្ធ​សាស្ត្រ​របស់​សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​​មិន​ត្រឹម​តែ​បង្កើត​ទំនាក់ទំនង​ជា​មួយ​ក្លិប​នៅ​ក្នុង​ស្រុក​ ប៉ុន្តែ​ ក៏​បង្កើត​បណ្ដាញ​បាន​នៅ​ក្រៅ​ស្រុក​ ដែល​មាន​​កូន​ខ្មែរ​​រស់​​នៅ​និង​ហាត់​ក្បាច់​គុន​នៅ​ទី​នោះ។ ​​មិន​យូរ​ប៉ុន្មាន​​កីឡាករ​ ឬ ​គ្រូ​បង្វឹក​​​ដែល​មាន​មូលដ្ឋាន​​នៅ​ ​បារាំង,​ កាណាដា​, អូស្ត្រាលី ​និង ​សហរដ្ឋ​អាមេរិក អាច​នឹង​​​មក​ចែក​រំលែក​​បទ​ពិសោធន៍​នៅ​កម្ពុជា និង​ ​ផ្លាស់​​ប្ដូរ​កម្មវិធី​ហ្វឹកហាត់​ជា​មួយ​គ្នា​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព។

សហព័ន្ធ​កីឡា​​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​បាន​កំពុង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​ទាំង​​​កីឡាករ​ក្នុង​ស្រុក​ ​​​ជួយ​ជ្រោមជ្រែង​​ដល់​ក្លិប​នៅ​ក្នុង​​ស្រុក​ និង ​បង្កើន​ទំនាក់ទំនង​ទៅ​កាន់​ក្លិប​នៅ​​ក្រៅ​ប្រទេស​ ​ដើម្បី​ផលិត​បាន​ធនធាន​កីឡាករ​​មាន​សមត្ថភាព​ក្នុង​គោល​ដៅ​​ទទួល​បាន​លទ្ធផល​ល្អ​ពេល​​​ចេញ​ទៅ​ប្រកួត​លើ​​​សង្វៀន​លំដាប់​អន្តរជាតិ​ ONE Championship, ​សង្វៀន​នៅ​ថៃ​, សង្វៀន​នៅ​មីយ៉ាន់ម៉ា និង​ សង្វៀន​អន្តរជាតិ​​ជា​ច្រើន​ទៀត៕ ​​

​​
អត្ថបទ៖ ស៊ីធី

Leave a Reply