ភាព​ជូរចត់​ និង ​រឿង​រំភើប​​របស់​ មាស ម៉ើ ​នៅ​លើ​សង្វៀន​ ONE ​និង​​​​ក្នុង​ពិភព​ក្បាច់​គុន​ចម្រុះ​ដែល​ចង​ចាំ​មិន​​ភ្លេច

អ្នក​​លេង​គុន​​ចម្រុះ​ មាស ​ម៉ើ​ ​​​​ដែល​​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​​​ Khmer Warrior Challenge ​​វគ្គ​​២​​​បាន​បង្ហើប​អំពី​រឿង​រ៉ាវ​ជូរចត់​​​ជា​​​ច្រើន​ និង រឿង​រ៉ាវ​រំភើប​ខ្លាំង​ ដែល​​រូប​គេ​ចង​ចាំ​នៅ​ក្នុង​ចិត្ត​ បន្ទាប់​​ពី​​បាន​​ប្រឡូក​​​ក្នុង​សង្វៀន​គុន​ចម្រុះ​​ថ្នាក់​ជាតិ​និង​អន្តរជាតិ​តាំង​ពី​ឆ្នាំ​ ២០១៣ មក។​

​កីឡាករ​មាន​បទ​​ពិសោធន៍​ក្រាស់​ក្រែល​​នៅ​សង្វៀន​គុន​ចម្រុះ​​វ័យ​ ​២៩ ឆ្នាំ​រូប​នេះ​​​​បង្ហើប​ថា ៖«​រឿង​​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ ពេល​​ទៅ​វ៉ៃ​​នៅ​សង្វៀន​ ONE ​លើក​ដំបូង ​ពេល​ចាញ់​កីឡាករ​​ម្ចាស់​​ផ្ទះ​ហ្វីលីពីន​ Edward Kelly ​ក្នុង​ទឹក​ទី១។​ ខ្ញុំ​ដឹង​ថា​ Edward Kelly ពូកែ​​​​កណ្ដាប់​ដៃ​ និង​ ទាត់​ ​​ដូច្នេះ​​ខ្ញុំ​ព្យាយាម​​ចូល​ចាប់​។ តែ​​ចៃដន្យ​​មិន​ប្រយ័ត្ន​ ក៏​ត្រូវ​ Edward Kelly ទាត់​ខ្ញុំ​ចំ​ក្បាល​សន្លប់​តែ​ម្ដង​ត្រឹម​ទឹក​ទី១។ ​នេះ​ជា​ការ​ធ្វេសប្រហែស​​​ដែល​​ចាំ​មិន​​ភ្លេច»។​

រី​ឯ​រឿង​ឈឺ​ចាប់​មួយ​ទៀត​​​ដែល​​​​ចង់​​បំភ្លេច​នៅ​តែ​បំភ្លេច​មិន​កើត​​នោះ​​គឺ​ គ្រូ​បង្វឹក​ម្នាក់​មាន​បំណង​មិន​ល្អ​ និង​ ចង់​លក់​ការ​ប្រកួត​របស់​​ មាស ម៉ើ នៅ​ស្រុក​ខ្មែរ។​ ​

យ៉ាង​ណា​​ក្ដី​ ​មាស ម៉ើ​ មិន​គុំកួន​អ្វី​ទេ​គ្រាន់​តែ​​​​បញ្ជាក់​​បែប​នេះ​៖«រឿង​ហ្នឹង​យូរ​ហើយ​ ហើយ​ក៏​ចប់​ដែរ។ ខ្ញុំ​មិន​រំលឹក​​អ្វី​​ច្រើន​ទេ​ ​ប៉ុន្តែ​​មាន​​គ្រូ​ម្នាក់​ចង់​លក់​ការ​ប្រកួត​របស់​ខ្ញុំ។ ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​អាច​ធ្វើ​បែប​នេះ​បាន​ឡើយ​។ ចុង​ក្រោយ​ខ្ញុំ​ក៏​លែង​មាន​ទំនាក់ទំនង​ជា​មួយ​គាត់​ទៅ»។
​​​

ចំណែក​រឿង​រ៉ាវ​ដែល​រំភើប​បំផុត​​នៅ​ក្នុង​ជីវិត​​វិញ​​ត្រូវ​បាន​​​កីឡាករ​​មក​ពី​ស្រុក​បារាយណ៍​ខេត្ត​កំពង់​ធំ​​​​​រំលឹក​​អំពី​ការ​ទទួល​បាន​ប្រាក់​រង្វាន់​៣​ពាន់​ដុល្លារ​អាមេរិក​ ពេល​​ឈ្នះ​ខ្សែ​ក្រវាត់។ ​មាស ម៉ើ​ ​បង្ហាញ​ភាព​រីករាយ​​បែប​នេះ ៖«​ពេល​ខ្ញុំ​ឈ្នះ​ខ្សែ​ក្រវាត់​ Khmer Warrior Challenge ពី​ស្ថានីយ​ទូរទស្សន៍​ MyTV និង​​ទទួល​បាន​ ៣ ​ពាន់​ដុល្លារ​វា​ពិត​ជា​​មាន​ន័យ​ខ្លាំង​សម្រាប់​ជីវិត។ ​ខ្ញុំ​រំភើប​ខ្លាំង​ ដែល​មិន​នឹក​ស្មាន​ក្នុង​ជីវិត​​ ខ្ញុំ​​ទទួល​បាន​បែប​នេះ។ វា​ជា​លើក​ដំបូង​ខ្ញុំ​ស្គាល់​លុយ​ ៣ ពាន់​ដុល្លារ»។ ​​​

ម្ចាស់​ខ្សែ​ក្រវាត់​ KWC វគ្គ​២​ ​​ទម្ងន់​ ៦៥ គីឡូក្រាម​​​រូប​នេះ​​ពិពណ៌នា​ទៀត​ថា​ មុន​​ឈ្នះ​ខ្សែ​ក្រវាត់​ គេ​គ្រាន់​តែ​ជា​សន្តិសុខ​​នៅ​ក្រុម​ហ៊ុន​​ឯក​ជន​មួយ​​ដែល​ទទួល​ប្រាក់​​តិចតួច​ប៉ុណ្ណោះ​ហើយ​ពេល​បើក​ប្រាក់​ខែ​ម្ដងៗ​ សល់​ត្រឹម​២០ដុល្លារ​ដោយ​សារ​ត្រូវ​ទិញ​សម្ភារ​​​សម្រាប់​ការងារ​ និង ​​កាត់​ខោអាវ​ជា​ដើម។

យ៉ាង​ណា​​ក្ដី​​ទោះ​ឃ្លាត​ឆ្ងាយ​ពី​​សង្វៀន​ ​ក៏​​នៅ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ពី​​គ្រូ​បង្វឹក​ ហ៊ុន ច័ន្ទរាជ្យ ​ពោល​​​លោក​តែង​តែ​ប្រាប់​ដំណឹង​ ឬ ពេល​មាន​​​គេ​ត្រូវ​ការ​​​​កីឡាករ​ MMA ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ ​ជាដើម។​ គ្រូ​បង្វឹក​នៅ​ក្លិប Cambodian Top Team ​ចង់​ឲ្យ​ ​​​​មាស ម៉ើ​ ​​ហ្វឹកហាត់​ឡើង​វិញ​ ប៉ុន្តែ​គេ​​មិន​ទាន់​មាន​ពេល​គ្រប់គ្រាន់​​ព្រោះ​ជាប់​រត់​ឡាន។ ​​បែប​ណា​ក្ដី​ ​អតីត​​កូន​សិស្ស​លោក​​ ឡាច វុទ្ធី​ ​​បាន​ឆ្លៀត​​ពេល​ហ្វឹកហាត់​ខ្លួន​​ឯង​ខ្លះ​ ដើម្បី​សម្រក​គីឡូ។

​គួរ​ដឹង​ថា​ មាស ម៉ើ​ ​ ផ្អាក​ឡើង​សង្វៀន​ ​និង​ ហ្វឹកហាត់​តាំង​ពី​ចុង​​ខែ​ វិច្ឆិកា​ ឆ្នាំ ២០១៨​មក​ម៉្លេះ​ ​បន្ទាប់​ពី​ចាញ់​កីឡាករ​ហុល្លង់​ Anthony Engelen ​នៅ​សង្វៀន​ ONE: HEART OF THE LION ​នា​ប្រទេស​សិង្ហបុរី។ ​បច្ចុប្បន្ន​នេះ​ គេ​ប្រកប​របរ​ចិញ្ចឹម​​ជីវិត​ ដោយ​​​រត់​តាក់ស៊ី (ឡាន​ទួរីស​ ១២ កៅ​អី) ​ទៅ​មក​ភ្នំពេញ​​-កំពង់​ធំ។ ​​ការ​ដែល​​ផ្អាក​​ហ្វឹកហាត់ និង​ ​ឡើង​​សង្វៀន​​នេះ​​ដោយ​សារ​មាន​បន្ទុក​គ្រួសារ​ ត្រូវ​ការ​​ចំណាយ​ប្រចាំ​ថ្ងៃ​ ព្រោះ​មាន​​ប្រពន្ធ​ និង​ ​កូន​រហូត​ដល់​ ៣ នាក់​នៅ​ក្នុង​​បន្ទុក។​ ​​យ៉ាង​​នេះ​ក្ដី​ ​ មាស ម៉ើ​ នៅ​តែ​ស្រលាញ់​ក្បាច់​គុន​ចម្រុះ​​ដែល​ខំ​តស៊ូ​ហ្វឹកហាត់​តាំង​​​ពី​យូរយារ​​មក។​ ​​កូន​ សិស្ស​ លោក​ ហ៊ុន ច័ន្ទរាជ្យ​ រំពឹង​​​ថា​ អាច​​នឹង​វិល​មក​ធ្វើ​ការ​ក្នុង​វិស័យ​គុន​ចម្រុះ​ដែល​ខ្លួន​ស្រលាញ់​​នេះ​ទៅ​ថ្ងៃ​មុខ បើ​សិន​​ទទួល​បាន​កម្រៃ​សមរម្យ​​ដើម្បី​​ចិញ្ចឹម​គ្រួសារ។

មាស ម៉ើ​ ចាប់​ផ្ដើម​ហ្វឹកហាត់​​​ក្បាច់​គុន​ដំបូង​គឺ​ យូដូ ​ហើយ​​គេ​អតីត​កីឡាករ​ជម្រើស​ជាតិ​យូដូ​ និង ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​ច្រើន​ដង​ មុន​ពេល​ចូល​​ហ្វឹកហាត់​រួម​គ្នា​ ស្នាក់​នៅ​រួម​គ្នា និង​ ហូប​ចុក​​​រួម​គ្នា​​​កាល​ឆ្នាំ ​២០១៣ ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ KWC។ ​​​​មាស ម៉ើ​ ឡើង​ប្រកួត​គុន​​ចម្រុះ​​ទាំង​ក្នុង​ស្រុក និង ឆាក​អន្តរជាតិ​ចំនួន ៨ ដង​​ក្នុង​នោះ​ឈ្នះ​ ៥ ដង​ និង​ ចាញ់​ ៣៕

អត្ថបទ៖ ស៊ីធី

Leave a Reply