Martin Nguyen ឡើង​ការពារ​​ខ្សែ​ក្រវាត់​ទល់​នឹង​​ Koyomi  Matsushima 

ជើង​ខ្លាំង​ Martin Nguyen ​ឬ ​ហៅ​ថា​ «The Situ-Asian» ​​នៅ​តែ​ទទួល​ទំនុក​ចិត្ត​​បន្ត​កាន់​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​របស់​ខ្លួន​​បន្ទាប់​ទទួល​ជ័យជម្នះ​បន្ត​បន្ទាប់។ ​នៅ​ថ្ងៃ​​សុក្រ​ ​ទី​ ២​ ខែ សីហា ​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion ​រូប​នេះ​​​ត្រូវ​ប្រឈម​នឹង Koyomi  Matsushima  ​ឬ រហស្សនាម​ «Moushigo» ​ដើម្បី​ការពារ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ ONE: DAWN OF HEROES ​នា​ក្រុង​ម៉ានីល​​ ប្រទេស​ហ្វីលីពីន។ ​​ម្យ៉ាង​វិញ​ទៀត​ គោល​ដៅ​របស់ «The Situ-Asian» ​ គឺ​ ​រក្សា​កំណត់​ត្រា​វ៉ៃ​​គូ​ប្រកួត​ឲ្យ​សន្លប់​​ច្រើន​ជាង​គេ​ ​​ក្រោយ​​​បំបាក់​ Narantungalag Jadambaa ​ឲ្យ​សន្លប់​នា​ប្រកួត​ចុង​ក្រោយ។ កូន​កាត់​​​វៀតណាម-អូស្ត្រាលី​ រូប​នេះ​​ តែង​តែ​ចង់​រក្សា​កំណត់​ត្រា​​ល្អ​ និង​ រក្សា​ខ្សែ​ក្រវាត់​នៅ​ជាប់​​នឹង​ចង្កេះ​របស់​ខ្លួន​ជា​និច្ច។

«​ជា​បឋម​ និង​ ​ការ​វាយ​តម្លៃ​ខ្ពស់ ខ្ញុំ​សូម​អបអរ​ដល់ Matsushima ​ដែល​​ទទួល​បាន​ការ​ផ្គូផ្គង។​ ខ្ញុំ​គិត​ថា​ គេ​ជា​កីឡាករ​ដ៏​អស្ចារ្យ​ ​​​ដែល​​ខំ​ប្រឹង​រហូត​​ដល់​ចំណុច​កំពូល​​របស់​ខ្លួន។ ​បើ​​ខ្ញុំ​​វិញ​ពេល​ខ្លះ​មាន​​របួស ​ហើយ​ធ្វើ​ឲ្យ​​ខ្ញុំ​ស្រេក​ឃ្លាន​ក្នុង​ការ​ប្រកួត​យ៉ាង​ខ្លាំង។ ​ប៉ុន្តែ​វា​ជា​ការ​លើក​ទឹក​ចិត្ត​ខ្លួន​​ឯង​​​និង​ខំ​ប្រឹង​ដើម្បី​ត្រឡប់​មក​កាន់ ជ័យជម្នះ​វិញ​​ទល់​នឹង​ Jadambaa កន្លង​ទៅ។ ​យ៉ាង​ណា​ក្ដី ខ្ញុំ​ផ្ដល់​ពេល​វេលា​ហ្វឹកហាត់​ដល់​ខ្លួន​ឯង​​ល្អ​​បំផុត​ ដើម្បី​រៀប​ចំ​​ឲ្យ​ល្អ​​​ពេល​ជួប Matsushima។ ​ហើយ​ខ្ញុំ​មាន​ជំនឿ​​​លើ​គ្រូ​បង្វឹក​របស់​ខ្ញុំ​ និង​ ​ដៃ​គូ​ហ្វឹកហាត់​​របស់​ខ្ញុំ​​​ក្នុង​ការ​ដាក់​គោល​ដៅ​រក​ជ័យជម្នះ​បន្ថែម​ »។ ​Nguyen ថ្លែង​បែប​នេះ។

Nguyen ​​​ឡើង​ប្រកួត​បាន​ចំនួន​ ១២ ដង​​លើ​សង្វៀន​កម្រិត​ពិភព​លោក​ ONE ​និង​ក្លាយ​ជា​​​ម្ចាស់​ខ្សែ​ដំបូង​គេ​មិន​ធ្លាប់​មាន​ដែល​​​អាច​ការពារ​ខ្សែ​ក្រវាត់​ ONE World Champion ​​ក្នុង​ពីរ​ស្ថាប័ន​ទាំង ​Featherweight ​និង Lightweight បន្ទាប់​​ពី​​ឆ្លង​កាត់​ការ​​ការ​ពារ​ខ្សែ​ក្រវាត់​​ដោយ​​ជោគជ័យ​រហូត​ដល់​ ២ ​ដង​ ពោល​​វាយ​ Marat Gafurov ​​ឲ្យ​សន្លប់ ​និង ​​​ឈ្នះ​​​ជើង​ខ្លាំង​​សញ្ជាតិ​ហ្វីលីពីន​ Eduard Folayang កាល​ឆ្នាំ​ ២០១៧។

ផ្ទុយ​ទៅ​វិញ​​គូ​ប្រជែង​របស់​គេ​ Matsushima ​ទើប​តែ​ឡើង​ប្រកួត​បាន​ ២​​ដង​ទេ​នៅ​សង្វៀន​​ខាង​លើ ប៉ុន្តែ​ ​ជើង​ខ្លាំង​សញ្ជាតិ​ជប៉ុន​រូប​នេះ​​បាន​បង្ហាញ​ខ្លួន​​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​ និង​​​ប្រកួត​លើ​សង្វៀន​នានា​ ​ហើយ​ ជ័យជម្នះ​ ២ ដង​ជាប់​គ្នា​​នេះ​​បាន​ផ្ដល់​ឲ្យ​គេ​​ក្លាយ​​ជា​​គូ​ប្រជែង​​កំពូល​ម្នាក់។​

កីឡាករ​សញ្ជាតិ​ជប៉ុន​រូប​នេះ​វាយ​ Gafurov ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១​នៅ​សង្វៀន​ ONE: CONQUEST OF HEROES, ​និង​ ឈ្នះ​ប្រុស​ស្អាត Kwon Won Il ​ ដោយ​ក្បាច់​គាប​កាល​ពាក់​កណ្ដាល​ខែ​ ​មិថុនា​ កន្លង​ទៅ។

បែប​ណា​ក្ដី​ «The Situ-Asian»​ ​បាន​ទស្សនា​​ ការ​ប្រកួត​របស់​គូ​ប្រជែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ហើយ​​​មើល​ទៅ​មិន​មែន​ជាង​ការ​ប្រកួត​ងាយ​ស្រួល​​ឡើយ​នា​​​ដើម​ខែ​សីហា​ ​ខាង​មុខ​​ក្នុង​ទីលាន​ Mall Of Asia Arena។

កូន​កាត់​​វៀតណាម​-អូស្ត្រាលី​​ពន្យល់​​យ៉ាង​ដូច្នេះ ៖«​ការ​ប្រកួត​​របស់​គូ​ប្រជែង​ទល់​នឹង Gafurov ​ដែល​មើល​ទៅ​ Gafurov ​ពិត​ជា​ខាក​ចិត្ត​ខ្លាំង​ណាស់​និង​ ​មើល​ឃើញ​អំពី​ការ​ធ្វេសប្រហែស​របស់​គេ​ដូច​កាល​ប្រកួត​ជា​មួយ​ខ្ញុំ​អីចឹង។​ ​ចំណែក​ការ​ប្រកួត​​ទល់​​នឹង​Kwon Won Il ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល។ ខ្ញុំ​គិត​ថា​ Kwon Won Il ​​អាច​ការពារ​បាន​ល្អ​ និង​ វាយ​បក​ Matsushima​​ ដោយ​ប្រើ​ក្បាច់​ចំបាប់ ​ប៉ុន្តែ​បែរ​​ជាMatsushima​​  គ្រប់​គ្រង​ស្ថានការណ៍​បាន​ទៅ​វិញ» ។

អ្នក​​តំណាង​​ក្រុម​ហ៊ុន​  Pancrase ISM Yokohama ​​បាន​បង្ហាញ​ភាព​អស្ចារ្យ​ និង បង្ក​គ្រោះ​ថ្នាក់​​​ណាស់​ក្នុង​ ២​លើក​កន្លង​មក​​ជា​ពិសេស​តាម​រយៈ​​ជំនាញ​​​ការ៉ាតេ​​ខ្សែ​ក្រវាត់​​ខ្មៅ​របស់​គេ។ ​ការ​រៀប​​កល​ល្បិច​​​ដ៏​ល្អ​ឥត​ខ្ចោះ​ទល់​នឹង Kwon គឺ​បង្ក​ភាព​គំរាមកំហែង​​ដល់​គូ​បដិបក្ខ​គ្រប់​​ពេល។ ​យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​ខ្សែ​ក្រវាត់​កម្រិត​ពិភព​លោក​​ខាង​​លើ​​ដឹង​អំពី​របៀប​ការពារ​ ហើយ​ទទួល​ស្គាល់​ថា​​ Matsushima​​ មាន​ក្បាច់​មិន​ខុស​អំពី​ខ្លួន​ប៉ុន្មាន​នោះ​ទេ។ ​​ការ​ប្រកួត​​​នា​​ដើម​ខែ សីហា ខាង​មុខ​​នឹង​ក្លាយ​ជា​រឿង​គួរ​ឲ្យ​ចង​ចាំ​បំផុត​នៅ​ ម៉ានីល។

ជើង​ខ្លាំង​ពី​ក្រុង​ សីដី ​គូស​បញ្ជាក់​ថា ៖«Matsushima​​ ​​មាន​បច្ចេកទេស​ខាង​ចំបាប់​ល្អ។ ​ការ​ប្រយុទ្ធ​ក៏​ល្អ​ដែរ​ ប៉ុន្តែ​ ​វា​ត្រូវ​​តែ​មាន​ការ​ប្រយ័ត្ន​ខ្ពស់។​ ​មួយ​ទៀត​ ​ស្ទិល​វ៉ៃ​របស់​​ពួក​យើង​គឺ​ ស្រដៀង​គ្នា។ យើង​មាន​ចលនា​ល្អ​ដូច​គ្នា​ ដើម្បី​វាយ​បក។ ​វា​ជា​ការ​ប្រកួត​ដោយ​បច្ចេកទេស​អស្ចារ្យ​នា​​យប់​​នោះ»។

ម្ចាស់​ខ្សែ​ក្រវាត់​វ័យ​ ៣០​ ឆ្នាំ​ សង្កត់​ធ្ងន់​​បែប​នេះ​៖«​រាល់​​​កីឡាករ​ទាំង​អស់​តែង​តែ​មាន​​ចំណុច​ខ្លាំង និង ចំណុច​ខ្សោយ​ ប៉ុន្តែ​ខ្ញុំ​ត្រូវ​​ស្វែង​រក​ចំណុច​ត្រូវ​ប្រយុទ្ធ​ឲ្យ​ឃើញ​ រៀប​ចំ​​គម្រោង ​និង ធ្វើ​​ឲ្យ​ Matsushima ​ស្គាល់​អំពី​ល្បិច​ទាំង​នេះ»។ ​Nguyen រៀប​​គម្រោង​​យក​ឈ្នះ​​កីឡាករ​មក​ពី​ Yokohama ​បន្ទាប់​ពី​អវត្តមាន​ ៩ ​ខែ​ ​និង ​ត្រឡប់​មក​ជ័យជម្នះ​ ​ទល់​នឹង Jadambaa កាល​ខែ មេសា ហើយ​ត្រូវ​តែ​រក្សា​កំណត់​ត្រា​ឈ្នះ​បន្ថែម​ទៀត។

បន្ទាប់​ពី​ជ័យជម្នះ​ខាង​លើ​​​​​​បាន​ញុំាង​ឲ្យ​រូប​ទទួល​បាន​គូ​ប្រកួត​ថ្មី​​មួយ​ទៀត​នៅ​ឆ្នាំ ​២០១៩​ ​នេះ​ និង​ ដាក់​គោល​ដៅ​​យក​​លទ្ធផល​ជា​ទី​គាប់​ចិត្ត​​លើក​ទី២​​​​មុន​បញ្ចប់​ឆ្នាំ​ ២០១៩៕

អត្ថបទ៖ ស៊ីធី

Leave a Reply