​គ្រូ​ផ្នែក​កម្លាំង​​​​​បង្ហាញ​អំពី​ភាព​រីកចម្រើន​របស់​កូន​សិស្ស​​នៅ​ក្លិប​ CTT ​បន្ទាប់​​ពី​ហ្វឹកហាត់​ជាង​​ ៣ ​ខែ​មក​នេះ

​បន្ទាប់​ពី​ចូល​បង្វឹក​​​​​ផ្នែក​កម្លាំង​ និង​​កាយសម្បទា​ ​នៅ​ក្លិប​ប្រដាល់ ​Cambodian Top Team ​អស់​រយៈ​ពេល​ជាង​ ៣​ខែ​មក​នេះ​ ​​ឡាយ រស្មី​ ​​ដែល​ទទួល​ភារកិច្ច​​នេះ​​​បាន​កត់​សម្គាល់​​ឃើញ​ភាព​រីកចម្រើន​របស់​កូន​សិស្ស​​ទាំង​ផ្នែក​កម្លាំង​ និង ​ចលនា​​រហ័សរហួន​​ជាង​​មុន​ច្រើន។​

​​ការ​ហ្វឹកហាត់​ផ្នែក​កម្លាំង​ និង ​​កាយសម្បទា​​​ជា​ផ្នែក​មួយ​មិន​អាច​ខ្វះ​​ក្នុង​គ្រប់​ប្រភេទ​កីឡា​ ​ហើយ​ ​​អាច​​​ទប់​កុំ​ឲ្យ​​កីឡាករ​អស់​​​ស៊ុហ្វ ​​​​និង​​មិន​ងាយ​​​​រង​របួស​ងាយៗ​ពេក។​ ​​ជាង​ ៣ ​ខែ​មក​នេះ​ ​លោក​ ហ៊ុន ច័ន្ទរាជ្យ ម្ចាស់​​ក្លិប​ប្រដាល់​ Cambodian Top Team (CTT) ​បាន​ជួល​សេវាកម្ម​អ្នក​ជំនាញ​ផ្នែក​កម្លាំង​លោក​ Mark Chen ​សញ្ជាតិ​ហុល្លង់។ ​មិន​យូរ​ប៉ុន្មាន​ ​លោក Mark Chen ​បាន​ផ្ដល់​សេច​ក្ដី​ទុក​ចិត្ត ​និង​ ​​ទម្លាក់​ការងារ​នេះ​​ឲ្យ​​អ្នក​ជំនិត​គ្រូ​​បង្វឹក​ ឡាយ រស្មី ​ដឹក​នាំ​​ការ​ហ្វឹកហាត់​​ផ្ទាល់​ជា​រៀង​មក។​ ឡាយ រស្មី ​​​ដែល​ត្រូវ​បាន​ទំនុក​ចិត្ត​ ​ព្រោះ​គេ​ជា​កីឡាករ​​មាន​បទ​ពិសោធន៍​ច្រើន​ ហើយ​​បាន​​​ទទួល​វគ្គ​បណ្ដុះ​​​បណ្ដាល​ជា​ច្រើន​វគ្គ​​​ជុំ​វិញ​ការ​បង្វឹក​ផ្នែក​កម្លាំង​ និង កាយ​សម្បទា​​​ពី​​ពី​​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIFA) និង​ ​​បាន​សិក្សា​ច្រើន​ពី​គ្រូ​បង្វឹក​​នានា​រួម​ទាំង​ Mark Chen ​រហូត​ដល់​​សម្រេច​បាន​ជំនាញ​បង្ហាត់​នេះ។ ​​

​ឡាយ រស្មី​​​ ដែល​បច្ចុប្បន្ន​​ដឹក​នាំ​កីឡាករ​​ព្រះខ័នរាជស្វាយរៀង​ហ្វឹកហាត់​​ផ្នែក​កម្លាំង​ដែរ​នោះ​​បាន​​​គូស​បញ្ជាក់​ថា ៖«​ឆ្លង​តាម​​ការ​ហ្វឹកហាត់​ជាង​ ៣​ ខែ​មក​​នេះ​​នៅ CTT យើង​បាន​ធ្វើតេស្ត​ ​២ ​ដង​មក​ហើយ។​ ​​យើង​នឹង​ធ្វើតេស្ត​បន្តបន្ទាប់​ទៀត ​និង​ តេស្ត​សរុប​ក្រោយ​ចប់​​លំហាត់​និង​មេរៀន។ ការ​ធ្វើ​តេស្ត​​កន្លង​មក​មាន​ រិន សារ័ត្ន , នៅ ស្រីពៅ និង ចាន់ សំអាត ជា​ដើម…។ ​​​​ពួក​គេ​មាន​ភាព​រីក​ចម្រើន​​ច្រើន​​ដូច​ជា​​ល្បឿន ​បម្លាស់ទី​ ចលនា​មាន​ភាព​រហ័សរហួន​ ភាព​អំណត់​ល្អ​ កម្លាំង​ស៊ុហ្វ​ល្អ និង​​​ សាច់​ដុំ​ល្អ។ ពួក​គាត់​មាន​ភាព​ទន់​ភ្លន់​ជាង​មុន។ ​ភាព​ទន់​ភ្លន់​មិន​មែន​​​ទន់​​ខ្សោយ​ទេ​ គឺ​​ទល់​ភ្លន់​រឹង​មាំ ​និង រហ័ស​ជាង​មុន​ អម​ដោយ​ភាព​បត់​បែន​»។​

ការ​ហ្វឹកហាត់​​នេះ​​ពិត​ជា​​​ល្អ​​ណាស់​សម្រាប់​កីឡាករ​អាជីព​ហើយ​ក្លិប​ប្រដាល់​​មួយ​ចំនួន​​​​នៅ​ក្នុង​ស្រុក​ក៏​មិន​ទាន់​មាន​កម្មវិធី​​ហ្វឹកហាត់​កម្លាំង​ និង កាយសម្បទា​នេះ​ត្រឹម​ត្រូវ​ដែរ​ ​ពោល​ត្រឹម​ហាត់​រត់​ដើម្បី​យក​កម្លាំង​ ប៉ុន្តែ​ពេល​នេះ​មានភាព​​ខុស​ប្លែក​ច្រើន។​ ​ទន្ទឹម​គ្នា​​នោះ​ លោក ហ៊ុន​ ច័ន្ទរាជ្យ​ ​បាន​ប្រាប់​កន្លង​ទៅ​ថា​ ក្លិប CTT ​ត្រូវ​ដើរ​​ឲ្យ​ទាន់​សម័យ​កាល​​ដោយ​ផ្លាស់​ប្ដូរ​ទម្លាប់​ចាស់​ ​ហើយ​​ត្រូវ​មាន​គ្រូ​បង្វឹក​​ត្រឹម​ត្រូវ​ផ្នែក​កម្លាំង​នេះ​ព្រោះ​​​​ក្លិប​ជា​ច្រើន​​ហាត់​​តែ​បច្ចេកទេស​​ មិន​បាន​គិត​អំពី​កម្លាំង។​ ​

គ្រូ​បង្វឹក​វ័យ​ ២៩ ឆ្នាំ​ និង ជា​កីឡាករ​​នៅ​​​ក្លិប​បាល់ទាត់​អាស៊ី​អឺរ៉ុប​យូណាយធីត​​រូប​នេះ​សង្កត់​ធ្ងន់​ថា​ ៖«​ការ​ហ្វឹកហាត់​​គឺ​​មាន​ការ​លំបាក​ច្រើន​ដែរ​សម្រាប់​កីឡាករ​ ព្រោះ​ពី​មុន​​ពួក​គាត់​មិន​ដែល​ជួប​លំហាត់​លំបាកៗ​បែបនេះ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​ពួក​គាត់ និង​សរសើរ​​ ​​​ដោយ​សារ​ពួក​គាត់​ព្យាយាម​ធ្វើ​ ហើយ​ទោះ​ធ្វើ​មិន​បាន​ល្អ ក៏​គាត់​នៅ​តែ​ព្យាយាម​ធ្វើ»។

គ្រូ​បង្វឹក​ដែល​ជា​អតីត​​ខ្សែ​ការពារ​ជម្រើស​ជាតិ​​កម្ពុជា​រូប​​នេះ​​​​​បាន​បង្ហើប​អំពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ថា​ កីឡាករ​​​ភាគច្រើន​​​មាន​ភាព​រឹង​​ដូច​ជា​ដៃ​-ជើង ​ដែល​ពិបាក​នឹង​កែ​ទម្លាប់​ ព្រោះ​​ពួក​គេ​មិន​ដែល​បាន​ហ្វឹកហាត់​បែប​​ល្បឿន​ និង ​ធ្វើ​ឲ្យ​រហ័សរហួន​​បែប​នេះ​។ ​យ៉ាង​ណា​​ក្ដី​ ​​​​គ្រូ​បង្វឹក​ដដែល​នេះ​សូម​សរសើរ​​ដល់​ការ​ខំ​ប្រឹង​របស់​​កូន​សិស្ស​​របស់​ខ្លួន​​រហូត​ធ្វើ​ឲ្យ​មាន​ការ​ប្ដូរ​ជា​វិជ្ជមាន​​​​ដូច​ជា​មាន​ការ​បត់បែន​លឿន​ ​ទន់​ភ្លន់​ជាង​មុន​ឆ្ងាយ​ និង​ ​រឹង​ប៉ឹង​រួម​ជា​មួយ​កម្លាំង​ស៊ុហ្វ។

ក្លិប​ Cambodian Top Team ​​​នៅ​តែ​មិន​រាថយ​ចំពោះ​ការ​ជួល​សេវា​កម្ម​នានា​ និង ​គ្រូ​បង្វឹក​ល្អៗ​ដើម្បី​បង្កើន​សមត្ថភាព​ដល់​កូន​សិស្ស​នៅ​ក្នុង​ក្លិប​ទាំង​មូល។​ ​ក្រៅ​ពី​បង្ហាត់​​កីឡាករ​ និង​ បង្កើត​ទីផ្សារ​ដល់​កីឡាករ​ទាំង​ក្នុង​ស្រុក​ និង​ ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​ ដូច​ជា​សង្វៀន ONE Championship និង ​សង្វៀន​នានា​ ក្លិប​​ក៏​មាន​​ទទួល​សេវា​កម្ម​បង្ហាត់​​ដើម្បី​សុខភាព​ផង​ដែរ។​ ​ក្លិប​មាន​ទីតាំង​នៅ ​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ។ ​អ្នក​ចង់​ចូល​រួម​ហាត់​ដើម្បី​សុខភាព ឬ ហ្វឹកហាត់​អាជីព​​ ​​សូម​ទាក់ទង​​លេខ​ទូរសព្ទ​​​ពីរ​ខ្សែ​​ ​ភាសា​ខ្មែរ ​012 282 282 ​និង ​និយាយ​ជា​ភាសា​អង់គ្លេស​តាម​រយៈ​លេខ​ 089 333 705៕

អត្ថបទ៖ ស៊ីធី

Leave a Reply