ចាន់ សំអាត ៖« ខុន ស៊ីចាន់ ​​​ជា​អ្នក​មាន​គុណ​ដំបូង​ជួយ​ខ្ញុំ​ឲ្យ​ប្រឡូក​ក្នុង​គុន​ខ្មែរ​និង​គុន​ចម្រុះ​រហូត​​មាន​ឈ្មោះ​ដូច​ថ្ងៃ​នេះ»

កីឡាករ​គុន​ចម្រុះ​​ ចាន់ សំអាត​ តែង​តែ​មិន​បំភ្លេច​រៀមច្បង​​ ខុន ស៊ីចាន់ ​​ដែល​​​នាំ​​ឲ្យ​រូប​គេ​មាន​ឈ្មោះ​បោះ​សំឡេង​រហូត​ដល់​​​បច្ចុប្បន្ន​នេះ។​ ខុន ស៊ីចាន់ ​​​ជា​មនុស្ស​ម្នាក់​ដំបូង​គេ​ដែល​​​បាន​មើល​ឃើញ​អំពី​ទេពកោសល្យ​របស់​ សំអាត​ ​នៅ​ឆ្នាំ​ ២០០៨​ ពេល​មាន​កម្មវិធី​ប្រកួត​ប្រដាល់​​សប្បាយៗ​​​​នៃ​ថ្ងៃ​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​វត្ត ​«ផ្លាត» ​ខេត្ត​ឧត្ដរមានជ័យ។


ចាន់ សំអាត ​​រៀប​រាប់​​​ដូច្នេះ ៖«​ដំបូង​ឡើយ​ខ្ញុំ​​ជា​​អ្នក​​​រៀន​សូត្រ ​​ខ្ញុំ​អត់​បាន​គិតគូរ​​ប្រដាល់​ទេ​ប៉ុន្តែ ​កាល​នៅ​តូច​ធ្លាប់​ហាត់​​វ៉ៃ​លេង​ជា​មួយ​ក្មេងៗ​ដូច​គ្នា។ ​ពេល​អស់​​អ្នក​ទំនុក​បម្រុង​​ក្រោយ​​ឳ​ពុក​ខ្ញុំ​​​ខូច​ ខ្ញុំ​ក៏​​​បាក់​ទឹក​ចិត្ត​​ក្លាយ​ជា​ក្មេង​ដើរ​លេង​ ក្មេង​ស្ទាវ​ និង​ ឈប់​រៀន​ត្រឹម​ថ្នាក់​ទី​ ៧ ​ប៉ុណ្ណោះ​។ ខ្ញុំ​និយាយ​ត្រង់​បង​ ខ្ញុំ​ជា​ក្មេង​ដើរ​លេង​ច្រើន គឺ​ស្ទាវ។​ ​គ្រា​មួយ​​នោះ​​បុណ្យ​ចូល​ឆ្នាំ​ ២០០៨​។ គេ​ប្រកាស​​រក​​អ្នក​ប្រកួត​ ​​តែ​រេញ​នៅ​ជាប់​ដី​មិន​ខ្ពស់​ទេ​ …ខ្ញុំ​ក៏​ឡើង​ប្រកួត​ហើយ​ឈ្នះ​គេ។ ​ពេល​នោះ​បង​ខុន ស៊ី​ចាន់ ​ក៏​បាន​​ណែនាំ​ទៅ​ហាត់​ប្រដាល់​ទៅ»។

​តាំង​ពី​ពេល​នោះ​មក ​សំអាត​ ក៏​បាន​ដើរ​តាម​គន្លង ខុន ​ស៊ីចាន់ ​ទៅ​ហាត់​ជា​មួយ​លោក​ គ្រូ ឡោ វុទ្ធី​ ​នៅ​​ក្លិប​ កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ​ ​តាម​ការ​ត្រួសត្រាយ​ផ្លូវ។ ​​មិន​ត្រឹម​តែ​ជួយ​មិន​គិត​គុន​ស្រ័យ​ ​ខុន ស៊ីចាន់ ​ក៏​បាន​​សណ្ដោង​​ សំអាត​ ​​មក​ឡើង​វ៉ៃ​នៅ​ភ្នំពេញ​​​ជា​រឿយៗ​​ហើយ​​​តម្លៃ​ខ្លួន​​​សម្រាប់​កីឡាករ​ថ្មីៗ​​ដំបូង​​បាន​ចន្លោះ​ពី​ ៨ ទៅ​ ១០​ ម៉ឺន​​ប៉ុណ្ណោះ។ ​​ទោះ​​ធ្វើ​សោហ៊ុយ​​មិន​គ្រប់គ្រាន់​ ប៉ុន្តែ សិស្ស​​​ច្បង​​​មក​ពី​ស្រុក​​អន្លង់​វែង​​ដូច​គ្នា​​​មិន​ត្រឹម​​តែ​ជួយ​​យក​អាសា​​ទេ​​​ថែម​ទាំង​ជួយ​ទាំង​លុយ​កាក់​ ឬ ​​​ទិញ​ម្ហូប​​ញុំា​ទៀត​ផង។ ​​

កីឡាករ​គុន​ចម្រុះ​វ័យ​ ២៦​ ឆ្នាំ​រូប​នេះ​​​​​ពិពណ៌នា​​ថា​ ​ខុន ស៊ីចាន់ ​ដែល​មាន​វ័យ ​៣១ ​ឆ្នាំ​​បច្ចុប្បន្ន​​​​​នេះ​ជា​មនុស្ស​ដំបូង​ណែ​នាំ​​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាករ​ប្រដាល់។​ ​​

គេ​ចាំ​បាន​ពេល​នោះ​ ខុន ស៊ីចាន់ ​និយាយ​មក​កាន់​​ខ្លួន​ថា ៖«​អើ ! សំអាត ​មិន​ទាន់​ចេះ​ក្បាច់​​ តែ​មើល​ទៅ​វ៉ៃ​ស៊ូ​គ្រាន់​បើ​ ​ហើយ​បើ​បាន​ហាត់​ទៀត​បែប​​ល្អ»។ ​

មួយ​ទៀត​ ​ចាន់ សំអាត ​រំលឹក​រឿង​ស្រក់​ទឹក​ភ្នែក​មិន​ភ្លេច​អនុស្សាវរីយ៍​​​កន្លង​ទៅ​ជា​​មួយ​ ស៊ីចាន់៖«​ខ្ញុំ​មិន​ច្បាស់​ឆ្នាំ​ ​តែ​មាន​ថ្ងៃ​មួយ​នោះ​​ ខ្ញុំ​បាន​ចូល​រួម​ប្រកួត​ថ្នាក់​ជាតិ​ពេល​រសៀល។ ​ដល់​ពេល​ត្រូវ​ទៅ​ប្រកួត​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ផង។ ​ខ្ញុំ​វ៉ៃ​ចាញ់​​ព្រោះ​​​វា​អស់​ស៊ុហ្វ​រលីង។ ​បង​ ខុន ស៊ីចាន់ ​ស្ដី​ឲ្យ​ខ្ញុំ​​ថា​ វ៉ៃ​ដូច​គ្មាន​​ចិត្ត​ស៊ូ​សោះ។ ​ខ្ញុំ​តូច​ចិត្ត​ពេល​ចុះ​លើ​រេញ​​ ហើយ​ពេល​គាត់​ឌុប​ម៉ូតូ​​​ ខ្ញុំ​ក៏​ស្រក់​​ទឹក​ភ្នែក​បណ្ដើរ​​ពេល​​កំពុង​ជិះ​ពី​ក្រោយ​គាត់។ ​នេះ​រឿង​​ខ្ញុំ​តូច​ចិត្ត​មែន​ទែន​ ដែល​ខ្ញុំ​​ចាំ​មិន​ភ្លេច​ជា​មួយ​គាត់»។

ប៉ុន្តែ​យ៉ាង​ណា​​ក្ដី ​អ្នក​ប្រដាល់​មក​ពី​​ស្រុក​អន្លង់​វែង​​​​គូស​បញ្ជាក់​ថា​សិស្ស​ច្បង​ ​​​ខុន ស៊ីចាន់ ​​ត្រូវ​ចាត់​​ទុក​ដូច​ជា​បង​ប្រុស​អីចឹង​​​​ហើយ​ក៏​គ្មាន​ការ​ខឹង​អ្វី​​​ដែរ​ ព្រោះ​អ្វីៗ​​ដែល​​ ស៊ី​ចាន់ ​បាន​ប្រាប់​គឺ​ចង់​​ឲ្យ​ខ្លួន​ល្អ​ក្នុង​​វិស័យ​កីឡា​ប្រដាល់​តែ​ប៉ុណ្ណោះ។​ ​ ​សំអាត ​​តែង​តែ​ចង​ចាំ​រាល់​អំពី​ល្អ​របស់​ជួយ​ខ្លួន​ ដូច​ ខុន ស៊ីចាន់, ​​គ្រូ​បង្វឹក​ ឡោ វុទ្ធី, ​សព​លោក​គ្រូ​ម៉ា​ សេរី និង ភរិយា, ​គ្រូ​​ហ៊ុន ច័ន្ទរាជ្យ, មិត្ត​រួម​ក្រុម​ និង ​អ្នក​ជួយ​ជ្រោមជ្រែង​ជា​ច្រើន​​ទៀត។

គួរ​ដឹង​ថា ​ចាន់ សំអាត​ ​ចាប់​ផ្ដើម​ប្រឡូក​​លើ​​សង្វៀន​ប្រដាល់​ដំបូង​នៅ​ឆ្នាំ​ ២០០៨ ​បន្ទាប់​ពី​មាន​ការ​​បង្ហាញ​ផ្លូវ​របស់​​​កីឡាករ​ ខុន ស៊ីចាន់ ​និង ​​នាំ​ឲ្យ​ទៅ​ស្គាល់​និង​ ​​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​ ឡោ វុទ្វី​ ​​នៅ​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ៣​​ខេត្ត​​ព្រះវិហារ។ ​​ ​នៅ​​ឆ្នាំ ២០១៣​ គេ​ចាប់​ផ្ដើម​ហ្វឹកហាត់​​ក្បាច់​គុន​ចម្រុះ​​ ​​​ពេល​​កម្មវិធី​ Khmer Warrior Challenge រៀប​​ឡើង​ដោយ​ស្ថានីយ​ទូរទស្សន៍​ ស៊ីធីអិន ​និង​ MyTV។ ក្នុង​កម្មវិធី​នេះ​គឺ​តម្រូវ​ឲ្យ​ស្នាក់​នៅ​​ ហូប​ចុក​ជុំ​គ្នា និង​ ហាត់​ជុំ​គ្នា​ជា​មួយ​គ្រូ​ជា​ច្រើន​ ​មាន​ប្រដាល់​សេរី ​យូដូ ​ និង គុន​ចម្រុះ​​ជា​ដើម។​ រហូត​ដល់​ឆ្នាំ ២០១៤ ​គេ​បាន​ស្គាល់​គ្រូ​ហ៊ុន ច័នរាជ្យ និង​បន្ត​​ហ្វឹកហាត់​នៅ​​ក្លិប​ Cambodian Top Team ​ដល់​សព្វថ្ងៃ។ ​ទី​បំផុត​ ​ចាន់ សំអាត ​​ជា​ម្ចាស់​ខ្សែ​ក្រវាត់​​ Khmer Warrior Challenge វគ្គ​៣​នៅ​ឆ្នាំ​ ២០១៤។

កីឡាករ​មក​ពី​ខេត្ត​ឧត្តរមានជ័យ​រូប​នេះ​​​​​ត្រូវ​បាន​​សង្វៀន​លំដាប់​អន្តរជាតិ​ ​ ONE Championship ​រៀប​ចំ​ឲ្យ​ចូល​រួម​ប្រកួត​សាជាថ្មី​​នា​ដើម​ខែ​ សីហា​ ឆ្នាំ ​២០១៩​ ខាង​មុខ​នៅ​ប្រទេស​សិង្ហបុរី។ ​​ការ​ឡើង​​សង្វៀន​ ONE ​លើក​នេះ​គឺ​ ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ពី​ ៥៦ ​ទៅ​ ​៦០ ​គីឡូក្រាម​ ​ខុស​ពី​​​ការ​ប្រកួត​កន្លង​​​​ទៅ​ក្នុង​ប្រភេទ​​ទម្ងន់​ពី​ ​៦០ ​ទៅ​ ៦៥ ​គីឡូក្រាម​ ដែល​​មាន​ការ​លំបាក​ដូច​ឡើង​ទៅ​វ៉ៃ​ជា​មួយ​​​អ្នក​ធំ៕

អត្ថបទ៖ ស៊ីធី

Leave a Reply