ចាន់ រតនា ​៖«ទីតាំង​​​ក្លិប​ជួល​ថ្មី​​ ខ្ញុំ​រក​មិន​ទាន់​បាន​ទេ​ បើ​បង​ប្អូន​​​មាន​​ស្គាល់​ទីតាំង​ទំនេរ​ជួយ​ប្រាប់​ផង»

«​ខ្ញុំ​​ ​កូន​សិស្ស និង​ ប្រពន្ធ​ខ្ញុំ​​​​កំពុង​​រក​ទីតាំង​មួយ​សមរម្យ​ អាច​ជួល​បង្ហាត់​សិស្ស ឬ​ ​ដាក់​រេញ​​បាន​១​ ​និង​​ដាក់​សម្ភារ​​ហ្វឹកហាត់​មួយ​ចំនួន។​ ប៉ុន្តែ​រហូត​ដល់​​ពេល​មិន​ទាន់​រក​បាន​ទេ។​ បើ​បង​ប្អូន​មាន​ទីតាំង​សមរម្យ​​ជួយ​ប្រាប់​បង​ខ្ញុំ​​នឹង​ទៅ​ឆែក​មើល។ ​​ទី​តាំង​ខ្ញុំ​ចង់​បាន​ម្ដុំ​ទួល​ទំពូង និង​ បឹងត្របែក។​ ​បើ​បង​ប្អូន​មាន ឬ ស្គាល់​​កន្លែង​ទំនេរ​ ​សូម​ទាក់ទង​លេខ​ទូរសព្ទ​​ខ្ញុំ​​ ​០៩២​ ៣៤៥ ៤៣៩»។ ​នេះ​ជា​​បង្ហើប​​ឲ្យ​ដឹង​របស់ ​​​​ចាន់ រតនា​ កំពូល​អ្នក​លេង​ក្បាច់​ គុន​ចម្រុះ​ប្រចាំ​នៅ​កម្ពុជា​​ និង​ ​ម្ចាស់​​ក្លិប​ប្រដាល់​ «សិល្បៈ»។

​​ការ​ថ្លែង​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​​ បន្ទាប់​ពី​ទីតាំង​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​នោះ​​នឹង​ផុត​កិច្ច​សន្យា​​ត្រឹម​ខែ ​​តុលា ឆ្នាំ ២០១៩ ខាង​មុខ​​ ប៉ុន្តែ​​សម្ភារ​ហ្វឹកហាត់​នានា​ និង​ រេញ​ក្នុង​ទ្រុង​​មួយ​នឹង​ត្រូវ​រើ​ចេញ​ត្រឹម​ដើម​ខែ កញ្ញា​ ហើយ។​ ​ទីតាំង​ក្បែរ​គុក​ទួល​ស្លែង​នេះ​ត្រូវ​បាន​ដំណើរ​ការ​ហ្វឹកហាត់​អស់​​រយៈ​ពេល​ ៣​ ឆ្នាំ​មក​​ ​ហើយ​ ដែល​ត្រូវ​ទៅ​តាម​កិច្ច​សន្យា​ជួល​ជា​មួយ​ម្ចាស់​ទីតាំង​ផ្ទាល់។​ ការ​​ដែល​បញ្ចប់​ការ​ជួល​ឲ្យ​ ​ចាន់ រតនា នេះ​ព្រោះ​ម្ចាស់​​ផ្ទះ​​យក​​ទីតាំង​នេះ​​​លក់​​ឲ្យ​អ្នក​ផ្សេង។ ​

​ ​អ្នក​​លេង​គុន​ខ្មែរ​​វ័យ​ ​៣៣ ​ឆ្នាំ​​រូប​នេះ​​រៀប​រាប់​​ទៀត​ ខ្លួន​នៅ​សល់​ពេល​ ២ខែ​ពេញ​ដើម្បី​ស្វែង​រក​ទីតាំង​សមរម្យ​​មួយ​ដើម្បី​ជួយ​ ​ក្នុង​នោះ​មាន​ការ​ជួយ​ពី​សំណាក់​គ្រួសារ​ និង​កូន​សិស្ស​ក៏​ជួយ​ស្វែង​រក​ដែរ។​ ​​ការ​ស្វែង​រក​ទីតាំង​ម្ដុំ​បឹង​ត្របែក ឬ​ ​ម្ដុំ​ទួល​ទំពូង​ខាង​លើ​ ដោយ​សារ​​មិន​ចង់​​បាត់​សិស្ស​ហ្វឹកហាត់។​ ​បើ​សិន​ក្នុង​ករណី​ទៅ​ជួយ​ឆ្ងាយ​ពី​នេះ កូន​សិស្ស​ និង បរទេស​​ ដែល​ជួល​ម៉ោង​ហ្វឹកហាត់​អាច​​​ជួប​ការ​លំបាក​ទៅ​ហ្វឹកហាត់។

​ក្លិប​ «សិល្បៈ» មិន​ត្រឹម​តែ​បង្ហាត់​កីឡាករ​អាជីព​ទេ​ប៉ុន្តែ​ ​មាន​ទទួល​​ម៉ោង​ហ្វឹកហាត់​សម្រាប់​អ្នក​ចង់​បាន​សុខភាព​ល្អ ហើយ​ ​​​បច្ចុប្បន្ន​នេះ​មាន​ជន​បរទេស​ ​​​ចូល​រួម​ហ្វឹកហាត់​ប្រមាណ​ ​៣០ ​នាក់​​​ដែល​​ពួក​គេ​ចង់​ចេះ​គុន​ខ្មែរ​ និង ​ហាត់​ដើម្បី​សុខភាព។ ​រី​ឯ​កូន​សិស្ស​​ខ្មែរ​វិញ​​​ ​​មាន​ប្រមាណ​ ​​៣០​ នាក់​​ដែល​ទទួល​ការ​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​មាន​បទ​ពិសោធន៍​​​កម្រិត​អន្តរជាតិ​​ ចាន់ រតនា ​​ដោយ​បែង​ចែក​ជា​ ៣ ពេល​ ​មាន​ព្រឹក​ ថ្ងៃ​ និង ល្ងាច។

​អ្នក​​លេង​ក្បាច់​គុន​យុទ្ធ​​ក្រម​ខម​ ​​សង្កត់​ធ្ងន់​ថា ​៖«​​ទីតាំង​ចាស់​នេះ​មាន​ទំហំ​​ប្រហែល​​ទទឹង​ជាង​ ១០ ម៉ែត្រ​ និង​ ​​បណ្ដោយ​ជាង ២០​ ម៉ែត្រ​ ដែល​​មើល​ទៅ​ធំ​ទូលាយ​ស្រួល​ដាក់​សម្ភារ​ហ្វឹកហាត់។ ​ប៉ុន្តែ​​បើ​ខ្ញុំ​មិន​អាច​​រក​បាន​ទំហំ​ប៉ុនគ្នា​នេះ​ទេ​ ​គឺ រក​ទីតាំង​ផ្ទះ​តូច​ល្មម​អាច​បង្ហាត់​កូន​សិស្ស​បាន​គ្រប់គ្រាន់​ហើយ»។

ចាន់ រតនា ​ជា​​​កីឡាករ​គុន​​ចម្រុះ​មួយ​​រូប​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ប្រចាំ​នៅ​កម្ពុជា។ ​រតនា ​ប្រឡូក​​ក្នុង​សង្វៀន​​គុន​ចម្រុះ​​ និង​ ឡើង​ប្រកួត​លើ​សង្វៀន​គុន​ខ្មែរ​ក្នុង​ស្រុក​​​ជា​​ច្រើន​ដង។ ការ​ឡើង​ប្រកួត​លើ​សង្វៀន​គុន​ចម្រុះ​​មាន​កំណត់​ត្រា​ចំនួន ៩​ ដង​​តាំង​​ពី​ឆ្នាំ​ ២០១៥​មក ​ពោល​​ឈ្នះ ៦ ដង​ និង ចាញ់​ ៣​ដង។ ​អ្វី​គួរ​​ឲ្យ​សម្គាល់​លើ​​សង្វៀន​ ​ONE Championship​ ​ពីរ​លើក​ចុង​ក្រោយ​នេះ​មិន​ដែល​ចាញ់។ ​រតនា ​​​ឈ្នះ​កីឡាករ​ឥណ្ឌូណេស៊ី​ទាំង​ពីរ​រូប​ក្នុង​ពីរ​លើ​ចុង​ក្រោយ​នៅ​​ONE ​​ដោយ​ឈ្នះ​​ ABRO Fernandez ​​ក្នុង​ទឹក​ទី២ ​​កាល​ចុង​ឆ្នាំ​ ២០១៨​ ​​និង ឈ្នះ​ Rudy Agustian ត្រឹម​ទី២​ដែរ​កាល​ដើម​ខែ ឧសា៕ ​

អត្ថបទ៖ ស៊ីធី ​

Leave a Reply