​CTT ​លើក​ទឹក​ចិត្ត​ដល់​​​នារីៗ​​ដែល​ចង់​ហាត់​​ក្បាច់​គុន​ដើម្បី​សុខភាព និង​ ​អាជីព​ថែម​​ទាំង​​ជួយ​ជ្រោមជ្រែង​បន្ថែម

«កន្លង​មក​ ក្លិប ​Cambodian​ Top ​Team ​របស់​យើង​បាន​​បង្កើត​កម្មវិធី​​​ហ្វឹកហាត់​សម្រាប់​​នារីៗ​​ ​​ដែល​​រង​គ្រោះ​ដោយ​ការ​បំពាន​ផ្លូវ​ភេទ​ និង​រង​អំពើ​ហិង្សា​​​ជា​ច្រើន​ដង​មក​ហើយ​ដើម្បី​​ឲ្យ​ពួក​គាត់​ចេះ​ការពារ​ខ្លួន។​ ​​ហើយ​ក្លិប​របស់​ខ្ញុំ​រាល់​ថ្ងៃ​មាន​​នារីៗ​​ហាត់​ដើម្បី​សុខភាព​ច្រើន​ជាង​បុរស​ទៀត​ផង។ ​​កូន​សិស្ស​​​នារី​ៗ​នៅ​​ក្លិប​ខ្ញុំ​​ហ្វឹកហាត់​​រៀង​រាល់​ល្ងាច​ប្រហែល​២០​នាក់​​។​ ​ខ្ញុំ​​សូម​លើក​ទឹក​ចិត្ត​ និង​ស្វាគមន៍​​បន្ថែម​មិន​ថា​នារី​ចង់​ហាត់​សម្រក​រាង ឬ សុខភាព​ទេ ​ប៉ុន្តែ​អ្នក​ចង់​ហ្វឹកហាត់​​​អាជីព​​​ទៀត​រឹត​តែ​​​ល្អ​​ និង​ហើយ​ខ្ញុំ​នឹង​​ជួយ​សម្រួល​ដល់​​គាត់​ក្នុង​ស្ថានភាព​ជាក់​ស្ដែង»។​ ​នេះ​ជា​ការ​លើក​ឡើង​របស់​លោក​​ ហ៊ុន ច័ន្ទរាជ្យ​ ​​ប្រធាន​​ក្លិប​ Cambodian Top Team ​និង ​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា។​

លោក​​សង្កត់​ធ្ងន់​​​ថា ៖«​នារីៗ​ ដែល​​គាត់​ហាត់​​ចង់​​ឡើង​​ប្រកួត​ ឬ ​ហាត់​អាជីព​ ​យើង​ត្រូវ​មើល​​ដែរ​បង​​ហើយ​​យើង​​ត្រូវ​ធ្វើ​តេស្ត​មួយ​ចំនួន​​ ​ព្រោះ​អ្នក​ខ្លះ​អត់​មាន​ទេព​កោសល្យ​ ឬ អត់​ដុង​​ក៏​​មិន​អាច​ក្លាយ​អ្នក​ប្រដាល់​ ឬ​ អ្នក​ឡើង​ប្រកួត​​បាន​ដែរ។​ ខ្ញុំ​​យល់​ថា​បើ​គាត់​មាន​ទេព​កោសល្យ ​គាត់​មាន​ឆន្ទៈ​ហាត់​ ​យើង​នឹង​ជួយ​សម្រួល​ និង​ជ្រោមជ្រែង​​គាត់​ ​​រក​​សង្វៀន​ឲ្យ​ប្រកួត​ ព្រោះ​​នារីៗ​ហ្វឹកហាត់​ក្បាច់​គុន​មាន​តិច​ណាស់​នៅ​កម្ពុជា »។ ​

គ្រូ​បង្វឹក​ដែល​តែង​​តែ​​ដឹក​នាំ​​កូន​សិស្ស​ទៅ​ប្រកួត​​នៅ​សង្វៀន​លំដាប់​អន្តរ​ជាតិ​ ONE Championship ​រូប​​នេះ​​រៀប​​រាប់​​បន្ថែម​​បែប​នេះ​ ​ក្លិប​ CTT ​តែង​តែ​មាន​កម្មវិធី​ពិសេស​ ឬ ហៅ​ថា​ Promotion ​រៀងរាល់​ខែ​ដើម្បី​ទទួល​កូន​សិស្ស​ឲ្យ​ហ្វឹកហាត់​ ហើយ​វា​ជា​រឿង​ល្អ​ណាស់​បើ​សិន​​នារីៗ ឬ ស្ត្រី​ចង់​​ហ្វឹកហាត់​ទាំង​ក្បាច់​គុន​ខ្មែរ ឬ​ ​​គុន​ចម្រុះ។​ ​ ​​លើស​ពី​នេះ​ទៅ​ទៀត​​ការ​ហាត់​​ក្បាច់​ការពារ​ខ្លួន​​​​​​​ប្រើ​ក្បាច់​​ឃ្លេ​​ ​ឬ​ គាប​ដើម្បី​រំដោះ​ខ្លួន​ចេញ​នៅ​ពេល​​បុរសៗ​ប៉ុនប៉ង​ធ្វើ​អាក្រក់​ ក៏​​​រឿង​​មួយ​ដ៏​ល្អ​ដែរ​សម្រាប់​ស្ត្រី​ទន់​ខ្សោយ។

កូន​សិស្ស​​នារីៗ​ដែល​បាន​ហ្វឹកហាត់​​ក្បាច់​​គុន​​ចម្រុះ​ជា​មួយ​លោក​ ហ៊ុន ​ច័ន្ទរាជ្យ​ ​និង​​ បាន​​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​​ជា​ពិសេស​សង្វៀន​ ONE ​នោះ​រួម​មាន​ ​នៅ ស្រីពៅ , សំ ថារ័ត្ន, ​វី ស្រីខួច, ​និង ​​អេ ព្រីយ៉ានុត​ ជា​ដើម។​ ​ចំនួន​​​​កីឡាការិនី​​ហាត់​អាជីព​នេះ​មាន​តិច​ណាស់​​ ហើយ ​លោក​​ចង់​​ឃើញ​កីឡាការិនី​គុន​ខ្មែរ​ ឬ​​ គុន​ចម្រុះ​​ជា​ច្រើន​ទៀត​នា​ពេល​​អនាគត​​ខាង​មុខ។​ ​​ CTT ជា​ក្លិប​មួយ​ក្នុង​ចំណោម​ក្លិប​ប្រដាល់​ទាំង​ឡាយ​​​នៅ​កម្ពុជា​ទទួល​​​​ស្វាគមន៍​ និង ​រង់​ចាំ​ជួយ​សម្រួល​ជា​និច្ច​ដល់​កីឡាការិនី​ដែល​មាន​បំណង​ហ្វឹកហាត់​​ទាំង​សុខ​ភាព​ និង ​​ហាត់​អាជីព​ពិត​ប្រាកដ។

​ក្លិប​ប្រដាល់​​ Cambodian Top Team ​ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​លោក​ ហ៊ុន ច័ន្ទរាជ្យ ​នៅ​ឆ្នាំ​ ២០១៣ នៅ​ម្ដុំ​ទួល​ទំពូង​ដើម្បី​រួម​​ចំណែក​លើក​កម្ពស់​សុខភាព​ និង ដើម្បី​​​រួម​​ចំណែក​បំផុស​ចលនា​ក្បាច់​គុន​ចម្រុះ ឬ គុន​ខ្មែរ​នៅ​កម្ពុជា​ទៅ​លើ​ឆាក​អន្តរជាតិ។​ ​បន្ទាប់​មក​​ក្លិប​នេះ​​ ​ត្រូវ​ប្ដូរ​​មក​ម្ដុំ​ អូរឫស្សី ​វិញ​​​​ហើយ​ក៏​​​​ផ្លាស់​​មក​​ម្ដុំ​ទួល​ទំពូង​​ជា​ថ្មី​​​នៅ​ផ្ទះ​លេខ​ #2s ផ្លូវ​លេខ​ ​៤៦៨​ សង្កាត់​​ទួល​ទំពូង​១ ​ខណ្ឌ​​ ចំការ​មាន​រាជធានី​ភ្នំពេញ​ ដោយ​ទំហំ​ទទឹង​ ១៤ ម៉ែត្រ​ និង ​បណ្ដោយ ៣៥ ម៉ែត្រ​។ ​​នេះ​ជា​ទីតាំង​ថ្មី​ធំ​ទូលាយ ​ដែល​ត្រូវ​ដាក់​​ឲ្យ​​ហ្វឹកហាត់​ផ្លូវ​ការ​អំឡុង​ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨ ​កន្លង​ទៅ។ ​អ្នក​ចង់​ចូល​រួម​ហាត់​ដើម្បី​សុខភាព ឬ ហ្វឹកហាត់​អាជីព​​ ​​សូម​ទាក់ទង​​លេខ​ទូរសព្ទ​​​ពីរ​ខ្សែ​​ ​ភាសា​ខ្មែរ ​012 282 282 ​និង ​និយាយ​ជា​ភាសា​អង់គ្លេស​តាម​រយៈ​លេខ​ 089 333 705៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply