អែម សុវណ្ណារី ​ ​​​កំពុង​បង្កើន​សមត្ថភាព​ដើម្បី​ត្រៀម​ប្រកួត​នៅ​សង្វៀន​ ONE ​ ចុង​​ឆ្នាំ​នេះ

​​ជើង​​ខ្លាំង​គុន​ចម្រុះ​​កូន​ខ្មែរ​​​កើត​នៅ​អាមេរិក​ អែម សុវណ្ណារី ​​ ​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សស្រាក់សស្រាំ​ ​​នៅ​​ក្លិប​ ​Modern Martial Arts and Fitness ដែល​ស្ថិត​នៅ​ក្រុង Pasadena ​រដ្ឋ​​កាលីហ្វ័រញ៉ា​​ សហរដ្ឋ​អាមេរិក ដើម្បី​ស្វាគមន៍​ការ​​ឡើង​ប្រកួត​លើ​​សង្វៀន​ ONE ជា​ថ្មី​នា​ចុង​ឆ្នាំ​ ២០១៩​នេះ។​ ​​​​សុវណ្ណារី ​​​ទទួល​ដំណឹង​ថា​អាច​នឹង​​ប្រកួត​នៅ​ខែ​ តុលា​ ខាង​មុខ ​ប៉ុន្តែ​មិន​​ទាន់​ដឹង​ថា​ជួប​​គូបដិបក្ខ​រូប​ណា​នោះ​ទេ។​

​កីឡាការិនី​ដែល​ទើប​ចុះ​ឈ្មោះ​ជា​សមាជិក​​នៃ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​ថ្មីៗ​នេះ​​បាន​បញ្ជាក់​ថា ៖«​ខ្ញុំ​មិន​ទាន់​ដឹង​គូ​ប្រជែង​ឡើយ ​តែ​ខ្ញុំ​ទទួល​ដំណឹង​ថា​ឡើង​ប្រកួត​​នា​ខែ​ តុលា​ ខាង​មុខ។ ​​យ៉ាង​ណា​​ក្ដី​ ​រាល់​ថ្ងៃ​ខ្ញុំ​ហាត់​ខ្លាំង​ណាស់​ជា​មួយ​គ្រូ​របស់​ខ្ញុំ​ Justen Hamilton ​ដែល​ជា​គ្រូ​បង្វឹក​​បាន​បង្ហាត់​ខ្ញុំ​តាំង​ពី​បង្ហាញ​ខ្លួន​លើក​ដំបូង​កាល​ចុង​ឆ្នាំ​ ២០១៨។ ​​ឥឡូវ​នេះ​ខ្ញុំ​រឹត​តែ​ខំ​ហ្វឹកហាត់​ខ្លាំង​ជាង​មុន​ ទាំង​ ជីជិតស៊ូ ​និង​ ជំនាញ​ក្បាច់​គុន​ MMA»។

កូន​ខ្មែរ​នៅ​អាមេរិក​រូប​នេះ​មិន​ខ្លាច​រអា​នឹង​គូ​ប្រជែង​ទោះ​អ្នក​ណា​ក៏​ដោយ​ ​ឲ្យ​តែ​ត្រូវ​គីឡូ​គ្នា។​ ​កីឡាការិនី​ដែល​មាន​ប្រវត្តិ​ប្រកួត​គុន​ចម្រុះ​ ៣ ​លើក​ដដែល​នេះ​មាន​ទំនុក​ចិត្ត​ដោយ​សារ​ការ​ហ្វឹកហាត់​​ខ្លាំង​ និង​ត្រៀម​ខ្លួន​ជា​និច្ច។ ​ក្រោម​ការ​បង្វឹក​​របស់​លោក​ Justen សុវណ្ណារី ​​ទទួល​បាន​លទ្ធផល​ឈ្នះ​លើក​ដំបូង​កាល​ចុង​ឆ្នាំ​ ២០១៨ នៅ​សង្វៀន​ ONE ហើយ​​លទ្ធផល​ល្អ​​​នេះ​នឹង​ត្រូវ​រំពឹង​ទុក​បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ​ ២០១៩​នេះ​ដើម្បី​បង្កើន​កំណត់ត្រា​ឈ្នះ​លើក​ទី២។

ជា​មួយ​គ្នា​នោះ​​កីឡា​ការិនី​វ័យ​​២៦​ឆ្នាំ​​បាន​​​​សរសើរ​ដល់​ស្ថាប័ន​ ONE ​យ៉ាង​ដូច្នេះ ​៖«​ខ្ញុំ​សូម​​សរសើរ​ ONE ដោយ​ស្មោះ​ដែល​តែង​តែ​អញ្ជើញ​កីឡាករ-កីឡាការិនី​ខ្មែរ​មក​ប្រកួត​ ដើម្បី​បង្ហាញ​ឲ្យ​ពិភព​លោក​បាន​ដឹង​ទោះ។​ ការ​ចាប់​គូ​មិន​ត្រឹម​តែ​យក​កីឡាករ​ដ៏​អស្ចារ្យ​ទេ ប៉ុន្តែ​​ក៏​នាំ​កីឡាករ​ដែល​មាន​រឿង​ល្អៗ និង​ប្រវត្តិ​ល្អៗ​មក​ប្រកួត​ដែរ។​ ONE​ មិន​មែន​គ្រាន់​តែ​ការ​ប្រកួត​លើ​សង្វៀន​ ប៉ុន្តែ​ ​គេ​មាន​ក្រុម​ការងារ​ជា​​​ច្រើន​​ធ្វើ​ការ​ដើម្បី​សហគមន៍ ​និង​​ ក្បាច់​គុន។ ​នេះ​ជា​អ្វី​ខ្ញុំ​ពេញ​ចិត្ត​ ស្ថាប័ន​ ONE»។

កីឡាការិនី​​សម្បុរ​ស្រអែម​​បាន​ចូល​​​សង្វៀន​​គុន​ចម្រុះ​​ ឬ MMA ​តាំង​ពី​ឆ្នាំ​ ២០១៦​ មក ​បន្ទាប់​ពី​​ចាប់​ហ្វឹកហាត់​​​ប្រដាល់​សកល​​តាំង​ឆ្នាំ​ ២០១២។ ​ហើយ​ឆ្នាំ​ ២០១៤​ គេ​​ចូល​​ហ្វឹកហាត់​​ក្បាច់​គុន​ ជីជិតស៊ូ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ក្បាច់​គុន​មួយ​ក្នុង​ជំនាញ​​ក្បាច់​ទាំង​ឡាយ​សម្រាប់​ប្រើ​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ។ ​​លើស​ពី​​នេះ​ទៅ​​ទៀត​ ​រូប​គេ​​បាន​​ចូល​ហ្វឹកហាត់​ចំបាប់​ ​យូដូ និង ​ប្រដាល់​សេរី ​​ដែល​អាច​នាំ​ឲ្យ​ខ្លួន​ក្លាយ​ជា​កីឡាការិនី​លេច​ធ្លោ​​ម្នាក់​តំណាង​ឲ្យ​កម្ពុជា។

​គូរ​រំលឹក​ដែរ​ថា​ ​កូន​ខ្មែរ​កើត​នៅ​អាមេរិក​ ​​អែម សុវណ្ណារី​ ​​​បាន​ប្រកួត​លើ​សង្វៀន​​​គុន​ចម្រុះ​​ចំនួន​ ៣​ លើក​ ​​​មិន​ដែល​ចាញ់។ ​ ​ដោយ​ ២​ លើក​ដំបូង​​ប្រកួត​​ដាក់​ទ្រុង​នៅ​​អាមេរិក​ ​សុវណ្ណារី ​​ឈ្នះ​កីឡាការិនី​អាមេរិក​ Lanikqua Robins ​នា​ទឹក​ទី​១ ​ ​​កាល​ខែ​ធ្នូ​ឆ្នាំ​ ២០១៦ និង ឈ្នះ​កីឡាការិនី​អាមេរិក​ Evelyn Nieves ​នៅ​ទឹក​ទី​១​ កាល​ខែ​ កុម្ភៈ ឆ្នាំ​ ២០១៧។​ ​កំណត់​ត្រា​ប្រកួត​​ចុង​ក្រោយ​ ​សុវណ្ណារី ​ឈ្នះ​កីឡាការិនិ​អ៊ុយក្រែន​ Iryna Kyselova នៅ​សង្វៀន​ ONE ​​​កាល​​ខែ​ ធ្នូ ឆ្នាំ​ ២០១៨ នៅ​​ ម៉ាឡេស៊ី។ ​អ្នក​លេង​​ចម្រុះ​កូន​ខ្មែរ​នៅ​​​អាមេរិក​រូប​នេះ​ ​បាន​ចុះ​ឈ្មោះ​​​​​ជា​ផ្លូវ​ការ​​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​​​នា​ពេល​ថ្មីៗ​នេះ​ ​ហើយ​ការ​ចុះ​ឈ្មោះ​នេះ​​​ជា​ប្រយោជន៍​សំខាន់​ផ្ទាល់​ខ្លួន​​មួយ​ រួម​ទាំង​ការ​ឡើង​ប្រកួត​តំណាង​ឲ្យ​​ប្រទេស​កម្ពុជា៕
អត្ថបទ៖ ស៊ីធី

Leave a Reply