ចាន់ រតនា៖«​បើ​នារីៗ​​ខ្មែរ​ចង់​ហាត់​​ក្បាច់​គុន ​ឬ ​គុន​ចម្រុះ​ ខ្ញុំ​អាច​ជួយ​សម្រួល​ ឬ​​ មិន​យក​តម្លៃ​​ពី​ការ​​ហ្វឹកហាត់​បើ​អត់​មាន​​លទ្ធភាព»

«​​នារី​ខ្មែរ​យើង​ភាគ​ច្រើន​​អត់​ដូច​បរទេស​ទេ។​ យើង​ប្រកាន់​ខ្ជាប់​ប្រពៃណី​ ​ហើយ​​​ទី១​​ខ្លួន​គេ​មិន​ចង់​ហាត់​ក្បាច់​គុន​ និង​ទី២​ ​ឪពុក​ម្ចាស់​ឬ អាណា​ព្យាបាល​របស់​ពួក​គាត់​មិន​ឲ្យ​ហាត់​ក្បាច់​​គុន​នោះ​ឡើយ។​ ​រឿង​​​​​ហាត់​ដើម្បី​សុខភាព​​ក៏​តិច​ ហើយ​ ​បើ​ហាត់​ដើម្បី​ចង់​ឡើង​ប្រកួត​លើ​សង្វៀន​ទៀត​​ក៏​រឹត​តែ​តិច។​ ​​បើ​សិន​​​បង​ប្អូន​នារីៗ​​ចង់​ហ្វឹកហាត់​​ខ្ញុំ​​ផ្ដល់​ជូន​ពិសេស​ ​ហើយ​ ​បើ​អត់​លទ្ធភាព​ទេ​ ខ្ញុំ​នឹង​ជួយ​បង្ហាត់​អត់​គិត​ថ្លៃ​ទៀត បើ​សិន​​ជា​ហាត់​មាន​បំណង​ចង់​ឡើង​ប្រកួត​ពិត​ប្រាកដ»។ ​នេះ​ជា​ការ​ថ្លែង​របស់​ ចាន់ ​រតនា ​ជា​គ្រូ​បង្វឹក​ និង​ជា​​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ»។

ការ​ថ្លែង​បែប​នេះ​​​ដោយ​សារ​​កីឡាការិនី​គុន​ខ្មែរ​​​​នៅ​មាន​​ចំនួន​​តិច​ណាស់​បើ​ធៀប​ទៅ​នឹង​ប្រទេស​នានា​ ​និង​ ​​តំបន់​អឺរ៉ុប។ ​រាល់​ថ្ងៃ​បើ​ក្រឡេក​មើល​កីឡាការិនី​ដែល​មាន​ឈ្មោះ​លេច​ធ្លោ​រាល់​ថ្ងៃ​នេះ​​​មាន​​មិន​ច្រើន​នោះ​ឡើយ​ ​ដូច​ជា នៅ​ ស្រីពៅ, វី ស្រីខួច, អេ ព្រីយ៉ានុត, និង សំ ថារ័ត្ន។ ​​ការ​ដែល​មាន​កីឡាការិនី​តិច​បែប​នេះ​ ទើប​ធ្វើ​​ឲ្យ​​មាន​ភាព​ខ្សត់ខ្សោយ​​​ឡើង​សង្វៀន​ប្រកួត​ ហើយ​ ស្រីខួច ​ក៏​បាន​ត្អូញត្អែរ​ដែរ​ថា​ ទោះ​ខ្លួន​ហ្វឹកហាត់​ត្រៀម​ស៊ីហ្គេម​​ប៉ុន្តែ​ ​កម្រ​​មាន​សង្វៀន​ឡើង​ប្រកួត​ណាស់ និង ​បាន​ត្រឹម​តែ​​ហាត់​ឡាំ​ជា​មួយ​ប្រុសៗ​ ​ប៉ុណ្ណោះ។ ​

ចាន់ ​រតនា ​​​គូស​បញ្ជាក់​ ៖«​ក្លិប​​​របស់​ខ្ញុំ​រាល់​ថ្ងៃ​ មាន​នារីៗ​បទេស​ហ្វឹកហាត់​ច្រើន​ជាង​​បុរស​ផង។ ​អ្នក​ខ្លះ​​ហាត់​ដើម្បី​សុខភាព​ ​​ហើយ​​មួយ​ចំនួន​ទៀត​ហាត់​ចង់​ឡើង​វ៉ៃ​ណាស់។ ​ខ្ញុំ​គិត​ថា​​ នារី​បរទេស​ គាត់​មាន​សេរីភាព​ជាង​នារី​ខ្មែរ​​ដែល​​អាច​មក​ពី​ប្រពៃណី​​កំហិត​ និង កត្តា​គ្រួសារ»។ ​

អ្នក​លេង​យុទ្ធ​គុន​ខម​ ​គុន​ខ្មែរ ​និង​ គុន​ចម្រុះ​​ ​​​​​​​នៅ​តែ​ទទូច​​ និង​ លើក​ទឹក​ចិត្ត​ដល់​​នារីៗ​​​ឲ្យ​ចូល​រួម​ហ្វឹកហាត់​​​ក្នុង​គោល​ដៅ​​ដើម្បី​សុខភាព​មាំមួន​​ ​ហើយ​ក៏​រួម​ចំណែក​​លើក​កម្ពស់​ក្បាច់​គុន​ខ្មែរ​ផង​ដែរ។ ​​កូន​ប្រុស​លោក​ ចាន់ ប៊ុនធឿន​ ​បាន​​បញ្ចេញ​ទស្សនៈ​​ផ្ទាល់​ខ្លួន​ថា​ នៅ​ ស្រីពៅ​ បច្ចុប្បន្ន​កំពុង​តែ​ល្អ​​ជាពិសេស​គុន​ខ្មែរ​របស់​គេ​​មាន​​បម្លាស់ទី​លឿន ​កម្លាំង​ដៃ​ធ្ងន់​ល្អ​ ​និង​មាន​ភាព​វៃឆ្លាត។ ​ប៉ុន្តែ​អ្វី​ដែល​ត្រូវ​កែ​ប្រែ​​ឲ្យ​ល្អ​នៅ​សង្វៀន​ ONE ​នោះ​គឺ​ ព្យាយាម​ហ្វឹកហាត់​ ក្បាច់​គុន​ MMA ចំបាប់ ​និង​ យូដូ​ជា​​ដើម​​ដើម្បី​ឲ្យ​ការ​ប្រកួត​កាន់​តែ​ល្អ​នៅ​សង្វៀន​​អន្តរជាតិ។ ​ចំណែក​ វី ស្រីខួច​ ក៏​ល្អ​ដែរ​ប៉ុន្តែ​ គីឡូ​ហាក់​ឡើង​ធ្ងន់​បន្តិច ​ដូច្នេះ​ពេល​ទៅ​វ៉ៃ​​ម្ដងៗ​ ​​ត្រូវ​បញ្ចុះ​គីឡូ​ ហើយ​ពេល​បញ្ចុះ​គីឡូ​​ គឺ​​ឆាប់​អស់​កម្លាំង​ណាស់។

ម្ចាស់​ក្លិប​ «សិល្បៈ»​ ចង់​ឃើញ​កីឡាការិនី​ថ្មីៗ​​ជា​ច្រើន​ទៀត​ដើម្បី​អាច​ប្រកួត​ប្រជែង​ក្នុង​ស្រុក​ និង​ ត្រៀម​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។​ ​កីឡាការ​ជើង​ចាស់​រូប​នេះ​​រំពឹង​ថា​ នារីៗ​នឹង​ចូល​​រួម​​ដើម្បី​ធ្វើ​ឲ្យ​​​ក្បាច់​គុន​នៅ​កម្ពុជា​កាន់​តែ​ផុសផុល​ និង​​ ទទួល​​បាន​​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្ពស់។​

ចាន់ រតនា ​ជា​កីឡាករ​​គុន​ចម្រុះ​កម្រិត​កំពូល​ម្នាក់​ប្រចាំ​នៅ​កម្ពុជា​​និង​ប្រចាំ​សង្វៀន​​កម្រិត​ពិភព​លោក​ ONE Championship។ ​​ថ្មីៗ​នេះ​អ្នក​ជំនាញ​ MMA ​មួយ​ចំនួន​បាន​​លើក​ឡើង​ថា​ ​បុរស​វ័យ​ ៣៣ ឆ្នាំ​រូប​​នេះ​​អាច​នឹង​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ ONE ​នៅ​ថ្ងៃ​ណា​មួយ។​ ​រតនា ​​ឈ្នះ​ ២​ លើក​ចុង​ក្រោយ​នៅ​សង្វៀន​ ONE​ ពោល​ឈ្នះ​​កីឡាករ​ឥណ្ឌូណេស៊ី​​ Rudy Agustian នៅ​ត្រឹម​ទឹក​ទី២​ ​កាល​​ដើម​ខែ​ឧសភា​ និង​​ឈ្នះ​ Abrou Fernandes ​​នៅ​ទឹក​ទី២​កាល​ខែ ធ្នូ​ ឆ្នាំ​ ២០១៨។

ក្លិប «សិល្បៈ» ​មាន​ទីតាំង​​ស្ថិត​នៅ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​​​​ ហើយ​​ ​ទីតាំង​បច្ចុប្បន្ន​នេះ​​នឹង​ផុត​​កិច្ច​សន្យា​ជួល​​ត្រឹម​ខែ​ តុលា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ​នេះ​​ក្រោយ​​ស្នាក់​នៅ​និង​​បង្វឹក​កូន​សិស្ស​ បាន​រយៈ​ពេល​ ៣​ ឆ្នាំ។​ ​​ការ​ផ្លាស់​ប្ដូរ​ទីតាំង​ក្លិប​មិន​ត្រូវ​បាន​កំណត់​នោះ​ឡើយ​ ​ព្រោះ​កំពុង​តែ​​ស្វែង​រក។​ បើ​​បង​ប្អូន​​នារីៗ​ ចង់​​ហ្វឹកហាត់​ដើម្បី​ប្រកួត​​ទៅ​ថ្ងៃ​មុខ​សូម​ទាក់ទង​លេខ​ទូរសព្ទ ​092 345 439៕

អត្ថបទ៖ ស៊ីធី ​

Leave a Reply