Emmanuel Onyedikachi ​​តែង​តែ​​ត្រៀម​ខ្លួន​បាន​ល្អ​ និង​ ​​ជា​អ្នក​នៅ​ពី​ក្រោយ​អង្គការ​សំខាន់​មួយ​នៅ​កម្ពុជា

ដ្បិត​​អ្នក​លេង​​គុន​ចម្រុះ​​សញ្ជាតិ​នីហ្សេរីយ៉ា​ Emmanuel Onyedikachi ​មិន​​ទាន់​ត្រូវ​បាន​គេ​ផ្គូផ្គង​ឲ្យ​ឡើង​សង្វៀន​ ONE ជា​ថ្មី​ក្រោយ​ខក​ខាន​តាំង​ពី​​​ចុង​ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ ពេល​ចាញ់​កីឡាករ​អាមេរិក ​បន្ទាប់​ពី​ឈ្នះ ៣ ដង​ជាប់​គ្នា​​ ​ប៉ុន្តែ​រូប​គេ​តែង​តែ​ត្រៀម​ខ្លួន​បាន​ល្អ​ជានិច្ច​​ ​ដោយ​ហ្វឹកហាត់​​យ៉ាង​​ខ្ជាប់ខ្ជួន​ជា​មួយ​គ្រូ​បង្វឹក​ ចាន់​ រតនា ​ម្ចាស់​ក្លិប​សិល្បៈ។ ​​មួយ​វិញ​ទៀត​ រូប​គេ​ជា​​មនុស្ស​ស្នូល​ម្នាក់​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​អង្គការ​ Biafran ឬ ​Biafran Organization​ នៅ​កម្ពុជា និង​ ជួយ​អង្គការ​កុមារ​កំព្រា។

គ្រូ​បង្វឹក​ ចាន់ រតនា ​នៅ​តែ​ដើរ​តួ​សំខាន់​ក្នុង​ការបង្ហាត់​​រូប​គេ​​នៅក្លិប​​ «សិល្បៈ» ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ត្រៀម​ខ្លួន​នៅ​សង្វៀន​អន្តរជាតិ​ ONE នា​ពេល​ខាង​មុខ។

​​​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ បញ្ជាក់​បែប​នេះ ៖« ចាន់ រតនា នៅ​ជា​គ្រូ​​ល្អ​របស់​ខ្ញុំ​។ ខ្ញុំ​តែងតែ​​​ត្រៀម​ខ្លួន​ ១០០% ជា​មួយ​គាត់។ ក្រៅ​ពី​​ការងារ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ខ្ញុំ​ ស្រលាញ់​ការងារ​ជួយ​ក្មេង​កំព្រា ​និង​ ​សហគមន៍​របស់​ខ្ញុំ​នៅ​កម្ពុជា ​​ពី​ព្រោះ​ខ្ញុំ​កើត​ចេញ​​​ពី​ក្មេង​ដែល​លំបាក​ ​និង​​​ ខ្ញុំ​បាន​ចំណាយ​ពេល​​​រស់​នៅ​ ៨ ឆ្នាំ​នៅ​​​កម្ពុជា​តាម​ដង​ផ្លូវ។ ​​នៅ​ទីនេះ​បាន​បង្រៀន​​ខ្ញុំ​ច្រើន​អំពី​ការ​រស់​នៅ​ដោយ​​គ្មាន​​ឳ​ពុក​ម្ដាយ ឬ ​​សាច់​ញាតិ»។

​ដោយ​សារ​​​ធ្វើ​ការងារ​ពាក់ព័ន្ធ​​​ និង ជួយ​ជ្រោមជ្រែង​​​ជនជាតិ​នីហ្សេរីយ៉ា​ នៅ​កម្ពុជា ​ទើប​​កីឡាករ​វ័យ ៣២ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​​ដាក់​ឈ្មោះ​ថា​ «Biafran Warrior»។ អ្នក​លេង​គុន​ចម្រុះ​រូប​នេះ​​ជួយ​ Biafran Organization ​ទាំង​កម្លាំង​កាយ​ចិត្ត ​និង​ ចូល​​រួម​វិភាគទាន​មួយ​ចំនួន​​​ក្នុង​​នាម​​មនុស្ស​ធម៌​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​និង ​ជួយ​ផ្សព្វផ្សាយ​ដល់​ក្រុម​ជនជាតិ​ នីហ្សេរីយ៉ា​ នៅ​​កម្ពុជា​ទៀត​ផង។ ​ Onyedikachi ​​រំលឹក​ថា​ ​​ចន្លោះ​ពី​ឆ្នាំ​ ១៩៦៧ ​ដល់​ ១៩៧០ ​មាន​​ជនជាតិ​នីហ្សេរីយ៉ា​ ​ជាង​ ៦ ​លាន​នាក់​​រួម​បញ្ចូល​ទាំង ស្ត្រី ​និង​ ក្មេងៗ​ផង​ត្រូវ​បាន​សម្លាប់​ដោយ​រដ្ឋាភិបាល​​នីហ្សេរីយ៉ា ​និង​ សម្ព័ន្ធមិត្ត។ ​នេះ​​​ជា​រឿង​ដែល​កម្ពុជា​ស្រដៀង​ទៅ​កម្ពុជា​ដូច​កាល​របប​ខ្មែរ​ក្រហម​អីចឹង។ ​​

តារា​ប្រចាំ​សង្វៀន​ ONE បញ្ជាក់​ថា​៖«​យើង​នៅ​ទី​នេះ​ដើម្បី​អប់រំ ​ក្រុម​ Biafran ​របស់​យើង​ ​​យើង​មាន​​​តម្រូវ​ការ ​​ផ្សេងៗ ​ឬ ​សេរីភាព​ក្នុង​ការ​រស់​នៅ​ ​​ប៉ុន្តែ​យើង​គោរព​​ច្បាប់​នៅ​កម្ពុជា​​​​​ដែល​មិន​មាន​ភាព​រើសអើង​ជាតិ​សាសន៍។ ​ហើយ​យើង​បាន​យល់​អំពី​ការ​ឈឺ​ចាប់​របស់​កម្ពុជា​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ដូច​យើង​ដែរ។ ​ដូច្នេះ​យើង​ត្រូវ​តែ​ស្វែង​រក​ និង​ ពុះពារ​ការ​រស់​នៅ​ និង សេរីភាព​»។

​មេ​ដឹក​នាំ Biafran (ក្រុម​​សញ្ជាតិ​ភាគ​តិច​​នីហ្សេរីយ៉ា) ​មាន​​ឈ្មោះ​ Mazi Nnamdi Kanu ​ប្រចាំ​នៅ​កម្ពុជា ​ហើយ​ ​​​អង្គការ​​របស់​លោក​ I.P.O.B Worldwide ​តែង​តែ​យក​ថ្ងៃ​ទី ​៣០​ ខែ ឧសភា ​ដើម្បី​រំលឹក​ដល់​ការ​សម្លាប់​រង្គាល​ក្រុម ​​Biafran​ នៅ​ឆ្នាំ​ ១៩៦៧។

បុរស​​​សញ្ជាតិ​នីហ្សេរីយ៉ា​ដែល​រៀប​ការ​​ប្រកួត​ខ្មែរ​បាន​ ៤ ឆ្នាំ​និង​​ទើប​ផ្ដល់​កំណើត​ឲ្យ​កូន​ស្រី​ ​ឈ្មោះ Daughter Luna ​នា​ពេល​ថ្មីៗ​ ​បាន​តាំង​ចិត្ត​​បន្ត​ជួយ​​អង្គការ​កុមារ​កំព្រា​ និង ក្រុម​ Biafran នៅ​កម្ពុជា​​​តាម​រយៈ​ការ​ប្រកួត​​នៅ​លើ​ឆាក​អន្តរជាតិ​ ONE និង​ការ​ប្រកួត​​លើ​សង្វៀន​នានា​នៅ​កម្ពុជា។

​គួរ​ដឹង​ថា​ Emmanuel Onyedikachi ឬ «The Biafran Warrior» កីឡាករ​ដែល​ឡើង​សង្វៀន​ ONE ​បាន​ចំនួន​ ៤ ដង​​ក្នុង​នោះ​ឈ្នះ ៣ លើក​ជាប់​គ្នា ​នៅ​ឆ្នាំ ២០១៨ ​​មុន​ចាញ់​​​​អ្នក​​លេង​គុន​ចម្រុះ ​សញ្ជាតិ​អាមេរិក Devon Morris ​កាល​​ចុង​ខែ កុម្ភៈ​ នៅ​ប្រទេស​សិង្ហបុរី។ ​ជ័យ​ជម្នះ​ ៣ លើក​ជាប់​គ្នា​​ នៅ​ឆ្នាំ​ ២០១៨ គឺ ​ប្រកួត​លើក​ទី​១ ​ឈ្នះ​កីឡាករ​​ថៃ​ Nat Natchayangkul នៅ​ទឹក​ទី​៣ ​​កាល​ខែ មីនា ​, ឈ្នះ​​កីឡាករ​ជន​ជាតិ​​ឥណ្ឌា​ Sandeep Kumar Dahiya នៅ​ទឹក​ទី១​ កាល​ ​ខែ​ កក្កដា ​និង​ ឈ្នះ កីឡាករ​ចិន Xiaoxiang Xie ​ក្នុង​ទឹក​ទី​៣​ កាល​​ខែ​ តុលា​ឆ្នាំ​ ២០១៨៕

អត្ថបទ៖ ស៊ីធី

Leave a Reply