៣​ រឿង​ជក់​ចិត្ត​នៅ​សង្វៀន​ ONE : LEGENDARY QUEST បូក​ទាំង​​​ Stamp ការពារ​ខ្សែ​ក្រវាត់​​​យ៉ាង​លំបាក

ម្ចាស់​​ខ្សែ ក្រវាត់​លំដាប់​ពិភព​ពី​​កីឡាការិនី​ថៃ​ Stamp Fairtex ​នៅ​តែ​ការពារ​ខ្សែ​ក្រវាត់ ONE Atomweight Muay Thai World Champions ដដែល​​បន្ទាប់​​ពី​ឈ្នះ​កីឡាការិនី​​​សញ្ជាតិ​អូស្ត្រាលី​​ Alma Juniku ដោយ​ពិន្ទុ​​យ៉ាង​តឹង​តែង ​នៅ​សង្វៀន ONE: LEGENDARY QUEST ​នា​​យប់​ថ្ងៃ​ទី ១៥​ ខែ ​មិថុនា ​​ឆ្នាំ ២០១៩ នៅ​ក្រុង​សៀងហៃ​ប្រទេស​ចិន។ ​ចំណែក​​​អ្នក​លេង​គុន​ចម្រុះ​​វ័យ​ក្មេង​​ម៉ាឡេស៊ី​ Agilan Thani ​យក​ឈ្នះ​​កីឡាករ​ជើង​ចាស់​វ័យ​ ៤៣​ ឆ្នាំ​​​​​ដែល​ជើង​​ឯក​ពិភព​លោក​យូដូ​សញ្ជាតិ​ជប៉ុន​ Yoshihiro ​Akiyama ដោយ​ពិន្ទុ។ រី​ឯ​មិត្ត​ភ័ក្ដិ​ របស់​ចាន់ រតនា ​ជើង​ខ្លាំង​គុន​ចម្រុះ​​​ Phoe Thaw ​របស់​មីយ៉ាន់ម៉ា​​ ប្រើ​ពេល​ត្រឹម​ ១​ ​ទឹក​​ប៉ុណ្ណោះ​​​ដើម្បី​បញ្ចប់​អ្នក​លេង​​មក​ពី​ ឥណ្ឌូណេស៊ី​​វ័យ​​៣៧​ឆ្នាំ​ Victorio Senduk ។

Stamp Fairtex ​ ឈ្នះ​ Alma Juniku ​ដោយ​ពិន្ទុ៖

នៅ​ទឹក​ទី១ ម្ចាស់​ខ្សែ​ក្រវាត់​​កីឡាការិនី​សញ្ជាតិ​ថៃ​​ Stamp Fairtex ​​ និង​ជើង​ខ្លាំង​សញ្ជាតិ​អូស្ត្រាលី​ Alma Juniku មិន​ហ៊ាន​សម្រុក​ទេ​ ​ព្រោះ​នៅ​ស្ទាបស្ទង់​បច្ចេកទេស​បន្តិច​សិន​ ប៉ុន្តែ​ ​​កីឡាការិនី​អូស្ត្រាលី​ចាក់​ជើង​​ក្រោម​ឲ្យ​កីឡាការិនី​ថៃ​​ដួល​ម្ដង។ ​​​រហូត​ដល់​ទឹក​ទី២ Juniku ​​​​បាន​ដើរ​ចូល​ទាត់ និង​ ​ម៉ាត់​ ប៉ុន្តែ​ត្រូវ Stamp ចាំ​ត្រង​មួយៗ​បាន​ល្អ។​ ​មិន​ខុស​ពី​ ​ពីរ​ទឹក​ដំបូង​​នោះ​ឡើយ​ ​កីឡាការិនី​វ័យ​ ១៨ ឆ្នាំ​ដើរ​ចូល​​ទាត់​ និង​ ​វ៉ៃ​ជា​ច្រើន​ដៃ​​ដោយ​មាន​ជំហរ​​រឹង​ផង ប៉ុន្តែ​​ជើង​ខ្លាំង​ថៃ​ មិន​នៅ​ស្ងៀម​​នោះ​ឡើយ​ពោល​លូក​ចំ​គោល​ដៅ​​មួយៗ​ច្បាស់។ ​ជំហរ​រឹង​ហើយ​កម្ពស់​ឈ្នះ​​​ម្ចាស់​ខ្សែ​ក្រវាត់​ថៃ​ផង​នោះ​ Juniku ​បន្ត​​ដើរ​ចូល​​​ទាត់​និង​ប្រើ​កណ្ដាប់​ដៃ​ ប៉ុន្តែ ​Stamp​ ប្រើ​ក្បាច់​ធាក់​ទប់​ និង​ ​ម៉ាត់​សង​បាន​ល្អ​ច្បាស់ៗ។ Stamp នៅ​តែ​ឆ្លាត​ជាង​ Juniku ​នា​​ទឹកទី៥ ​ដោយ​ធាក់​ទប់​ និង វ៉ៃ​សង​លឿនៗ​​​ហើយ​បើ​ប្រហែស​បន្តិច​ចូល​ចំៗ​មុខ​តែ​​ម្ដង។ ​​ទី​បំផុត​​​ Stamp ​ដែល​មាន​វ័យ​ត្រឹម​ ២១​ឆ្នាំ​ នៅ​តែ​មិន​របូត​ខ្សែ​ក្រវាត់​របស់​ខ្លួន​ ONE Atomweight Muay Thai World Champions ​នោះ​ឡើយ​ក្រោយ​អាជ្ញា​កណ្ដាល​ប្រកាស​ឈ្នះ​ពិន្ទុ​ យ៉ាង​លំបាក។ កំណត់​ត្រា​ប្រកួត​របស់​ Stamp កើន​ដល់​ ​៨៣ ​ដង​​ក្នុង​ការ​ប្រកួត​មួយ​ថៃ​​ ក្នុង​នោះ​ ឈ្នះ​ ៦៣ ដង ចាញ់​ ១៥ ដង និង​ ​ស្មើ ៥​ ដង។

Agilan Thani ឈ្នះ​​កីឡាករ​វ័យ​ចំណាស់​លំដាប់​ពិភព​លោក​ Yoshihiro ​Akiyama

​កីឡាករ​វ័យ​ក្មេង​ ម៉ាឡេស៊ី ត្រឹម​វ័យ ២០​ឆ្នាំ​ Agilan Thani ​បាន​ចាប់​ផ្ដើម​ទឹក​ទី១​ ​យ៉ាង​​ល្អ​ និង​​​ចូល​ចាប់​ Yoshihiro ​Akiyama ជា​ច្រើន​លើក​ទោះ​មិន​​​ឃ្លេ​ធ្ងន់​ក្ដី។ ​បន្ទាប់​មក Thani បាន​ប្រើ​ជង្គង់​​ឆ្វេង​អុក “Sexy Yama” ​ចំ​​ភ្លៅ​ក្បែរ​ប្រដាប់​ភេទ​​ និង ថែម​មួយ​ដៃ​ឆ្វេង​ធ្វើ​ឲ្យ​សម្រាក​ព្យាបាល​របួស​​​ ៥ ​នាទី​​​នៅ​ពាក់​កណ្ដាល​ទឹក​ទី១។ ​ក្រោយ​​សម្រាក​រួច​រាល់ ​អ្នក​ទាំង​​ប្ដូរ​ជំហរ​ មក​វ៉ៃ​ឈរ​រៀងខ្លួន​ដោយ​ខ្លាច​រអា​រហូត​ដល់​ចប់​ទឹក​ដំបូង។ ​​ចូល​​ដើម​ទឹក​ទី២​ ជើង​ខ្លាំង​ ម៉ាឡេស៊ី ​ធ្វើ​បាន​ល្អ និង​គ្រប់គ្រង​​គូ​ប្រកួត។ ​ប៉ុន្តែ​ពាក់​កណ្ដាល​​ទឹក​ទៅ ​Akiyama បាន​សង​វិញ​ចំៗ​ផ្ទៃ​មុខ​ផង​ដែរ ​រហូត​ដល់ Thani ​ ចង់​យ៉ាប់​ម្ដងៗ ។ យ៉ាង​ក្ដី​​​នៅ​ទឹក​ទី៣វ អ្នក​​ទាំង​ពីរ​បាន​​ប្ដូរ​កណ្ដាប់​​ដៃ​គ្នា​ជា​ជាង ចូល​បោក និង​ប្រើ​ក្បាច់​ឃ្លេ។ ​ក្នុង​ទឹក​ចុង​ក្រោយ​នេះ​ Thani បាន​ប្រើ​​កណ្ដាប់​ដៃ​ចូល​​ចំ​​គោល​ដៅ​ជាង ​ហើយ​ធ្វើ​ឲ្យ​សំឡេង​ហ៊ោ​កាន់តែ​ខ្លាំង​​ឡើង​​ព្រោះ​អ្នក​ទាំង​​ពីរ​វ៉ៃ​ញាប់​ដូច​​ម៉ាស៊ីនដេរ។ ​​ទីបំផុត​ Agilan Thani ​បង្កើត​កំណត់​ត្រា​ឈ្នះ​​លើក​ទី​១៥​ ក្នុង​ការ​ឡើង​សង្វៀន​ ONE ​ បាន​ចំនួន​ ​១៨​ ដង​ ​​ក្នុង​​នោះ​ចាញ់​តែ​ ៣ ដង​ប៉ុណ្ណោះ។

Phoe Thaw បញ្ចប់​ Victorio Senduk​ ត្រឹម​ទឹក​ទី១៖

កីឡាករ​គុន​ចម្រុះ​ Phoe Thaw ប្រើ​កណ្ដាប់​ដៃ​ស្ដាំ​ផ្ដួល​ Victorio Senduk ​ដោយ​ប្រើ​​ពេល​ត្រឹម​ ៤ នាទី និង​ ១៧ វិនាទី​ប៉ុណ្ណោះ​នៅ​ទឹក​ទី១។​ ​ចូល​ដើម​ទឹក​​ ​កីឡាករ​គុន​ចម្រុះ​ទាំង​ពីរ​មិន​មាន​អ្នក​ណា​​វ៉ៃ​ និង ​ចូល​បោក​លើស​គ្នា​ទេ។ ​​ប៉ុន្តែ​ ​ជើង​ខ្លាំង​របស់​ មីយ៉ាន់ម៉ា​​ បាន​ម៉ាត់​ដៃ​​ស្ដាំ​ ​ចំ​យ៉ាង​ដំណំ និង​ថែម​​ឆ្វេង​មួយ​ដៃ​​ទៀត​ ​ហើយ​ហៀប​ទៅ​​ដាក់​មួយ​ដៃ​ឆ្វេង​ពេល​ Senduk តែ​ត្រូវ​អាជ្ញា​កណ្ដាល​ឃាត់​ទាន់​ ព្រោះ​គូ​បដិបក្ខ​​​ចុះ​ចាញ់​ទៅ​ហើយ។ ​នេះ​ជា​ការ​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​របស់ Phoe Thaw ​លើ​កីឡាករ​​ឥណ្ឌូណេស៊ី​ បន្ទាប់​ពី​ឈ្នះ​ Yohan Mulia Legowo ​កាល​ខែ មីនា ឆ្នាំ​ ២០១៩ កន្លង​ទៅ៕

អត្ថបទ៖ ស៊ីធី

Leave a Reply