តើ​មាន​ផល​ចំណេញ​អ្វី​ខ្លះ​ ​ក្រោយ​អតីត​ជើង​​​ឯក​កម្រិត​ពិភព​លោក​ Albert Veera Chey ចុះ​ឈ្មោះ​ជា​មួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា?

កូន​ខ្មែរ​នៅ​បារាំងAlbert Veera CHEY វ័យ​ ៣៦​ ឆ្នាំ​ជា​អតីត​​​កីឡាករ​ប្រដាល់​ធ្លាប់​គ្រង​​ខ្សែ​ក្រវាត់​កម្រិត​​​ពិភព​លោក​​បាន​ចុះ​ឈ្មោះ​ជា​មួយ​សហព័ន្ធ​​​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា (CMMAF) ​ជា​ផ្លូវ​ការ​នា​​ពេល​ថ្មីៗ​នេះ។ ​ម្ចាស់​ខ្សែ​ក្រវាត់​ Europe Championship, France Champion Professional, World Champio​n Amateur និង​ធ្លាប់​ឈ្នះ​ខ្សែ​​ក្រវាត់​នៅ​ប្រទេស​ថៃ​​​ទម្ងន់​ ៥៧​ គីឡូក្រាម​​​នោះ​បាន​បើក​ក្លិប​ប្រដាល់​ផ្ទាល់ខ្លួន​នៅ​ប្រទេស​បារាំង​ ​ឈ្មោះ​ Veera Boxing Gym ឬ The Temple Bordeaux បន្ទាប់​ពី​​​​​ការ​ផ្អាក​ឡើង​​សង្វៀន​ប្រដាល់។ ​ប៉ុន្តែ​ការ​ចុះ​ឈ្មោះ​​ស្ថិត​ក្រោម​ CMMAF ​នេះ​​បាន​បើក​ផ្លូវ​ឲ្យ​រូប​គេ​អាច​ប្រកួត​តំណាង​​ឲ្យ​កម្ពុជា និង​ ​​លើក​ទង់​ជាតិ​កម្ពុជា​ម្ដង។ ​​បច្ចុប្បន្ន​នេះ​ រូប​គេ​មិន​ត្រឹម​តែ​ជា​គ្រូ​បង្វឹក​គុន​ខ្មែរ​នៅ​បារាំង​ ​ប៉ុន្តែ​ ក៏​ហាត់​ក្បាច់​គុន​ចម្រុះ​ផង​ដែរ​ ក្នុង​ករណី​​​ដែល​អាច​ឡើង​ប្រកួត​នៅ​ថ្ងៃ​ខាងមុខ។
​​

ក្រោយ​មាន​ឈ្មោះ​ជា​ផ្លូវ​ការ​​​ស្ថិត​ក្រោម​ CMMAF លោក​ កែ ប៊ិនសូរស្មី ​​អនុប្រធាន​សហព័ន្ធ​​កីឡា​យុទ្ធ​គុន​ចម្រុះ​​​កម្ពុជា​​បាន​​សាទរ​​ចំពោះ​កីឡាករ​ល្បី​ឈ្មោះ​មួយ​នេះ​ដោយ​​​​​លើក​ឡើង​ថា ៖«​វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ ព្រោះ​ថា​ Albert Chey ​ជា​​កីឡាករ​​មាន​ឈ្មោះ​បោះ​សំឡេង​ ក្នុង​ពិភព​ មួយថៃ និង គុន​ខ្មែរ។ ​គាត់​ជា​អតីត​​​ជើង​​​ឯក​កម្រិត​ពិភព​លោក។ ​គេ​ [Albert Chey] ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​នៅ​ប្រទេស​ថៃ​នា​សង្វៀន​ Lumphini ​និង​ Rajadamnern ​ជា​ដើម។ គេ​បាន​ប្រើ​​ទង់ជាតិ​បារាំង និង វ៉ៃ​តំណាង​ឲ្យ​បារាំង​ ប៉ុន្តែ​គាត់​ជា​កូន​ខ្មែរ​កើត​នៅ​បារាំង​ និង​មាន​ឳពុក​ម្ដាយ​ជា​ជន​​ខ្មែរ»។ ​

បុរស​វ័យ​ ៣៦ ឆ្នាំ​រូប​នេះ​​ឈប់​ឡើង​ប្រកួត​​​មួយ​រយៈ​កាល​កន្លង​ទៅ​នេះ​ដោយ​សារ​ដោយ​ជាប់​ភារកិច្ច​គ្រប់គ្រង​ក្លិប​របស់​ខ្លួន​ខាង​លើ​នៅ​​ក្រុង​ Bordeaux ប្រទេស​បារាំង។ ​ប៉ុន្តែ​ឥឡូវ​ ​ដល់​ពេល​ដែល​ Albert ត្រលប់​​មក​​រក​ការ​ហ្វឹកហាត់​ជា​ថ្មី​ មិន​ត្រឹម​តែ​គុន​ខ្មែរ​ ​និង មួយថៃ​ ប៉ុន្តែ​​ ​ក៏​ហាត់​ជីជិតស៊ូ និង គុន​ចម្រុះ​​​​ផង​​ដើម្បី​ត្រៀម​ខ្លួន​​​មុន​ឡើង​​ឡើង​ប្រកួត​កម្រិត​អន្តរជាតិ​​​តំណាង​ឲ្យ​កម្ពុជា។

​អនុ​ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​ខាង​លើ​សង្កត់​ធ្ងន់​ថា ៖«Albert Chey ​ជា​កីឡាករ​កម្រិត​​អន្តរជាតិ​ ហើយ​​តាម​រយៈ​ទំនាក់ទំនង​ល្អ​​​ជា​មួយ​សហព័ន្ធ MMA ​នៅ​ខ្មែរ យើង​នឹង​អញ្ជើញ​រូប​គេ​មក​បង្ហាត់ ឬ ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ជា​មួយ​កីឡាករ ឬ គ្រូ​បង្វឹក​នៅ​កម្ពុជា​​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ហើយ​ក្លិប​របស់​គេ​ The Temple Bordeaux ​ជា​ក្លិប​នៅ​ក្រៅ​ប្រទេស​​ទី១​ ​ដែល​ចុះ​ឈ្មោះ​សហការ​ជា​មួយ​ សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា»។

Albert ​ដែល​មាន​​កំណត់​ត្រា​ប្រកួត​ ៧០ ដង​បាន​រៀប​ចំ​ខ្លួន​ជា​និច្ច​​ក្នុង​ការ​ឡើង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ​ម្ដង​បន្ទាប់​​ពី​ប្រកួត​តំណាង​ឲ្យ​បារាំង​នា​ពេល​កន្លង​មក។ ​នៅ​ថ្ងៃ​មុខ​ គេ​អាច​​ឡើង​ប្រកួត​នៅ​សង្វៀន​កម្រិត​ពិភព​លោក​ ONE ​និង សង្វៀន​អន្តរជាតិ​នានា។

ក្នុង​ជំហាន​បន្ទាប់​ មិន​ត្រឹម​តែ​ក្លិប​របស់​ Albert ប៉ុន្តែ​​ CMMAF ​កំពុង​ធ្វើ​ការ​​យ៉ាង​ខ្ជាប់ខ្ជួន​​ដើម្បី​គៀង​គរ​ក្លិប​ផ្សេង​ទៀត​ដូច​ជា​នៅ​អាមេរិក ​អូស្ត្រាលី​ និង កាណាដា​ជា​ដើម​​ដើម្បី​​ពង្រីក​​ក្បាច់​គុន​ចម្រុះ​កម្ពុជា​ទៅ​កាន់​ឆាក​អន្តរជាតិ និង​ ទទួល​បាន​ការ​ប្រកួត​កាន់​តែ​ទទួល​បាន​លទ្ធផល​ល្អ៕

អត្ថបទ៖ ស៊ីធី

Leave a Reply